Wednesday, November 26, 2014
លោកអ្នកដឹងថាប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តពីឆ្នាំ២០១០ ដល់ ២០១៤ បានប៉ុន្មានទេ?
ការប្រមូលចំណូលតាមរយៈការលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្តមានការកើនឡើងបើកគិតចាប់ឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤ ខណៈដែលរយៈពេល ១០ខែនាឆ្នាំ២០១៤នេះ ចំណូលដែលប្រមូលបានមានចំនួន ៤៧.៣៨៧.៥០០ ដុល្លារអាមេរិក។
យោងតាមលិខិតរបស់អាជ្ញាធរអប្សរាដែល The BNEWS ទទួលបាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ឱ្យដឹងថា ចំណូលបានមកពីការលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្តនៅឆ្នាំ២០១០ មានចំនួន ៣៣.១១៣.៥០០ដុល្លារអាមេរិក ឆ្នាំ២០១១ មានចំនួន ៤២.១៨៥.៣០០ដុល្លារ ឆ្នាំ២០១២ មានមានចំនួន ៥១.៣១៩.១៨០ដុល្លារ និងឆ្នាំ២០១៣ មានចំនួន ៥៧.៦៨៧.៦៨០ដុល្លារអាមេរិក។ លិខិតដដែលឱ្យដឹងទៀតថា នៅក្នុងការប្រមូលចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរនេះ អាជ្ញាធរអប្សរាបានប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុន សុខាអូតែល ជាអ្នកប្រមូលជំនួស ដោយមានចុះកិច្ចសន្យារៀងរាល់ ៥ឆ្នាំម្តង។
...កម្ពុជាទទួលភ្ញៀវទេសចរបរទេសជិត ៣,២លាននាក់ ៩ខែដើមឆ្នាំនេះ...
តាមប្រភពដដែលបញ្ជាក់ផងដែរថា តាមខ្លឹមសារកិច្ចសន្យារវាងអាជ្ញាធរអប្សរា និងក្រុមហ៊ុនសុខាអូតែល ចំណូលដុលពីការលក់ប័ណ្ណចូលទស្សនាអង្គរ ត្រូវបង់ពន្ធលើតម្លៃបន្ថែម(VAT ១០ %)បង្កើតមូលនិធិអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ(១៥%)ដកចំណែករបស់ក្រុមហ៊ុន(១៥%)ហើយសល់ពីនោះ បង់ចូលថវិការដ្ឋទាំងស្រុង។
នៅក្នុងការគ្រប់គ្រងអង្គរ ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមបទដ្ឋានបេតិកភណ្ឌពិភពលោក អាជ្ញាធរអប្សរាបានសហការជាមួយគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរហៅថា អាយ ស៊ី ស៊ី អង្គរ ដែលមានប្រទេសបារំាង និងជប៉ុនជាសហប្រធាន យូណេស្កូជាលេខាធិការអចិន្ត្រៃយ៍ ហើយមានប្រទេសនិងអង្គការអន្តរជាតិជាង ៣០ជាសមាជិកដោយធ្វើការប្រជុំពីរដងក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment