Saturday, November 1, 2014

តើ​​​កងទ័ព​ចិន​អាច​យក​ឈ្នះ​កងទ័ព​​ជប៉ុន​ដែរ​ឬ​ទេ​បើ​​មាន​សង្គ្រាម​ផ្ទុះ​ឡើង​?


រូបតំណាង​ប្រភព៖​ washingtonpost
ចិន និង ជប៉ុន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​គូសត្រូវ​ចាស់​ឆ្នាំ​​​នៅ​អាស៊ី​បូព៌ា​ដែល​ធ្លាប់​មាន​សង្គ្រាម​​​ស៊ីសាច់​ហុតឈាម​​​រវាង​គ្នា​នឹង​គ្នា​នៅ​ពេល​កន្លង​មក។ ការ​ឈ្លាន​ពាន​របស់​ជប៉ុន​មក​លើ​​ទឹកដី​ចិន​​​​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៨៩៤ ដល់​ឆ្នាំ ១៨៩៥ និង នៅ​ក្នុង​ឆ្នាំ ១៩៣១ រហូត​ដល់​បញ្ចប់​​សង្គ្រាម​លោក​ទី​២ បាន​​បង្កើត​អតីតកាល​​ដ៏​ជូរចត់​បំផុត​​ដក់​ជាប់​​ក្នុង​អារម្មណ៍​ប្រជាជន​របស់​​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក​មួយ​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន។

​ទោះបី​ជា​ចិន​​​តែង​ចាញ់​ជប៉ុន​​រហូត​មក និង ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ អ្វី​ដែល​​ពិភពលោក​មើល​ឃើញ​នៅ​ពេល​បច្ចុប្បន្ន​នោះ​គឺ​ថា ​មហាយក្ស​ចិន​កំពុង​​​បង្កើន​​ថវិកា​យោធា​របស់​ខ្លួន​​រហូត​ដល់ ១២,៣%​ នៅ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន។ នេះ​បាន​​​បង្ហាញ​សញ្ញាណ​មួយ​គួរ​ឲ្យ​បារម្ភ​បំផុត​​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់ ​ជា​ពិសេស​ជា​ការ​ពញ្ញាក់​អារម្មណ៍​មួយ​ដល់​​​ដល់​រដ្ឋាភិបាល​​ជប៉ុន​តែម្តង។ ​

ជា​ការ​ប្រៀបធៀប​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ ជប៉ុន​ដែល​ជា​អតីត​មហាអំណាច​យោធា​​ដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ថវិកា​យោធា​ត្រឹមតែ ៤៩ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ដែល​ចិន​វិញ​​មាន​រហូត​ដល់ ១៨៨ ពាន់​លាន​ដុល្លារ។ នេះ​ជា​កំណើន​ដ៏​ខ្ពស់​មួយ​នៃ​ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ចិន ទោះបី​ជា​មិន​ដល់​​ថវិកា​យោធា​អាមេរិក​ដែល​មាន​រហូត​ដល់ ៦៤០ ពាន់​លាន​ដុល្លារ​យ៉ាងណា​ក៏ដោយ។

ងាក​មក​មើល​ចំនួន​យោធា​វិញ មហាយក្ស​ចិន​ដែល​មាន​ប្រជាជន​​ ១៣ ពាន់​លាន​នាក់​មាន​កងទ័ព​សកម្ម​សរុប​ប្រមាណ២,៣ ​លាន​នាក់ ស្រប​ពេល​ដែល​ជប៉ុន​វិញ​មាន​​ត្រឹមតែ ៥៨ ០០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​សំនួរ​ដ៏​សំខាន់​នៅ​ពេល​នេះ​គឺ​ថា តើ​ចិន​អាច​យក​ឈ្នះ​ជប៉ុន​ដែរ​ឬ​ទេ​បើ​មាន​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើត​មាន​ម្តង​ទៀត?

ជា​ការ​ចាប់ផ្តើម យើង​ត្រូវ​​ពិនិត្យ​ទៅ​លើ​​​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​កន្លង​មក​ ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ និង ក្តី​កង្វល់​បំផុត​ដល់​សម្ព័ន្ធមិត្ត​របស់​ជប៉ុន​​ ​នោះ​​គឺ​អាមេរិក។ អាមេរិក​បាន​ចុះ​​សន្ធិសញ្ញា​ជា​ទ្វេភាគ​ដើម្បី​ចេញ​មុខ​​ការពារ​ដែន​អធិបតេយ្យ​ភាព​ជប៉ុន​ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន ឬ វាយប្រហារ​​ណា​មួយ​ពី​បច្ចាមិត្ត​។ ហេតុ​ដូច្នេះ​ហើយ បាន​​ជា​ចាប់​ពី​ជប៉ុន​ចាញ់​សង្គ្រាម​លោក​លើក​ទី​២ មក​គេ​ឃើញ​មាន​មូលដ្ឋាន​យោធា​សំខាន់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​រហូត​មក​ដល់​សព្វថ្ងៃ។ 

​​​​​ចុះ​បើ​គ្មាន​អាមេរិក​វិញ តើ​ជប៉ុន​នៅ​តែ​អាច​យក​ឈ្នះ​ចិន​ឬ​យ៉ាងណា?

តាម​ការពិត​ទោះបី​ជា​ចំនួន​កងទ័ព​ជប៉ុន​មាន​ចំនួន​តិច​ជាង​កងទ័ព​ចិន តែ​គេ​មើល​ឃើញ​ថា ជប៉ុន​នៅ​តែ​ឈ្នះ​ចិន​ទោះបី​ជា​គ្មាន​អាមេរិក​ក៏ដោយ។ ភស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ ​ប្រព័ន្ធ​សព្វាវុធ​​សំខាន់ៗ​របស់​ចិន​ភាគ​ច្រើន​បាន​​ខូចខាត​​​ដំណើរ​ការ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ នេះ​បើ​យោង​តាម​​​ការ​អះអាង​របស់​លោក Kyle Mizokami អ្នកវិភាគ​ជាន់​ខ្ពស់ និង ជា​​​អ្នកនិពន្ធ​​សៀវភៅ (War On Boring)នៃ​មន្ទីរ​ឃ្លាំមើល​សន្តិសុខ​ជប៉ុន (Japan Security Watch)។

អ្នក​វិភាគ​រូប​នេះ​បាន​លើក​ឡើង​​ថា រថក្រោះ​កងទ័ព​ជើង​គោក​​ចិន​ប្រមាណ ៤៥០ គ្រឿង​​ក្នុង​ចំណោម​រថក្រោះ​ ៧ ៥៨០ ​គ្រឿង​​ប៉ុណ្ណោះ​ត្រូវ​បាន​អភិវឌ្ឍ​កាន់តែ​ទំនើប​ជាង​មុន​ដែល​ត្រូវ​បាន​ផលិត​ឡើង​តាំង​ពី​​អំឡុង​សតវត្ស​ទី ៧០​មក​ម្ល៉េះ​​ដោយ​អតីត​សហភាព​សូវៀត។ ចំណែក​យន្តហោះ​ចម្បាំង​​វិញ មាន​ប្រហែល​ត្រឹមតែ ៥០០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ចំណោម​យន្តហោះ​​ចម្បាំង​របស់​ខ្លួន ១ ៣២១ គ្រឿង​អាច​ដំណើរ​ការ​បាន។ 

ងាក​មក​មើល​កងទ័ព​ជើង​ទឹក​ចិន​វិញ នា​វា​មុជទឹក​របស់​ខ្លួន​ចំនួន​ពាក់​កណ្តាល​​ត្រូវ​បាន​លោក​អះអាង​ថា បាន​​ផលិត​ឡើង​​​​អស់​រយៈ​ពេល ​​២​ទសវត្ស​ចុងក្រោយ​នេះ ខណៈ​ចំនួន​ពាក់​កណ្តាល​ទៀត​​គឺ​ជា​នាវា​ចាស់​ឆ្នាំ​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក​ម្ល៉េះ។ រីឯ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង (Liaoning​) ដែល​ទើប​នឹង​​​ផលិត​បាន​នេះ​វិញ ក៏​​មិនមែន​ជា​នាវា​ទំនើប​​សហវត្ត​ថ្មី​នោះ​ដែរ​ ពោល​គឺ​ត្រូវ​បាន​ជួសជុល​អភិវឌ្ឍ​ឲ្យ​ទំនើប​បន្ថែម​ពី​នាវា​​ផ្ទុក​យន្តហោះ​​ចាស់​របស់​អតីត​សហភាព​សូវៀត​ដែល​ផលិត​ឡើង​​កំឡុង​ទសវត្ស​ទី ៨០​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​អាច​ផ្ទុក​យន្តហោះ​ច្រើន ឬ ធ្វើ​ដំណើរ​​ក្នុង​ចម្ងាយ​ឆ្ងាយ​ដូច​នាវា​អាមេរិក​នោះ​ដែរ។ 

​ក្រឡេក​មក​មើល​ជប៉ុន​វិញ វិស័យ​យោធា​របស់​ខ្លួន​ត្រូវ​បាន​គេ​អះអាង​ថា បាន​អភិវឌ្ឍ​ និង បំពាក់​ដោយ​សម្ភារៈ​យោធា​ទំនើបៗ​ជា​ជំនួញ​ពី​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ពេល​ឆាប់​ខាងមុខ​នេះ ​រដ្ឋាភិបាល​​ជប៉ុន​ប្រកាស​​ថា ខ្លួន​នឹង​ទិញ​​​មីស៊ីល​ប្រឆាំង​មីស៊ីល​បន្ថែម​ទៀត រួម​​ទាំង​នាវា​មុជទឹក​​ទំនើបៗ នាវា​ប្រតិបត្តិការ​លើ​ទឹក​ យន្តហោះ​ឈ្លបការណ៍ យន្តហោះ​ចម្បាំង​ និង ឧទ្ធម្ភាគចក្រ​​ទំនើបៗ​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​​សម្រាប់​បំពាក់​នៅ​ក្នុង​កងទ័ព​​របស់​ខ្លួន។ 


