អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងទៅដល់និយោជកនិងនិយោជិតស្ដីពីការបង់ពន្ធលើប្រាក់បៀវត្សសម្រាប់ឆ្នាំ២០១៥ ដោយអនុលោមតាមមាត្រា១១ នៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដោយកែប្រែមាត្រា ៤៧នៃច្បាប់ស្ដីពីសារពើពន្ធដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ១៩៩៧។
សេចក្ដីជូនដំណឹងចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ យោងតាមមាត្រា ៤៧ថ្មី ឱ្យដឹងថា ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែចាប់ពី ៨០០ ០០១ រៀល ដល់ ១ ២៥០ ០០០ រៀល ៥ %ប្រាក់បៀវត្សចាប់ពី ១ ២៥០ ០០១រៀល ដល់ ៨ ៥០០ ០០០ រៀល មានអត្រាពន្ធ ១០% និង អត្រាពន្ធ១៥% កំណត់បៀវត្សចាប់ពី ៨ ៥០០ ០០១រៀល ទៅ ១២ ៥០០ ០០០ រៀល ហើយ លើសពី ១២ ៥០០ ០០០ រៀល ឡើងទៅមានអត្រាពន្ធចំនួន ២០%។ ដោយឡែក តាមមាត្រាថ្មីនេះ គឺអ្នកដែលទទួលប្រាក់បៀវត្សក្រោម ៨០ម៉ឺនរៀលមិនគិតអត្រាពន្ធនោះទេ ខណៈដែលមាត្រា ៤៧ចាស់ គឺប្រាក់បៀវត្សក្រោម ៥០ម៉ឺនរៀលមិនគិតពន្ធ។
តាមរយៈសេចក្ដីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា និយោជិត និងនិយោជកទាំងអស់ នឹងអញ្ជើញមកដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់បៀវត្សតាមច្បាប់កំណត់ខាងលើនេះ
No comments:
Post a Comment