Sunday, February 1, 2015
តើអាជីវករឬភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់ទទួលបានផលប្រយោជន៍អ្វីខ្លះពី Wing និង AMK?
សេវាផ្ទេរប្រាក់ និងសន្សំប្រាក់តាមប្រព័ន្ធទូរស័ព្ទ បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងដៃគូអាជីវកម្មក្នុងការស្វែងរកចំណូលបន្ថែមប្រចាំថ្ងៃ។ អាជីវករ និងបុគ្គលទាំងឡាយអាចក្លាយជាភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់ ដោយគ្រាន់តែ អនុវត្ត និងគោរពតាមលក្ខខណ្ឌងាយៗរបស់ស្ថាប័ន ពេលនោះអាជីវករ ឬភ្នាក់ងារ មិនត្រឹមតែអាចរកចំណូលពីកម្រៃជើងសា ឬពីដៃគូសហការរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដែលស្ថាប័ននឹងត្រូវផ្ដល់ជូន ផងដែរ។
ភ្នាក់ងារ Wing
អគ្គនាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុនវីង លោកស្រី ឃួន ហ្វ្រង់ដារា ឲ្យ TheBNEWS ដឹងថា អាជីវករ ដែលជាភ្នាក់ងារវីង ឬ អ្នកចែកចាយរបស់ក្រុមហ៊ុនវីង នឹងទទួលបានកម្រៃជើងសារ (Commission) ជាច្រើន អាស្រ័យតាមប្រភេទប្រតិបត្តិការនីមួយៗ។
លោកស្រីបន្តថា ក្រុមហ៊ុនមានការបែងចែកផ្នែកបម្រើសេវាកម្មវីង ជាពីរផ្នែកខុសៗគ្នា៖
ទី១) ភ្នាក់ងារវីង (WING Cash Express)៖ អ្នកចែកចាយដែលអាចធ្វើប្រតិបត្តិការ វេរប្រាក់ ដក/ដាក់ប្រាក់ បង់វិក្កយបត្រគ្រប់ប្រភេទ (ទឹក ភ្លើង …..) បើកគណនីវីង បើកគណនី FTB វីសាកាត និងលក់សន្លឹកបញ្ចូលលុយទូរស័ព្ទវីង។
ទី២)អ្នកចែកចាយវីង (WING Dealer) ៖ អ្នកចែកចាយដែលអាចធ្វើប្រតិបត្តិការលក់សន្លឹកបញ្ចូលលុយទូរស័ព្ទវីង ជូនអតិថិជនបានគ្រប់ប្រព័ន្ធ។
ដោយឡែក ដើម្បីបានក្លាយជាភ្នាក់ងារវីង លោកស្រីបញ្ជាក់ថា អតិថិជនត្រូវអនុវត្ត៣លក្ខខណ្ឌធំៗដែលក្រុមហ៊ុនបានកំណត់ដូចខាងក្រោម៖
ទី១) ក្រុមហ៊ុនវាយតម្លៃទៅលើទីតាំងនិងម្ចាស់កម្មសិទ្ធ ៖ ក្រុមការងារនឹងចុះទៅពិនិត្យមើល និងសិក្សាទីតាំងដោយផ្ទាល់ ដើម្បីកំណត់ឱ្យបានច្បាស់ថា ទីតាំងនេះត្រូវក្នុងលក្ខខណ្ឌដែល បានកំណត់ឬទេ។ ទីតាំងដែលក្រុមហ៊ុនត្រូវការ ភាគច្រើនស្ថិតនៅចំផ្លូវធំ ឬ ទីប្រជុំជន ដែលជាតំបន់មានសក្ដានុពលសេដ្ឋកិច្ច។ ភ្នាក់ងារត្រូវមានកិច្ចសន្យាជួលផ្ទះយ៉ាងតិចរយៈពេល ២ ឆ្នាំ (គិតពីថ្ងៃពិនិត្យ) ក្នុងករណីភ្នាក់ងារជួលផ្ទះ។