ទន្ទឹម​នឹង​នេះ​ទៅ​​ទៀត នៅ​ខែ មីនា ​ឆ្នាំ ២០១៧ ខាងមុខ​នេះ​គេ​រំពឹង​ថា ជប៉ុន​នឹង​​ទទួល​បាន​យន្ត​​ចម្បាំង (F-35​​​) ដ៏​មាន​សក្ដានុពល​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​ផង។ បើ​ពិនិត្យ​ឲ្យ​ជាក់​ស្តែង​ទៅ​យន្តហោះ​ចម្បាំង​​ធុន​​នេះ គឺ​ជា​ក្តី​សុបិន្ដ​ដ៏​អាក្រក់​បំផុត​​របស់​នាវា​​ផ្ទុក​​យន្តហោះ​ចិន (Liaoning​) ​ដែល​ទើប​ផលិត​បាន​នេះ​តែម្តង ត្បិតអី​យន្តហោះ​ចម្បាំង (F-35​​​) ដែល​​ពេញ​និយម​បំផុត​នៅ​ក្នុង​វិស័យ​យោធា​អាមេរិក អាច​​វាយ​​ប្រហារ​នាវា​ផ្ទុក​យន្តហោះ​​មួយ​គ្រឿង​នេះ​បាន​ពី​ចម្ងាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​​​​​​ក្នុង​ចម្ងាយ​ ២៩០ គីឡូម៉ែត្រ។

​​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត F-35 អាច​វាយ​កម្ទេច​​មូលដ្ឋាន​យោធា និង​ យន្តហោះ​ចម្បាំង​​ដ៏​ទំនើបៗ​​ចុងក្រោយ​​របស់​ចិន​ J-15 ​ក្នុង​មួយ​ប៉ប្រិចភ្នែក។ មើល​ទៅ​ដែន​កោះ​សំខាន់ៗ​របស់​​ជប៉ុន​វិញ សុទ្ធតែ​​បង្កប់​ដោយ​ប្រព័ន្ធ​​ខែល​មីស៊ីល​(Standard Missile-3) និង មីស៊ីល​ប៉ាទ្រីយ៉ូត​កម្រិត​ខ្ពស់​(Patriot Advanced Capability-3 interceptors) ទំនើប​អាច​បាញ់​ស្ទាក់​មីស៊ីល​គ្រប់​ប្រភេទ​​នៅ​ជុំវិញ​ភព​ផែនដី​នេះ។
​​​
បើ​​យោង​តាម​ការ​​បញ្ជាក់​របស់​​​លោក Larry M. Wortzel ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​យុទ្ធសាស្ត្រ​និង ហានិភ័យ​ប្រចាំ​​​តំបន់​អាស៊ី​ (Asia Strategies and Risks) វិញ​បាន​ឲ្យ​​អះអាង​ថា ជប៉ុន​គឺ​ជា​ប្រទេស​ដែល​​មាន​កងទ័ព​ជើង​អាកាស​ខ្លាំងក្លា​ជាងគេ​បំផុត​នៅ​អាស៊ី​ លើកលែង​តែ​អាមេរិក​ប៉ុណ្ណោះ។ 

យ៉ាងណា​ក៏ដោយ ស្រប​ពេល​ដែល​​កងទ័ព​ជប៉ុន​កំពុង​​ឈាន​មុខ​លើ​​កងទ័ព​ចិន ​គេ​ក៏​មិន​អាច​​​មើល​​រំលង​​​សមត្ថភាព​កងទ័ព​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង ការ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​​យោធា​របស់​ចិន​​នៅ​ក្នុង​រយៈ​មួយ​ទសវត្ស​ចុងក្រោយ​នេះ​បាន​ទេ ហើយ​​អនាគត​នឹង​​ក្លាយ​​ជា​រឿង​មួយ​មិន​ប្រកដប្រជា។

«គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាករណ៍​បាន​ពី​ជម្លោះ​រវាង​ចិន និង ជប៉ុន​នៅ​ពេល​អនាគត​បាន​នោះ​ឡើយ។ ប៉ុន្តែ​​ភាព​តានតឹង និង ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​ទាំង​ពីរ​នេះ​អាច​​ត្រួសត្រាយ​នាំ​មក​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​បាន​ តាម​រយៈ​ការ​ពង្រឹង​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​​ ការ​​វិនិយោគ និង ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក។ នេះ​ជា​​ប្រសាសន៍​របស់​លោក Joseph Quinlan នាយក​​គ្រប់គ្រង​ទូទៅ​​នៃ​ធនាគារ​វិនិយោគ​អាមេរិក Banc of America Securities៕​


No comments:

Post a Comment