Sunday, February 1, 2015
តើអាជីវករឬភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់ទទួលបានផលប្រយោជន៍អ្វីខ្លះពី Wing និង AMK?
សេវាផ្ទេរប្រាក់ និងសន្សំប្រាក់តាមប្រព័ន្ធទូរស័ព្ទ បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងដៃគូអាជីវកម្មក្នុងការស្វែងរកចំណូលបន្ថែមប្រចាំថ្ងៃ។ អាជីវករ និងបុគ្គលទាំងឡាយអាចក្លាយជាភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់ ដោយគ្រាន់តែ អនុវត្ត និងគោរពតាមលក្ខខណ្ឌងាយៗរបស់ស្ថាប័ន ពេលនោះអាជីវករ ឬភ្នាក់ងារ មិនត្រឹមតែអាចរកចំណូលពីកម្រៃជើងសា ឬពីដៃគូសហការរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដែលស្ថាប័ននឹងត្រូវផ្ដល់ជូន ផងដែរ។
ភ្នាក់ងារ Wing
អគ្គនាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុនវីង លោកស្រី ឃួន ហ្វ្រង់ដារា ឲ្យ TheBNEWS ដឹងថា អាជីវករ ដែលជាភ្នាក់ងារវីង ឬ អ្នកចែកចាយរបស់ក្រុមហ៊ុនវីង នឹងទទួលបានកម្រៃជើងសារ (Commission) ជាច្រើន អាស្រ័យតាមប្រភេទប្រតិបត្តិការនីមួយៗ។
លោកស្រីបន្តថា ក្រុមហ៊ុនមានការបែងចែកផ្នែកបម្រើសេវាកម្មវីង ជាពីរផ្នែកខុសៗគ្នា៖
ទី១) ភ្នាក់ងារវីង (WING Cash Express)៖ អ្នកចែកចាយដែលអាចធ្វើប្រតិបត្តិការ វេរប្រាក់ ដក/ដាក់ប្រាក់ បង់វិក្កយបត្រគ្រប់ប្រភេទ (ទឹក ភ្លើង …..) បើកគណនីវីង បើកគណនី FTB វីសាកាត និងលក់សន្លឹកបញ្ចូលលុយទូរស័ព្ទវីង។
ទី២)អ្នកចែកចាយវីង (WING Dealer) ៖ អ្នកចែកចាយដែលអាចធ្វើប្រតិបត្តិការលក់សន្លឹកបញ្ចូលលុយទូរស័ព្ទវីង ជូនអតិថិជនបានគ្រប់ប្រព័ន្ធ។
ដោយឡែក ដើម្បីបានក្លាយជាភ្នាក់ងារវីង លោកស្រីបញ្ជាក់ថា អតិថិជនត្រូវអនុវត្ត៣លក្ខខណ្ឌធំៗដែលក្រុមហ៊ុនបានកំណត់ដូចខាងក្រោម៖
ទី១) ក្រុមហ៊ុនវាយតម្លៃទៅលើទីតាំងនិងម្ចាស់កម្មសិទ្ធ ៖ ក្រុមការងារនឹងចុះទៅពិនិត្យមើល និងសិក្សាទីតាំងដោយផ្ទាល់ ដើម្បីកំណត់ឱ្យបានច្បាស់ថា ទីតាំងនេះត្រូវក្នុងលក្ខខណ្ឌដែល បានកំណត់ឬទេ។ ទីតាំងដែលក្រុមហ៊ុនត្រូវការ ភាគច្រើនស្ថិតនៅចំផ្លូវធំ ឬ ទីប្រជុំជន ដែលជាតំបន់មានសក្ដានុពលសេដ្ឋកិច្ច។ ភ្នាក់ងារត្រូវមានកិច្ចសន្យាជួលផ្ទះយ៉ាងតិចរយៈពេល ២ ឆ្នាំ (គិតពីថ្ងៃពិនិត្យ) ក្នុងករណីភ្នាក់ងារជួលផ្ទះ។
ម្យ៉ាងទៀត ក្រុមហ៊ុនកំណត់ឱ្យភ្នាក់ងារនីមួយៗ ធ្វើប្រតិបត្តិការយ៉ាងតិច ៥០ប្រតិបត្តិការ ក្នុង១ថ្ងៃ បើកគណនីយ៉ាងតិច ៣ ក្នុង១ខែ និង លក់សន្លឹកបញ្ចូលលុយទូរស័ព្ទយ៉ាងតិច ៥០០ដុល្លារក្នុង១ខែ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
