យោងតាមរបាយការណ៍ធនាគារអង់គ្លេស (HSBC) បានបង្ហាញពីប្រទេសចំនួន ១០ ដែលនឹងក្លាយជាមហាអំណាចមានជាងគេបំផុតនៅក្នុងឆ្នាំ ២០៥០។ ដើម្បីចង់ដឹងថា តើប្រទេសណាខ្លះជាមហាអំណាចមានជាងគេទាំង ១០ នេះ សូមតាមដានជាមួយ TheBNEWS ដូចខាងក្រោមនេះ!
១០) កាណាដា ២,២៩ ពាន់ពាន់លានដុល្លារ
កាណាដា នឹងក្លាយជាមហាអំណាចទី ១០ ដែលមានជាងគេបំផុតនៅក្នុងឆ្នាំ ២០៥០ ខណៈដែលប្រាក់ចំណូលរបស់ពលរដ្ឋខ្លួនត្រូវគេព្យាករណ៍ថា នឹងកើនឡើងចំនួន ៣ ដងពីប្រទេសដែលមានប្រជាជនមានប្រាក់ចំណូលខ្ពស់លំដាប់ទី ១៥ នៅពេលបច្ចុប្បន្នធ្លាក់មកទី១២ នៅពេលនោះ។
៩) បារាំង ២,៧៥ ពាន់ពាន់លានដុល្លារ
ទោះបីជាតំបន់ចាយប្រាក់អឺរ៉ុ កំពុងប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ន ហើយបារាំងជាសមាជិកមួយរបស់ស្ថាប័នមួយនេះ (EU) ក៏ប្រទេសនេះនៅតែជាមហាអំណាចមានជាងគេបំផុតលំដាប់ទី៩ នៅក្នុងឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលប្រជាពលរដ្ឋបារាំងក៏នឹងកើនឡើងជាបន្តបន្ទាប់ផងដែរនៅក្នុងរយៈពេល ២ ទៅ ៣ ទសវត្សខាងមុខនេះ។
៨) មិកស៊ិក ២,៨១ ពាន់ពាន់លានដុល្លារ
មិកស៊ិកដែលស្ថិតនៅអាមេរិកខាងជើងដែរនោះ គឺកាន់តែអស្ចារ្យថែមទៀត ត្បិតអីសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ ២០៥០ នឹងធ្វើឲ្យខ្លួនក្លាយជាមហាអំណាចមានជាងគេបំផុតនៅពេលនោះ។ ថ្វីត្បិតតែមិកស៊ិកមានសេដ្ឋកិច្ចទាបជាងកាណាដានៅពេលនេះ តែកំណែទម្រង់លើវិស័យសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នរួមមាន ការអប់រំ វិស័យថាមពល ទូរគមនាគមន៍ វិនិយោគ ពលកម្ម និង វិស័យហិរញ្ញវត្ថុជាដើម គឺជាក្តីសុបិនការពិតមួយរបស់ខ្លួនដែលនឹងក្លាយជាប្រទេសមានជាងគេបំផុតលំដាប់ទី ៨ ក្នុងរយៈពេលជាង ៣ ទសវត្សខាងមុខ។
៧) ប្រេស៊ីល ២,៩៦ ពាន់ពាន់លានដុល្លារ
ប្រេស៊ីលដែលកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំងក្លានៅទ្វីបអាមេរិកខាងត្បូងនៅពេលបច្ចុប្បន្ននោះ ធ្វើឲ្យគេអាចព្យាករណ៍បានថា ខ្លួននឹងក្លាយជាមហាអំណាចមានជាងគេបំផុតលំដាប់ទី ៧ នៅក្នុងឆ្នាំ ២០៥០។ ទោះបីជាប្រាក់ចំណូលពលរដ្ឋរបស់ខ្លួននឹងធ្លាក់ពីលេខរៀងទី ៥២ ទៅ ទី ៦១ នៅពេលនោះ តែសញ្ញាណល្អលើភាពលូតលាស់សេដ្ឋកិច្ច នឹងជំរុញឲ្យប្រទេសនេះក្លាយជាមហាអំណាចសេដ្ឋកិច្ចពិតប្រាកមែន។
៦) អង់គ្លេស ៣,៥៨ ពាន់ពាន់លានដុល្លារ
នៅក្នុងឆ្នាំ ២០៥០ នេះសេដ្ឋកិច្ចអង់គ្លេសហាក់មានលក្ខណៈល្អប្រសើរឡើងបន្តិច តែនៅចាញ់អាល្លឺម៉ង់ដែលមានកំណើន (GDP) នាំមុខអង់គ្លេសរហូតដល់ ៣៤៦ ពាន់លានដុល្លារទៅហើយ។ យ៉ាងណាមិញ សេដ្ឋកិច្ចអង់គ្លេសនៅតែដើរទៅមុខដោយសារវិស័យឧស្សាហកម្មរបស់ខ្លួននៅតែផ្តល់ផ្លែផ្កាយ៉ាងធំសម្បើមដល់សេដ្ឋកិច្ចរបស់ខ្លួន។ ចង់ឬ មិនចង់តាមការព្យាករណ៍ អង់គ្លេសនឹងក្លាយជាប្រទេសអ្នកមានជាងគេបំផុតទី ៦ នៅពេលនោះ។
៥) អាល្លឺម៉ង់ ៣,៧១ ពាន់ពាន់លានដុល្លារ
នៅក្នុងឆ្នាំ ២០៥០ គេបានព្យាករណ៍ថា អាល្លឺម៉ង់នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅក្នុងឆ្នាំ ២០៥០ និង ជាមហាអំណាចមានជាងគេបំផុតលំដាប់ទី ៥ នៅលើពិភពលោក។ ទោះបីជាខ្លួនធ្លាក់ពីតំណែងលេខ៤ ដោយសារតែសេដ្ឋកិច្ចឥណ្ឌាល្អជាងក្តី ប្រាក់ចំណូលពលរដ្ឋរបស់ខ្លួននឹងហក់ពីលេខរៀងទី ១៨ មកលេខរៀងទី ១០ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅពេលនោះដោយសារតែស្ថិរភាពសេដ្ឋកិច្ច។
៤) ជប៉ុន ៦,៤៣ ពាន់ពាន់លានដុល្លារ
ជប៉ុននឹងប្រឈមមុខទៅនឹងការធ្លាក់ចុះកំណើនពលរដ្ឋរបស់ខ្លួននៅក្នុងឆ្នាំ ២០៥០ តែសេដ្ឋកិច្ចរបស់ខ្លួននៅតែល្អប្រសើរនៅពេលនោះ ពោលគឺមហាអំណាចសេដ្ឋកិច្ចនៅអាស៊ី បូព៌ាមួយនេះនឹងក្លាយជាប្រទេសមានជាងគេបំផុតទី ៤ នៅពេលនោះ។ កំណើនលូតលាស់លើវិស័យសេវាកម្ម ពាណិជ្ជកម្ម និង ឧស្សាហកម្មគឺជាប្រភពដ៏សំខាន់នៃដង្ហើមសេដ្ឋកិច្ចរបស់ខ្លួនគ្មានដែនកំណត់។
៣) ឥណ្ឌា ៨,១ ពាន់ពាន់លានដុល្លារ
សម្រាប់ទ្វីបអាស៊ី ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ បន្ទាប់ពីចិននៅក្នុងឆ្នាំ ២០៥០ និង ជាមហាអំណាចមានជាងគេបំផុតលំដាប់ទី៣ នៅពេលនោះ។ ជាមួយនឹងការចម្លងគំរូដឹកនាំសេដ្ឋកិច្ចមកពីលោកខាងលិច កំណើនកម្លាំងពលកម្ម ទំនើបកម្មលើវិស័យបច្ចេកវិទ្យា ទាំងនេះសុទ្ធតែជាសក្ដានុពលរបស់ខ្លួននៅពេលអនាគត។
២) សហរដ្ឋអាមេរិក ២២,២៧ ពាន់ពាន់លានដុល្លារ
អាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ នឹងបាត់បង់តំណែងរបស់ខ្លួនមកទីពីរវិញនៅក្នុងឆ្នាំ ២០៥០ ខាងមុខ។ យ៉ាងណាមិញ កំណើនប្រាក់ចំណូលពលរដ្ឋរបស់ខ្លួន ក៏នឹងកើនឡើងផងដែរនៅពេលនោះ ហើយនៅតែច្រើនជាងប្រាក់ចំណូលប្រជាជនចិនដែលនឹងក្លាយជាមហាអំណាចមានជាងគេបំផុតទី១ ក្នុងរយៈពេលដូចគ្នានេះ។
១) ចិន ២៥,៣៣ ពាន់ពាន់លានដុល្លារ
ថ្វីត្បិតតែនៅពេលបច្ចុប្បន្ន ចិនជាមហាអំណាចមានផលិតផលក្នុងស្រុកសរុប (GDP) ធំជាងគេបំផុតលំដាប់ទី២ បន្ទាប់ពីអាមេរិក តែតំណែងនេះនឹងធ្លាក់មកខ្លួនវិញ។ ដូច្នេះវាគ្មានអ្វីដែលគួរឲ្យសង្ស័យនោះឡើយដែរថា ចិននឹងមិនអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០៥០ ព្រោះកំណែទម្រង់សេដ្ឋកិច្ចដែលមានកំណើនខ្ពស់រហូតដល់ ៧% ក្នុងមួយឆ្នាំៗនាពេលបច្ចុប្បន្ន គឺជាសញ្ញាណល្អពីភាពមានបានរបស់ខ្លួននៅពេលអនាគត៕
No comments:
Post a Comment