ប្រវត្តិ សង្ខេប នៃ ទំនាក់ទំនង កម្ពុជា និង ចិន (ភាគ ១)
ដោយ ទទួល បាន ផល ប្រយោជន៍ ពី គ្នា ទៅ វិញ ទៅ មក មិត្តភាព ស្អិត ល្មួត រវាង រដ្ឋាភិបាល កម្ពុជា និង រដ្ឋាភិបាល ចិន មក ដល់ ដើម ឆ្នាំ ២០១៦ បាន ឡើង ដល់ ចំណុច កំពូល។ ទោះ ជា យ៉ាង ណា ទំនាក់ទំនង រវាង ប្រទេស ទាំង ពីរ មាន ប្រវត្តិ ចាប់ តាំង ពី សម័យ អង្គរ ក្នុង សតវត្ស ទី ១៣ មក ម្ល៉េះ។
កាល ណា គេ និយាយ ពី ប្រវត្តិ នៃ ចំណង ការទូត រវាង កម្ពុជា និង ចិន គេ តែង តែ នឹក ដល់ ឈ្មោះ ជីវ តាក្វាន់ ដែល កាល នោះ លោក គឺ ជា បេសកជន ពិសេស របស់ ចិន ដែល មក ធ្វើ ទស្សនកិច្ច និង ស្នាក់នៅ អាណាចក្រ អង្គរ អស់ រយៈពេល ១ ឆ្នាំ គឺ ពី ឆ្នាំ ១២៩៦ ដល់ ឆ្នាំ ១២៩៧។
ថ្វី បើ ចំណង ការទូត រវាង ប្រទេស ទាំង ពីរ មាន ប្រវត្តិ តាំង ពី បរម បុរាណ មក ក៏ដោយ ក៏ ដំណាក់ កាល ដែល ប្រទេស ទាំង ពីរ ចាប់ ផ្ដើម ស្និទ្ធស្នាល គ្នា ខ្លាំង គឺ ស្ថិត នៅ សម័យ ក្រោយ សង្គ្រាម លោក លើក ទី ២ ឬ នៅ បន្ទាប់ ពី កម្ពុជា រួច ផុត ពី អាណានិគម បារាំង នា អំឡុង ពាក់ កណ្ដាល សតវត្ស ទី ២០ ឯណេះ ទេ។ ចាប់ តាំង ពី ពេល នោះ រហូត មក ដល់ បច្ចុប្បន្ន តើ ទំនាក់ទំនង រវាង ប្រទេស ទាំង ពីរ មាន ដំណើរ វិវឌ្ឍន៍ យ៉ាង ណា ខ្លះ?
ដំណាក់ កាល ដំបូង
ភាព ស្និទ្ធស្នាល រវាង កម្ពុជា និង ចិន កើត មាន ឡើង ខណៈ ពិភពលោក កំពុង ប្រឈម នឹង ភាព ប្រទាញប្រទង់ គ្នា រវាង កម្លាំង កុម្មុយនិស្ត និង កម្លាំង សេរី ក្រោយ សង្គ្រាម លោក លើក ទី ២ បាន បញ្ចប់ ទៅ។ នៅ ពេល នោះ ព្រះរាជាណាចក្រ កម្ពុជា ទី ១ ដែល មាន ព្រះបាទ នរោត្ដម សីហនុ ជា ព្រះ ប្រមុខ រដ្ឋ បាន ប្រកាស រក្សា ជំហរ អព្យាក្រឹត មិន ចូល បក្ស សម្ព័ន្ធ។
យ៉ាង ណា ក៏ដោយ នៅ ទីបំផុត ទៅ កម្ពុជា នៅ តែ ត្រូវ ខិត ទៅ ជិត ចិន កុម្មុយនិស្ត ដើម្បី ទប់ទល់ នឹង ឥទ្ធិពល នៃ ប្រទេស ថៃ និង វៀតណាម ខាង ត្បូង មក លើ កម្ពុជា។ នៅ ពេល នោះ ប្រទេស ថៃ និង វៀតណាម ខាង ត្បូង មាន សហរដ្ឋ អាមេរិក ជា ខ្នង បង្អែក ហើយ ជា អ្នក គាំទ្រ ក្រុម បះបោរ ប្រឆាំង នឹង ការ ដឹក នាំ របស់ ព្រះបាទ នរោត្ដម សីហនុ។
ខណៈ ចិន ជា ប្រទេស ឯកោ បន្ទាប់ ពី ចាប់ យក លទ្ធិ កុម្មុយនិស្ត ចិន នៅ ពេល នោះ កំពុង ត្រូវ ការ សំឡេង គាំទ្រ ពី អន្តរជាតិ ដើម្បី ទទួល បាន អាសនៈ ក្នុង អង្គការ សហប្រជាជាតិ ទប់ទល់ នឹង សាធារណរដ្ឋ ចិន ឬ តៃវ៉ាន់។ ទន្ទឹម នឹង នេះ ការ ដែល ចិន ចាប់ យក កម្ពុជា ធ្វើ ជា សម្ព័ន្ធ មិត្ត ក៏ ដោយសារ ភ័យ ខ្លាច ប្រទេស របស់ ខ្លួន ត្រូវ ហ៊ុមព័ទ្ធ ដោយ ឥទ្ធិពល នៃ សហរដ្ឋ អាមេរិក ដែល កំពុង រីកសាយ ភាយ នៅ តំបន់ ឥណ្ឌូចិន។
ក្រៅ ពី ហេតុផល នយោបាយ ការ បរទេស មាន ទស្សនៈ ខ្លះ លើក ឡើង ថា ការ ងាក ទៅ រក ចិន ក៏ ដោយសារ តែ ព្រះបាទ នរោត្តម សីហនុ មាន ចំណង មិត្តភាព រឹងមាំ នឹង នាយក រដ្ឋមន្ត្រី ចិន លោក ជូ អេងឡាយ (Zhou Enlai)។
