នៅក្នុងនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវបានអនុវត្តកន្លងមក មានទម្រង់ពីរធំៗគឺទម្រង់សេដ្ឋកិច្ចផែនការណ៍ (centrally planned economy) និងសេដ្ឋកិច្ចទីផ្សារ (market economy)។ កាលពីក្នុងសម័យសង្គ្រាមត្រជាក់ បណ្ដាប្រទេសដែលអនុវត្តនយោបាយកុម្មុយនិស្តនិយម ឬសង្គមនិយមច្រើនអនុវត្តទាំងនយោបាយកុម្មុយនិស្តនិយមផង និងទាំងសេដ្ឋកិច្ចផែនការណ៍ផង។ ចំណែក ប្រទេសដែលអនុវត្តរបបប្រជាធិបតេយ្យ ច្រើនអនុវត្តទម្រង់ម៉ាក្រូសេដ្ឋកិច្ចបែបសេដ្ឋកិច្ចទីផ្សារ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ប្រទេសខ្លះបានកែទម្រង់សេដ្ឋកិច្ចផែនការណ៍ទៅជាសេដ្ឋកិច្ចទីផ្សារ។
សេដ្ឋកិច្ចផែនការណ៍ (Centrally Planned Economy)
ជាប្រព័ន្ធសេដ្ឋកិច្ចដែល «មធ្យោបាយផលិតកម្ម – means of production» ត្រូវបានគ្រប់គ្រងជាលក្ខណៈសមូហភាព (collective) ចំណែកវិស័យសេដ្ឋកិច្ចជាតិត្រូវគ្រប់គ្រងដោយរដ្ឋ។ រដ្ឋជាអ្នកកំណត់ថាត្រូវផលិតអ្វី ហើយលក់ក្នុងតម្លៃប៉ុន្មាន។
សេដ្ឋកិច្ចផែនការណ៍ជាទម្រង់ម៉ាក្រូសេដ្ឋកិច្ច សមូហភាពនិយម។ ម៉្លោះហើយ រដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងប្រភពធនធានរបស់ជាតិ។ នៅក្នុងសេដ្ឋកិច្ចផែនការណ៍ ភាគច្រើនបំផុតនៃរោងចក្រសហគ្រាស និងឧស្សាហកម្មតូចធំទាំងអស់ត្រូវបានគ្រប់គ្រងដោយរដ្ឋ ឬយ៉ាងហោចណាស់ក៏មានចំណែកភាគហ៊ុនរបស់រដ្ឋនៅក្នុងនោះដែរ។
គុណសម្បត្តិរបស់សេដ្ឋកិច្ចផែនការណ៍ គឺថាឯកជនមិនអាចឡើងថ្លៃទំនិញស្រេចនឹងចិត្តទេ ព្រោះរដ្ឋមើលការខុសត្រូវ។ ប៉ុន្តែគុណវិបត្តិរបស់វានៅត្រង់ថាខ្វះការប្រកួតប្រជែង និងមិនសូវលើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិត។ នៅក្នុងសេដ្ឋកិច្ចផែនការណ៍ មិនសូវរីកចម្រើនដូចសេដ្ឋកិច្ចទីផ្សារទេ ព្រោះកាលណារដ្ឋរកស៊ីប្រជែងជាមួយឯកជនបែបនេះ គឺពិបាករីកចម្រើន។
សេដ្ឋកិច្ចទីផ្សារសេរី (Market Economy)
នៅក្នុងរបបសេដ្ឋកិច្ចទីផ្សារ (market economy) រដ្ឋមិនអាចរកស៊ីអ្វីកើតទេ ហើយប្រភពចំណូលជាតិសំខាន់ គឺបានពីការសម្បទានឲ្យវិនិយោគិន និងប្រមូលពន្ធពីវិស័យឯកជន។ នៅក្នុងសេដ្ឋកិច្ចទីផ្សារ តម្លៃទំនិញនៅលើទីផ្សារត្រូវបានកំណត់ដោយ «តម្រូវការ – demand» និង «ការផ្គត់ផ្គង់ – supply» ហើយរដ្ឋមិនលូកដៃចូលក្នុងកិច្ចការឯកជនទេ ទុកឲ្យឯកជនប្រកួតគ្នាដោយស្មើភាព។
សេដ្ឋកិច្ចទីផ្សារជាទម្រង់សេដ្ឋកិច្ចដែលការវិនិយោគ – មធ្យោបាយផលិតកម្ម និងការចែកចាយផលិតផល អាស្រ័យលើទំហំតម្រូវការ និងការផ្គត់ផ្គង់។ រដ្ឋមិនកំណត់តម្លៃទំនិញទេ។
ប្រៀបធៀបលក្ខណៈខុសគ្នារវាងប្រព័ន្ធ សេដ្ឋកិច្ចទាំងពីរ
សេដ្ឋកិច្ចទីផ្សារ
– ប្រជាពលរដ្ឋមានកម្មសិទ្ធិឯកជន
– ប្រជាពលរដ្ឋមានសេរីភាពពេញទីខាងការប្រកបមុខរបរ
– កម្មករ និយោជិតទទួលបានអត្ថប្រយោជន៍បន្ថែមលើប្រាក់ឈ្នួលគោល
– ប្រាក់ឈ្នួលពលកម្មអាស្រ័យលើសមត្ថភាពជាក់ស្ដែង។
សេដ្ឋកិច្ចផែនការណ៍
– រដ្ឋគ្រប់គ្រងកម្មសិទ្ធិគ្រប់សព្វបែបយ៉ាង (ឯកជនមានសិទ្ធិត្រឹមអាស្រ័យផល)
– ឯកជនគ្មានសិទ្ធិរកស៊ីប្រណាំងជាមួយរដ្ឋទេ
– គ្មានអត្ថប្រយោជន៍បន្ថែមលើប្រាក់ឈ្នួលគោលទេ
- ប្រាក់ឈ្នួលស្មើភាពគ្នាទាំងអស់ (ធ្វើការតិច ធ្វើការច្រើនក៏បានស្មើៗគ្នា)
No comments:
Post a Comment