Monday, December 1, 2014

តើ​អ្វី​ជា​​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA)?


ផែនទីនៃប្រទេសសមាជិកអាស៊ានទាំង ១០ប្រភព៖​ myanmarinternationaltv.com
តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA ឬ The ASEAN Free Trade Area ) គឺជា​កិច្ចព្រមព្រៀង​រួម​មួយ​ ​នៃ​សមាជិក​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​ទាំង១០ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ តាមរយៈ​ការ​លុប​បំបាត់​ឧបសគ្គ​នានា​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​។ 

ឧបសគ្គ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ត្រូវ​លុបបំបាត់​នោះ មាន​ដូចជា ពន្ធ​នាំចេញ​នាំចូល​ដែល​មាន​តម្លៃ​ខ្ពស់ ការ​រឹត​បណ្តឹង​ផ្នែក​បរិមាណ (quantitative restrictions ) នៃ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ និងកត្តា​ផ្សេងៗ​ទៀត។

វា​ត្រូវ​បាន​​​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩២ ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​កាលនោះ​មាន​ប្រទេស​ចូលរួម​ចំនួន​៦ មាន​ដូចជា ប្រទេស​ ប្រ៊ុយណេ​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ និង ថៃ។ ក្រោយមក​មាន​ប្រទេស​ចំនួន​ ៤ ទៀត​បាន​ចូលរួម​ ពោល​គឺ វៀតណាម ​(ឆ្នាំ ១៩៩៥) ឡាវ និង មីយ៉ាន់ម៉ា (ឆ្នាំ ១៩៩៧) និង កម្ពុជា (ឆ្នាំ ១៩៩៩)។ ​
...អ្វី​ជា​ពាណិជ្ជកម្ម​​អេឡិចត្រូនិក (E-commerce)?...
ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន គឺ មាន​គោលដៅ​សំខាន់ៗចំនួន២។ ទី១ គឺ​ដើម្បី​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អាស៊ាន​ កាន់តែ​មាន​ការ​ប្រកួតប្រជែង និង មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន​ (តាមរយៈ​ការ​លុបបំបាត់​ឧបសគ្គ​ផ្សេងៗ​​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​) ព្រោះ​សមាជិក​នីមួយៗ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ទី២ ដើម្បី​ទាក់ទាញ​ការ​វិនិយោគទុន​ពី​បរទេស​ចូល​មក​កាន់​តំបន់​អាស៊ាន​ឲ្យ​កាន់តែ​ច្រើន​ទៀត​​៕

No comments:

Post a Comment