ម្យ៉ាងទៀត ក្រុមហ៊ុនកំណត់ឱ្យភ្នាក់ងារនីមួយៗ ធ្វើប្រតិបត្តិការយ៉ាងតិច ៥០ប្រតិបត្តិការ ក្នុង១ថ្ងៃ បើកគណនីយ៉ាងតិច ៣ ក្នុង១ខែ និង លក់សន្លឹកបញ្ចូលលុយទូរស័ព្ទយ៉ាងតិច ៥០០ដុល្លារក្នុង១ខែ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
ប្រធាននាយកប្រតិបត្តិអាជីវកម្មមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី លោក ហួត សុខា ធ្លាប់បានថ្លែងប្រាប់ TheBNEWS ថា ដើម្បីក្លាយជាភ្នាក់ងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាជីវករ ឬបុគ្គល ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជាត្រូវបំពេញបែបបទដាក់ពាក្យមក អេ អឹម ខេ ត្រូវចេះប្រើទូរស័ព្ទដៃ ត្រូវមានដើមទុនតិចតួចសម្រាប់ធ្វើប្រតិបត្តិការ និងត្រូវមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើសេវាអតិថិជន។
លោកបន្តថា ដៃគូពាណិជ្ជកម្ម ឬភ្នាក់ងារ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ទី១- ទទួលបានផលប្រយោជន៍ពីកម្រៃជើងសា៖ អេ អឹម ខេ បែងចែកចំណូលជូនភ្នាក់ងាររបស់ខ្លួនយ៉ាងច្រើន ទោះបីជាចំណាយលើការវិនិយោគ និងចំណាយប្រតិបត្តិការលើសលប់ គឺជាបន្ទុករបស់ អេ អឹម ខេ ក៏ដោយ។ ជាក់ស្ដែង នាពេលបច្ចុប្បន្ន ចំណូលពីសេវាផ្ទេរប្រាក់ ត្រូវបានបែងចែកជា ៣ភាគីស្មើៗគ្នា រួមមាន អ្នកផ្ញើ អ្នកទទួល និង អេ អឹម ខេ។
ទី២- ទទួលបានអត្រាការប្រាក់ខ្ពស់ពីទុនតម្កល់ក្នុងគណនី៖ ភ្នាក់ងារ អេ អឹម ខេ ទទួលបានអត្ថប្រយោជន៍មួយទៀត គឺអត្រាការប្រាក់សន្សំខ្ពស់លើទុនដែលបានតម្កល់នៅ អេ អឹម ខេ។ នៅពេលគាត់បានក្លាយជាភ្នាក់ងាររបស់ អេ អឹម ខេ គាត់ត្រូវតម្កល់ប្រាក់ក្នុងគណនីរបស់គាត់សម្រាប់ធ្វើប្រតិបត្តិការ បម្រើអតិថិជន។ ក្នុងករណីប្រាក់ត្រូវបានចាប់ផ្ដើមតម្កល់ អេ អឹម ខេ ផ្ដល់អត្រាការប្រាក់ដូចគ្នាទៅហ្នឹងអត្រាការប្រាក់របស់អតិថិជន សន្សំដទៃដែរ។
ទី៣-ទទួលបានការគាំទ្រការបំពាក់សម្ភារៈទីផ្សារ និងការផ្សព្វផ្សាយ៖ នាពេលបច្ចុប្បន្ននេះ ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ លោកបន្ថែមថា អេ អឹម ខេ បានបំពាក់ជូនភ្នាក់ងាររបស់ខ្លួននូវឧបករណ៍ទីផ្សារស្តង់ដារមួយ ចំនួន ដូចជា ស្លាកយីហោ បដាផ្សព្វផ្សាយ ឆ័ត្រ ខិត្តប័ណ្ណ និង ប័ណ្ណប្រកាសផ្សេងៗ។ លើសពីនេះទៀត អេ អឹម ខេ ក៏បាន និងកំពុងវិនិយោគលើការជំរុញការផ្សព្វផ្សាយផ្សេងៗដល់អតិថិជនគោលដៅ របស់ខ្លួន ដើម្បីជួយគាំទ្រដល់ភ្នាក់ងារទាំងអស់ឲ្យទទួលបានចំនួនអតិថិជន កាន់តែ ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចុចត្រង់នេះ ដើម្បីមើលព័ត៌មានលំអិត៕