ប្រធាននាយកប្រតិបត្តិអាជីវកម្មមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី លោក ហួត សុខា ធ្លាប់បានថ្លែងប្រាប់ TheBNEWS ថា ដើម្បីក្លាយជាភ្នាក់ងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាជីវករ ឬបុគ្គល ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជាត្រូវបំពេញបែបបទដាក់ពាក្យមក អេ អឹម ខេ ត្រូវចេះប្រើទូរស័ព្ទដៃ ត្រូវមានដើមទុនតិចតួចសម្រាប់ធ្វើប្រតិបត្តិការ និងត្រូវមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើសេវាអតិថិជន។
លោកបន្តថា ដៃគូពាណិជ្ជកម្ម ឬភ្នាក់ងារ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ទី១- ទទួលបានផលប្រយោជន៍ពីកម្រៃជើងសា៖ អេ អឹម ខេ បែងចែកចំណូលជូនភ្នាក់ងាររបស់ខ្លួនយ៉ាងច្រើន ទោះបីជាចំណាយលើការវិនិយោគ និងចំណាយប្រតិបត្តិការលើសលប់ គឺជាបន្ទុករបស់ អេ អឹម ខេ ក៏ដោយ។ ជាក់ស្ដែង នាពេលបច្ចុប្បន្ន ចំណូលពីសេវាផ្ទេរប្រាក់ ត្រូវបានបែងចែកជា ៣ភាគីស្មើៗគ្នា រួមមាន អ្នកផ្ញើ អ្នកទទួល និង អេ អឹម ខេ។
ទី២- ទទួលបានអត្រាការប្រាក់ខ្ពស់ពីទុនតម្កល់ក្នុងគណនី៖ ភ្នាក់ងារ អេ អឹម ខេ ទទួលបានអត្ថប្រយោជន៍មួយទៀត គឺអត្រាការប្រាក់សន្សំខ្ពស់លើទុនដែលបានតម្កល់នៅ អេ អឹម ខេ។ នៅពេលគាត់បានក្លាយជាភ្នាក់ងាររបស់ អេ អឹម ខេ គាត់ត្រូវតម្កល់ប្រាក់ក្នុងគណនីរបស់គាត់សម្រាប់ធ្វើប្រតិបត្តិការ បម្រើអតិថិជន។ ក្នុងករណីប្រាក់ត្រូវបានចាប់ផ្ដើមតម្កល់ អេ អឹម ខេ ផ្ដល់អត្រាការប្រាក់ដូចគ្នាទៅហ្នឹងអត្រាការប្រាក់របស់អតិថិជន សន្សំដទៃដែរ។
ទី៣-ទទួលបានការគាំទ្រការបំពាក់សម្ភារៈទីផ្សារ និងការផ្សព្វផ្សាយ៖ នាពេលបច្ចុប្បន្ននេះ ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ លោកបន្ថែមថា អេ អឹម ខេ បានបំពាក់ជូនភ្នាក់ងាររបស់ខ្លួននូវឧបករណ៍ទីផ្សារស្តង់ដារមួយ ចំនួន ដូចជា ស្លាកយីហោ បដាផ្សព្វផ្សាយ ឆ័ត្រ ខិត្តប័ណ្ណ និង ប័ណ្ណប្រកាសផ្សេងៗ។ លើសពីនេះទៀត អេ អឹម ខេ ក៏បាន និងកំពុងវិនិយោគលើការជំរុញការផ្សព្វផ្សាយផ្សេងៗដល់អតិថិជនគោលដៅ របស់ខ្លួន ដើម្បីជួយគាំទ្រដល់ភ្នាក់ងារទាំងអស់ឲ្យទទួលបានចំនួនអតិថិជន កាន់តែ ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចុចត្រង់នេះ ដើម្បីមើលព័ត៌មានលំអិត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment