Wednesday, November 26, 2014

កម្ពុជា​​មាន​គម្រោង​សាងសង់​​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ហូជីមិញ​ធ្វើដំណើរប្រើរយៈពេល​១​ឬ២​ម៉ោង​

 

​ផ្លូវ​ជាតិ​លេខ​មួយ​ប្រភព៖​ ​wikipedia
​អ្នក​ធ្វើ​​​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​ហូជីមិញ ​នឹង​​ប្រើ​​រយៈ​ពេល​​តែ ​១​ឬ​២​ម៉ោង​ប៉ុណ្ណោះ​​​ នា​ថ្ងៃ​អនាគត​ ដោយ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​​ល្បឿន​លឿន​ដែល​ត្រូវ​បាន​កំណត់​ការ​ធ្វើ​​ដំណើរ​​កម្រិត​ល្បឿន​ពី​ ​​៨០​ទៅ​១២០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​បើ​សិន​គម្រោង​សិក្សា​មួយ​បាន​ទទួល​ជោគជ័យ។

គម្រោង​កសាង​ផ្លូវ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​ផ្ដល់​ការ​គាំ​ទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA)​​​​ក្រោម​កិច្ច​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​​កម្ពុជា(AKP)​ជា​ភាសា​អង់គ្លេស ​បាន​ឱ្យ​ដឹង​​ថា​​ គម្រោង​​សិក្សា​ក្នុង​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​នេះ​​​ត្រូវ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួច​រាល់​​ហើយ​​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ជាមួយ​ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) ​ហើយ​គម្រោង​នេះ​នឹង​​ប្រើ​​រយៈ​ពេល​១៥​ទៅ​១៦​ខែ​ដើម្បី​សិក្សា​ពី​ផល​ប៉ះ​ពាល់​ ដោយ​គួរ​​ជ្រើស​រើស​យក​ការ​កសាង​តាម​បណ្ដោយ​ផ្លូវ​លេខ១​ឬ​​ក៏​ស្ថាបនា​ឆ្លង​កាត់​តាម​ខេត្ត​ព្រៃ​វែង ហើយ​ការ​សិក្សា​នឹង​ធ្វើ​ឡើង​​​នៅ​​​ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​។

ផ្លូវ​​ល្បឿន​លឿន​នេះ ​នឹង​​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា​ច្រើន​​នៅ​ពេល​ខាង​មុខ​​​​។ ផ្លូវ​នេះ​នឹង​ប្រើ​ពេល​តែ​១​ឬ​២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​កសាង​រួច​ខណៈ​ពេល​បច្ចុប្បន្ន​​នេះ ​អ្នក​ដំណើរ​ត្រូវ​ចំណាយ​ពេល​ចន្លោះ​ពី​៦​ទៅ​​៧​ម៉ោង​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ហូជីមិញ​៕​

No comments:

Post a Comment