Saturday, November 1, 2014

៧ ចំណុច​ដែល​​​លោក​អ្នក​មិន​បានដឹង​ពី​សង្គ្រាម​ស៊ីសាច់ហុតឈាមរ​វាង​​កូរ៉េខាងជើង និង កូរ៉េខាងត្បូង


កងទ័ព​អាមេរិក​ផ្លោងគ្រាប់​ដាក់កងទ័ព​កូរ៉េខាងជើង​ប្រភព៖​ history.navy
អស់​រយៈ​ពេល​​ជាង ៦ ទសវត្ស​មក​ហើយ​ដែល​សង្គ្រាម​​ឧបទ្វីប​កូរ៉េ​ត្រូវ​បាន​បញ្ចប់​រវាង​បង​ប្អូន​គូសត្រូវ​ទាំងពីរ​​គឺ​កូរ៉េខាងជើង​គាំទ្រ​ដោយ​ចិន និង សហភាព​សូវៀត និង កូរ៉េខាងត្បូង គាំទ្រ​ដោយ​កងទ័ព​អង្គការ​សហប្រជាជាតិ។ ទោះបី​ជា​វា​បាន​បញ្ចប់​ទៅ​តាំង​ពី​ឆ្នាំ ១៩៥៣ ក៏​ពិត​​មែន តែ​បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​​នៅ​ពេល​​នេះ បាន​បង្ហាញ​ថា កូរ៉េខាងជើង និង កូរ៉េខាងត្បូង​នៅ​តែ​មើល​មុខ​គ្នា​មិន​ចំ ​ហើយ​បាន​ប្រឈម​មុខ​ដាក់គ្នា​​ផ្នែក​យោធា​ជា​ញឹកញាប់​ទៀត​ផង។ 

យ៉ាងណាមិញ អ្វី​ដែល TheBNEWS ចង់​បង្ហាញ​ប្រិយមិត្ត​នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​ប្រិយមិត្ត​ស្វែង​យល់​​ឲ្យ​ស៊ី​ជម្រៅ​​​​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​តែម្តង ថា​​តើ​មាន​អ្វី​គួរឲ្យ​ចាប់អារម្មណ៍​ខ្លះ?​​​​

១) តើ​សង្គ្រាម​នេះ​កើត​ឡើង​នៅ​ពេល​ណា?
សង្គ្រាម​កូរ៉េ (កូរ៉េខាងជើង និង កូរ៉េខាងត្បូង​)​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា​ ឆ្នាំ ១៩៥០ ដល់​​ថ្ងៃ​ទី ២៧ ខែ កក្កដា​ ឆ្នាំ ១៩៥៣។

២) តើ​សង្គ្រាម​នេះ​បាន​កើត​ឡើង​នៅ​កន្លែងណា?​
សង្គ្រាម​នេះ​បាន​ផ្ទុះ​ឡើង​នៅ​​ឧបទ្វីប​កូរ៉េ​ដែល​បាន​ផ្តើម​ឡើង​​នៅ​កូរ៉េខាងត្បូង ហើយ​បន្ទាប់​មក​បាន​កើត​ឡើង​នៅ​កូរ៉េខាងជើង។ 

៣) ហេតុអ្វី​បាន​ជា​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ឧបទ្វីប​កូរ៉េ?
ក្រោយ​សង្គ្រាម​លោក​លើក​ទី​២បាន​​បញ្ចប់​ទៅ​ សហរដ្ឋ​អាមេរិក និងសហភាព​សូវៀត​បាន​ព្រមព្រៀងគ្នា​​ថា នឹង​ពុះ​ចែក​កូរ៉េ​ជា​ពីរ​​ផ្នែក​ស្រប​តាម​ខ្សែស្រប​ទី ៣៨ ពោល​គឺ​កូរ៉េខាងជើង​ត្រូវ​គ្រប់គ្រង​ដោយ​សហភាព​សូវៀត រី​ឯ​កូរ៉េខាងត្បូង​ត្រូវ​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក។

រហូត​មក​ដល់​ឆ្នាំ ១៩៤៨ រដ្ឋាភិបាល​​ឯករាជ្យ​មួយ​របស់​​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ។ យ៉ាងណាមិញ បងប្អូន​គូសត្រូវ​ទាំងពីរ​នេះ​នៅ​តែ​អះអាង​ពី​ភាព​ស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​កូរ៉េ​នេះ​ដដែល ហើយ​ថែម​ទាំង​មិន​ទទួល​ស្គាល់​ការ​បែងចែក​ខ្សែ​បន្ទាប់​ព្រំដែន​ជា​អចិន្ត្រៃយ៍​​ទៀត​ផង។ 

