Saturday, December 6, 2014

ប្រវត្តិ​លោក​ប៉ាក់ជុងហ៊ី អតីត​ប្រធានាធិបតី​​ និង​ជា​មហាបុរស​រដ្ឋ​កូរ៉េខាងត្បូង​ដែល​រៀប​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​យ៉ាង​រីកចម្រើន


លោក​ប៉ាក់ជុងហ៊ី
​កូរ៉េខាងត្បូង​​ស្ថិត​នៅ​ប៉ែក​អាស៊ី​បូព៌ា ​និង​ជា​ប្រទេស​​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស។ ​កូរ៉េខាងត្បូង​ស្ថិត​ក្រោម​អាណានិគម​របស់​ជប៉ុន​ចាប់​ពី​ឆ្នាំ ១៩១០ – ១៩៤៥។ នៅ​ក្នុង​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០-១៩៥៣ ប្រទេស​កូរ៉េ​រង​ការ​ខូចខាត​យ៉ាង​ដំណំ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កូរ៉េខាងត្បូង​នៅ​តែ​មាន​លទ្ធភាព​ស្ដារ​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​។ 

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ប៉ាក់ជុងហ៊ី ដែល​បាន​គ្រប់​គ្រង​ប្រទេស​រយៈ​ពេល​១៨​ឆ្នាំ​ដោយ​កណ្ដាប់​ដៃ​ដែក ពី​ឆ្នាំ១៩៦០ – ១៩៧៩ បាន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ស្គាល់​ការ​រីកចម្រើន​ជា​បណ្ដើរ​​ៗលើ​ច្រើន​វិស័យ។ លោក​ត្រូវ​គេ​ប្រសិទ្ធិនាម​ជា «មហាបុរស​រដ្ឋ​កូរ៉េខាងត្បូង» ប្រៀប​បាន​នឹង​លោក​លីក្វាន់យូ នៅ​ប្រទេស​សិង្ហបុរី​ដូច្នោះ​ដែរ។ លោក​ស្រី​ប៉ាក់ឃុនហ៊ឺ ប្រធានាធិបតី​កូរ៉េខាងត្បូង​បច្ចុប្បន្ន ជា​កូនស្រី​បង្កើត​របស់​លោក។ នៅ​ក្នុង​អត្ថបទ​នេះ TheBNEWS សូម​ផ្ដោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដោយ​ទុក​បញ្ហា​នយោបាយ​មួយ​អន្លើ។

...កូរ៉េខាងត្បូង​ប្រើ​ធម៌​ក្ដៅឈាន​ដល់​ដាក់​ពន្ធនាគារ​​ចំពោះ​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ដង​​​ថត Selfie...

​ឈ្មោះ ៖ ប៉ាក់ជុងហ៊ី (Park Jung Hee)
​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖ ១៤ ​វិច្ឆិកា ១៩១៧
មុខ​តំណែង ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​ពី​ឆ្នាំ ១៩៦៣ – ១៩៧៩
ស្លាប់​ដោយ​គេ​លប​ធ្វើ​ឃាត​ ៖ ២៦ តុលា ១៩៧៩
សាសនា ៖ ព្រះពុទ្ធ​សាសនា

...៧ ចំណុច​ដែល​​​លោក​អ្នក​មិន​បានដឹង​ពី​សង្គ្រាម​ស៊ីសាច់ហុតឈាមរ​វាង​​កូរ៉េខាងជើង និង កូរ៉េខាងត្បូង...

​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប៉ាក់ជុងហ៊ី ប្រទេស​កូរ៉េខាងត្បូង​បាន​ស្គាល់​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​​យ៉ាង​គំហុក មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។ នយោបាយ​របស់​លោក​ប៉ាក់​គឺ​ចម្រុះ​ជា​លក្ខណៈ​ចាប់ឆាយ (mixed)។ រយៈ​ពេល ១៨ ឆ្នាំ​នៃ​ការ​គ្រប់គ្រង​របស់​លោក ប្រទេស​កូរ៉េខាងត្បូង​បាន​អភវឌ្ឍ​ខ្លួន​ជា​បណ្ដើរ​ៗ ពី​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក (​ស្មើ​នឹង​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត​នៅ​ទ្វី​ប​អាហ្វ្រិក​កាល​ណោះ​)។ លោក​បាន​បង្កើត​គណៈកម្មការ​វាយ​តម្លៃ​ផែនការ​សេដ្ឋកិច្ច​ចំនួន​បី​គឺ ៖ ១- គណៈកម្មការ​រៀប​ផែនការ​សេដ្ឋកិច្ច ២- ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ៣- ក្រសួង​ហិរញ្ញវត្ថុ។

នេះ​ជា​គំរូ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​ប្រទេស​ជប៉ុន។ លោក​ប៉ាក់​ចង់​ពង្រីក​វិស័យ​ឧស្សាហកម្ម​ ព្រោះ​លោក​យល់​ថា​វិស័យ​នេះ​មាន​សារៈ​សំខាន់​ ទាំង​សម្រាប់​វិស័យ​ការពារ​ជាតិ​ផង និង​នាំ​មក​នូវ​វិបុលភាព​សម្រាប់​ជាតិ​ផង។ ដើម្បី​សម្រេច​បាន​គោល​ដៅ​នេះ លោក​ពឹង​អាស្រ័យ​លើ​កត្តា​ពីរ​យ៉ាង គឺ​វិស័យ​ឯកជន​មួយ​ផ្នែក និង​វិស័យ​សហគ្រាស​សាធារណៈ​របស់​រដ្ឋ​មួយ​ផ្នែក។ 