២៧ ចំណុច លោកអ្នកគួរចងចាំដើម្បីភាពជោគជ័យក្នុងឆ្នាំ ២០១៥
១) អ្នកត្រូវចងចាំថា ចំណេះដឹងគឺជាភោគទ្រព្យដ៏មហាសាល ហេតុដូច្នេះអ្នកត្រូវចេះប្រើប្រាស់ និង គ្រប់គ្រងវាឲ្យបានល្អដើម្បីបង្កើតប្រាក់ចំណូលរបស់អ្នក។
២) អ្នកត្រូវចងចាំថា ត្រូវតែធ្វើឲ្យចំណេះដឹងរបស់អ្នកមានការអភិវឌ្ឍជានិច្ច ហើយនោះគឺការសិក្សារៀនសូត្រ និង ការអភិវឌ្ឍសមត្ថភាពរបស់អ្នក។
៣) នៅពេលបំពេញការងាររបស់អ្នកប្រចាំថ្ងៃ អ្នកត្រូវចាប់ផ្តើមធ្វើវាដោយស្វាហាប់ និង ក្តីសង្ឃឹម។
៤) អ្នកត្រូវមានមោទនភាពនូវអ្វីដែលអ្នកមាន និង អស់គុណអ្វីៗគ្រប់យ៉ាងដែលអ្នកមាននៅពេលនេះ។
៥) ត្រូវចងចាំថា ជីវិតមួយដ៏គួរឲ្យតម្លៃ គឺជាជីវិតដែលមានការទទួលខុសត្រូវខ្ពស់ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដោយមិនគេចវេស។
៦) ត្រូវតែប្រែក្លាយខ្លួនអ្នកជាអ្នកមាន ព្រោះថានៅពេលដែលអ្នកមានលុយ ទោះបីជាវាមិនអាចជួយអ្នកបានទាំងអស់ តែវាភាគច្រើនធ្វើឲ្យជីវិតរបស់អ្នកមានលំនឹង និង មិនតានតឹងដូចអ្នកក្រនោះឡើយ។
៧) ភាពក្រីក្រមិនមែនជាឧបសគ្គមិនអាចឲ្យអ្នកក្លាយជាអ្នកមាននោះឡើយ ត្បិតអីមហាសេដ្ឋីភាគច្រើននៅលើពិភពលោកក៏អាចរកលុយបានដោយខ្លួនឯងដែរ។
៨) ចង់ក្លាយជាអ្នកមាន ត្រូវតែរកស៊ី ឬ បើកអាជីវកម្មណាមួយដែលអ្នកស្រលាញ់ ដោយហេតុថា ការធ្វើការឲ្យគេមិនងាយនឹងធ្វើឲ្យអ្នកក្លាយជាអ្នកមានបាននោះឡើយ។
៩) គិតយ៉ាងហោចណាស់ឲ្យបានពីរដង មុននឹងសម្រេចចិត្តទិញអ្វីមួយរវាងវត្ថុដែលអ្នកត្រូវការចាំបាច់ និង វត្ថុដែលអ្នកចង់បាន ហើយបើអ្នកទិញអ្វីមួយដោយខ្ជះខ្ជាយ ហិរញ្ញវត្ថុរបស់អ្នកក៏ខ្ជះខ្ជាយទៅតាមនោះដែរ។
…ទម្លាប់អាក្រក់ពីរយ៉ាងដែលបុគ្គលជោគជ័យមិនធ្វើជាដាច់ខាតនៅឆ្នាំថ្មីនេះ…
១០) អ្នកដែលអាចគ្រប់គ្រងហានិភ័យបាន គឺជាអ្នកដែលបានត្រៀមទុកហិរញ្ញវត្ថុក្នុងគ្រាអាសន្នមួយ (Emergency Fund) បានជាមុន។
១១) ការដេករង់ចាំព្រេងសំណាង ការលេងឆ្នោត ការភ្នាល់ល្បែង មិនមែនជាយុទ្ធសាស្ត្រដែលអាចធ្វើឲ្យអ្នកក្លាយជាអ្នកបានឡើយ។
១២) បើចង់ចាយលុយ ត្រូវចាយលើអ្វីដែលនាំមកនូវអត្ថប្រយោជន៍ដូចជាចំណេះដឹង បទពិសោធន៍ និង តម្លៃសង្គម។
១៣) មូលដ្ឋានគ្រឹះដ៏ចម្បងនៃសុភមង្គល និង ភាពជោគជ័យ គឺសុខភាព។ បើអ្នកមានសុខភាពល្អ ជីវិតរបស់អ្នកក៏រស់រវើកទៅតាមនោះដែរ។
