Sunday, November 16, 2014

តើ​លោក​អ្នក​ដឹង​ឬ​ទេនៅប្រទេសហ្ស៊ីមបាវ៉េ​ស្ពាយ​លុយ​ទាំង​បង្វេច ​​ដើរ​ទិញ​​តែ​នំប៉័ង​មួយ​សឹង​មិន​បាន?

 

​ជន​ជាតិ​ហ្ស៊ីមបាវេ​លើក​បដា​ដែល​មាន​ន័យ​ថា «អ្នក​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់​​ ព្រោះ​ទិញ​អ្វី​ហូបចុក​សឹង​មិន​បាន»ប្រភព៖​ wealthdaily
ប្រទេស​ហ្ស៊ីមបាវេ​បាន​ពើប​ប្រទះ​នឹង​វិបត្តិ​អតិផរណា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយ​ក្នុង​នោះ ​រដ្ឋាភិបាល​បោះ​ពុម្ព​ក្រដាស​ប្រាក់​ស្រេច​នឹង​ចិត្ត​ បន្ទាប់​ពី​កើត​ឡើង​នូវ​កត្តា​អវិជ្ជមាន​ខ្លះ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​។ ទី​មួយ ​រដ្ឋាភិបាល​ហ្ស៊ីមបាវេ​ខ្ចី​លុយ​គេ​អត់​បាន ទី​ពីរ​រក​លុយ​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​គ្មាន ម៉្លោះហើយ ត្រូវ​តែ​បង្ខំ​ចិត្ត​បោះ​ផ្សាយ​ក្រដាស​ប្រាក់​ក្នុង​បរិមាណ​ច្រើន​ខ្លាំង​រហូត​ដល់​ប្រាក់​ដុល្លារ​ហ្ស៊ីមបាវេ​មួយ​សន្លឹក រាប់​រយ​ពាន់​លាន​ដុល្លារ រហូត​ដល់​រាប់​ពាន់​ពាន់​លាន​ដុល្លារ។

កត្តា​នេះ​ធ្វើ​ឲ្យ​សាច់​ប្រាក់​ចុះ​ថោក​ខ្លាំង រហូត​ដល់​អ្នក​ខ្លះ គ្រាន់​តែ​ទិញ​នំ​ប៉័ង​មួយ ឬ​ផ្លែ​ប៉ម​មួយ​ក៏​ត្រូវ​ស្ពាយ​លុយ​ទាំង​បង្វេច​ទៅ​ទិញ​ទើប​បាន (លុយ​មួយ​សន្លឹក​ថ្លៃ ១០០ ឬ​១០០០ ដុល្លារ​ហ្ស៊ីមបាវេ ហើយ​នំប៉័ង​មួយ​ ឬ​ទំនិញ​មួយ​កញ្ចប់​ថ្លៃ​សុទ្ធ​តែ​រាប់​រយ​លាន ឬ​រាប់​ពាន់​លាន​ដុល្លារ)។ សាច់​ប្រាក់​ចុះ​ថោក​ដល់​ថ្នាក់​នេះ​គេ​ហៅ​ថា «អតិផរណា​ធ្ងន់ធ្ងរ – hyperinflation»។

...តើ​រូបិយប័ណ្ណ​ប្រទេសណា​​​មាន​តម្លៃ​ថោក​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក?...

ពី​ឆ្នាំ​១៩៩១-១៩៩៦ ​រដ្ឋាភិបាល​ហ្ស៊ីមបាវេ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី រ៉ូបឺតមូហ្កាបេ (Robert Mugabe) ធ្វើ​កំណែ​ទម្រង់​ដី​ធ្លី ដោយ​ដក​ហូត​ដី​ពី​ប្រជាពលរដ្ឋ​ហ្ស៊ីមបាវេ​ស្បែក​ស ទៅ​ឲ្យ​ក្រុម​ស្បែក​ខ្មៅ (តាម​គោល​នយោបាយ​ជាតិ​និយម)។ ផែនការណ៍​កំណែ​ទម្រង់​នេះ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ហើយ​បណ្ដាល​ឲ្យ​ដួល​រលំ​លើ​គ្រប់​វិស័យ សូម្បី​តែ​ធនាគារ​ក៏​រលំ​បះ​ជើង ហើយ​បណ្ដាល​ឲ្យ​កសិករ​ខ្ចី​ទុន​ពី​ធនាគារ​មិន​បាន។ ផលិតកម្ម​ស្បៀងអាហារ​ធ្លាក់​ចុះ ៤៥% ។

...តើ​រូបិយប័ណ្ណ​ប្រទេស​​ណា​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​លើ​លោក​?...

អតិផរណា​នៃ​ក្រដាស​ប្រាក់​ហ្ស៊ីមបាវេ កើន​ឥត​ឈប់​ឈរ ឆ្ពោះ​ទៅ​រក​អត្រា​ខ្ពស់​ផុត​លេខ​ក្នុង​ប្រវត្តិសាស្ត្រ :
- កក្កដា ២០០៨ : សាច់​ប្រាក់​ចុះ​ថោក​ជាង ២០០ លាន​ភាគរយ
- សីហា ២០០៨ : សាច់​ប្រាក់​ចុះ​ថោក​ជាង ៤០០ ពាន់​លាន​ភាគរយ
- ​កញ្ញា ២០០៨ : សាច់​ប្រាក់​ចុះ​ថោក​ជាង ៣៨០ ពាន់​ពាន់​លាន​ភាគរយ
- ​វិច្ឆិកា ២០០៨ : សាច់​ប្រាក់​ចុះ​ថោក​ជាង 89,700,000,000,000,000,000,000 ភាគរយ

...ប្រទេស​ណាខ្លះ ប្រើ​ឈ្មោះ​ដុល្លារ​ ជា​រូបិយប័ណ្ណ​របស់​ខ្លួន​ដូច​អាមេរិក?...

អត្រា​អតិផរណា​នៅ​ហ្ស៊ីមបាវេ អូស​បន្លាយ​ពេល​ប្រាំ​ឆ្នាំ។ ​កាល​ពី​ឆ្នាំ២០០៩ រដ្ឋាភិបាល​សម្រេច​ឈប់​បោះផ្សាយ​ក្រដាស​ប្រាក់​ជាតិ ហើយ​សម្រេច​ប្រើ​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការ​ទូទាត់​ទំនិញ និង​ពាណិជ្ជកម្ម​ផ្សេងៗ ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។ សព្វថ្ងៃ ​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ​ប្រៀប​បាន​នឹង​រូបិយប័ណ្ណ​ជាតិ​ដែរ​នៅ​ហ្ស៊ីមបាវេ។ សូមបញ្ជាក់​ថា​ស្ថានភាព​នៅ​ហ្ស៊ីមបាវេ​ដូច​ដែល​ជម្រាប​ជូន​ខាង​លើ ជា​ស្ថានភាព​កាល​ពី​ពេល​កំពុង​កើត​អតិផរណា​ ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៣ ហើយ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​ទេ៕

No comments:

Post a Comment