ប្រទេសចិនក្រោមការដឹកនាំរបស់តេង ស៊ាងពីង បានស្ថាបនាសេដ្ឋកិច្ចប្រទេសយក្សមួយនេះតពីបិតាបដិវត្តន៍ចិនម៉ៅ សេងទុង បានប្រើយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ក្នុងការរុញច្រានប្រទេសដែលមានប្រជាជនច្រើនមួយនេះ មានការរីកចម្រើនតាមការកំណត់របស់ខ្លួន។ តេង ស៊ាងពីង គឺជាមេដឹកនាំកំពូលរបស់ចិន ដែលប្រជាជនចិនចងចាំមិនភ្លេចឡើយ អំពីស្នាដៃក្នុងការកសាងសេដ្ឋកិច្ចប្រទេសកុំម្មុនីស្តមួយនេះទៅជាសេដ្ឋកិច្ចទំនើប។ ខាងក្រោមនេះពាណិជ្ជកម្មកម្ពុជានឹងលើកយកចំណុចសំខាន់ ៣ដែលតេង ស៊ាងពីង ប្រើប្រាស់លុយបរទេសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចិន៖
១-ត្រូវហ៊ានខ្ចីលុយបរទេស ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍៖
CANADIA CAR AD
បើប្រទេសជាតិត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ចុះទៅខ្លាចអីក្នុងការខ្ចី អ្នកឲ្យខ្ចីគេមិនខ្លាផង។ ប្រទេសនៅលើពិភពលោក ជាពិសេសប្រទេសមហាអំណាចធំៗ ដូចចិន សហរដ្ឋអាមេរិក រុស្ស៊ីជាដើម បានខ្ចីលុយពីប្រទេសដទៃទៀតមិនតិចនោះទេ ក៏ប៉ុន្តែអ្វីប្រទេសចិនបានប្រើប្រាស់លុយទំាងនោះ គឺដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ច សម្រាប់បង្កើនល្បឿននៃការអភិវឌ្ឍន៍។ ក្រោមការដឹកនាំ តេង ស៊ាងពីង លោកជឿលើការដឹកនាំសេដ្ឋកិច្ចបែបមូលធននិយម ជាងបែបកុំម្មនីស្ត ដោយអនុញ្ញាតឲ្យពលរដ្ឋប្រកបរបបកសិកម្មជាលក្ខណៈឯកជន សហគ្រាសធុន និងមធ្យម។ ដោយលោកបានយកលុយទំាងនោះទៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្រូលដល់ការប្រកបរបបរបស់ប្រជាពលរដ្ឋផ្ទាល់ កត្តាទំាងនេះបានធ្វើឲ្យពលរដ្ឋចិនមានជីវភាពរីកលូតលាស់ជាលំដាប់។
២-មិនត្រូវខ្ចីលុយពីបរទេសច្រើនពេកនោះទេ
លោកតេង ស៊ាងពីង តែគិតដល់លទ្ធភាពនៃការសង់ត្រឡប់ទៅវិញ កុំធ្វើឲ្យបញ្ហាខ្ចីលុយទៅជាបន្ទុកដ៏ធ្ងន់រារំាងដល់ការអភិវឌ្ឍនជាតិ។ ទោះបីជាលោកបានសិក្សាជ្រៅជ្រះទាក់ទងលទ្ធិកុំម្មនីស្តក៏ពិតមែន តែទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិតជាខ្ពស់ហួសការនឹកស្មានសម្រាប់ជនសាមញ្ញទៅទៀត។ ចិនមិនមែនខ្ចី ហើយមិនសងនោះទេ ការខ្ចីលុយពីបរទេស ត្រូវច្បាស់ថា នឹងធ្វើការសង់ត្រឡប់មកវិញតាមការកំណត់ ព្រោះវាជាតម្លៃរបស់ចិន បើអ្នកមិនឲ្យតម្លៃប្រទេសខ្លួនឯងទេ តើអាចដឹកនាំប្រទេសមួយនេះឲ្យរីកចម្រើនម្តេចនឹងកើត។ ដោយសារការសង់ត្រឡប់នូវលុយដែលខ្ចីបរទេសមានភាពច្បាស់លាស់ បានធ្វើឲ្យចិនងាយស្រួលក្នុងការខ្ចីលុយបរទេសជាបន្តបន្ទាប់។
៣-ខ្ចីលុយបរទេសដើម្បីអភិវឌ្ឍន៍ផលិតកម្ម មិនមែនសំរាប់បំពេញឱនភាពហិរញ្ញវត្ថុនោះទេ
ប្រទេសចិនមិនត្រូវខ្ចីលុយ គ្រាន់តែយកមកដោះស្រាយការហូបចុកនោះទេ ប្រសិនបើខ្ចីត្រឹមហូបចុកនោះនឹងជួបការលំបាកក្នុងការដោះខ្លួនឲ្យចេញផុតពីឋានៈជាប្រទេសខ្ចីបុលមិនចេះចប់មិនចេះហើយមិនខាន។ តេង ស៊ាង បានប្រើយុទ្ធសាស្ត្រខ្ចីលុយនេះ ដើម្បីយកទៅអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈអភិវឌ្ឍន៍កត្តាផលិតកម្មរបស់ចិន ដូចជាសហគ្រាសខ្នាតតូច មធ្យម និងរោងចក្រសំខាន់ៗរបស់ចិន ដើម្បីបង្កើនការផលិតរបស់ខ្លួនសំរាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលជាចំណូលជាតិដ៏សំខាន់បំផុតរបស់ចិន។
លោកតេង ស៊ាងពីង បានធ្វើការកំណែទម្រង់សេដ្ឋកិច្ចចិនដែលមិនធ្លាប់មានពីមុនមក ដែលជាឬសគល់នៃកាអភិវឌ្ឍន៍សេដ្ឋកិច្ចចិន ដោយបង្កើតឲ្យមានរបបកម្មសិទ្ធិឯកជន ដោយឲ្យពលរដ្ឋមានសិទ្ធិកាន់កាប់ដីធ្លី និងបង្កបង្កើនផល មានសិទ្ធិវិនិយោគលើវិស័យផ្សេងៗទៀត ដែលធ្វើឲ្យសេដ្ឋកិច្ចចិនមានការរីកលូតលាស់ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានបើកទ្វារឲ្យក្រុមហ៊ុនបរទេសអាចវិនិយោគផ្ទាល់ក្នុងប្រទេសចិនបានផងដែរ៕