១៤) ដោយសារតែសុខភាពមានតម្លៃ ហេតុដូច្នេះហើយសូមកុំភ្លេចហាត់ប្រាណ និងទទួលទានអាហារឲ្យបានត្រឹមត្រូវ និង បង្កើតទម្លាប់ល្អៗផ្សេងៗដែលនាំមកនូវសុភាពល្អ។
១៥) កុំភ្លេចទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ។
១៦) អ្នកត្រូវតែឆ្លៀតពេលសម្រាកខ្លះៗនៅពេលថ្ងៃ ដើម្បីស្រូបយកថាមពលបន្ថែម។
១៧) ចង់ជោគជ័យ ត្រូវមានក្តីសង្ឃឹម និង ញញឹមជានិច្ច។
១៨) អ្នកត្រូវរៀបចំគោលដៅមួយសម្រាប់ភាពជោគជ័យក្នុងជីវិតរបស់អ្នក ហើយគោលដៅរបស់អ្នកជោគជ័យបានលុះត្រាតែសមត្ថភាពរបស់អ្នកមានការអភិវឌ្ឍទៅមុខ និង អនុវត្តវាជានិច្ច។
…គោលដៅ៤រាល់អាជីវកម្មខ្នាតតូច គួរតែផ្ដោតនៅក្នុងឆ្នាំ២០១៥ នេះ…
១៩) នៅពេលដែលអ្នកមានគោលដៅហើយនោះ អ្នកត្រូវមានមហិច្ឆតាសម្រេចលើគោលដៅនោះ។
២០) ទៅជួបមិត្តភក្ដិបើអ្នកមិនដែលបានជួបគេសោះ ជាពិសេសមិត្តភក្ដិដែលអ្នកស្និទ្ធស្នាលបំផុត។
២១) ទំនាក់ទំនងគឺជាផ្នែកមួយដ៏សំខាន់នៃសុភមង្គល ដូច្នេះហើយអ្នកត្រូវរៀបចំគម្រោងណាត់ជួបអ្នកណាម្នាក់ ឬ បុគ្គលជោគជ័យដទៃទៀតដើម្បីបង្កើនទំនាក់ទំនងរបស់អ្នក។
២២) ត្រូវសម្រេចចិត្តថា អ្នកត្រូវរកលុយឲ្យបានប៉ុន្មានក្នុងឆ្នាំនេះ ឆ្នាំក្រោយ ឬ ៥ ឆ្នាំក្រោយ ហើយត្រូវរកប្រាក់ចំណូលឲ្យបានស្របតាមគោលដៅហិរញ្ញវត្ថុរបស់អ្នក។
២៣) គោលដៅរបស់អ្នកជោគជ័យ លុះត្រាតែអ្នកបានតាមដានវាជាប្រចាំឲ្យបានយ៉ាងហោចណាស់ម្តងដែរក្នុងមួយសបា្តហ៍ ថាតើវាអនុវត្តបានដល់កម្រិតណា? នៅខ្វះខាតត្រង់ណា? ស្របទៅតាមគោលដៅដែលបានកំណត់ហើយឬនៅ?
២៥) រៀបចំកម្មវិធីណាមួយដើម្បីអបអរភាពជោគជ័យ ឬ សមិទ្ធផលរបស់អ្នក ដូចជាចំណាយប្រាក់ ៥០ ដុល្លារដើម្បីទិញអាហារជួបជុំជាមួយបងប្អូន គ្រួសារ ឬ ប៉ាវមិត្តភក្ដិញាំអីនៅខាងក្រៅជាដើម។ បើបានធ្វើដំណើរកម្សាន្ត គឺកាន់តែពិសេស។
២៦) ប្រភពដ៏សំខាន់ដែលនាំទៅរកការសម្រេចគោលដៅគឺ ត្រូវមានជំនាញ ហើយជំនាញនេះត្រូវតែ ដុសខាត់បន្ថែម គួបផ្សំនឹងប្រភពដ៏សំបូរបែបផ្សេងទៀតដែលកើតចេញពីខ្លួនអ្នក។
២៧) បុគ្គលដែលជោគជ័យគឺជាបុគ្គលដែលចូលចិត្តអានសៀវភៅច្រើន។ ដូច្នេះ ឆ្នាំ ២០១៥ នេះ អ្នកត្រូវចាប់សៀវភៅអានឲ្យបានកាន់តែច្រើន និង ជាពិសេសអានសៀវភៅរបស់បុគ្គលគំរូល្បីៗនៅលើពិភពលោក៕
គ្រូបង្វឹកថ្នាក់ដឹកនាំធុរៈកិច្ចកំពូលនៅកម្ពុជាធ្លាប់រត់តុគុយទាវដូរយកអាហារបរិភោគក្នុងពេលសិក្សាព្រោះតែគ្រួសារមានជីវភាពក្រីក្រ
