Wednesday, June 7, 2017
ប្រវត្តិខេត្តអយុធ្យាតាមរយៈសិលាចារឹកខ្មែរ

សម្រាប់ប្រវត្តិខេត្តអយុធ្យាដែលធ្លាប់ត្រូវបានកងទ័ពភូមាដុតកំទេចនៅឆ្នាំ១៧៧៩ គឺមានការខ្វែងគំនិតគ្នាចំពោះ កាលបរិច្ឆេទ ឬចំណាស់ ។ អ្នកប្រវត្តិវិទូថៃ ដែលសំអាងលើច្បាប់ ’ព្រះរាជពង្សាវតារអយុធ្យា” បានអះអាងថា ទីក្រុង ខាងលើនេះដែល ជា’កោះ” ឬ ’ទីក្រុងទឹក” ត្រូវបានកសាងឡើងដោយស្តេចថៃ ព្រះនាមថា អ៊ូថង នៅឆ្នាំ១៣៥០ ។ តែលោក អៃម៉ូនីយេ មិនយល់ស្របនឹងទស្សនទាននេះទេ ដោយលោកបានបញ្ជាក់ថា អយុធ្យាគឺជាទឹកដីខ្មែរ ហើយធ្លាប់ មានប្រវត្តិដ៏យូរលង់ ជាច្រើនសតវត្សមុនការមកដល់នៃជនជាតិថៃ ។ ដើម្បីចូលរួមវិភាគទាន ក្នុងការស្វែងយល់អំពីឫសកែវនៃទីក្រុងអយុធ្យា យើងសូមអនុញ្ញាតិផ្តល់នូវឯក សារសំណេរមួយ គឺផ្ទាំងសិលាចារឹក ដែលគេបានរកឃើញក្នុងខេត្តនេះ នៅឆ្នាំ១៩៣៩ នៅពេលសាងសង់ផ្លូវនៅលើ ទួលបុរាណមួយមានឈ្មោះថា បូតព្រាហ្មណ៍ ។ ទួលប្រាសាទនាសម័យអង្គរខាងលើនេះ ស្ថិតនៅខាងកើតនៃទីក្រុង អយុធ្យា ក្បែរស្ពានចាស់មួយឈ្មោះថា សះផានជីគុន សម្រាប់ភ្ជាប់កោះអយុធ្យានឹងត្រើយម្ខាងទៀតនៃព្រែក ។ សូមរំលឹកថា ផ្ទាំងសិលាចារឹកខ្មែរចារនៅឆ្នាំ៩៣៧នៃគ.ស ដែលយើងបានយកមកសិក្សាវិភាគឡើងវិញនេះ ត្រូវបានផ្សព្វផ្សាយម្តងរួចមកហើយ នៅឆ្នាំ១៩៤៤ ដោយលោក ហ្សក ស៊ឺដេស (Cf. L'inscription khmere d'Ayuthya, The Journal of the Thailand Research (JTRS) Vol XXXV, Part I, 2,1944. Bangkok ។ ផ្ទាំងសិលាចារឹកខ្មែរនៃខេត្តអយុធ្យាមានកំពស់០ម៉៤៥ កម្រាស់ ០ម៉២២ ហើយមានចារអក្សរទាំងសងខាង ។ ផ្នែកទី១ នៃសិលាចារឹក មានតួអក្សរ១៨បន្ទាត់ជាកាព្យឃ្លោងសំស្ត្រឹត ។

រីឯនៅផ្នែកទី២វិញ ដែលសរសេរជាភាសាខ្មែរមានតួអក្សរ១៧បន្ទាត់ ពាក់ព័ន្ធទៅនឹងបញ្ជីពួកខ្ញុំបម្រើប្រាសាទខាងលើ ។ បើពិនិត្យលើខ្លឹមសារនៃសិលាចារឹក យើងអាចនិយាយបានថា គ្មានអ្វីគួរឲ្យមានភាពស្រពិចស្រពិលឡើយ ។ តទៅនេះគឺសេចក្តីសង្ខេបនៃសិលាចារឹកអយុធ្យាអានដោយលោកហ្សកស៊ឺដេស : ខ្លឹមសារនៃសិលាចារឹកនៅអ្នកទី១ បានឲ្យដឹងថា មានការមនការដល់ព្រះសិវក្រោមព្រះនាមចន្ករៈ និងព្រះ នាងបាវតី ដែលជាព្រះជាយារបស់ទ្រង់ ។ បន្ទាប់មកទៀតសិលាចារឹកក៏បានបង្ហាញអំពីប្រវត្តិនៃព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យ នៅចានាសៈបុរី ។ នេះមានន័យថា ខេត្តនេះ គឺ បានស្ថិតនៅក្រោមកាត្រួតត្រាគ្រប់គ្រងរបស់វង្ស ក្សត្រខ្មែរ មុនការមកដល់នៃជនជាតិថៃ ហើយខេត្តនេះ ជាកេរ្តិ៍ដំណែលរបស់ខ្មែរ ។ នៅក្នុងសិលាចារឹកបានឲ្យដឹងថា ព្រះមហាក្សត្រទី១ ដែលបានគ្រងរាជសម្បត្តិដំបូងបង្អស់នៅចានាសៈបុរី គឺព្រះបាទសន្ទរបរាក្រម ។ ព្រះមហាក្សត្រអង្គនេះមានព្រះរាជបុត្រីមួយអង្គមានព្រះនាមថា ភគទត្ត ដែលបានប្រសូត បុត្រីពីព្រះអង្គ គឺមារបតិសិង្ហវរ័ន្មដែលជាព្រះរៀម និងមង្គលវរ័ន្ម ដែលជាព្រះអនុជ ។ សិលាចារឹក ក៏បានបញ្ជាក់ទៀត ថា ព្រះអង្គម្ចាស់មារបតិសិង្ហវរ័ន្ម បានក្លាយទៅជាអធិបតីគ្រប់គ្រងនគរចានាសៈបុរៈ រីឯព្រះអនុជរបស់ព្រះអង្គវិញ គឺជាអ្នកដែលបានកសាងរូបសំណាកដំណាងឲ្យព្រះមាតារបស់ទ្រង់ ក្រោមរូបភាពនៃព្រះសិវៈ ឬ ព្រះឥសូរ ។ ផ្នែកទី២នៃសិលាចារឹកអយុធ្យាដែលសរសេរជាភាសាខ្មែរសុទ្ធសាធបានពិពណ៌នាអំពីឈ្មោះរបស់ពួកខ្ញុំ បម្រើទេវស្ថានដែលបានបាត់បង់ទៅ ។ ក្នុងចំណោមបញ្ជីឈ្មោះអ្នកបម្រើឃើញមានជាអាថ៌គោតៃ និងស៊ី ជាដើម ។ ក្រៅពីនេះគេក៏បានឃើញស័ព្ទខ្មែរមួយជំនាន់អង្គរដូចជា រនោច, កំបិត, កូន, ពៅ, រត់វារ, គន្ធី, ...។ តាមប្រសាសន៍របស់លោក ស៊ឺដេស ព្រះរាជវង្សានុវង្សខ្មែរ ដែលបានគ្រប់គ្រងនៅខេត្តអយុធ្យានៅឆ្នាំ ៩៣៧ បានបន្តពូជពង្សពីបុព្វជិត ភគទត្តនោះ គឺជាព្រះនាមរបស់ស្តេចមួយអង្គដែលបាន សោយរាជ្យនៅឆ្នាំ៥១៥ នៅក្នុងរដ្ឋមួយនៅម្តុំជ្រោយមលយូ ដែលមានឈ្មោះថា ឡាំងយ៉ាស៊ីវសី យោងតាមឯកសារចិន ។ ម្យ៉ាងទៀតអ្នកប្រាជ្ញ ខាងលើ ក៏បានបញ្ជាក់បន្ថែមទៀតថា ស្តេចភគវត្តនៃនគរឡាំងយ៉ាស៊ីវ ត្រូវបានប្រមុខដឹកនាំជ្រើសតាំងធ្វើជាស្តេចក្នុង រយៈពេល២០ឆ្នាំ ក្រោយពីបាននិរទេសទៅកាន់ប្រទេសឥណ្ឌា ។ តែទោះបីយ៉ាងនេះក្តីលោកក៏មិនហ៊ានបញ្ជាក់អំពីអត្តសញ្ញណពិត របស់ព្រះមហាក្សត្រអង្គនេះបានដែរ ព្រោះថាព្រះនាមនេះ គឺជាព្រះនាមមួយដែលមានលក្ខណៈសមញ្ញពេក ក្នុងសម័យនោះ។ តែសំរាប់យើង យើងសូមជម្រាបថា ងារភគវត្តខាងលើនេះ ពុំមានលក្ខណៈទូទៅនោះទេ ក៏ប៉ុន្តែគឺមុខងារ ឬឋានន្តរស័កិ្តនៅ សតវត្សទី១១ដែលជិតប្រហែល ព្រះមហាក្សត្រ ។ ឧទាហរណ៍ឈ្មោះរបស់ព្រះរាជគ្រូរបស់ព្រះឧទយោទិត្យវរន្មទី២ គឺ ភគវត្តបាទវ្រៈកម្រតេង ឬ ធូលីជើងវ្រៈកម្រតេងអញ ។ យើងក៏មានពត៌មានទៀតថា ព្រាហ្មណ៍បុរោហិតម្នាក់ទៀត ដែលមានការដឹងយ៉ាងជ្រៅជ្រៈបំផុតហើយ ដែលជាព្រះរាជគ្រូរបស់ព្រះបាទជ័យវរ័ន្មទី៦ ផងនោះ មានគោរម្យងារដូច គ្នាគឺ ’ភគវត្តបាទកម្រតេងអញ” មូលហេតុ ដែលយើងលើកឧទាហរណ៍ទាំងនេះឡើង គឺព្រោះតែតាមទស្សនៈរបស់ យើងគោរម្យងារភគវត្តមានឋានៈស្មើនឹងព្រះរាជា ហើយការលើកតម្កើនឋានៈនេះគឺជាប្រពៃណីខ្មែរដែលមានតាំងពី សម័យនគរភ្នំម្ល៉េះ ។ ម្យ៉ាងទៀតវត្តមានរបស់គោរម្យងារខាងនេះដែលមានប្រភពចេញពីជ្រោយមលយូក៏មិនត្រូវធ្វើឲ្យ យើងភ្ញាក់ផ្អើលដែរ ។ ព្រោះថាព្រះមហាក្សត្រខ្មែរបុរាណធ្លាប់បានគ្រប់គ្រងទៅលើផែនដីជ្រោយមលយូ មុនការលេច ធ្លោឡើងនៃរដ្ឋមាឡាឈ្មោះស្រីវីជ័យនៅក្នុងអំឡុងសតវត្សទី៧-៨នៃគ.ស ។ ហើយយោងតាមកំណត់ហេតុចាស់ៗ ដែលជនជាតិចិនបានបន្សល់ បានឲ្យដឹងថា ទឹកដីនេះគឺជាភាគមួយនៃរដ្ឋហ្វូ-ណន ឬ នគរភ្នំយ៉ាងជាក់ច្បាស់ ។(ម.ត្រាណេ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment