Friday, December 18, 2015

តើ​បុរស​ខ្លាំង​លេខ ៥ ពិភពលោក Xi Jinping មាន​ប្រវត្តិ​និង​បទ​ពិសោធន៍​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​ខ្លួន


លោក Xi Jinping ​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនបច្ចុប្បន្ន     បរទេស 
លោក Xi Jinping បច្ចុប្បន្ន ជា​អគ្គ​លេខាធិការ​នៃ​បក្ស​កុម្មុយនិស្ត​ចិន និង ជា​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ថែម​ទាំង​ជា​ប្រធាន គណៈ​កម្មការ​យោធា​កណ្ដាល​ របស់​ចិន​ផង​ដែរ។ លោក​Xi Jinping ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ថ្ងៃ ១៤ មិនា ឆ្នាំ ២០១៣ បន្ត​ពី​លោក Hu Jintao នោះ​លោក Xi ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ថា លោក​ជា​បុរស​ខ្លាំង និង មាន​ឥទ្ធិពល​ជាង​គេ​ចំណាត់​ថ្នាក់​លេខ ៥ លើ​ពិភពលោក។ តើ​លោក Xi Jinping មាន​ប្រវត្តិ​និង​បទ​ពិសោធន៍​អ្វី​ខ្លះ​ក្នុង​ឆាក​ជីវិត​របស់​លោក?

លោក Xi Jinping កើត​នៅ​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ ១៩៥៣ ក្នុង​ទីក្រុង ប៉េកាំង​ប្រទេស​ចិន មាន​ឪពុក​ជា​ចូល​រួម​បដិវត្តន៍​កុម្មុយនិស្ត​ចិន​ ក្រោយ​ពី​មាន​ការ​បង្កើត​រដ្ឋ​កុម្មុយនិស្ត​ឡើង​ក្នុង​ឆ្នាំ ១៩៤៩ ដោយ​ឪពុក​របស់​លោក Xi Jinping បាន​កាន់​តំណែង​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ជួរ​បក្ស។ នៅ​ពេល​លោក Xi Jinping អាយុ ១០ ឆ្នាំ​ឪពុក​របស់​លោក​បាន​បញ្ជូន​លោក​ឲ្យ​ទៅ​ធ្វើ​ការ​រោង​ចក្រ​ក្នុង​ទីក្រុង Luoyang ខេត្ត Henan។

នៅ​ខែ​ឧសភា​ឆ្នាំ ១៩៦៦ គឺ​ជា​ឆ្នាំ​ដែល​លោក Xi បាន​ចូល​រៀន​ថ្នាក់​វិទ្យាល័យ ហើយ​ត្រូវ​បាន​កាត់​ផ្តាច់​មក​វិញ​ដោយ​បដិវត្តន៍​វប្បធម៌​ ហើយ​នៅ​​ថ្នាក់​រៀន​ទាំង​អស់​ត្រូវ​បាន​ផ្អាក សម្រាប់​ទង្វើ​របស់​សិស្ស​ដែល​រិះ​គន់​សាលា និង ការ​វាយដំ​គ្រូ​នៅ​សាលា​។ មក​ដល់​វ័យ ១៥ ឪពុក​របស់​លោក Xi បាន​ជាប់​គុក​ក្នុង​ឆ្នាំ ១៩៦៨ ក្នុង​អំឡុង​ពេល​បដិវត្តន៍​វប្បធម៌។ ដោយ​គ្មាន​ការ​ការពារ​ពី​ឪពុក​របស់​ខ្លួន​លោក Xi បាន​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ដែន​ដី Yanchuan ក្នុង​ឆ្នាំ​១៩៦៩ ដែល​ទីនោះ​ជា​ដែន​ដី​កាន់​កាប់​ដោយ​ចលនា​តស៊ូ​របស់​លោក ម៉ៅសេទុង។

ចាប់​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ លោក Xi បាន​សិក្សា​ជំនាញ​វិស្វករ គីមី ក្នុង​សាកលវិទ្យាល័យ Tsinghua University ក្នុង​ទីក្រុង ប៉េកាំង ដំណាល​គ្នា​ក្នុង​ពេល​កំពុង​សិក្សា​កម្មវិធី​សាលា ១ ក្នុង​ចំណោម ៥ គឺ​សិក្សា​ទៅ​លើ​ទ្រឹស្តី លទ្ធិ​ម៉ាក​លេនីន​និយម​ និង ម៉ៅសេទុង​និយម ដោយ​ការ​ធ្វើ​ការងារ​កសិកម្ម ដោយ​រៀន​ពី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ក្រោយ​មក​ទៀត​លោក​បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ ពី​សាកលវិទ្យាល័យ​ដដែល ។ ចាប់​ពី​ឆ្នាំ ១៩៧៩ មក​ដល់ ១៩៨២ លោក Xi បាន​ឡើង​កាន់​តំណែង​ជា ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អគ្គលេខាធិការ​ យោធា​កណ្តាល​របស់​ចិន។

លោក Xi មុន​នឹង​បាន​ឡើង​កាន់​តំណែង​ធំៗ​លោក​ក៏​ធ្លាប់​ចូល​បម្រើ​ការ​ងារ​ជា​ច្រើន​ដោយ​បាន​ចូល​រួម​ជាមួយ​ក្រុម សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ នៅ​ក្នុង ឆ្នាំ ១៩៧១ និង បាន​ចូល​រួម​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៧៤។ មក​ដល់​ឆ្នាំ ១៩៨២ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ក្រុង Zhengding ខេត្ត Hebei ដោយ​ទទួល​បាន​ដំណែង​ជា​អនុ​លេខា​បក្ស​ប្រចាំ​ក្រុង​ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​លោក​ត្រូវ​បាន​តែង​តាំង​ជា​លេខា​បក្ស​ទី១ របស់​ក្រុង​តែ​ម្តង។ ក្នុង​ពេល​ដំណាល​គ្នា​នេះ​លោក Xi បាន​គ្រប់​គ្រង​ដែន​ដី​រហូត​ដល់​ទៅ ៤ខេត្ត Hebei 1982-1985 ខេត្ត Fujian 1985-2002 ខេត្ត Zhejiang 2002-2007 និង​ទីក្រុង សៀងហៃ ឆ្នាំ ២០០៧។