«ដោយសារតែភាពក្រីក្រខ្ញុំជាកុមារដែលត្រូវទៅធ្វើការតាមផ្លូវ លក់បារីនៅតាមហាងគុយទាវ និងធ្វើជាអ្នករត់តុនៅក្នុងហាងដើម្បីដូរយកអាហារហូប ខ្ញុំធ្វើការងារនេះតាំងពីតូចរហូតដល់រៀននៅវិទ្យាល័យ» ។ នេះជាការរៀបរាប់ពីដំណើរជីវិតក្នុងវ័យសិក្សារបស់លោក អោម សេងបូរ៉ា ដែលបច្ចុប្បន្នជាគ្រូបង្វឹកថ្នាក់ដឹកនាំធុរៈកិច្ចកំពូលមួយរូបនៅកម្ពុជា និងជាអភិបាលឯករាជ្យមានតួនាទីជាអ្នកប្រឹក្សាយោបល់ និងជ្រើសរើសឬបញ្ឈប់អគ្គនាយកនៅក្នុងក្រុមហ៊ុន៣រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AEON (AEON MICROFINANCE(Cambodia) Co.,Ltd រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងធនាគារអភិវឌ្ឍន៍ជនបទ ។
លោក អោម សេងបូរ៉ា មានស្រុកកំណើតនៅខេត្តកំពង់ធំ ។ លោកជាកូនទីមួយក្នុងចំណោមបងប្អូនប្រុសស្រី ៨នាក់ដែលរស់នៅក្នុងគ្រួសារមួយមានជីវភាពក្រីក្រលំបាក ។ នៅឆ្នាំ១៩៩៣ លោកបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យកំពង់ធំ ប៉ុន្តែបើពិនិត្យមើលទៅលើស្ថានភាពគ្រួសារ គឺលោកប្រាកដជាគ្មានលទ្ធភាពនឹងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះទេ ។
ដោយមើលឃើញពីទំនៀមទំលាប់របស់អ្នកភូមិផងរបងជាមួយ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ទី១២ភ្លាមគោលដៅទីមួយរបស់លោកគឺចង់បានប្រពន្ធប៉ុន្តែដោយសារតែជីវភាពធ្វើឲ្យលោកគ្មានលទ្ធភាពចូលទៅស្ដីដណ្ដឹងកូនក្រមុំអ្នកភូមិបានឡើយ ។ ផ្ទុយពីភាពអស់សង្ឃឹមក្នុងជីវិតចង់ចាប់ផ្ដើមគ្រួសារតូចនេះ លោកបានសម្រេចចិត្តចាកចេញពីស្រុកកំណើតមកសិក្សាបន្តនៅភ្នំពេញ។ លោកបានយកគំរូតាមអ្នកបើកឡានឱ្យអ៊ុនតាក់ម្នាក់ ដែលបានជំរុញទឹកចិត្តលោកឲ្យមានការតស៊ូក្នុងឆាកជីវិត ។
គ្រូបង្វឹកថ្នាក់ដឹកនាំធុរៈកិច្ច និងជាប្រធាន CEO Master Club បង្ហើបពីគន្លឹះបានឡើងតំណែងឆាប់រហ័សនៅកន្លែងការងារ
លោក អោម សេងបូរ៉ា មានប្រសាសន៍ថា៖«អ្នកបើកបរហ្នឹងគាត់ទទួលបានប្រាក់ខែ២០០ដុល្លារ ហើយចាស់ៗនៅក្នុងភូមិ គាត់ចេះតែនិយាយលេងថាចង់លើកកូនឲ្យ ដល់ពេលលឺអីចឹង ខ្ញុំគិតថាបើខ្ញុំដូចអ្នកបើកបរឡានម្នាក់ហ្នឹងប្រហែលជាគេលើកកូនក្រមុំឲ្យខ្ញុំ ពេលនោះខ្ញុំក៏យកគាត់ធ្វើជាគំរូ ចង់ក្លាយជាអ្នកបើកឡាន និងបកប្រែឲ្យអ៊ុនតាក់ ហើយខ្ញុំសម្រេចចិត្តមកភ្នំពេញតែម្ដង» ។