ហេតុដូច្នេះ​ហើយ​​ មក​ដល់​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០ កងទ័ព​កូរ៉េខាងជើង​​គាំទ្រ​ដោយ​ចិន និង សហភាព​សូវៀត​ក៏​ចូល​វាយលុក​ទឹកដី​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​តែម្តង។ អ្វី​ដែល​ឫសគល់​ចម្បង​នៃ​សង្គ្រាម​នេះ​គឺ​ការ​កើត​ចេញ​ពី​ការ​ប្រកួតប្រជែង​សង្គ្រាម​ត្រជាក់​​ដែល​កំពុង​មាន​បញ្ហា​តានតឹង​នៅ​ពេល​នោះ​រវាង​មហាអំណាច​​ទាំងពីរ​ គឺ​អាមេរិក និងសហភាព​សូវៀត ​លើ​នយោបាយ​មនោគមន៍​វិជ្ជា​របស់​ខ្លួន ​នៅ​ជុំវិញ​ពិភពលោក​។ ​​​

៤) ប្រទេស​ណា​ខ្លះ​បាន​ប្រឡូក​ក្នុង​សង្គ្រាម​នេះ?​
អ្នក​ដែល​ចូល​រួម​ក្នុង​សង្គ្រាម​នេះ​រួម​មាន កងទ័ព​ប្រជាជន​កូរ៉េខាងជើង (KPA) ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធានាធិបតី Kim Il-Sung បាន​ចាប់​ដៃ​ជា​មួយ​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​ចិន (PVA) ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន ម៉ៅសេទុង​ និង កងទ័ព​ក្រហម​របស់​សូវៀត​ដែល​គិត​សរុប​ប្រមាណ ១ ៦៤២ ០០០​នាក់។​

ភាគី​ខាង​កូរ៉េ​ខាងត្បូង​វិញ កងទ័ព​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េខាងត្បូង​ (ROK) បាន​​ចាប់ដៃ​ជាមួយ​កងទ័ព​របស់​អង្គការ​សហប្រជាជាតិ។ កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​កាល​នោះ​​រួម​មាន កងទ័ព​អាមេរិក​ប្រមាណ ៣២៧ ០០០​នាក់ កងទ័ព​អង់គ្លេស​ប្រហែល ១៤ ០០០​នាក់ កងទ័ព​​កាណាដា​ប្រហែល ៥ ៥០០​នាក់ កងទ័ព​អូស្ត្រាលី​ប្រហែល ២ ៣០០​នាក់ អេត្យូពី ១ ៦០០​នាក់ ហ្វីលីពីន ១ ៥០០នាក់ នូវែលហ្សេឡង់ ១ ៤០០​នាក់ ថៃ ១ ៣០០​នាក់ ក្រិក ១ ២៥០ នាក់ បារាំង ១ ២០០​នាក់ កូឡុំប៊ី ១ ០០០​នាក់​ បែលហ្សិក ៩០០​នាក់ និង​ប្រទេស​តំបន់​អឺរ៉ុប​​មួយ​ចំនួន​ទៀត​សរុប​ប្រមាណ​ជាង ២ ០០០​នាក់​ទៀត។ គិត​សរុប​​ប្រមាណ ៩៧២ ២១៤ នាក់។

៥) តើ​អ្នកណា​ជា​អ្នកឈ្នះ​នៅ​ក្នុង​សង្គ្រាម​នេះ?

