Monday, July 10, 2017

អាស៊ាន៖ តើ​ប្រទេស​ណា​ក្រ​ជាង​គេ និង​ប្រទេស​ណា​មាន​ជាង​គេ?

បើ​និយាយ​រឿង​អ្នកក្រ នៅ​ប្រទេស​ណា​ក៏​មាន​អ្នក​ក្រ​ដែរ។ ជាក់ស្ដែង នៅទូទាំង​ពិភព​លោក ប្រជាជនជាង ១ពាន់ ៣រយលាន​នាក់ កំពុងរស់នៅ​ស្ថិតក្នុង​ភាពក្រីក្រ​ខ្លាំង គឺរក​ចំណូល​បានក្រោម ១ដុល្លារ ២៥សេន ក្នុង​មួយថ្ងៃ។

តួលេខ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៤ បង្ហាញថា មីយ៉ាន់ម៉ា​មាន​ប្រជាជន​ក្រីក្រ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​អាស៊ាន។ រូបភាព៖ Pixabay



ដោយឡែក យើងក្រឡេក​មក​មើល​​តំបន់​អាស៊ាន​វិញ តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​ជាង​គេ និង​ប្រទេស​ណាខ្លះ ដែល​ក្រជាងគេ? 
តួលេខ​ឆ្នាំ​២០១៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បង្ហាញថា ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ច្រើន​ជាង​គេ​បង្អស់។ 
ប្រជាជន​មីយ៉ាន់ម៉ា​យ៉ាង​ហោច ២៥,៦%​នៃ​ប្រជាជន​សរុប ៥២,១២លាន​នាក់ (តួលេខ​ឆ្នាំ២០១៥) រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ បន្ទាប់​មក ឈរ​នៅ​លំដាប់​ទី២ គឺ​ប្រទេស​ហ្វ៊ីលីពិន ដែល​មាន​ប្រជាជន ២៥,២% នៃ​ប្រជាជន​សរុប ១០១,៥៧លាន​នាក់ ស្ថិត​ក្នុង​ភាព​ក្រីក្រ។
ទី៣ ប្រទេសឡាវ ដែលមាន​ប្រជាជន ២៣,២% នៃ​ប្រជាជន​សរុប ៦,៤៩លាន​នាក់ កំពុង​រស់​ស្ថិត​ក្នុង​ភាព​ក្រីក្រ។ 
កម្ពុជានៅ​លេខរៀងទី៤ ដោយមានអត្រា​នៃ​ប្រជាជន​រស់នៅ​ក្នុង​ភាពក្រីក្រ ១៣,៥% នៃ​ចំនួន​ប្រជាជន​សរុប ១៥,៤១លាន​នាក់។ ឥណ្ឌូនេស៊ី នៅ​លេខរៀងទី៥ មាន​ប្រជាជន​ ១១,២% នៃ​ចំនួន​ប្រជាជន​សរុប ២៥៥,៤៦​លាន​នាក់ រស់នៅ​ក្នុង​ភាពក្រីក្រ។ 
នៅលេខរៀងទី៦ គឺ​ប្រទេស​ថៃ មានអ្នកក្រ​ ១០,៩% ក្នុង​ចំណោម​ប្រជាជន ៦៧,២៤​លាន​នាក់។ វៀតណាម ស្ថិត​នៅ​លេខ​រៀងទី៧ មាន​អ្នកក្រ ៨,៤% ក្នុង​​ចំណោមប្រជាជនសរុប ៩១,៧០​លាន​នាក់ និង​ប្រទេស​ម៉ាឡេស៊ី នៅលេខរៀងទី៨ មាន​អ្នក​ក្រ ០,៦% ក្នុង​ចំណោម​ប្រជាជនសរុប ៣១លាននាក់។ 
ប្រទេសប្រ៊ុយណេ និងសិង្ហ​បុរី ទោះ​បី​មិន​មាន​ទិន្នន័យ​ក្ដី ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​បាន​ចាត់ទុក​ជាប្រទេស​ដែល​មាន​ជាងគេ​បំផុត នៅ​ក្នុង​តំបន់​អាស៊ាននេះ៕

No comments:

Post a Comment