ពេលមករស់នៅភ្នំពេញបានតែ១ខែ លោកជួបប្រឈមនឹងការខ្វះខាតថវិកាដើម្បីរៀនត្រៀមចូលសិក្សាផ្នែកច្បាប់ ។ លោកក៏សម្រេចចិត្តប្រកបរបរអ៊ុតកាតជាមួយមិត្តភក្ដិប៉ុន្តែការរកប្រាក់ចំណូលគឺមិនអាចទ្រទ្រង់បានដដែល បន្ទាប់ពីបានរយៈពេល៣ខែលោកបានដាក់ពាក្យប្រលងយកអាហាររូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យវេទមហាប្ញសី ក្នុងខេត្តព្រៃវែង ហើយបានជាប់ទៅសិក្សានៅទីនោះរយៈពេល៥ឆ្នាំដោយចាប់យកជំនាញគណនេយ្យ ។
នៅពេលទៅសិក្សានៅទីនោះលោករៀនជាប់លេខមួយរៀងរាល់ឆ្នាំ ហើយឆ្លៀតពេលពីការឈប់សម្រាក(វិស្សមកាល)រយៈពេល៣ខែ លោកតែងតែទៅបើកបង្រៀនភាសាអង់គ្លេសនៅក្នុងភូមិកំណើតរបស់លោក និងបង្រៀនគួរក្រៅម៉ោងក្នុងពេលសិក្សាផងដែរ ។ នៅឆ្នាំ១៩៩៨ លោកបានរៀនចប់បរិញ្ញាបត្រជំនាញគណនេយ្យ ហើយធ្វើដំណើរមករកការងារធ្វើនៅភ្នំពេញដោយទទួលបានការងារនៅក្នុងក្រុមហ៊ុនសវនករមួយ ។
លោកលើកឡើងថា៖«ឆ្នាំ១៩៩៨ខ្ញុំមកភ្នំពេញធ្វើជាអ្នកហាត់ការនៅក្រុមហ៊ុនសវនករ Ernst & Young បានរយៈពេលប្រាំមួយខែដោយគ្មានទទួលបានប្រាក់ខែអីនោះទេ ក្រោយពីបញ្ចប់ការងារជាអ្នកហាត់ការខ្ញុំត្រូវគេយកចូលឲ្យធ្វើជាបុគ្គលិកពេញសិទ្ធិក្នុងតួនាទីជាសវនករដោយទទួលបានប្រាក់ខែ២០០ដុល្លារអាមេរិក » ។
ធ្វើការបាន១ឆ្នាំកន្លះលោកក៏បានលាឈប់ពីក្រុមហ៊ុនErnst នៅឆ្នាំ១៩៩៩ ហើយបានចូលមកធ្វើការជាសវនករផ្ទៃក្នុងជាមួយអង្គការទស្សនៈពិភពលោក (World Vision) ដោយទទួលបានប្រាក់បៀវត្ស ៤០០ដុល្លារអាមេរិកក្នុងមួយខែ បានតែរយៈពេល១ឆ្នាំកន្លះប៉ុណ្ណោះ លោកបូរ៉ាក៏បានឡើងតួនាទីជាប្រធានសវនករផ្ទៃក្នុងដោយទទួលបានប្រាក់បៀវត្ស៦៥០ដុល្លារអាមេរិក ។
ទាក់ទងទៅនឹងការឡើងតួនាទីឆាប់រហ័សពីផ្នែកមួយទៅផ្នែកមួយទៀតនេះគឺដោយសារតែមានការខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផលលើសពីការរំពឹងទុករបស់លោកទៅឲ្យបុគ្គលិករួមការងារ ប្រធាន និងអតិថិជនដែលជាអ្នកពាក់ព័ន្ធសំខាន់ៗ ។ លោក បូរ៉ា មានប្រសាសន៍ដូច្នេះថា៖«ដើម្បីឱ្យខ្ញុំឡើងតំណែងបាន ទាល់តែអ្នកពាក់ព័ន្ធរបស់ខ្ញុំ ពេញចិត្តនឹងខ្ញុំពេញចិត្តនឹងលទ្ធផលរបស់ខ្ញុំ អ៊ីចឹងធ្វើម៉េចឱ្យគេពេញចិត្តលទ្ធផលរបស់ខ្ញុំៗត្រូវតែផ្ដល់ លទ្ធផលការងាររបស់ខ្ញុំឱ្យលើសពីការរំពឹងទុករបស់ពួកគាត់» ។
លោកសេង បូរ៉ា មានបទពិសោធន៍ជាច្រើនក្នុងវិស័យជំនួញ និងភាពជាអ្នកដឹកនាំ ។ កាលពីឆ្នាំ២០០៤ លោកបានក្លាយជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund ដែលនាំមុខគេនៅកម្ពុជាឆ្លងកាត់វិបត្តិហិរញ្ញវត្ថុពិភពលោក ។ លោកបានដឹកនាំនៅទីនោះរយៈពេល៥ឆ្នាំកន្លះ ទើបលាលែងពីមុខតំណែងអគ្គនាយកមកបើកក្រុមហ៊ុនរកស៊ីហ៊ុនគ្នាឈ្មោះថា Aplus Consulting ដែលផ្ដល់សេវាកម្មក្នុងការជ្រើសរើសបុគ្គលិក ។
ក្រៅពីនេះលោកមានបទពិសោធន៍ជាច្រើនដូចជា បើកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ Aplus គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងសហគ្រាសកម្ពុជាមូលនិធិករុណាជាដើម ។ បច្ចុប្បន្នលោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្លឹបអ្នកវិនិយោគកម្ពុជា(Cambodia Investor Club) ជាប្រធាន CEO Master Club ជាម្ចាស់ភោជនីយដ្ឋាន Wisdom Park និងជាគ្រូបណ្ដុះបណ្ដាលថ្នាក់ដឹកនាំធុរៈកិច្ចដ៏កំពូលនៅក្នុងប្រទេសកម្ពុជា ។ គិតមកដល់ពេលនេះមនុស្សមិនតិចជាង៣ម៉ឺននាក់ទេ ដែលលោកបានបណ្ដុះបណ្ដាល មានទាំងសហគ្រិន អគ្គនាយកក្រុមហ៊ុន មន្ត្រីស៊ីវិល និងនិស្សិតជាដើម ។
«ប្រទេសជាតិដែលរឹងមាំគឺអាស្រ័យទៅលើសេដ្ឋកិច្ចក្នុងស្រុក បើសេដ្ឋកិច្ចនៅក្នុងស្រុកខ្លាំង ទាល់តែអ្នករកស៊ីនៅក្នុងស្រុកខ្លាំង ការវិនិយោគខ្លាំង និងគុណភាពអប់រំរបស់បុគ្គលម្នាក់ហ្នឹងខ្លាំងដែរ មិនមែនអាស្រ័យពឹងទៅលើសេដ្ឋកិច្ចដែលជាលុយមកពីខាងក្រៅនោះទេ» ។ នេះជាការលើកឡើងពីគោលបំណងសំខាន់ដែលលោកចូលប្រឡូកធ្វើជាគ្រូបង្វឹកសហគ្រិនក៏ដូចជាបង្កើតCEO Master Club ឡើង។ លោកសង្កត់ធ្ងន់ថា៖«យើងបង្វឹកពួកគាត់គឺយើងយកអ្វីដែលយើងបានធ្វើកន្លងមកៗបង្រៀនគាត់» ។
ក្នុងនាមជាប្រធាន CEO Master Club លោកបានទាក់ទាញម្ចាស់អាជីវកម្ម អគ្គនាយក នាយកក្រុមហ៊ុនប្រមាណ៦០ក្រុមហ៊ុនមកចូលជាសមាជិកក្លឹបក្នុងគោលបំណងបណ្ដុះបណ្ដាលពួកគាត់ឲ្យក្លាយជាអ្នកដឹកនាំធុរៈកិច្ចកំពូល ដែលអាចធ្វើឲ្យអាជីវកម្មរបស់ពួកគាត់មានការលូតលាស់ពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅជាស្តង់ដារ និងផ្ដល់សេវាកម្មប្រឹក្សាយោបល់នាៗនៅពេលសមាជិកក្លឹបជួបបញ្ហាក្នុងដំណើរការអាជីវកម្ម ។ លោកថា៖« ខ្ញុំជោគជ័យលុះត្រាតែគាត់(សមាជិកក្លឹប)ជោគជ័យ ប្រសិនបើខ្ញុំមិនអាចជួយគាត់ឲ្យជោគជ័យបានទេ ក៏ជាបញ្ហារបស់ខ្ញុំដែរ ខ្ញុំទទួលខុសត្រូវ ខ្ញុំចូលរួមចំណែកបរាជ័យជាមួយគាត់» ។
CEO Master Club ផ្ដល់ការប្រឹក្សាយោបល់ឥតគិតថ្លៃជូនម្ចាស់អាជីវកម្មរៀងរាល់ល្ងាចថ្ងៃចន្ទ
CEO Master Club នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដោយមានទស្សនៈវិស័យផ្ដោតសំខាន់ទៅលើការបង្វឹកសមាជិកឲ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលបានឆាប់រហ័ស ជួយពង្រីកបណ្ដាញនៃការលក់របស់សមាជិកឲ្យកាន់តែធំ លើកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងសម្របសម្រួលការវិនិយោគលើអាជីវកម្មឲ្យកាន់តែទូលាយជាដើម ។ ប្រធាន CEO Master Club រូបនេះ បញ្ជាក់ផងដែរថាអ្នកដែលចង់ចូលជាសមាជិករបស់CEO Master Club ត្រូវបង់ថវិកា(Member Fee) ៣០០០ដុល្លារអាមេរិកដោយទទួលបានការបណ្ដុះបណ្ដាលវគ្គជំនាញទាំង១២ និងការប្រឹក្សាយោបល់ផ្សេងៗជាច្រើនទៀត ហើយនៅឆ្នាំ២០១៥នេះលោករំពឹងថានឹងកើនសមាជិកក្លឹបបានរហូតដល់ ២០០ នាក់ ។
ជាបុគ្គលត្រូវបានគេផ្ដល់សេចក្តីទុកចិត្តក្នុងការគ្រប់គ្រងនិងដឹកនាំប្រកបដោយឯករាជ្យ។ នៅចុងឆ្នាំ២០១៤ កន្លងទៅនេះ លោក អោម សេងបូរ៉ា បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Cooperative Empire Group (CEG) ដែលជាកន្លែងផ្ដល់កិច្ចសហការរួមគ្នារវាងវិស័យឯកជន សង្គមស៊ីវិល និងរដ្ឋាភិបាល ។ លោកថ្លែងថា៖«បច្ចុប្បន្នCEGមានថ្នាក់ដឹកក្រុមហ៊ុនធំៗដែលគាត់ជាសហគ្រិនជាច្រើនវិស័យមកចូលរួមនៅក្នុង CEGរួចហើយៗ CEGនេះវាជារឿងមួយធំដែលចូលរួមចំណែកក្នុងការពង្រឹងហេដ្ឋារចនាសម្ពន្ធ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុកឲ្យកាន់តែខ្លាំងដោយផ្ដល់ឱកាសឲ្យNGO វិស័យឯកជន និងរដ្ឋាភិបាលបានសហប្រតិបត្តិការធ្វើការជាមួយគ្នា » ។
និយាយពីជីវិតអាពាហ៍ពិពាហ៍របស់លោក អោម សេងបូរ៉ា និងភរិយា វិញះ ត្រូវបានចាប់ផ្ដើមពីការជំពាក់លុយតុងទីនដើម្បីរៀបចំពិធីមង្គលការហើយលុយដែលគាត់រកបានពីប្រាក់ខែបន្តិចបន្តួចរបស់អ្នកទាំងពីរ ត្រូវបានចែករំលែកឧបត្ថម្ភទៅដល់ក្រុមគ្រួសារដែលក្រីក្រផង និងសងបំណុលផង។ បច្ចុប្បន្ននេះអ្នកទាំងពីរមានមានកូនប្រុសស្រីពីរនាក់។ ចំពោះដំណើរជីវិតនេះលោកមានទស្សនៈថា៖«ការផ្លាស់ប្ដូរគឺជាផ្នែកមួយនៃជីវិតដែលមិនអាចជៀសបានបើសិនជាយើងចង់ផ្លាស់ប្តូរជីវិតរបស់យើងឱ្យប្រសើរជាងនេះ គឺយើងត្រូវតែផ្លាស់ប្តូរនូវទម្លាប់ដដែលៗរបស់យើង ទៅរកទម្លាប់ដែលនាំឱ្យយើងមានការរីកចម្រើន» ៕
Subscribe to:
Posts (Atom)