
លោក អោម សេងបូរ៉ា មានស្រុកកំណើតនៅខេត្តកំពង់ធំ ។ លោកជាកូនទីមួយក្នុងចំណោមបងប្អូនប្រុសស្រី ៨នាក់ដែលរស់នៅក្នុងគ្រួសារមួយមានជីវភាពក្រីក្រលំបាក ។ នៅឆ្នាំ១៩៩៣ លោកបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យកំពង់ធំ ប៉ុន្តែបើពិនិត្យមើលទៅលើស្ថានភាពគ្រួសារ គឺលោកប្រាកដជាគ្មានលទ្ធភាពនឹងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះទេ ។
ដោយមើលឃើញពីទំនៀមទំលាប់របស់អ្នកភូមិផងរបងជាមួយ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ទី១២ភ្លាមគោលដៅទីមួយរបស់លោកគឺចង់បានប្រពន្ធប៉ុន្តែដោយសារតែជីវភាពធ្វើឲ្យលោកគ្មានលទ្ធភាពចូលទៅស្ដីដណ្ដឹងកូនក្រមុំអ្នកភូមិបានឡើយ ។ ផ្ទុយពីភាពអស់សង្ឃឹមក្នុងជីវិតចង់ចាប់ផ្ដើមគ្រួសារតូចនេះ លោកបានសម្រេចចិត្តចាកចេញពីស្រុកកំណើតមកសិក្សាបន្តនៅភ្នំពេញ។ លោកបានយកគំរូតាមអ្នកបើកឡានឱ្យអ៊ុនតាក់ម្នាក់ ដែលបានជំរុញទឹកចិត្តលោកឲ្យមានការតស៊ូក្នុងឆាកជីវិត ។
គ្រូបង្វឹកថ្នាក់ដឹកនាំធុរៈកិច្ច និងជាប្រធាន CEO Master Club បង្ហើបពីគន្លឹះបានឡើងតំណែងឆាប់រហ័សនៅកន្លែងការងារ
លោក អោម សេងបូរ៉ា មានប្រសាសន៍ថា៖«អ្នកបើកបរហ្នឹងគាត់ទទួលបានប្រាក់ខែ២០០ដុល្លារ ហើយចាស់ៗនៅក្នុងភូមិ គាត់ចេះតែនិយាយលេងថាចង់លើកកូនឲ្យ ដល់ពេលលឺអីចឹង ខ្ញុំគិតថាបើខ្ញុំដូចអ្នកបើកបរឡានម្នាក់ហ្នឹងប្រហែលជាគេលើកកូនក្រមុំឲ្យខ្ញុំ ពេលនោះខ្ញុំក៏យកគាត់ធ្វើជាគំរូ ចង់ក្លាយជាអ្នកបើកឡាន និងបកប្រែឲ្យអ៊ុនតាក់ ហើយខ្ញុំសម្រេចចិត្តមកភ្នំពេញតែម្ដង» ។
ពេលមករស់នៅភ្នំពេញបានតែ១ខែ លោកជួបប្រឈមនឹងការខ្វះខាតថវិកាដើម្បីរៀនត្រៀមចូលសិក្សាផ្នែកច្បាប់ ។ លោកក៏សម្រេចចិត្តប្រកបរបរអ៊ុតកាតជាមួយមិត្តភក្ដិប៉ុន្តែការរកប្រាក់ចំណូលគឺមិនអាចទ្រទ្រង់បានដដែល បន្ទាប់ពីបានរយៈពេល៣ខែលោកបានដាក់ពាក្យប្រលងយកអាហាររូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យវេទមហាប្ញសី ក្នុងខេត្តព្រៃវែង ហើយបានជាប់ទៅសិក្សានៅទីនោះរយៈពេល៥ឆ្នាំដោយចាប់យកជំនាញគណនេយ្យ ។
នៅពេលទៅសិក្សានៅទីនោះលោករៀនជាប់លេខមួយរៀងរាល់ឆ្នាំ ហើយឆ្លៀតពេលពីការឈប់សម្រាក(វិស្សមកាល)រយៈពេល៣ខែ លោកតែងតែទៅបើកបង្រៀនភាសាអង់គ្លេសនៅក្នុងភូមិកំណើតរបស់លោក និងបង្រៀនគួរក្រៅម៉ោងក្នុងពេលសិក្សាផងដែរ ។ នៅឆ្នាំ១៩៩៨ លោកបានរៀនចប់បរិញ្ញាបត្រជំនាញគណនេយ្យ ហើយធ្វើដំណើរមករកការងារធ្វើនៅភ្នំពេញដោយទទួលបានការងារនៅក្នុងក្រុមហ៊ុនសវនករមួយ ។
លោកលើកឡើងថា៖«ឆ្នាំ១៩៩៨ខ្ញុំមកភ្នំពេញធ្វើជាអ្នកហាត់ការនៅក្រុមហ៊ុនសវនករ Ernst & Young បានរយៈពេលប្រាំមួយខែដោយគ្មានទទួលបានប្រាក់ខែអីនោះទេ ក្រោយពីបញ្ចប់ការងារជាអ្នកហាត់ការខ្ញុំត្រូវគេយកចូលឲ្យធ្វើជាបុគ្គលិកពេញសិទ្ធិក្នុងតួនាទីជាសវនករដោយទទួលបានប្រាក់ខែ២០០ដុល្លារអាមេរិក » ។
ធ្វើការបាន១ឆ្នាំកន្លះលោកក៏បានលាឈប់ពីក្រុមហ៊ុនErnst នៅឆ្នាំ១៩៩៩ ហើយបានចូលមកធ្វើការជាសវនករផ្ទៃក្នុងជាមួយអង្គការទស្សនៈពិភពលោក (World Vision) ដោយទទួលបានប្រាក់បៀវត្ស ៤០០ដុល្លារអាមេរិកក្នុងមួយខែ បានតែរយៈពេល១ឆ្នាំកន្លះប៉ុណ្ណោះ លោកបូរ៉ាក៏បានឡើងតួនាទីជាប្រធានសវនករផ្ទៃក្នុងដោយទទួលបានប្រាក់បៀវត្ស៦៥០ដុល្លារអាមេរិក ។
ទាក់ទងទៅនឹងការឡើងតួនាទីឆាប់រហ័សពីផ្នែកមួយទៅផ្នែកមួយទៀតនេះគឺដោយសារតែមានការខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផលលើសពីការរំពឹងទុករបស់លោកទៅឲ្យបុគ្គលិករួមការងារ ប្រធាន និងអតិថិជនដែលជាអ្នកពាក់ព័ន្ធសំខាន់ៗ ។ លោក បូរ៉ា មានប្រសាសន៍ដូច្នេះថា៖«ដើម្បីឱ្យខ្ញុំឡើងតំណែងបាន ទាល់តែអ្នកពាក់ព័ន្ធរបស់ខ្ញុំ ពេញចិត្តនឹងខ្ញុំពេញចិត្តនឹងលទ្ធផលរបស់ខ្ញុំ អ៊ីចឹងធ្វើម៉េចឱ្យគេពេញចិត្តលទ្ធផលរបស់ខ្ញុំៗត្រូវតែផ្ដល់ លទ្ធផលការងាររបស់ខ្ញុំឱ្យលើសពីការរំពឹងទុករបស់ពួកគាត់» ។
លោកសេង បូរ៉ា មានបទពិសោធន៍ជាច្រើនក្នុងវិស័យជំនួញ និងភាពជាអ្នកដឹកនាំ ។ កាលពីឆ្នាំ២០០៤ លោកបានក្លាយជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund ដែលនាំមុខគេនៅកម្ពុជាឆ្លងកាត់វិបត្តិហិរញ្ញវត្ថុពិភពលោក ។ លោកបានដឹកនាំនៅទីនោះរយៈពេល៥ឆ្នាំកន្លះ ទើបលាលែងពីមុខតំណែងអគ្គនាយកមកបើកក្រុមហ៊ុនរកស៊ីហ៊ុនគ្នាឈ្មោះថា Aplus Consulting ដែលផ្ដល់សេវាកម្មក្នុងការជ្រើសរើសបុគ្គលិក ។
ក្រៅពីនេះលោកមានបទពិសោធន៍ជាច្រើនដូចជា បើកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ Aplus គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងសហគ្រាសកម្ពុជាមូលនិធិករុណាជាដើម ។ បច្ចុប្បន្នលោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្លឹបអ្នកវិនិយោគកម្ពុជា(Cambodia Investor Club) ជាប្រធាន CEO Master Club ជាម្ចាស់ភោជនីយដ្ឋាន Wisdom Park និងជាគ្រូបណ្ដុះបណ្ដាលថ្នាក់ដឹកនាំធុរៈកិច្ចដ៏កំពូលនៅក្នុងប្រទេសកម្ពុជា ។ គិតមកដល់ពេលនេះមនុស្សមិនតិចជាង៣ម៉ឺននាក់ទេ ដែលលោកបានបណ្ដុះបណ្ដាល មានទាំងសហគ្រិន អគ្គនាយកក្រុមហ៊ុន មន្ត្រីស៊ីវិល និងនិស្សិតជាដើម ។
«ប្រទេសជាតិដែលរឹងមាំគឺអាស្រ័យទៅលើសេដ្ឋកិច្ចក្នុងស្រុក បើសេដ្ឋកិច្ចនៅក្នុងស្រុកខ្លាំង ទាល់តែអ្នករកស៊ីនៅក្នុងស្រុកខ្លាំង ការវិនិយោគខ្លាំង និងគុណភាពអប់រំរបស់បុគ្គលម្នាក់ហ្នឹងខ្លាំងដែរ មិនមែនអាស្រ័យពឹងទៅលើសេដ្ឋកិច្ចដែលជាលុយមកពីខាងក្រៅនោះទេ» ។ នេះជាការលើកឡើងពីគោលបំណងសំខាន់ដែលលោកចូលប្រឡូកធ្វើជាគ្រូបង្វឹកសហគ្រិនក៏ដូចជាបង្កើតCEO Master Club ឡើង។ លោកសង្កត់ធ្ងន់ថា៖«យើងបង្វឹកពួកគាត់គឺយើងយកអ្វីដែលយើងបានធ្វើកន្លងមកៗបង្រៀនគាត់» ។
ក្នុងនាមជាប្រធាន CEO Master Club លោកបានទាក់ទាញម្ចាស់អាជីវកម្ម អគ្គនាយក នាយកក្រុមហ៊ុនប្រមាណ៦០ក្រុមហ៊ុនមកចូលជាសមាជិកក្លឹបក្នុងគោលបំណងបណ្ដុះបណ្ដាលពួកគាត់ឲ្យក្លាយជាអ្នកដឹកនាំធុរៈកិច្ចកំពូល ដែលអាចធ្វើឲ្យអាជីវកម្មរបស់ពួកគាត់មានការលូតលាស់ពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅជាស្តង់ដារ និងផ្ដល់សេវាកម្មប្រឹក្សាយោបល់នាៗនៅពេលសមាជិកក្លឹបជួបបញ្ហាក្នុងដំណើរការអាជីវកម្ម ។ លោកថា៖« ខ្ញុំជោគជ័យលុះត្រាតែគាត់(សមាជិកក្លឹប)ជោគជ័យ ប្រសិនបើខ្ញុំមិនអាចជួយគាត់ឲ្យជោគជ័យបានទេ ក៏ជាបញ្ហារបស់ខ្ញុំដែរ ខ្ញុំទទួលខុសត្រូវ ខ្ញុំចូលរួមចំណែកបរាជ័យជាមួយគាត់» ។
CEO Master Club ផ្ដល់ការប្រឹក្សាយោបល់ឥតគិតថ្លៃជូនម្ចាស់អាជីវកម្មរៀងរាល់ល្ងាចថ្ងៃចន្ទ