មក​ដល់ឆ្នាំ ១៩៩៩ ត្រូវ​បាន​គេ​លើក​ឲ្យ​ធ្វើ​ជា អភិបាល​រង​នៃ​ខេត្ត Fujian និង​បាន​ក្លាយ​ជា​អភិបាល​ខេត្ត មួយ​ឆ្នាំ​បន្ទាប់​មក​ទៀត។ មក​ដល់​ថ្ងៃ ១៥ វិច្ឆិកា ឆ្នាំ ២០១២ លោក​ Xi Jinping ត្រូវ​បាន​គេ​មើល​ឃើញ​រួច​ទៅ​ហើយ​ថា​នឹង​ក្លាយ​ជា​អ្នក​ជំនួស​តំណែង​លោក Hu Jintao ក្នុង​តំណែង​ជា ជា​អគ្គ​លេខាធិការ​នៃ​បក្ស​កុម្មុយនិស្ត​ចិន ជា​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ និង​ជា​ប្រធាន គណៈ​កម្មការ​យោធា​កណ្ដាល​ របស់​ចិន​ដោយ​វា​មិន​ទាន់​ក្លាយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ។ លោក​ Xi Jinping ត្រូវ​រង​ចាំ​រហូត​ដល់​ថ្ងៃ ១៤ មិនា ឆ្នាំ ២០១៣ ទើប​លោក​ត្រូវ​គេ​សម្រេច​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ចិន​ជា​ផ្លូវ​ការ។

Friday, October 16, 2015

គ្មាន​លុយ​​រៀន​នៅ​មហាវិទ្យាល័យ​ ​ខ្ចី​ពី​ធនាគារ​​​​​​​​ណា​ខ្លះ​បាន?​​​


រូបតំណាង     បរទេស 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ផ្ដល់​កម្ចី​សិក្សា​​ (Student loan) ​ទៅ​ដល់​សិស្ស​និង​និស្សិត​មហាវិទ្យាល័យ​​ ខណៈ​សិស្ស​ដែល​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​​មួយ​ចំនួន​បាន​បោះបង់​ការ​សិក្សា​ដោយ​សារ​តែ​ខ្វះ​ថវិកា​​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ។
​​
ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ទទួល​បាន​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ?
​តាម​ការ​សង្កេត​​​​របស់​​ The BNEWS ​​​ឃើញ​ថា​មាន​គ្រឹះ​ស្ថាន​ធនាគារ​ និង​​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​​ផ្ដល់​​​ឥណទាន​​ដល់​សិស្ស​ និង​​និស្សិត​ក្នុង​កម្រិត​អត្រា​ការ​ប្រាក់​ខុស​ៗ​គ្នា។​ The BNEWS សូម​បង្ហាញ​​​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ​មួ​យចំនួន​ដូច​ខាង​ក្រោម៖ ​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​Vision Fund ​
ជា​អ្នក​ផ្ដល់​សេវា​ព័ត៌មាន​ដល់​អតិថិជន​ កញ្ញា លី តា ​បាន​​រៀប​រាប់​ប្រាប់ ​​The BEWS ថា​ ដើម្បី​ទទួល​បាន​កម្ចី​ការ​ប្រាក់​សិក្សា​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Vision Fund អតិថិជន​ទាំង​នោះ​ត្រូវ​តែ​ជា​សិស្ស​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ឬ​ជា​និស្សិត​ ដែល​មាន​លិខិត​បញ្ជាក់​ការ​សិក្សា​ ​ព្រឹត្តិបត្រ​ពិន្ទុ​ អត្តសញ្ញាណប័ណ្ណ ​និង​ទី​លំនៅ​អចិន្ត្រៃយ៍។

​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​របស់​​កញ្ញា​​ ​​ទំហំ​កម្ចី​ដែល​ផ្ដល់​ឲ្យ​គឺ​ចន្លោះ​​​ពី ១០០ដុលា្លរ – ៣០០០ដុល្លារ ដែល​អត្រា​ការ​ប្រាក់​គិត​តាម​ទំហំ​នៃ​ចំនួន​ដែល​ខ្លី (ចន្លោះ​ចាប់​ពី​ ១០០-១០០០ដុល្លារ អត្រា​ការ​ប្រាក់ ១,៩% និង​ចន្លោះ​ពី​ ​១០០០-៣០០០ដុល្លារ ​អត្រា​ការ​ប្រាក់ ១,៧៥%​) ឯ​រយៈពេល​វិញ​អាស្រ័យ​លើ​ទំហំ​នៃ​កម្ចី។​ ​​

ដោយ​ឡែក​មាន​សកលវិទ្យាល័យ​បី​ដែល​ជា​ដៃគូ​របស់​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​ Vision Fund មាន​សាកលវិទ្យាល័យ​បៀលប្រាយ​ ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ និងសាលា​កែ​សម្ពស្ស APP​ ។ សិស្ស និង​និស្សិត​ដែល​សិក្សា​តាម​សាលា​ទាំង​បី​ខាង​លើ អាច​ទទួល​បាន​ទំហំ​កម្ចី​​ចន្លោះ​​​ពី ១០០ដុលា្លរ – ៣០០០ដុល្លារ ដែល​អត្រា​ការ​ប្រាក់​គិត​តាម​ទំហំ​នៃ​ចំនួន​ដែល​ខ្ចី (ចន្លោះ​ចាប់​ពី​ ១០០-១០០០ដុល្លារ អត្រា​ការ​ប្រាក់ ១,៥% និង​ចន្លោះ​ពី​ ​១០០០-៣០០០ដុល្លារ ​អត្រា​ការ​ប្រាក់ ១,៤%​) ឯ​រយៈពេល​វិញ​អាស្រ័យ​លើ​ទំហំ​នៃ​កម្ចី។​ ​​

ដោយ​ឡែក​ ងាក​មក​មើល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​វិញ​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ពី​ស្ថាប័ន​នេះ សិស្ស​និស្សិត​ត្រូវ​៖​ ​
-ដាក់​ពាក្យ​ស្នើ​សុំ ( មាន​លិខិត​បញ្ជាក់​ការសិក្សា​ ​ព្រឹត្តិបត្រ​​ពិន្ទុ ​អត្តសញ្ញាណប័ណ្ណ​ ​និង​មាន​​អាសយដ្ឋាន​អចិន្ត្រៃយ៍)

​-​ជា​​សិស្ស​ដែល​បញ្ជាប់​ការ​សិក្សា​ថ្នាក់​ទី​១២ ឬ​និស្សិត​ដែល​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​

ទំហំ​ទឹក​ប្រាក់ និង​លក្ខណៈ​នៃ​ការ បង់​
-ទំហំ​ប្រាក់​កម្ចី​អាច​ដល់​ ៦.០០០ ដុល្លារ ឬ ១០០% នៃ​ថ្លៃ​សិក្សា​ បូក​នឹង ៧៥ ដុល្លារ ក្នុង​មួយ​ឆមាស​សម្រាប់​ចំណាយ​ផ្សេងៗ​ សម្រាប់​ ការសិក្សា​ (សៀវភៅ កន្លែង​ស្នាក់នៅ ឯកសណ្ឋាន)

-រយៈ​ពេល​ប្រាក់​កម្ចី​ពី​ ៦ – ៨៤ ខែ

-ក្នុង​កំឡុង​ពេល​សិក្សា​ សិស្ស​ និង​និស្សិត​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ដើម​ឡើយ

-អត្រា​ការ​ប្រាក់​ទាប​ត្រឹម​តែ ១,៣%

-អាច​ទទួល​បាន​ប្រាក់​កម្ចី​ដោយ​មិន​ចាំ​បាច់​ដាក់​ទ្រព្យ​បញ្ចាំ​សម្រាប់​សិស្ស​ និង​និស្សិត​ដែល​មាន​ការ​ងារ​ធ្វើ​ស្រាប់។

​រី​ឯ​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​នៅ​កម្ពុជា​ក៏​មាន​ផ្ដល់​​ឥណទាន​និស្សិត​ដែរ៖ ​
​​ចំពោះ​ធនាគារ​នេះ​ ​​​​ឥណ​ទាន​និស្សិត ​ផ្ដល់​ជូន​ពីរ​ប្រភទ​គឺ​៖​
-ប្រភេទ​បើក​ប្រាក់​តែ​មួយ​លើក ៖ ជា​ប្រភេទ​ឥណ​ទាន​ដែល​ផ្ដល់​ជូន​តាម​របៀប​បើក​ប្រាក់​តែ​មួយ​លើក សម្រាប់​បង់​ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះ​ស្ថាន​សិក្សា ។

-ប្រភេទ​បើក​ប្រាក់​ច្រើន​លើក ៖ ជា​ប្រភេទ​ឥណ​ទាន​ដែល​ផ្តល់​ជូន​តាម​របៀប​បើក​ប្រាក់​ច្រើន​លើក​សម្រាប់​បង់​ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិតស្នាម​ដែលបញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា​​តាម​ឆមាស ឬ​ឆ្នាំ ។​
ប្រភេទ​រូបិយ​ប័ណ្ណ កម្រិត​ឥណទាន និង​រយៈ​ពេល​ខ្ចី​
-ឥណទាន​និស្សិត ត្រូវ​បាន​ផ្តល់​ជូន​ជា​ប្រាក់​ដុល្លារ​អាមេរិក ។

-ទំហំ​ឥណទាន​អតិបរមា ៣០.០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​តម្លៃ​សិក្សា​សរុប ។

-រយៈ​ពេល​ខ្ចី​អតិបរមា ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ផ្អែក​តាម​រយៈ​ពេល​សរុប​នៃ​ការ​សិក្សា បូក​នឹង​រយៈ​ពេល​មិន​លើស​ពី ១២​ខែ​បន្ថែម ។

​លក្ខខណ្ឌ​តម្រូវ​
-មាន​ទីលំនៅ​អចិន្ត្រៃយ៍​ច្បាស់លាស់ ត្រឹមត្រូវ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ។

-ធានា​ផ្ដល់​ឯកសារ​ដែល​បញ្ជាក់​អំពី​ការសិក្សា ពី​គ្រឹះស្ថាន​សិក្សា​បណ្ដុះ​បណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ ឬ​គ្រឹះស្ថាន​ឧត្ដមសិក្សា និង​ព្រឹត្តិបត្រ​ពិន្ទុ​សិក្សា​តាម​ការ​តម្រូវ​ទាន់​ពេល​វេលា ។

-ឪពុក-ម្ដាយ ឬ​អាណាព្យាបាល​របស់​និស្សិត ត្រូវ​មាន​មុខរបរ​ដែល​មាន​និរន្តរភាព មាន​ប្រាក់​ចំណេញ និង​មាន​លំហូរ​សាច់ប្រាក់​ទៀងទាត់ ឬ​មាន​ចំណូល​ពី​ប្រាក់​បៀវត្សរ៍ និង​ចំណូល​ផ្សេងៗ ។

-ផ្ដល់​ជូន​មក​​ធនាគារ​វិញ​នូវ​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា​នៅ​ពេល​បើក​ប្រាក់​កម្ចី ។ 

-មាន​ទ្រព្យ​ដាក់​ធានា​ដែល​មាន​តម្លៃ​គ្រប់គ្រាន់ និង​មាន​ឯកសារ​កម្មសិទ្ធិ​ត្រឹមត្រូវ។

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​​ក៏​មាន​ផ្ដល់​ឥណទាន​សិក្សា​អប់រំ​​ដែរ​ដែល​​កំណត់​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​គឺ​៖
-ជា​សិស្ស​បាន​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​

-ត្រូវ​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ទទួល​ស្គាល់​ដោយ ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ។

-ឥណទាន​នេះ​សម្រាប់ ​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​រង​ ឬ​ថ្នាក់​បរិញ្ញាបត្រ

-ប្រាសាក់ ​ផ្ដល់​ជូន​ប្រាក់​ឥណទាន​រហូត​ដល់​ ១០០% នៃ​ថ្លៃ​សា​លា​ ឬ​ ត្រឹម​ ​៥០០ ដុល្លារ​អាមេរិក​

-រយៈ​ពេល​ខ្ខី​ ពី​ ៤ ដល់ ១២ ខែ

-អត្រា​ការប្រាក់​ត្រឹមតែ​ ១៤% ​ក្នុង​១ឆ្នាំ​

-មាន​របៀប​សង​ច្រើន​ប្រភេទ​ អាស្រ័យ​លើ​ប្រាក់​ចំណូល​របស់​អ្នក​ខ្ចី៕
Author: អត្ថបទ៖​ ម៉ៅ ចរិយា​​
Source: BNEWS

Thursday, August 20, 2015

តើ​កោះ​ក្រចក​សេះ​និង​កោះ​ត្រល់​បាត់បង់​នៅ​ពេល​ណា?


ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង រក​ឃើញ​ថា កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ទើប​តែ​ត្រូវ​បាត់​បង់​ទាំង​ស្រុង​​​ទៅ​វៀតណាម ក្នុង​ពេល​ជាង ៧​ឆ្នាំ​កន្លង​ទៅ​នេះ។
កោះត្រល់ ៣០៥
១៤-កញ្ញា-២០១២៖ កោះត្រល់
RFA/Uon Chhin





ការ​ដែល​កោះ​ទាំង​ពីរ​បាន​ក្លាយ​ទៅ​ជា​សម្បត្តិ​របស់​វៀតណាម កើត​ឡើង​ក្រោយ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កោះ​ត្រល់​លែង​ក្លាយ​ជា​របស់​កម្ពុជា ក្រោយ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ យក​ឯកសារ​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៦៤។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង អះ​អាង​ថា កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ក្នុង​របប​​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​ដោយ​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន គឺ​ជា​ដើម​ហេតុ​​ដែល​នាំ​ឲ្យ​​កោះ​ក្រចក​សេះ​ និង កោះ​ត្រល់ ត្រូវ​បាត់​បង់​ទៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។
លោក ស៊ាន ប៉េងសែ ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង។ លោក​​ថ្លែង​ថា អ្វី​ដែល​ធ្វើ​ឲ្យ​កោះ​ក្រចក​សេះ និង​កោះ​ត្រល់ ត្រូវ​ស្ថិត​ក្រោម​​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ​កំហុស​កើត​ឡើង​​ដោយសារ​កិច្ច​ព្រមព្រៀង​​រវាង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ឆ្នាំ​១៩៨២ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។
លោក ស៊ាន ប៉េងសែ បន្ត​ថា អ្នក​ដែល​ធ្វើ​ឲ្យ​បាត់​បង់​កោះ​ទាំង​នេះ ចាំបាច់​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ។ លោក​ថ្លែង​ទៀត​ថា ប្រសិន​បើ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​ជា​មេដឹកនាំ​ម្នាក់​តាំង​​ពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រហូត​មក​នោះ ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​​ស្ដី​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ កោះ​ក្រចក​សេះ​ និង​កោះ​ត្រល់ នឹង​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​វៀតណាម នោះ​ទេ។
លោក ស៊ាន ប៉េសែ បន្ថែម​ថា៖ «បើ​សិន​ជា​បាត់​កោះ​ត្រល់​ហ្នឹង​នៅ​ជំនាន់ នរោត្តម សីហនុ ហេតុ​អី​ក៏​យួន​ហ្នឹង​សូម​ឲ្យ​លោក ហ៊ុន សែន ទទួល​ស្គាល់​ថែម​ទៅ​ទៀត ព្រោះ​អស់​បាត់​ទៅ​ហើយ? ខ្ញុំ​និយាយ​តែ​ប៉ុណ្ណឹង​ទេ បើ​សិន​ជា​យួន​ហ្នឹង​បាត់​កោះ​ហ្នឹង​ហើយ ហេតុ​អី​ក៏​ចាំបាច់​ឲ្យ​ចុះ​ហត្ថលេខា​ហ្នឹង​ឈ្លោះ​គ្នា​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​បង្គាប់​ឲ្យ​លោក ហ៊ុន សែន ទទួល​ស្គាល់​ហ្នឹង ស្គាល់​កោះ​ត្រល់ និង កោះ​ពូឡូប៉ង់សង់ ហើយ​លោក ហ៊ុន សែន គាត់​និយាយ​តែ​កោះ​ហ្វូកុក និង​កោះ​ថូជូ ទេ គាត់​អត់​និយាយ​ជា​ខ្មែរ​ទេ»
ផ្ទុយ​ពី​លើក​ឡើង​នេះ កាល​ពី​ដើម​ខែ​សីហា ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ​ចាត់​ទុក​ថា រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចប់​បញ្ហា​​​ព្រំដែន​គោក និង​ព្រំដែន​ទឹក ជាមួយ​ប្រទេស​វៀតណាម តាម​រយៈ​យន្តការ​បង្កើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ។ លោក​ថា អ្វី​ដែល​កម្ពុជា នៅ​សេសសល់​ទឹកដី​ដូច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​កើត​ឡើង​ដោយ​សារ​កិច្ច​ព្រមព្រៀង​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​របស់​រដ្ឋាភិបាល​​ទាំង​ពីរ គឺ​កម្ពុជា និង​វៀតណាម រវាង​ឆ្នាំ​១៩៨២ និង​ឆ្នាំ​២០០៥។
លោក ហ៊ុន សែន៖ «តើ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​តំបន់​ទឹក​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មែន​ទេ​ឬ? ដែល​ពួក​អស់​លោក​បាន​ឭ​ចម្លើយ គឺ​សាមញ្ញ​ណាស់! គឺ​អត់​មាន​បាត់​ទេ។ ដូច្នេះ​បាន​ជា​ជម្រាប​ជូន​អំពី​ខាង​លើ​រួច​ហើយ​ថា កិច្ច​ព្រមព្រៀង​នេះ​ពុំ​បាន​កំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ទៀត ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​ចរចា​រក​ចំណុច​ប្រសប់​សូន្យ​រវាង​កោះ​វ៉ៃ និង​កោះ​ថូជូ ដើម្បី​កំណត់​ព្រំដែន​នៅ​ក្នុង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​នេះ។ អ៊ីចឹង​ការ​ចោទ​ប្រកាន់​ថា បាត់​បង់​តំបន់​ទឹក​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មិន​ខ្លាច​រន្ទះ​បាញ់​ងាប់​ទេ​អី?»
ឯកសារ​ចំនួន ៧៩​ទំព័រ ត្រូវ​បាន​រដ្ឋាភិបាល​បោះ​ពុម្ព និង​ចែក​ចាយ​ជា​សាធារណៈ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រប​ខ្លួន​ឆ្លើយ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ប្រើ​ពេល​ជាង ៥​ម៉ោង នៅ​រដ្ឋ​សភា។ នៅ​ក្នុង​ឯកសារ​ដែល​ស្រង​សំដី​ដើម​ទាំង​ស្រុង​​របស់​លោក​នាយករដ្ឋមន្ត្រី​មក​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា កោះ​ត្រល់​ត្រូវ​បាត់​បង់​ចាប់​ពី​ឆ្នាំ​១៩៣៩ នៅ​គ្រា​លោក ប្រេវីយ៉េ អគ្គ​ទេសាភិបាល​បារាំង ​ដាក់​កោះ​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប​គ្រង​របស់​វៀតណាម ឬ​កូសាំងស៊ីន។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៤៩ កិច្ច​ព្រមព្រៀង​កូសាំងស៊ីន ត្រូវ​បាន​បារាំង ប្រគល់​ទៅ​ឲ្យ​ព្រះចៅ បៅដាយ។
ឯកសារ​ឲ្យ​ដឹង​ទៀត​ថា រយៈ​ពេល ១៥​ឆ្នាំ ពោល​គឺ​ឆ្នាំ​១៩៦៤ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រដ្ឋ​ក្នុង​សម័យ​នោះ បាន​យក​ខ្សែ​ផែន​ទី ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ​គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី​ទទួល​ស្គាល់​ថា ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។ ក្នុង​ន័យ​នេះ​ហើយ​ដែល​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​ថា ជា​ឧបសគ្គ​​ក្នុង​ការ​ទាម​ទារ​ដើម្បី​គ្រប់គ្រង​កោះ​ទាំង​នោះ​ឡើង​វិញ ហើយ​ថា បញ្ហា​នេះ​​ពុំ​មែន​ជា​កំហុស​ក្នុង​អាណត្តិ​របស់​លោក​គ្រប់គ្រង​ប្រទេស​នោះ​ដែរ។
ទាក់ទិន​ករណី​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​បាន​ច្រាន​ចោល​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ភ្ជាប់​ព្រះ​នាម​សម្ដេច​ព្រះ នរោត្តម សីហនុ ទៅ​នឹង​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​តំបន់​ទឹក​នេះ។
លោក សឺន ស៊ូប៊ែរ្តិ៍ ចាត់​ទុក​ថា សម្ដេច​ព្រះ នរោត្តម សីហនុ ពុំ​បាន​ធ្វើ​ឲ្យ​កោះ និង​តំបន់​ទឹក​ខ្មែរ​ត្រូវ​ខាត​បង់​ទៅ​ប្រទេស​វៀតណាម នោះ​ទេ ព្រោះ​ការ​តម្កល់​ឯកសារ​នៅ​ពេល​នោះ គឺ​ដើម្បី​រក្សា​ភាព​គង់វង្ស​តំបន់​ទឹក​​តែ​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​​ចំពោះ​ប្រវត្តិសាស្ត្រ​​ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ​មួយ។
ចំណែក​ឯកសារ​ស្ដី​ពី​តំបន់​ព្រំដែន​កម្ពុជា និង​ខ្ពង់​រាប​ដែន​សមុទ្រ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​ចង់​ក្រង​ឡើង​​ដោយ​លោក ស៊ាន ប៉េងសែ។ កោះ​ត្រល់​មាន​ចម្ងាយ ៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀង របស់​វៀតណាម។ តួលេខ​នេះ​បើ​ប្រៀបធៀប​ពី​កម្ពុជា មាន​ចម្ងាយ​តែ ១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ខេត្ត​កំពត។ បើ​គិត​ពី​កោះ​សេះ ដែល​ជា​កោះ​មួយ​ស្ថិត​នៅ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​ត្រល់។
មជ្ឈដ្ឋាន​នានា​និយាយ​ថា បើ​ទោះ​ជា​បែប​នេះ​ក្តី ផ្អែក​តាម​ផ្លូវ​ច្បាប់​គេ​ក៏​នៅ​តែ​អាច​ទាមទារ​សិទ្ធិ​កាន់​កាប​កោះ​ដែល​បាត់​បង់​ទាំង​នេះ​ពី​រដ្ឋាភិបាល​វៀតណាម វិញ​បាន។
និស្សិត​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ​មួយ​នៅ​ខេត្ត​កំពត លោក ធន់ វុឌ្ឍី។ លោក​បាន​បង្ហាញ​ទស្សនៈ​ថា ​ប្រសិន​បើ​​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ទាមទារ​កោះ​ដែល​បាត់​បង់​នោះ​មក​វិញ គឺ​ពុំ​មាន​ឧបសគ្គ​នោះ​ឡើយ ព្រោះ​កិច្ច​ព្រមព្រៀង​ក្រោម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ នោះ គឺ​មិន​ស្រប​ច្បាប់ ដែល​ផ្ទុយ​ពី​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ស្ដី​ពី​កម្ពុជា។
លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ធានា​ថា សន្ធិសញ្ញា​ទាំង​ឡាយ​ណា​​កើត​ឡើង​នៅ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចូល​ជា​ធរមាន ត្រូវ​ចាត់​ទុក​ជា​មោឃៈ៖ «ពាក់​ព័ន្ធ​នឹង​គតិយុត្តិ​យើង​មាន​មូលដ្ឋាន​ក្តី សង្ឃឹម​មួយ​យ៉ាង​ច្បាស់​លាស់​ថា គឺ​មូលដ្ឋាន​ធំ​បំផុត​គឺ​យើង​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​និយាយ​អំពី​អធិបតេយ្យភាព​របស់​កម្ពុជា។ នៅ​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា​ហ្នឹង មាន​​រួម​ទាំង​អ្នក​ដែល​ធ្វើ​សាក្សី​ធំ​ជាង​គេ​បំផុត​មាន​​អង្គការ​សហប្រជាជាតិ​មួយ​ដែរ ដែល​ចូល​រួម​នៅ​ក្នុង ១៨​ប្រទេស​នោះ»
ទោះ​ជា​បែប​ណា​របាយការណ៍​ចំនួន ៤១​ទំព័រ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០២ របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​ហៅ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​​ដែល​កើត​ឡើង​រវាង​រដ្ឋាភិបាល​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សាធារណរដ្ឋ​​សង្គម​និយម​វៀតណាម កាល​ពី​​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​១៩៨២ ថា បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម មាន​ឱកាស​កាត់​យក​កោះ​ខ្មែរ​មួយ​ចំនួន និង​ដែន​សមុទ្រ​ខ្មែរ​មួយ​ភាគ​បី (១/៣) បន្ថែម​ទៀត។
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា តែង​បដិសេធ​​ក្នុង​ការ​​ឆ្លើយ​បំភ្លឺ​​ជុំវិញ​ការ​រក​ឃើញ​ទាំង​ឡាយ​ណា​ដែល​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​បាត់​បង់​កោះ​ត្រល់​ទៅ​វៀតណាម។ លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា លោក​មិន​ចាំ​បាច់​​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៅ​លើ​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​ជាង ៥​ម៉ោង​នៅ​រដ្ឋសភា​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ទឹក​នេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ទៀត​នោះ​ទេ។
គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​​តែង​ចោទ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជា​ហេតុ​ផល​មួយ​ប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ រវាង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្លាយ​ទៅ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម កាន់កាប់​កោះត្រល់ និង​តំបន់​ទឹក​មួយ​ចំនួន​ទៀត​របស់​ខ្មែរ។ ក៏​ប៉ុន្តែ​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​លោក​តែង​អះ​អាង​ថា សន្ធិសញ្ញា​នេះ​គឺ​ជា​យន្តការ​មួយ​ដែល​ជួយ​ធ្វើ​ឲ្យ​មាន​តំបន់​ទឹក​កម្ពុជា-​វៀតណាម មាន​ភាព​ត្រឹមត្រូវ និង​សម្បត្តិ​ទាំង​ឡាយ​ក្នុង​ដែន​សមុទ្រ​ក្លាយ​ជា​អធិបតេយ្យភាព​របស់​កម្ពុជា៕

Wednesday, August 19, 2015

តើ​ច្បាប់​អាជ្ញាសឹក​​មានន័យ​ដូចម្តេច?


កងទ័ព​ថៃ​ហ្វឹកហាត់​​ក្នុង​​​ទីក្រុង​បាងកក​ប្រភព៖​ china.org
ច្បាប់​អាជ្ញាសឹក​និយាយ​ឲ្យ​ទូលំទូលាយ​​ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ​​ក្នុង​ស្ថានភាព​​ដែល​ប្រទេស​មួយ​​ស្ថិត​នៅ​​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន នៅ​ក្រោយ​ពេល​​រដ្ឋាភិបាល​​ជាប់​គាំង​គ្មាន​ប្រសិទ្ធភាព​អាច​បញ្ចប់​​អំពើ​ហិង្សា​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស។

ដូច​អ្វី​ដែល​បាន​ឃើញ​ស្រាប់​នៅ​​ក្នុង​វិបត្តិនយោបាយ​នា​ទីក្រុង​បាងកក ​​មុន​ពេល​ធ្វើ​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃ​ទី​២២​ ឧសភា​កន្លង​ទៅ​នេះ ​ប្រមុខ​យោធា​ថៃ​បាន​ប្រកាស​​​ដាក់​ច្បាប់​អាជ្ញាសឹក​នៅ​​​ទូទាំង​ប្រទេស​ ក្នុង​​គោល​ដៅ​​ស្ដារ​សន្តិភាព និង​សន្តិសុខ​ជាតិ​ឡើង​វិញ។

ក្នុង​ស្ថានភាព​នេះ ​ក្រុម​យោធា​បាន​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​ដោយ​កំណត់​ថា​៖

​​​​-រាល់​សកម្មជន​ដែល​ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីក្រុង​បាងកក មិន​​អនុញ្ញាត​ឲ្យ​ហែ​ក្បូន​​ធ្វើ​បាតុកម្ម​ក្រៅ​​ទីតាំង​ដែល​​បាន​កំណត់​នោះ​ឡើយ​ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​​ ណា​មួយ​ជា​មួយ​ក្រុម​​បាតុករ​ប្រឆាំង​មួយ​ក្រុម​ផ្សេង​​ទៀត។

– បើ​​គ្មាន​សេចក្តី​ជួន​ដំណឹង​​ជា​មុន​ពី​ក្រុម​យោធា​ទេ​នោះ ស្ថានីយ​ទូរទស្សន៍​ខ្សែកាប និង ផ្កាយរណប​ឧបត្ថម្ភ​ដោយ​​អ្នក​គាំទ្រ​រដ្ឋាភិបាល​ និង ក្រុម​ប្រឆាំង​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​​​ផ្សព្វផ្សាយ​ឃោសនា​បាន​ឡើយ​។

​- រាល់​ស្ថានីយ​ទូរទស្សន៍ និង វិទ្យុ​ទាំងអស់​ ត្រូវ​​ផ្អាក​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ផ្សព្វផ្សាយ​ពី​ស្ថានភាព​​ទូទៅ​របស់​កងទ័ព​នៅ​ក្នុង​ប្រទេស​​​។​

-ការ​ផ្សព្វផ្សាយ ឬ ​​ការ​ចេញ​អត្ថបទ​ណា​មួយ​​មាន​លក្ខណៈ​ញុះញង់​នាំ​ឲ្យ​មាន​ការ​បះបោរ​​កើត​មាន​ឡើង​ ត្រូវ​បាន​ហាមឃាត់​។​

-ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចេញ​ផ្សាយ​ណា​មួយ​​ញុះញង់​នាំ​ឲ្យ​មាន​អំពើ​ហិង្សា ឬ ការ​ប្រឆាំង​ទៅ​នឹង​យោធា​​បាន​ឡើយ ហើយ​​​បើ​មិន​គោរព​ទៅ​តាម​បំរាម​នេះ​នឹង​ត្រូវ​​មាន​ទោស។​

-ប៉ូលិស​ត្រូវ​ប្រគល់​​ភារកិច្ច​​របស់​ខ្លួន​ទៅ​ឲ្យ​​​ក្រុម​កងទ័ព ​ក្នុង​ករណី​​ការ​ស្នើសុំ​ណា​មួយ​​ត្រូវ​បាន​ធ្វើ​ឡើង។

នៅ​តាម​ប្រទេស​មួយ​ចំនួន​ ច្បាប់​​អាជ្ញាសឹក​អាច​​ផ្តល់​​កំណត់​ឡើង​​ទូលំទូលាយ​ ឬ មាន​លក្ខណៈ​តឹងតែង​ជាង​នេះ រហូត​មាន​ការ​ផ្តល់​​អំណាច​អនុញ្ញាត​ឲ្យ​​កងទ័ព​ធ្វើ​​ការ​ឆែកឆេរ​​គ្រប់​ពេល​វេលា​​​នៅ​ក្នុង​លំនៅឋាន​ឯកជន កំណត់​ចំនួន​មនុស្ស​​មិន​ឲ្យ​ជួបជុំ​គ្នា​ចាប់​ពី​៣​នាក់​ឡើង​ទៅ និង ចាប់​ខ្លួន​​​ជន​ណា​ម្នាក់​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង។

ជា​ទូទៅ​រដ្ឋាភិបាល​មួយ​កម្រ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​ណាស់​ព្រោះ​ថា វា​ប៉ះពាល់​ខ្លាំង​ដល់​​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​​ លុះត្រា​តែ​ស្ថានភាព​​សន្តិសុខ និង សន្តិភាព​ក្នុង​ប្រទេស​នោះ​មាន​លក្ខណៈ​ដុនដាប​ខ្លាំង​ទើប​គេ​អនុវត្ត​ច្បាប់​នេះ​ឡើង៕

Monday, May 18, 2015

អត្រា​ពន្ធ​លើ​ប្រាក់បៀវត្ស​​​ឆ្នាំ​២០១៥​​ ​ត្រូវ​បាន​កែ​ប្រែ​ខុស​ពី​ឆ្នាំ​មុនៗ​÷

អ​គ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​ដល់​និយោជក​និង​និយោជិត​ស្ដី​ពី​ការ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស​សម្រាប់​ឆ្នាំ​២០១៥​ ដោយអនុលោម​តាម​មាត្រា​១១​ នៃ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ ដោយ​កែ​ប្រែ​មាត្រា​​ ​៤៧​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជ​ក្រម​លេខ​នស/រកម/០២៩៧/០៣​ ចុះ​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ ឆ្នាំ​១៩៩៧​។

សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​០៦​ ខែ​មករា​ ឆ្នាំ​២០១៥​​ ​យោង​តាម​មាត្រា​ ៤៧​ថ្មី​ ​ឱ្យ​ដឹង​ថា ​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំ​ខែ​​ចាប់​ពី​ ៨០០ ០០១​ រៀល​ ដល់​ ១ ២៥០ ០០០ រៀល ៥​ %ប្រាក់​​បៀវត្ស​ចាប់​ពី ​១ ២៥០​ ០០១រៀល​ ដល់ ៨ ៥០០ ០០០​ រៀល​ មាន​អត្រា​ពន្ធ​ ១០​​% និង​ អត្រា​ពន្ធ​១៥% កំណត់​បៀវត្ស​ចាប់​ពី ​៨ ៥០០ ០០១​រៀល​ ទៅ​ ១២ ៥០០​ ០០០ រៀល ហើយ​ លើស​ពី​ ១២ ៥០០ ០០០ រៀល ឡើង​ទៅ​មាន​អត្រា​ពន្ធ​ចំនួន​ ២០​%​។​ ដោយ​ឡែក ​​​តាម​មាត្រា​ថ្មី​នេះ​ គឺ​​​​អ្នក​ដែល​ទទួល​ប្រាក់​បៀវត្ស​​ក្រោម​ ៨០​​ម៉ឺន​រៀល​មិន​​គិត​​អត្រា​ពន្ធ​នោះ​ទេ​​ ខណៈ​ដែល​មាត្រា​ ៤៧​ចាស់​ ​គឺ​​ប្រាក់​បៀវត្ស​ក្រោម​ ៥០ម៉ឺន​រៀល​មិន​គិត​ពន្ធ។​​​​​

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​នេះ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ សង្ឃឹម​ថា ​និយោជិត​ និង​និយោជក​ទាំង​អស់ ​នឹង​អញ្ជើញ​មក​ដាក់​លិខិត​ប្រកាស​និង​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស​តាម​ច្បាប់​កំណត់​ខាង​លើ​នេះ

Saturday, May 16, 2015

កំពូលមហាសេដ្ឋី ទំាង ១០រូប មានបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា

កម្ពុជា គឺជាព្រះរាជាណាចក្រមួយដ៏ស្រស់ស្អាត ពោរពេេញធនធានធម្មជាតិ និងតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញមួយនៅលើពិភពលោក ដែលមាននាំយកអ្នកវិនិយោគទុនជាតិ និងបរទេសជាច្រើន ចូលមកវិនិយោគស្ទើរតែគ្រប់វិស័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះយើងឃើញអ្នកមានទ្រព្យស្តុកស្តម្ភ ជាច្រើនក្នុងប្រទេស ក៏វិនិយោគលើវិស័យនានា ជាច្រើនដូចជា៖ អគារសំណង់ខ្ពស់ៗ(ផ្លូវ ស្ពាន សណ្ឋាគារ) សេវាកម្មដឹកជញ្ជូន សេវាកម្មប្រព័ន្ធទូរស័ព្ទ និងក្រុមហ៊ុនជាច្រើនរីករាយដុះដាលដូចផ្សិតនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ខាងក្រោមគឺជាឈ្មោះកំពូលមហាសេដ្ឋីទាំង ១០រូប មានបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១១។

១/ លោក គិត ម៉េង -ប្រធាន និង នាយកប្រតិបត្តិ ក្រុមហ៊ុន Royal Group  និង ជាម្ចាស់នៃស្ថានីយ៍ទូរទស្សន៍ CTN ,CNC, MY TV។

២/ លោក លី យ៉ុងផាត - ស្តេចកោះកុង (ជាអ្នកវិនិយោគលើការសាងសង់ស្ពានកោះកុង)  ថ្នាំជក់  អគ្គិសនី  កាស៊ីណូនិង តំបន់កំសាន្ត។

៣/ លោកស្រី លីម ឈីវហូរ -នាយកក្រុមហ៊ុន Attwood Export Import Co Ltd ជាស្រី្តម្នាក់ដ៏ល្បីល្បាញ នៅកម្ពុជា។

៤/ លោក កុក អាន -ប្រធានក្រុមហ៊ុន Anco Grops និង វិយោគលើថ្នាំជក់ ធនាគារ និង កាស៊ីណូ។

៥/ លោក ម៉ុង រិទ្ធី -ស្តេចកសិកម្ម (វិនិយោគលើវិស័យកសិកម្ម មានដូចជា៖ ដូងប្រេង និងចិញ្ចឹមសត្វ)។

៦/ លោក សុខ គង់-មា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈ ស៊ូគីម៉ិច និង វិនិយោគលើសំណង់អគារធំៗ ជាច្រើនដូចជា សណ្ឋាគារ និងតំបន់កំសាន្ត ជាច្រើនទៀត។

៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ) និង លោកឡៅ ម៉េងឃិន-ម្ចាស់ក្រុមហ៊ុន Pheapimex Fu Chan Co. Ltd

៨/ លោក ពុង ខៀវសែ-ម្ចាស់ធនាគារ កាណាឌីយ៉ា Canadia Bank )

៩/ លោក ស៊ី គង់ទ្រីវ-ប្រធានក្រុមហ៊ុន KT Pacific Group

សូមបញ្ជាក់ថា៖ ត្រង់លេខ ៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ គឺត្រូវរាប់បញ្ជូលទាំង ២នាក់។ សរុបទាំងអស់ គឺ មាន ១០រូប៕

Friday, May 15, 2015

តើ​សេដ្ឋកិច្ច​ផែនការណ៍ និង​សេដ្ឋកិច្ច​ទីផ្សារ​​ខុស​គ្នា​យ៉ាង​ដូចម្ដេច​ខ្លះ?

​នៅ​ក្នុង​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដែល​ត្រូវ​បាន​អនុវត្ត​កន្លង​មក មាន​ទម្រង់​ពីរ​ធំៗ​គឺ​ទម្រង់​សេដ្ឋកិច្ច​ផែនការណ៍ (centrally planned economy) និង​សេដ្ឋកិច្ច​ទីផ្សារ (market economy)។ កាលពី​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ បណ្ដា​ប្រទេស​ដែល​អនុវត្ត​នយោបាយ​កុម្មុយនិស្ត​និយម ឬ​សង្គម​និយម​ច្រើន​អនុវត្ត​ទាំង​នយោបាយ​កុម្មុយនិស្ត​និយម​ផង និង​ទាំង​សេដ្ឋកិច្ច​ផែនការណ៍​ផង។ ចំណែក ប្រទេស​ដែល​អនុវត្ត​របប​ប្រជាធិបតេយ្យ ច្រើន​អនុវត្ត​ទម្រង់​ម៉ាក្រូ​សេដ្ឋកិច្ច​បែប​សេដ្ឋកិច្ច​ទីផ្សារ។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ប្រទេស​ខ្លះ​បាន​កែទម្រង់​សេដ្ឋកិច្ច​ផែនការណ៍​ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារ។

​សេដ្ឋកិច្ច​ផែនការណ៍ (Centrally Planned Economy) 
ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ «មធ្យោបាយ​ផលិតកម្ម – means of production» ត្រូវ​បាន​គ្រប់គ្រង​ជា​លក្ខណៈ​សមូហភាព (collective) ចំណែក​វិស័យ​សេដ្ឋកិច្ច​ជាតិ​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋ។ ​រដ្ឋ​ជា​អ្នក​កំណត់​ថា​ត្រូវ​ផលិត​អ្វី ហើយ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន។

សេដ្ឋកិច្ច​ផែនការណ៍​ជា​ទម្រង់​ម៉ាក្រូសេដ្ឋកិច្ច សមូហភាព​និយម។ ម៉្លោះហើយ រដ្ឋ​មាន​សិទ្ធិ​គ្រប់​គ្រង និង​ចាត់ចែង​ប្រភព​ធនធាន​របស់​ជាតិ។ នៅ​ក្នុង​សេដ្ឋកិច្ច​ផែនការណ៍ ភាគច្រើន​បំផុត​នៃ​រោងចក្រ​សហគ្រាស និង​ឧស្សាហកម្ម​តូច​ធំ​ទាំង​អស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ ឬ​យ៉ាងហោចណាស់​ក៏​មាន​ចំណែក​ភាគហ៊ុន​របស់​រដ្ឋ​នៅ​ក្នុង​នោះ​ដែរ។

គុណសម្បត្តិ​របស់​សេដ្ឋកិច្ច​ផែនការណ៍​ គឺ​ថា​ឯកជន​មិន​អាច​ឡើង​ថ្លៃ​ទំនិញ​ស្រេច​នឹង​ចិត្ត​ទេ ព្រោះ​រដ្ឋ​មើល​ការ​ខុសត្រូវ។ ប៉ុន្តែ​គុណវិបត្តិ​របស់​វា​នៅ​ត្រង់​ថា​ខ្វះ​ការ​ប្រកួតប្រជែង និង​មិន​សូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត។ នៅ​ក្នុង​សេដ្ឋកិច្ច​ផែនការណ៍ មិន​សូវ​រីក​ចម្រើន​ដូច​សេដ្ឋកិច្ច​ទីផ្សារ​ទេ ព្រោះ​កាលណា​រដ្ឋ​រកស៊ី​ប្រជែង​ជាមួយ​ឯកជន​បែប​នេះ គឺ​ពិបាក​រីក​ចម្រើន។

សេដ្ឋកិច្ច​ទីផ្សារ​សេរី (Market Economy)
​​នៅ​ក្នុង​របប​សេដ្ឋកិច្ច​ទីផ្សារ (market economy) រដ្ឋ​មិន​អាច​រកស៊ី​អ្វី​កើត​ទេ ហើយ​ប្រភព​ចំណូល​ជាតិ​សំខាន់​ គឺ​បាន​ពី​ការ​សម្បទាន​ឲ្យ​វិនិយោគិន និង​ប្រមូល​ពន្ធ​ពី​វិស័យ​ឯកជន។ នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ត្រូវ​បាន​កំណត់​ដោយ​ «តម្រូវ​ការ – demand» និង «ការ​ផ្គត់ផ្គង់ – supply» ហើយ​រដ្ឋ​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ឯកជន​ទេ ទុក​ឲ្យ​ឯកជន​ប្រកួត​គ្នា​ដោយ​ស្មើ​ភាព។

សេដ្ឋកិច្ច​ទីផ្សារ​ជា​ទម្រង់​សេដ្ឋកិច្ច​ដែល​ការ​វិនិយោគ – មធ្យោបាយ​ផលិតកម្ម និង​ការ​ចែកចាយ​ផលិតផល អាស្រ័យ​លើ​ទំហំ​តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់។ រដ្ឋ​មិន​កំណត់​តម្លៃ​ទំនិញ​ទេ។

ប្រៀបធៀប​លក្ខណៈ​ខុស​គ្នា​រវាង​ប្រព័ន្ធ សេដ្ឋកិច្ច​ទាំង​ពីរ
សេដ្ឋកិច្ច​ទីផ្សារ
– ​ប្រជាពលរដ្ឋ​មាន​កម្មសិទ្ធិ​ឯកជន 
– ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ពេញ​ទី​ខាង​ការ​ប្រកប​មុខ​របរ 
– ​កម្មករ និយោជិត​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល 
– ​ប្រាក់​ឈ្នួល​ពលកម្ម​អាស្រ័យ​លើ​សមត្ថភាព​ជាក់​ស្ដែង។

សេដ្ឋកិច្ច​ផែនការណ៍
– រដ្ឋ​គ្រប់គ្រង​កម្មសិទ្ធិ​គ្រប់​សព្វបែបយ៉ាង (ឯកជន​មាន​សិទ្ធិ​ត្រឹម​អាស្រ័យ​ផល)
– ​ឯកជន​គ្មាន​សិទ្ធិ​រក​ស៊ី​ប្រណាំង​ជាមួយ​រដ្ឋ​ទេ
– ​គ្មាន​អត្ថប្រយោជន៍​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​ទេ
​- ​ប្រាក់​ឈ្នួល​ស្មើ​ភាព​គ្នា​ទាំង​អស់ (ធ្វើ​ការ​តិច ធ្វើ​ការ​ច្រើន​ក៏​បាន​ស្មើៗ​គ្នា)