Friday, January 2, 2015

ភ្នាក់ងារ​ចារកម្ម​អាមេរិក (CIA) ​ឲ្យ​ប្រផ្នូល​ថា ​ឆ្នាំ២០១៥ មាន​រឿងរ៉ាវ​​ទាំង​​​៨​នេះ​​កើត​ឡើង


CIA ព្យាករណ៍​ថា​អ៊ីរ៉ង់​អាច​ផលិត​មីស៊ីល​អន្តរទ្វីប​បាន គឺ​ពិត​ជា​ត្រឹម​ត្រូវប្រភព៖​ territorioaudaz.blogspot.com
​កាលពី​ឆ្នាំ២០០០ ភ្នាក់ងារ​របស់​សហរដ្ឋ​អាមេរិក​ផ្នែក​ស៊ើបការណ៍​សម្ងាត់ បាន​បោះផ្សាយ​នូវ​របាយការណ៍​កម្រាស់ ៧០ ទំព័រ​ស្ដីពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​នឹង​កើត​ឡើង​ ចាប់​ពី​ពេល​នោះ ទៅ ទល់​នឹង​ឆ្នាំ២០១៥។ ខាងក្រោម​នេះ ជា​សេចក្ដីសង្ខេប​នៃ​របាយការណ៍​នោះ និង​ការ​ផ្ទៀងផ្ទាត់​ដើម្បី​ចង់​ដឹង​ថា​ការ​ព្យាករណ៍​ទាំងនោះ ​ពិត​ជា​កើត​ឡើង​មែន​ឬ​យ៉ាងណា ព្រោះ​ឆ្នាំ២០១៥ បាន​ឈាន​មក​ដល់ ហើយ​ជា​ពេល​ដែល​គេ​អាច​ផ្ទៀងផ្ទាត់​ជា​មួយ​ការ​ព្យាករណ៍​របស់​ភ្នាក់ងារ​ចារកម្ម C.I.A។

១- ​វិបត្តិ​នយោបាយ​អន្តរជាតិ ត្រូវ​បាន​បង្ក​ឡើង​ដោយ «អង្គការ​ចាត់​តាំង​អន្តរជាតិ» ជា​ជាង​រដ្ឋាភិបាល​នៃ​ប្រទេស​ណា​មួយ។
ផ្ទៀងផ្ទាត់ ៖ ត្រឹម​ត្រូវ​មួយ​ផ្នែក។ ជួន​កាល គេ​ពិបាក​ញែក​ឲ្យ​ដាច់​ពី​គ្នា ថា​ករណី​មួយ​ត្រូវ​បាន​បង្ក​ដោយ​អង្គការ​ចាត់​តាំង​អន្តរជាតិ ឬ​ដោយ​រដ្ឋាភិបាល។ ឧទាហរណ៍ ករណី​ក្រុម​ជ្រុល​និយម​អាយស៊ីស​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ និង​ករណី «វាយ​លុក​តាម​អ៊ីនធឺណិត – Cyberattack» ទៅ​លើ​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​អាមេរិក Sony Picture។

...IMF ​បញ្ចុះ​​អត្រា​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ពិភពលោក ខណៈ​វិបត្តិ​នានា​ប៉ះពាល់ការ​អភិវឌ្ឍ...

២- នៅ​ក្នុង​ឆ្នាំ២០១៥ យុទ្ធសាស្ត្រ​វាយ​លុក​របស់​ក្រុម​ភេរវកម្ម​ មាន​លក្ខណៈ​ទំនើប និង​ខ្លាំង​ក្លា ដែល​បង្ក​វិនាស​កម្ម​ធំធេង​ជាង​មុន​ចំពោះ​ទ្រព្យ​សម្បត្តិ និង​ជីវិត​មនុស្ស។
ផ្ទៀងផ្ទាត់ ៖ ​ត្រឹមត្រូវ។ ​ត្រឹម​ត្រូវ​ខ្លាំង​ដល់​ថ្នាក់​ក្រោយ​ការ​ព្យាករណ៍​តែ​ប៉ុន្មាន​ខែ ក៏​មាន​ព្រឹត្តិការណ៍​វាយ​ប្រហារ​បែប​ភេរវកម្ម​ទៅ​លើ​សហរដ្ឋ​អាមេរិក​តែ​ម្ដង។

៣- នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រទេស​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់ នឹង​អភិវឌ្ឍ​កម្មវិធី​ផលិត​កាំជ្រួច​មីស៊ីល​ដែល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ (long-rang missiles)។ ប្រទេស​អ៊ីរ៉ង់ អាច​មាន​លទ្ធភាព​ផលិត​មីស៊ីល​នេះ​រួចរាល់ និង​សាក​ល្បង​នៅ​ក្នុង​ដើម​ឆ្នាំ​តែ​ម្ដង ហើយ​នៅ​ឆ្នាំ២០០៤ អ៊ីរ៉ង់​អាច​ផលិត​មីស៊ីល​បណ្ដែត (cruise missiles)។
​​ផ្ទៀងផ្ទាត់ ៖ ​ត្រូវ​ខ្លះ ខុស​ខ្លះ។ នៅ​ពេល​នេះ ប្រទេស​អ៊ីរ៉ង់​ពិត​ជា​កំពុង​អភិវឌ្ឍ​កម្មវិធី​មីស៊ីល​អន្តរទ្វីប​ (Intercontinental Ballistic Missile - ICBM) ប្រាកដ​មែន។ ប៉ុន្តែ​អ៊ីរ៉ង់​ក៏​មិន​ទាន់​បាន​យក​មីស៊ីល​ទៅ​សាកល្បង​នៅ​ឡើយ​ទេ ទំនង​ឆ្នាំ​ក្រោយ (២០១៦) ទើប​សាក​ល្បង។

...ថៃ​​​ផ្តល់​ទី​តាំង​ដល់​ CIA​ សម្រាប់​ធ្វើ​ទារុណកម្ម​អ្នកទោស​​​សម្ងាត់​​មែន​?​...

៤- ចំនួន​ប្រជាពលរដ្ឋ​សរុប​ទូទាំង​ពិភពលោក​នឹង​កើន​លើស​មុន ជាង​មួយ​ពាន់​លាន​នាក់ (កើន​ដល់ ៧,២ ពាន់​លាន​នាក់)។
​ផ្ទៀងផ្ទាត់ ៖ ​ត្រឹម​ត្រូវ។

​៥- ប្រភព​ថាមពល​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ផ្សេងៗ នឹង​មាន​ចំនួន​ផ្គត់ផ្គង់​គ្រប់គ្រាន់ តប​តាម​តម្រូវ​ការ។
​ផ្ទៀងផ្ទាត់ ៖ ​ត្រឹម​ត្រូវ​ណាស់។ សព្វថ្ងៃ បណ្ដា​ក្រុមហ៊ុន​រក​ស៊ី​ខាង​ប្រេង​និង​ឧស្ម័ន មិន​ចាំ​បាច់​បូម​ប្រេង និង​ឧស្ម័ន​ច្រើន​ពេក​ទេ ព្រោះ​សម្បូរ​ហូរហៀរ​លើស​ពី​តម្រូវ​ការ​ទៅ​ទៀត។

៦- សេដ្ឋកិច្ច​ប្រទេស​ចិន នឹង​កើន​យ៉ាង​ឆាប់​រហ័ស ហើយ​វ៉ាដាច់​ប្រទេស​នៅ​អឺរ៉ុប​ទាំង​អស់។ ចិន​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក។
​ផ្ទៀងផ្ទាត់ ៖ ត្រឹមត្រូវ។ តាម​​ការ​វាយតម្លៃ​ដោយ​ផ្អែក​លើ​កត្តា​ខ្លះ ប្រទេស​ចិន​បាន​វ៉ាដាច់​អាមេរិក​ទៅ​ហើយ។

...CIA ស្ថាប័ន​ស៊ើបការ​សំងាត់​នៅ​បរទេស​ដ៏​សំខាន់​បំផុត​របស់​អាមេរិក​​មាន​ប្រវត្តិ​​​និង​តួនាទី​​ដូច​ម្ដេច?...

៧- ​សហភាព​អឺរ៉ុប​នឹង​មិន​អាច​សម្រេច​បាន​តាម​ក្ដី​សុបិន​របស់​ខ្លួន ដែល​ប្រាថ្នា​ចង់​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រហាក់ប្រហែល​នឹង​អាមេរិក​នោះ​ទេ។
ផ្ទៀងផ្ទាត់ ៖ ត្រឹមត្រូវ។ សព្វថ្ងៃ​នេះ សេដ្ឋកិច្ច​អឺរ៉ុប​កំពុង​គ្មាន​លំនឹង និង​មិន​សូវ​រីក​ចម្រើន​ទេ។

៨- ​ចំនួន​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​អាហ្វ្រិក​ភាគច្រើន​ មិន​កើន​ទេ មាន​តែ​ថយ​ចុះ​ដោយសារ​ អស្ថិរភាព​នយោបាយ – រស់​ពឹង​ជំនួយ​បរទេស – គ្រោះ​ទុរភិក្ស – និង​សេដ្ឋកិច្ច​ដុន​ដាប។
​ផ្ទៀងផ្ទាត់ ៖ ខុស​។ កាល​ពី​ឆ្នាំ២០០០ ចំនួន​ប្រជាពលរដ្ឋ​សរុប​នៅ​អាហ្វ្រិក​គឺ ៨០០ លាន​នាក់។ ឆ្នាំ២០១៤ ប្រជាពលរដ្ឋ​នៅ​ទ្វីប​នេះ​កើន​ដល់​ ១,១ ពាន់​លាន​នាក់។

No comments:

Post a Comment