Thursday, November 13, 2014

គំនិត​អ្នក​ជំនួញ​ខ្មែរ៖ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០១៥ ការ​ប្រកួត​ប្រជែងគុណភាព និង​សេវា​ល្អ មិន​គ្រប់​គ្រាន់​នោះ​ទេ


សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០១៥ នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ។ប្រភព៖​ ecnews.net
សមាហរណកម្ម​ក្នុង​តំបន់តាម​រយៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០១៥ ការ​ប្រកួត​ប្រជែង​លើ​ផលិតផល និង​សេវាកម្ម​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ក្នុង​ការ​ឈរ​ជើង​នៅ​លើ​ទីផ្សារ ប៉ុន្តែ​ការ​ចូល​រួម​ជួយ​ដល់​សង្គម និង​ការ​ការពារ​បរិស្ថាន​នឹង​ធ្វើ​ឲ្យ​យីហោ ក៏​ដូចជា​ដំណើរ​ការ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ និង​មាន​ស្ថិរភាព​។

លោក​ឧកញ៉ា​ តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ធ្លាប់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​ឲ្យ​​ជួយ​គាំទ្រ​ផលិតផល​ ក្នុង​ស្រុក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ ព្រោះ​ថា ទាំង​គុណភាព និង​រសជាតិ​នៃ​ផលិតផល​ខ្មែរ មាន​គុណភាព​ល្អ​មិន​ចាញ់​ផលិតផល​នាំ​ចូល​នោះ​ទេ​។ ក្នុង​ជំនួញ ផលិតផល​ល្អ សេវាកម្ម​ល្អ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​បម្រើ ​និង​ទាក់​ទាញ​អតិថិជន ប៉ុន្តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០១៥ អ្នក​ជំនួញ​គួរ​ផ្ដោត​លើ ការងារ​សង្គម និង​ការ​ការពារ​បរិស្ថាន​ក៏​​ព្រោះ​វា​ជា​រឿង​សំខាន់​ផង​ដែរ។


លោក ខន ឈុនតារា អ្នកគ្រប់គ្រង​ទូទៅ​ហាង​កាហ្វេ ខយ (KOI) ប្រាប់ TheBNEWS ថា ដើម្បី​ចូល​រួម​ការ​រីក​ចម្រើន និង​ការ​បណ្ដុះ​បណ្ដាល​ក្នុង​សង្គម ចំពោះ​ការងារ​សង្គម ខយ​នឹង​ធ្វើ​​កិច្ចការ​ជា​ច្រើន​ច្រើន​​ពាក់ព័ន្ធ​នឹង​ការ​អប់រំ។ បើ​សិន​​ជា​​នៅ​​ពេល​អនាគត ហាង​កាហ្វេ​ខយ​មាន​សាខា​ច្រើន ខយ​ព្យាយាម​ធ្វើ​​យ៉ាង​ម៉េច​ឲ្យ​មាន​អាហារូបករណ៍​ដល់​កូន​សិស្ស​ដែល​បម្រុង​នឹង​លូត​លាស់​ប៉ុន្តែ​កង្វះ​ខាត​ធនធាន ឬ​ក៏​រក​វិធី​ផ្សេងៗ​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង ឬ​ស្ថាប័ន​ផ្សេងៗ​ដែល​អាច​ជួយ​ជា ថវិកា អាហារូបករណ៍ និង​អ្វីៗ​ផ្សេង​ៗ​ទៀត​ដូចជា​សៀវភៅ​ជា​ដើម ដើម្បី​ឲ្យ​ពួក​គេ​បាន​ចេះ​ស្ទូច​ត្រី​​នឹង​​គេ​ដែរ។

ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ លោក​ថ្លែង​ថា​ ៖ « ក្រុមហ៊ុន​យើង​ខ្ញុំ​ក៏​មាន​អាហារូបករណ៍​សម្រាប់​បុគ្គលិក​ដែរ។ ​អីចឹង​​​បើ​បុគ្គលិក​មើល​ទៅ​មាន​អនាគត​ចង់​​ឱ្យ​ខ្លួន​ឯង​មាន​គោលការណ៍​ខ្លួន​ឯង​ថា គាត់​នឹង​លូត​លាស់ យើង​ក៏​ត្រូវ​ការ​គាត់​ខ្លាំង​មែន​ទែន ព្រោះ​បើ​យក​បុគ្គលិក​មក​បម្រើ​ក្រុមហ៊ុន ប៉ុន្តែ​គាត់​មិន​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​លូតលាស់​ខ្លួន​ឯង ខ្ញុំ​គិត​ថា ពេល​វេលា​បង្ហាត់​គាត់ វា​នឹង​បង្ហិន​ចោល​តែ​ម្ដង»។