CEO Master Club នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដោយមានទស្សនៈវិស័យផ្ដោតសំខាន់ទៅលើការបង្វឹកសមាជិកឲ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលបានឆាប់រហ័ស ជួយពង្រីកបណ្ដាញនៃការលក់របស់សមាជិកឲ្យកាន់តែធំ លើកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងសម្របសម្រួលការវិនិយោគលើអាជីវកម្មឲ្យកាន់តែទូលាយជាដើម ។ ប្រធាន CEO Master Club រូបនេះ បញ្ជាក់ផងដែរថាអ្នកដែលចង់ចូលជាសមាជិករបស់CEO Master Club ត្រូវបង់ថវិកា(Member Fee) ៣០០០ដុល្លារអាមេរិកដោយទទួលបានការបណ្ដុះបណ្ដាលវគ្គជំនាញទាំង១២ និងការប្រឹក្សាយោបល់ផ្សេងៗជាច្រើនទៀត ហើយនៅឆ្នាំ២០១៥នេះលោករំពឹងថានឹងកើនសមាជិកក្លឹបបានរហូតដល់ ២០០ នាក់ ។
ជាបុគ្គលត្រូវបានគេផ្ដល់សេចក្តីទុកចិត្តក្នុងការគ្រប់គ្រងនិងដឹកនាំប្រកបដោយឯករាជ្យ។ នៅចុងឆ្នាំ២០១៤ កន្លងទៅនេះ លោក អោម សេងបូរ៉ា បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Cooperative Empire Group (CEG) ដែលជាកន្លែងផ្ដល់កិច្ចសហការរួមគ្នារវាងវិស័យឯកជន សង្គមស៊ីវិល និងរដ្ឋាភិបាល ។ លោកថ្លែងថា៖«បច្ចុប្បន្នCEGមានថ្នាក់ដឹកក្រុមហ៊ុនធំៗដែលគាត់ជាសហគ្រិនជាច្រើនវិស័យមកចូលរួមនៅក្នុង CEGរួចហើយៗ CEGនេះវាជារឿងមួយធំដែលចូលរួមចំណែកក្នុងការពង្រឹងហេដ្ឋារចនាសម្ពន្ធ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុកឲ្យកាន់តែខ្លាំងដោយផ្ដល់ឱកាសឲ្យNGO វិស័យឯកជន និងរដ្ឋាភិបាលបានសហប្រតិបត្តិការធ្វើការជាមួយគ្នា » ។
និយាយពីជីវិតអាពាហ៍ពិពាហ៍របស់លោក អោម សេងបូរ៉ា និងភរិយា វិញះ ត្រូវបានចាប់ផ្ដើមពីការជំពាក់លុយតុងទីនដើម្បីរៀបចំពិធីមង្គលការហើយលុយដែលគាត់រកបានពីប្រាក់ខែបន្តិចបន្តួចរបស់អ្នកទាំងពីរ ត្រូវបានចែករំលែកឧបត្ថម្ភទៅដល់ក្រុមគ្រួសារដែលក្រីក្រផង និងសងបំណុលផង។ បច្ចុប្បន្ននេះអ្នកទាំងពីរមានមានកូនប្រុសស្រីពីរនាក់។ ចំពោះដំណើរជីវិតនេះលោកមានទស្សនៈថា៖«ការផ្លាស់ប្ដូរគឺជាផ្នែកមួយនៃជីវិតដែលមិនអាចជៀសបានបើសិនជាយើងចង់ផ្លាស់ប្តូរជីវិតរបស់យើងឱ្យប្រសើរជាងនេះ គឺយើងត្រូវតែផ្លាស់ប្តូរនូវទម្លាប់ដដែលៗរបស់យើង ទៅរកទម្លាប់ដែលនាំឱ្យយើងមានការរីកចម្រើន» ៕
No comments:
Post a Comment