​ទីបំផុត ​​​​​​សង្គ្រាម ៣ ឆ្នាំ​​នេះ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​ណាមួយ​ឈ្នះ​ ឬ ចាញ់​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត រហូត​មក​ដល់​ពេល​នេះ​គេ​ក៏​មិនទាន់​ឃើញ​​ភាគី​ទាំងពីរ គឺ​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​ចុះ​សន្ធិសញ្ញា​សន្តិភាព​​គ្នា​​នោះ​ដែរ ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ត្រឹមតែ​ចុះ​សន្ធិសញ្ញា​ឈប់​បាញ់​​តែប៉ុណ្ណោះ។ កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ កូរ៉េខាងជើង​បាន​ប្រកាស​លុបចោល​សន្ធិសញ្ញា​ឈប់​បាញ់​នេះ​បន្ទាប់​ពី​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ជា​មួយ​កូរ៉េខាងត្បូង។ យ៉ាងណាមិញ អ្នក​ដែល​ចាញ់​ពិតប្រាកដ​ក្នុង​សង្គ្រាម​នេះ​គឺ​ប្រជាជន​របស់​ខ្លួន​រាប់​លាន​នាក់​ត្រូវ​បាន​ស្លាប់ និង ជួប​​វិនាសកម្ម​​យ៉ាង​ធ្ងន់ធ្ងរ​តាម​ការ​បែងចែក​គូស​ផែនទី​​​នេះ។ 

៦) តើ​សង្គ្រាម​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង របួស​ប៉ុន្មាន​នាក់?

​គេ​បាន​​វាយតម្លៃ​ថា កងទ័ព​កូរ៉េខាងត្បូង និង ​កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​ប្រមាណ ១៧៨ ២៣៦ នាក់​បាន​ស្លាប់ ៣២ ៨៤៤ នាក់​បាត់​ខ្លួន និង ៥៦៦ ៣១៤ នាក់​ផ្សេង​ទៀត​បាន​​រង​របួស។

សម្រាប់​​ចំនួន​កងទ័ព​​ដែល​ស្លាប់​ និង រង​របួស​របស់​ភាគី​កូរ៉េខាងជើង ចិន និង សហភាព​សូវៀត​​វិញ​​មិន​មាន​បញ្ជាក់​ជា​លម្អិត​នោះ​ឡើយ ​ប៉ុន្តែ​អាមេរិក​បាន​វាយតម្លៃ​ថា​ យ៉ាងហោចណាស់​កងទ័ព​របស់​​របស់​សម្ព័ន្ធមិត្ត​កូរ៉េ​​ ៣៦៧ ០០០​ នាក់​ទៅ ៧៥០ ០០០​នាក់​បាន​បាត់បង់​ជីវិត ១៥២ ០០០​បាត់​ខ្លួន ឬ ជាប់​ពន្ធនាគារ​ និង ​ប្រហែល​ពី ៦៨៦ ៥០០​នាក់​ទៅ ៧៨៩ ០០០​នាក់​បាន​រង​របួស។ 

រី​ឯ​ប្រជាជន​​របស់​កូរ៉េខាងត្បូង​វិញ​បាន​បាត់បង់​ជីវិត​​ប្រមាណ ៣៧៣ ៥៩៩​នាក់ ២២៩ ៦២៥ រង​របួស និង បាត់​​ខ្លួន ៣៨៧ ៧៤៤ នាក់ ខណៈ​ដែល​ចំនួន​​​ប្រជាជន​ដែល​ស្លាប់ និង​រង​របួស​របស់​​កូរ៉េខាងជើង​​​​វិញ​មាន​ប្រមាណ ១ ៥៥០ ០០០​នាក់។ ជា​សរុប​​ប្រជាជន​​របស់​ប្រទេស​ទាំងពីរ​ដែល​​បាន​ស្លាប់ និង រង​របួស​មាន​ចំនួន ២,៥ លាន​​នាក់។ 


៧) ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ក្នុង​សង្គ្រាម​កូរ៉េ

-​ថ្ងៃ​ទី​ ២៥ ខែ មិថុនា ឆ្នាំ ១៩៥០ សង្គ្រាម​កូរ៉េ​ចាប់ផ្តើម​ផ្ទុះ​ឡើង​ជា​ផ្លូវការ។

-នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ​ដដែល កងទ័ព​កូរ៉េខាងជើង​ចូល​កាន់កាប់​ទីក្រុង​សេអ៊ូល​របស់​កូរ៉េខាងត្បូង។

-នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា​​ដដែល​នេះ សហរដ្ឋអាមេរិក​បាន​​ប្រកាស​ដាក់​សំណើ​ដល់​អង្គការ​សហប្រជាជាតិ​​បញ្ជូន​ទ័ព​ជួយ​កូរ៉េខាងត្បូង។

-នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ១៩៥០ កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ពង្រាយ​​​កងទ័ព​​ត្រៀម​ប្រយុទ្ធ​នៅ​សមរភូមិ​​ Inchon ទប់ទល់​នឹង​​កងទ័ព​កូរ៉េខាងជើង​វិញ។

​- នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​​ឆ្នាំ​ ដដែល​នេះ​ កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​បាន​ដណ្តើម​កាន់កាប់​ក្រុង​សេអ៊ូល​ពី​កងទ័ព​​កូរ៉េខាងជើង​វិញ។

​- ថ្ងៃ​ទី ៩ ខែ​ ​តុលា ​ឆ្នាំ ១៩៥០ ដដែល កងទ័ព​​​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​បាន​វាយ​បក​​​​ចូល​​ឈ្លានពាន​ទឹកដី​កូរ៉េខាងជើង​វិញ​ឆ្លងកាត់​​ខ្សែ​បន្ទាប់​ព្រំដែន​បែងចែក​ប្រទេស​ទាំងពីរ។ ​

-៩ ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ១៩ ខែ​ តុលា​ដដែល​ កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​បាន​ចូល​កាន់កាប់​ទីក្រុង​ ព្យុងយ៉ាង​របស់​កូរ៉េខាងជើង​វិញ​ម្តង។ ​

-ថ្ងៃ​ទី ២៦ ខែ តុលា​ដដែល កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ទន្លេ Yalu នៅ​ជាប់​​ព្រំដែន​រវាង​កូរ៉េខាងជើង និង ប្រទេស​ចិន។ ​​​

-មួយ​ថ្ងៃ​ក្រោយ​មក ពោល​គឺ​ថ្ងៃ ទី ២៧ កក្កដា ចិន​បាន​លូកដៃ​​ចូល​ក្នុង​សង្គ្រាម​នេះ​ទាំងស្រុង ហើយ​បាន​រុញ​ច្រាន​កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​ត្រលប់​បក​ក្រោយ​វិញ។ ​​​

-នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ១៩៥១ កងទ័ព​កូរ៉េខាងជើង និង កងទ័ព​ចិន​បាន​ចូល​កាន់កាប់​​ទីក្រុង​​សេអ៊ូល​របស់​​ត្បូង​វិញម្តងទៀត។ 

-នៅ​ថ្ងៃ​ទី ១៨ ឆ្នាំ មករា ១៩៥១ កងទ័ព​របស់​កូរ៉េខាងត្បូង និង កងទ័ព​​អង្គការ​សហប្រជាជាតិ​ចូល​កាន់កាប់​​ទីក្រុង​ព្យុងយ៉ាង​របស់​កូរ៉េខាងជា​លើក​ទី២។ 

-នៅ​ថ្ងៃ​ទី ៧ ខែ មីនា ​រហូត​ដល់​ថ្ងៃ​ទី ៤ ខែ​មេសា​ ឆ្នាំ ១៩៥១ កងទ័ព​កូរ៉េខាងជើង និង កងទ័ព​ចិន​បាន​រុញ​ច្រាន​កងទ័ព​កូរ៉េខាងត្បូង ​និង ​កងទ័ព​អង្គការ​សហប្រជាជាតិ​​​ឲ្យ​បក​ក្រោយ​វិញ​ឲ្យ​ស្ថិត​​នៅ​ត្រឹម​ខែ​បន្ទាប់​ព្រំដែន​​បែងចែក​ប្រទេស​ទាំងពីរ។​​​

-នៅ​​ចន្លោះ​ឆ្នាំ ១០៥១ ដល់​ឆ្នាំ​ ខែ​​មេសា ឆ្នាំ ១៩៥៣ ​ភាគី​ទាំងពីរ និង សម្ពន្ធមិត្ត​​​បាន​បន្ត​​វាយ​ប្រយុទ្ធ​​គ្នា​​ជា​បន្តបន្ទាប់​នៅ​តំបន់ Kaesong ព្រំដែន​ប្រទេស​ទាំងពីរ​។​​

-នៅ​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ១៩៥៣ កិច្ចចរចា​សន្តិភាព ​Kaesong បាន​ធ្វើ​ឡើង​រវាង​​ភាគី​ទាំងពីរ។

​-នៅ​ថ្ងៃ​ទី ២៧ កក្កដា ឆ្នាំ ១៩៥៣ កូរ៉េខាងជើង និង ចិន​បាន​ចុះ​ហត្ថលេខា​បទ​ឈប់​បាញ់​ ហើយ​សង្គ្រាម​រវាង​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​បាន​បញ្ចប់​ទាំងស្រុង៕

No comments:

Post a Comment