កត្តា​សំខាន់​របស់​របប​លោក​ប៉ាក់ជុងហ៊ី នៅ​ត្រង់​ថា​វិស័យ​ឧស្សាហកម្ម​ជា​វិស័យ​ថ្មីថ្មោង​នៅ​កូរ៉េខាងត្បូង ប៉ុន្តែ​ចាប់​តាំង​ពី​យក​ទៅ​អនុវត្ត​ភ្លាម​ក៏​ទទួល​បាន​ជោគជ័យ​តែ​ម្ដង ហើយ​កត្តា​ជោគជ័យ​នេះ​ទៀត​សោត ដោយ​សារ​ការ​ចង្អុល​បង្ហាញ​ពី​រដ្ឋាភិបាល​តាម​ផែនការ «ឧស្សាហកម្ម​សម្រាប់​នាំ​ចេញ - export-oriented industries» តាម​ការ​ចង្អុល​បង្ហាញ និង​ការ​ជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល (នយោបាយ «រដ្ឋ​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​ឯកជន»)។

យុទ្ធសាស្ត្រ​បន្ទាប់​របស់​រដ្ឋាភិបាល​លោក​ប៉ាក់ជុងហ៊ី គឺ «ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​គីមី»។ ផែនការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​កាល​ពី​​ទស​វត្ស​ទី៧០។

...យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េខាងត្បូងត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ក្លាយ​ជា​ខ្លា​អាស៊ី!...

ករណី​ឃាតកម្ម​លើ​រូប​លោក​ប៉ាក់ជុងហ៊ី ឆ្នាំ១៩៧៩
លោក​ប៉ាក់​បាន​ឃើញ​សមិទ្ធផល ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​ត្រឹម​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ១៩៧៩ លោក​ប៉ាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ត្រង់​ក្បាល។ ពេល​កើត​ឧបទ្ទវហេតុ​នោះ​ភ្លាម លោក​ប៉ាក់​មិន​បាន​ស្លាប់​ភ្លាមៗ​ទេ លុះ​ក្រោយ​នោះ​បន្តិច ទើប​លោក​ស្លាប់។ អំពី​ដំណើរ​ដើម​ទង​នៃ​ការ​ស្លាប់​នេះ កាល​ពី​ដំបូង​ឡើយ ឃាតកម្ម​នេះ​មិន​មែន​ជា​ការ​រៀប​ចំ​ទុក​មុន​នោះ​ទេ។ នៅ​ក្នុង​ថ្ងៃ​នោះ លោក​ប៉ាក់​បាន​ចូល​រួម​ក្នុង​អង្គប្រជុំ​ផ្ទៃក្នុង ដែល​មាន​សុទ្ធ​តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។ កិច្ចប្រជុំ​នោះ​ប្រារព្ធ​ធ្វើ​នៅ​បញ្ជាការដ្ឋាន​នៃ​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​កូរ៉េ (Korean Central Intelligence Agency -KCIA) ដែល​ជា​ក្រុម​ប៉ូលិស​សម្ងាត់ (secret police)។ 

លោក​ប៉ាក់​បាន​ទិតៀន​ចំពោះ​ភ្នាក់ងារ​នេះ​ដែល​មិន​បាន​បង្ក្រាប​ក្រុម​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឲ្យ​រាប​ដូច​កន្ទេល តាម​បទបញ្ជា​របស់​​លោក។ លោក​គីមចេក្យូ (Kim Jae-kyu ) ដែល​មាន​ឋានន្តរសក្ដិ​ផ្កាយ​ពីរ និង​ជា​នាយក​ទីចាត់ការ​នៃ​ភ្នាក់ងារ​ចារកម្ម KCIA បាន​ឆ្លើយតប​ថា​ប្រសិនបើ​អនុវត្ត​តាម​ផែនការ​នោះ​នឹង​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​រហូត​ដល់​ទៅ​បី​ពាន់​នាក់​ឯណោះ។ លោក​ប៉ាក់​តប​ថា​កុំ​ថា​ឡើយ​បី​ពាន់ ទោះ​បី​ម៉ឺន​ក៏​ត្រូវ​តែ​ចំណាយ។ 

ក្រោយមក លោក​គីម​បាន​ដើរ​ចេញ​ពី​បន្ទប់​ទៅ​យក​កាំភ្លើង​ខ្លី ហើយ​មុន​ដំបូង​បាញ់​មន្ត្រី​ម្នាក់​ដែល​គាំទ្រ​លោក​ប៉ាក់ជុងហ៊ី​ក្នុង​បន្ទប់​ប្រជុំ រួច​ហើយ​ងាក​មក​បាញ់​លោក​ប៉ាក់ជុងហ៊ី​ត្រង់​ក្បាល​ទៀត។ ឃាតករ​រូប​នេះ​បាន​ជម្លៀស​ខ្លួន​ពី​ទី​បញ្ជាការដ្ឋាន​នោះ ហើយ​ឡើង​ជិះ​តាក់ស៊ី​មួយ​គ្រឿង ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ប្រហារ​ជីវិត​ ដោយ​ព្យួរ​ក​កាលពី​ឆ្នាំ១៩៨០។ តាមពិត លោក​ប៉ាក់ជុងហ៊ី និង​លោក​គីមជេគ្យូ ជា​មិត្ត​សំឡាញ់​ដ៏​ជិតស្និទ្ធ និង​ជា​មិត្ត​រួម​អាវុធ ឬ​យុទ្ធមិត្ត​ចាក់ទឹក​មិន​លេច (comrade)៕

No comments:

Post a Comment