ចំណែក​ការងារ​ការពារ​បរិស្ថាន លោក​ឲ្យ​ដឹង​ថា ​លោក​កំពុង​តែ​ផ្ដោត និង​ចាប់​អារម្មណ៍​ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លាស្ទិក ហើយ​រឿង​បន្ទាប់​គាត់​កំពុង​ស្វែង​រក​វិធី ដើម្បី​បង្ហាត់​អតិថិជន​ឲ្យ​ចេះ​ប្រើ​ច្នៃ​ផលិត​ជ័រ​ប្លាស្ទិក​ឡើង​វិញ ពី​ព្រោះ​វា​មាន​ទំហំ​ច្រើន​។ និយាយ​ឲ្យ​ខ្លី គាត់​កំពុង​រក វិធីសាស្ត្រ យុទ្ធសាស្ត្រ និង​វិធាន​ការ​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​បញ្ហា​ទាំង​២ ហ្នឹង កុំ​ឲ្យ​ប៉ះ​ពាល់​បញ្ហា​បរិស្ថាន​ច្រើន​។

លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK PLC) មាន​ប្រសាសន៍​ថា៖ « ទាក់​ទង​ហ្នឹង​រឿង​សង្គម អេ អឹម ខេ ជា​ទូទៅ​យើង​មាន​យុទ្ធសាស្ត្រ និង​ថវិកា​កំណត់​ជា​ការពិត ប៉ុន្តែ​អ្វី​ដែល​យើង​ចូល​រួម​យើង​ចង់​ចូល​រួម​សង្គម​ណា​ដែល​ជួយ​ទៅ​ដល់​អតិថិជន​គោល​ដៅ​របស់​យើង។ អីចឹង​ ​អតិថិជន​គោល​ដៅ​សំខាន់​របស់​យើង​គឺ​អ្នក​ក្រ »។

លោក​បន្ត​ថា សព្វ​ថ្ងៃ អេ អឹម ខេ ព្យាយាម​ជួយ​សង្គម គឺ​ជួយ​ដោយ​ផ្ទាល់។ ទី១. អេ អឹម ខេ មិន​យក​ថវិកា​ម្ដុំ​ទៅ​ធ្វើ​អ្វី​មួយ ហើយ​ចុះ​ផ្សាយ​ថា យើង​ជួយ​នោះ​ទេ។ ផ្ទុយ​ទៅវិញ បើ អេ អឹម ខេ ជួយ​គឺ​ជួយ​ផ្ទាល់​តែ​ម្ដង។ ឧទាហរណ៍ សព្វ​ថ្ងៃ អេ អឹម ខេ មាន​សេវា​លុប​បំបាត់​បំណុល។ មាន​ន័យ​ថា ក្នុង​១​ឆ្នាំៗ អតិថិជន​​ស្លាប់​ប្រហែល ០,៣% ដូច្នេះ​បំណុល​លុប​ចោល​ហាក់​ដូចជា​យើង​ជួយ​អតិថិជន​ដោយ​ក្នុង​១​ឆ្នាំៗ យើង​លុប​បំណុល​ហាក់​បី​ដូចជា​យើង​ជួយ​ដល់​សង្គម​ហ្នឹង​ហើយ។ ទី២. យើង​ឲ្យ​កម្ចី​សង្គ្រោះ​បន្ទាន់៖ កម្ចី​សង្គ្រោះ​បន្ទាន់​យើង​ឲ្យ​អតិថិជន​គោល​ដៅ​របស់​យើង​​ទៅ​ដល់​អ្នកក្រ។ កម្ចី​សង្គ្រោះ​បន្ទាន់​យើង​ផ្ដល់​នូវ​អត្រា​មួយ​ក្នុង​កម្រិត​ទាប ស្មើ​ពាក់​កណ្ដាល​នៃ​អត្រា​កម្ចី មាន​ន័យ​ថា យើង​ជួយ​អតិថិជន​ក្នុង​ការ​កាត់​បន្ថយ​នូវ​បញ្ហា​បន្ទាន់​ជួយ​ដល់​គាត់។


ផ្នែក​ការ​ការពារ​បរិស្ថាន លោក​បន្ថែម​ទៀត​ថា នា​ពេល​កន្លង​មក អេ អឹម ខេ មាន​ធ្វើ​កម្ចី​មួយ​ហៅ​ថា កម្ចី​សម្រាប់​ជួយ​ពលរដ្ឋ​ជនបទ​ទិញ​ធុង​ចម្រោះ​ទឹក។ អញ្ចឹង​កម្ចី​មួយ​នោះ​គឺ​ជា​កម្ចី​ដែល អេ អឹម ខេ ជួយ​ដល់​គាត់​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត។ តាម​ការ​ស្រាវជ្រាវ​កន្លង​មក ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ប្រើ​ប្រាស់​ទឹក​មិន​សូវ​មាន​អនាម័យ។ អញ្ចឹង អេ អឹម ខេ ព្យាយាម​ជួយ​គាត់​ឲ្យ​បាន​ប្រើ​ប្រាស់​នូវ​ទឹក​ស្អាត​តាម​រយៈ​ធុង​ចម្រោះ ហើយ អេ អឹម ខេ កំពុង​តែ​មើល​ទៅ​លើ​កម្ចី​មួយ​ចំនួន​ទៀត​៕

No comments:

Post a Comment