Thursday, November 13, 2014

តើ​អាជីវករ​​ដែលក្លាយ​ជា​ភ្នាក់ងារ​ អេ អឹម ខេ​ (AMK) ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?


លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ីប្រភព៖​ សោភ័ណ
សេវា​ផ្ទេរ​ប្រាក់ និង​សន្សំ​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ ​អឹម ​ខេ ភីអិលស៊ី ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន និង​ដៃគូ​អាជីវកម្ម​ក្នុង​ការ​ស្វែង​រក​ចំណូល​បន្ថែម​ប្រចាំ​ថ្ងៃ។ អាជីវករ និង​បុគ្គល​ទាំងឡាយ​អាច​ក្លាយ​ជា​ភ្នាក់​ងារ​របស់ ​អេ​ អឹម ​ខេ ដោយ​គ្រាន់​តែ អនុវត្ត និង​គោរព​តាម​លក្ខខណ្ឌ​ងាយ​ៗ​។ ស្ថាប័ន​មួយ​នេះ​ មិន​ត្រឹម​តែ​ផ្ដល់​ចំណូល​​ពី​កម្រៃ​ជើង​សា​ដល់​ដៃគូ​សហការ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ក៏​ត្រូវ​បាន​ផ្ដល់​ជូន​ ផង​ដែរ។

អាជីវករ​ ឬ​បុគ្គល​ចង់​ក្លាយ​ជា​ភ្នាក់ងារ​របស់ AMK ត្រូវ​ការ​លក្ខណៈ​អ្វី​ខ្លះ?

លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ក្លាយ​ជា​ភ្នាក់ងារ​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ អាជីវករ ឬ​បុគ្គល ត្រូវ​បំពេញ​លក្ខខណ្ឌ​សំខាន់​ៗ​មួយ​ចំនួន ដូចជា គាត់​ត្រូវ​បំពេញ​បែបបទ​ដាក់​ពាក្យ​មក អេ អឹម ខេ ត្រូវ​ចេះ​ប្រើ​ទូរស័ព្ទ​ដៃ ត្រូវ​មាន​ដើម​ទុន​តិច​តួច​សម្រាប់​ធ្វើ​ប្រតិបត្តិការ និង​ត្រូវ​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​សម្រាប់​បម្រើ​សេវា​អតិថិជន។

លោក​បន្ត​ថា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ដាក់​ប្រាក់ ដក​ប្រាក់ និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​បាន ភ្នាក់ងារ អេ អឹម ខេ ត្រូវ​ការ​បើក​គណនី​ជាមួយ អេ អឹម ខេ ហើយ​ត្រូវ​ដាក់​ប្រាក់​តម្កល់​មួយ​ចំនួន សម្រាប់​ប្រើ​ប្រាស់​នៅ​ពេល​អតិថិជន​របស់​គាត់​មក​ធ្វើ​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ​។

លោក​លើ​ក​ឡើង​ថា ដើម្បី​បម្រើ​សេវា​អតិថិជន​បាន​ល្អ តម្រូវ​ការ​​ធនធាន​មនុស្ស​របស់​ដៃគូ​អាជីវកម្ម គឺ​ជា​កត្តា សំខាន់។ ភ្នាក់ងារ អេ អឹម ខេ មិន​តម្រូវ​ឲ្យ​​ទុក​អតិថិជន​ចោល ឬ​បិទ​ទ្វា​ទៅ​នេះ ឬ​ទៅ​នោះ​ជា​ញឹកញាប់​នោះ​ទេ ។ 

