Thursday, December 11, 2014

ការងារ​៧ យ៉ាង​ដែល​មហាសេដ្ឋី ​Warren Buffett ធ្វើ​ ដើម្បី​សន្សំ​លុយ​ទុក ៥៣ ០០០​ដុល្លារ ​​​​នៅ​អាយុ ១៦ឆ្នាំ


លោក ​Warren Buffett មហាសេដ្ឋី​អាមេរិក​ប្រភព៖​ sproutmoney
ប្រិយមិត្ត​ពិត​ជា​ធ្លាប់​ស្គាល់​ហើយ​ថា លោក Warren Buffett គឺ​ជា​មហាសេដ្ឋី​​អាមេរិក​មាន​ជាងគេ​បំផុត​លំដាប់​ទី​៤ ​នៅ​លើ​ពិភពលោក​នា​ពេល​​បច្ចុប្បន្ន​នេះ​ដែល​មាន​​ទ្រព្យសម្បត្តិ​ប្រមាណ ៧៣,១ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​​ទស្សនាវដី្ត Forbes ។ 

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​ពេល​នេះ​នោះ​គឺ​ថា តើ​​មហាសេដ្ឋី​​វ័យ ៤៨ ឆ្នាំ​រូប​នេះ​បាន​ធ្វើ​អ្វី​ខ្លះ​មុន​នឹង​លោក​ក្លាយ​ជា​មហាសេដ្ឋី​ដ៏​ល្បីល្បាញ​នៅ​ពេល​បច្ចុប្បន្ន? តាម​ការ​អះអាង​របស់​លោក​ផ្ទាល់ ខាងក្រោម​នេះ​គឺ​ជា​ការងារ​ទាំង ៧ យ៉ាង​ដែល​លោក​ធ្លាប់​បាន​​ធ្វើ​នៅ​ពេល​​លោក​មាន​អាយុ​មុន​​ ១៦ ឆ្នាំ។ 

១) ដើរ​លក់​​​ទឹក​ភេសជ្ជះ​ និង ស្ករកៅស៊ូ​

ការ​លក់​​ភេសជ្ជះ​សូដា និង ស្ករកៅស៊ូ​គឺ​ជា​ការងារ​ដែល​​ដំបូង​គេ​បំផុត​ដែល​​មហាសេដ្ឋី Warren Buffett​ ធ្វើ​មុន​គេ​នៅ​អាយុ​តាំង​ពី ៦ ឆ្នាំ​មក​ម្ល៉េះ។ លោក​បាន​ចាប់​ផ្តើម​លក់​ស្ករកៅស៊ូ​មួយ​រយៈ​ ​ហើយ​ក្រោយ​មក​បាន​ប្តូរ​មក​​​​លក់​​ភេសជ្ជៈ​​​កូកាកូឡា​ជំនួស​វិញ​ដែល​បាន​ប្រាក់​ចំណូល​ច្រើន​ជាងមុន។​​

២) អ្នក​ចែកចាយ​​កាសែត​តាម​ផ្ទះ
ជា​​​ក្មេង​ម្នាក់​ដែល​ចូលចិត្ត​តាមដាន​ព័ត៌មាន ​លោក Warren Buffett ក៏​ធ្លាប់​ដើរ​ចែកចាយ​កាសែត​តាម​​ផ្ទះ​ម្នាក់​ផង​ដែរ ដែល​ផ្ទុយ​ពី​ចំណង់ចំណូលចិត្ត​ក្មេងៗ​ដទៃ​​ទៀត​លើ​ការងារ​នេះ។ លោក​ពេញ​ចិត្ត​ការងារ​នេះ​ណាស់ ដែល​ជា​ផ្នែក​មួយ​ជួយ​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ដល់​លោក។ 

៣) លក់​គ្រាប់​​​បាល់​វាយ​កូនគោល​ចាស់ៗ
នេះ​ជា​ការងារ​មួយ​ទៀត​ដែល​លោក Warren Buffett​បាន​លក់​ជា​មួយ​មិត្តភក្ដិ​របស់​លោក​ម្នាក់​ទៀត​​គឺ​លោក Stu Erickson។ លោក​​បាន​យក​គ្រាប់​បាល់​វាយ​កូនគោល​ចាស់​​ៗដែល​គេ​បោះ​ចោល​ពី​ទីលាន​វាយ​កូនគោល Elmwood Park ក្នុង​រដ្ឋ​ Illinois ។ ការងារ​នេះ​លោក​តែង​ប្រឈមមុខ​ជា​មួយ​ឆ្មាំ​សន្តិសុខ តែ​លោក​នៅ​តែ​គិត​ថា​ ជា​រឿង​ធម្មតា និង​ជា​ការងារ​ដែល​លោក​មាន​មោទនភាព​បំផុត​​មួយ​ដែរ។ 

...មហាសេដ្ឋី និងបុគ្គល​ល្បីៗ៨រូបគ្រោង​​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទាំង​ស្រុង​ពេល​ស្លាប់​​ ដោយ​មិន​ទុក​ឱ្យ​កូន​ៗ និង​គ្រួសារ...