ចំណុច​សំខាន់​មួយ​ទៀត​ លោក ហួត សុខា មាន​ប្រសាសន៍​ថា ​៖ « អេ អឹម ខេ ប្រកាន់​ភ្ជាប់​នូវ​ការ​ឲ្យ​តម្លៃ និង​ការ​គំាពារ​អតិថិជន។ ​អីចឹង​! ដៃគូ​អាជីវកម្ម​របស់​យើង ដាច់​ខាត​ត្រូវ​តែ​ទទួល​យកលក្ខខណ្ឌ​មួយ​នេះ​ ដើម្បី​​ចូល​រួម​ការពារ​ផលប្រយោជន៍​ជូន​អតិថិជន​»។ លោក​បន្ត​ថា ភ្នាក់ងារ អេ អឹម ខេ ​ត្រូវ​ណែនាំ​អតិថិជន​របស់​ខ្លួន​ពី​អត្ថប្រយោជន៍ និង​របៀប​នៃ​ការ​ប្រើ​ប្រាស់​សេវា​​ប្រកប​ដោយ​សុវត្ថិភាព ដូចជា​ការ​រក្សា​ទុក​លេខ​សម្ងាត់​ជាដើម។ គាត់​ត្រូវ​ចេះ​ឲ្យ​តម្លៃ ថែរក្សា ការពារ និង​ការ​ផ្ដល់​នូវ​សេវា​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ជូន​អតិថិជន។

ចំពោះ​ការ​ដាក់​ទុន​ប៉ុន្មាន​នោះ លោក​លើក​ឡើង​ថា វា​អាស្រ័យ​លើ​តម្រូវ​ការ​ខុស​ៗ​គ្នា​នៃ​ទីតាំង​នីមួយៗ។ បើ​កន្លែង​នោះ​មាន​តម្រូវ​ការ​ច្រើន ប្រតិបត្តិការ​មាន​ទំហំ​ធំ អញ្ចឹង​គាត់​ត្រូវ​ទាម​ទារ​ឲ្យ​ដាក់​តម្កល់​ប្រាក់​ច្រើន​បន្តិច បើ​មិន​អញ្ចឹង​ទេ គាត់​មិន​អាច​បម្រើ​សេវា​បាន​ទេ។ ប៉ុន្តែ បើ​នៅ​តំបន់​ដាច់​ស្រយាល ហើយ​មិន​សូវ​មាន​តម្រូវ​ការ​ច្រើន ភ្នាក់ងារ​ហ្នឹង​មិន​តម្រូវ​ឲ្យ​មាន​ទុន​តម្កល់​ក្នុង​គណនី​របស់​គាត់​ច្រើន​ទេ។

ក្រោយ​ពេល​ទទួល​បាន​នូវ​បែប​បទ​ស្នើ​សុំ​ធ្វើ​ជា​ភ្នាក់ងារ ក្រុម​ការងារ​ផ្នែក​ធនាគារ​ចល័ត (Mobile Banking Officer ) នឹង​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ ដើម្បី​ធ្វើ​ការ​វិភាគ និង​វាយ​តម្លៃ ហើយ​គាត់​នឹង​ផ្ដល់​ព័ត៌មាន​ទៅ​វិញ​ក្នុង​ការ​អនុញ្ញាត ឬ​មិន​បាន។

អត្ថប្រយោជន៍​នៃ​ការ​ក្លាយ​ជា​ភ្នាក់ងារ​របស់ អេ អឹម ខេ

ដៃគូ​អាជីវកម្ម​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ទៅ​តាម​តម្រូវ​ការ​របស់ អេ អឹម ខេ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​គ្រឹះស្ថាន។ លោក​ប្រធាន​រូប​នេះ ​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្នាក់ងារ អេ អឹម ខេ មិន​ត្រឹម​តែ​ត្រូវ​បាន​ផ្ដល់​ជូន​ប្រាក់​ចំណូល​ពី​​កម្រៃ​ជើងសា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ទទួល​បាន​នូវ​ផលប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ពី អេ អឹម ខេ ផង​ដែរ។ អត្ថប្រយោជន៍​ទាំង​នោះ​មាន​ដូចជា៖

ទី១- ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្រៃ​ជើងសា

អេ អឹម ខេ បែង​ចែក​ចំណូល​ជូន​ភ្នាក់ងារ​របស់​ខ្លួន​យ៉ាង​ច្រើន ទោះ​បី​ជា​ចំណាយ​លើ​ការ​វិនិយោគ និង​ចំណាយ​ប្រតិបត្តិការ​លើស​លប់ គឺ​ជា​បន្ទុក​របស់ អេ អឹម ខេ ក៏​ដោយ។ ជាក់​ស្ដែង នា​ពេល​បច្ចុប្បន្ន ចំណូល​ពី​សេវា​ផ្ទេរ​ប្រាក់ ត្រូវ​បាន​បែង​ចែក​ជា ៣​ភាគី​ស្មើ​ៗ​គ្នា រួម​មាន អ្នក​ផ្ញើ អ្នក​ទទួល និង អេ អឹម ខេ។ 

ទី២- ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ពី​ទុន​តម្កល់​ក្នុងគណនី

ភ្នាក់ងារ អេ អឹម ខេ ទទួល​បាន​អត្ថប្រយោជន៍​មួយ​ទៀត គឺ​អត្រា​ការប្រាក់​សន្សំ​ខ្ពស់​លើ​ទុន​ដែល​បាន​​តម្កល់​នៅ អេ អឹម ខេ។ នៅ​ពេល​គាត់​បាន​ក្លាយ​ជា​ភ្នាក់ងារ​របស់​ អេ ​អឹម ​ខេ គាត់​ត្រូវ​តម្កល់​ប្រាក់​ក្នុង​គណនី​របស់​គាត់​សម្រាប់​ធ្វើ​ប្រតិបត្តិការ​បម្រើ​អតិថិជន។ ក្នុង​ករណី​ប្រាក់​ត្រូវ​បាន​ចាប់​ផ្ដើម​តម្កល់ អេ អឹម ខេ ផ្ដល់​អត្រា​ការ​ប្រាក់​ដូច​គ្នា​ទៅ​ហ្នឹង​អត្រា​ការប្រាក់​របស់​អតិថិជន​សន្សំ​ដទៃ​ដែរ។ 

ទី៣-ទទួល​បាន​ការ​គាំទ្រ​ការ​បំពាក់​សម្ភារៈ​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ 

នា​ពេល​បច្ចុប្បន្ន​នេះ ក្រៅ​ពី​អត្ថប្រយោជន៍​ខាង​លើ​នេះ លោក​បន្ថែម​ថា អេ អឹម ខេ បាន​បំពាក់​ជូន​ភ្នាក់ងារ​របស់​ខ្លួន​នូវ​ឧបករណ៍​ទីផ្សារ​ស្តង់ដារ​មួយ​ចំនួន ដូចជា ស្លាក​យីហោ បដា​ផ្សព្វផ្សាយ ឆ័ត្រ ខិត្តប័ណ្ណ និង​ ប័ណ្ណ​ប្រកាស​ផ្សេងៗ។ លើស​ពី​នេះ​ទៀត អេ អឹម ខេ ក៏​បាន និង​កំពុង​វិនិយោគ​លើ​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ដល់​អតិថិជន​គោលដៅ​របស់ខ្លួន ដើម្បី​ជួយ​គាំទ្រ​ដល់​ភ្នាក់ងារ​​​ទាំង​អស់​ឲ្យ​ទទួល​បាន​ចំនួន​អតិថិជន​កាន់តែ ច្រើន​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។

គួរ​បញ្ជាក់​ថា សេវា​ផ្ទេរ​ប្រាក់ និង​សន្សំ​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ត្រូវ​បាន អេ អឹម ខេ ចាប់​ផ្ដើម​សាក​ល្បង កាល​ពី​ឆ្នាំ​២០១១ ក្នុង​រយៈពេល​ប្រហែល ១​ឆ្នាំ មុន​ចាប់​ផ្ដើម​ដាក់​បម្រើ​​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១៣។ មក​ដល់​ពេល​នេះ អេ អឹម ខេ មាន​ភ្នាក់ងារ និង​ការិយាល័យ​សម្រាប់​បម្រើ​សេវា​នេះ​ច្រើន​ជាង ១.០០០​កន្លែង​៕

No comments:

Post a Comment