៤) លក់​សណ្ដែកដី​លីង និង ​ពោត​ផ្ទុះ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​បាល់​អោប
ប្រជាជន​អាមេរិក​ចូលចិត្ត​កីឡា​បាល់អោប​ណាស់ ហេតុដូច្នេះ​ពេល​​មាន​ព្រឹត្តិការណ៍​នេះ​ម្តងៗ មាន​​ទស្សនិកជន​ជា​ច្រើន​ចូលរួម​ទស្សនា​កម្មវិធី​នេះ។ ឆ្លៀត​ពេល​មាន​កម្មវិធី​នេះ​ម្តងៗ លោក Warren Buffett បាន​ដើរ​លក់​សណ្ដែកដី​លីង និង ពោត​ផ្ទុះ​នៅ​ពហុកីឡាដ្ឋាន​សាកលវិទ្យាល័យ​ Omaha និង នៅ​តាម​ទីតាំង​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ទៀត។ 

៥) លក់​តែម​ 
ក្រៅ​ពី​ការងារ​ទាំង​ប៉ុន្មាន​ខាងលើ នៅ​មាន​ការងារ​មួយ​ទៀត​ដែល​លោក Warren Buffett ធ្លាប់​ធ្វើ​ដែរ​នោះ​គឺ​​ដើរ​លក់​តែម។ លោក​ត្រូវ​​បាន​អាជ្ញាធរ​ផ្តល់​សិទ្ធ​អនុញ្ញាត​ឲ្យ​លក់​តែម​នេះ​​ដើម្បី​យក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ។ 

៦) រក​លុយ​បាន​ពី​ការ​បើក​ក្រុមហ៊ុន​​ម៉ាស៊ីន​ហ្គេម 
​លោក Warren Buffett ​បាន​ទិញ​ម៉ាស៊ីន​ហ្គេម (pinball machine) ​មួយ​ក្នុង​តម្លៃ ២៥ ដុល្លារ និង បាន​យក​ទៅ​ផ្ទះ​មិត្តភក្ដិ​របស់​លោក​ដើម្បី​ជួសជុល​ឡើង​វិញ។ ក្រោយ​មក អ្នក​​ទាំងពីរ​បាន​​បើក​ក្រុមហ៊ុន​​លេង​ហ្គេម​មួយ​​ឈ្មោះ ថា Wilson’s Coin-Operated Machine ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន ៤ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ១ សបា្តហ៍​ក្រោយ​មក លោក​អាច​មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន​ហ្គេម​មួយ​គ្រឿង​ទៀត ហើយ​ចេះ​តែ​រីក​ចម្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ រហូត​ដល់​បើក​នៅ​តាម​ក្លឹប​កម្សាន្ត​មួយ​ចំនួន​ទៀត។ ​​​​

៧) រក​លុយ​បាន​ពី​កន្លែង​ប្រណាំង​សេះ

លុយ​ដែល​លោក​រក​បាន​នៅ​កន្លែង​ប្រណាំង​សេះ មិនមែន​បាន​​មក​ពី​ការ​ភ្នាល់​គ្នា​នោះ​ទេ តែ​ជា​ការ​ប្រមូល​បាន​នូវ​សំបុត្រ​ទស្សនា​មួយ​ចំនួន​ដែល​ទស្សនិកជន​បោះ​ចោល ឬ ធ្លាក់​ជ្រុះ​មិន​ដឹង​ខ្លួន។ ​​​លោក​បាន​យក​សំបុត្រ​ទាំង​នោះ​ទៅ​លក់​បន្ត ដើម្បី​រក​លុយ​បន្ថែម​ជា​មួយ​មិត្តភក្ដិ​ម្នាក់​ទៀត​។ ការងារ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​លោក​អាច​​សន្សំ​ប្រាក់​ទុក​​បាន​រហូត​ដល់​​ ៥៣ ០០០ ដុល្លារ​នៅ​ពេល​ដែល​លោក​មាន​អាយុ ១៦ ឆ្នាំ៕

No comments:

Post a Comment