ពាក់ព័ន្ធ នឹង ទំនាក់ទំនង ជិតស្និទ្ធ រវាង លោក ជូ អេងឡាយ និង ព្រះបាទ នរោត្ដម សីហនុ អ្នក សិក្សា ពី ប្រវត្តិសាស្ត្រ កម្ពុជា ក្នុង សម័យ ទំនើប ដែល ជា ជនជាតិ បារាំង គឺ លោក ហង់រី ឡូកា (Henri Locard) មាន ប្រសាសន៍ ថា មិត្តភាព ជិតស្និទ្ធ នោះ អាច មក ពី អត្តចរិត រាក់ទាក់ និង ឱន លំទោន របស់ លោក ជូ អេងឡាយ ដែល ធ្វើ ឲ្យ ព្រះបាទ នរោត្ដម សីហនុ សព្វ ព្រះរាជហឫទ័យ ហើយ ចាត់ ទុក ចិន ថា ជា មិត្ត ដ៏ គួរ ឲ្យ ទុក ចិត្ត៖ «លោក ជូ អេងឡាយ មាន ចរិត ថ្លៃថ្នូរ ខ្ពង់ខ្ពស់ មាន ចរិត គោរព ឱន លំទោន។ លោក យល់ ដឹង ពី របៀប របប ពិធីការ បាន ល្អ។ គាត់ បាន កោត សរសើរ និង បញ្ជោរ ព្រះបាទ នរោត្ដម សីហនុ ធ្វើ ឲ្យ ព្រះអង្គ មាន អារម្មណ៍ ថា ខ្លួន ត្រូវ បាន ផ្ដល់ កិត្តិយស ខ្ពង់ខ្ពស់ ណាស់ ដោយ ហេតុ ថា ប្រទេស ចិន ដែល មាន ចំនួន ប្រជាជន ច្រើន ជាង គេ បំផុត លើ លោក ហើយ ចាត់ ទុក ព្រះអង្គ ដូចជា មេ ដឹក នាំ ប្រទេស មហា អំណាច មួយ អ៊ីចឹង។ លោក ជូ អេងឡាយ បាន ធ្វើ ឲ្យ ព្រះបាទ នរោត្ដម សីហនុ មាន ជំនឿ ថា ចិន ជា ជនជាតិ ល្អ ដែល គួរ ឲ្យ រាប់ អាន ហើយ របប នយោបាយ របស់ ចិន ក៏ ល្អ ដែរ។ ខ្ញុំ យល់ ឃើញ យ៉ាង ដូច្នេះ ពីព្រោះ ថា ក្នុង រឿង នយោបាយ អ្នក តែង តែ ច្របូកច្របល់ គ្នា រវាង រឿង ផ្ទាល់ ខ្លួន និង រឿង ប្រទេស ជាតិ វា ពិបាក នឹង បែង ចែក ណាស់»។
មុន នឹង ព្រះបាទ នរោត្តម សីហនុ និង នាយក រដ្ឋមន្ត្រី ចិន លោក ជូ អេងឡាយ ជិតស្និទ្ធ នឹង គ្នា នោះ មេ ដឹក នាំ ប្រទេស ទាំង ពីរ បាន ជួប គ្នា ជា លើក ដំបូង នៅ ឆ្នាំ ១៩៥៥ នៅ ឯ សន្និសីទ ក្រុង បានឌុង ប្រទេស ឥណ្ឌូនេស៊ី (Indonesia) ជា ពេល ដែល មេ ដឹក នាំ នៃ ប្រទេស ទើប រួច ផុត ពី នឹម អាណានិគម ថ្មីថ្មោង ជួប គ្នា ដើម្បី រក លទ្ធភាព សហការ គ្នា ទប់ទល់ នឹង ការ វិល ត្រឡប់ មក វិញ នៃ នឹម អាណានិគម។
ដប់ ខែ ក្រោយ ជួប គ្នា នៅ ប្រទេស ឥណ្ឌូនេស៊ី ព្រះបាទ នរោត្ដម សីហនុ ទ្រង់ បាន ធ្វើ ព្រះរាជ ទស្សនកិច្ច ជា លើក ដំបូង នៅ ប្រទេស ចិន ហើយ មួយ ខែ ក្រោយ មក ព្រះអង្គ ក៏ បាន អញ្ជើញ នាយក រដ្ឋមន្ត្រី ចិន លោក ជូ អេងឡាយ មក ធ្វើ ទស្សនកិច្ច នៅ កម្ពុជា វិញ ម្ដង។ ភាគី ចិន ចាត់ ទុក ការ ដោះ ដូរ ដំណើរ ទស្សនកិច្ច របស់ មេ ដឹក នាំ ប្រទេស ទាំង ពីរ ថា ជា រឿង កម្រ មួយ ក្នុង ប្រវត្តិសាស្ត្រ នៃ ទំនាក់ទំនង ការទូត នៅ លើ ពិភពលោក ដោយសារ ទស្សនកិច្ច នោះ ធ្វើ ឡើង ទាំង ប្រទេស ទាំង ពីរ មិន ទាន់ បង្កើត ចំណង ការទូត ជា ផ្លូវ ការ នៅ ឡើយ។
ថ្ងៃ ទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ ចំណង ការទូត ជា ផ្លូវ ការ ត្រូវ បាន បង្កើត ឡើង ដោយ កម្ពុជា ទទួល ស្គាល់ ជា ផ្លូវ ការ នូវ ភាព ស្រប ច្បាប់ នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ហើយ បដិសេធ របប ដឹក នាំ របស់ ចិន តៃវ៉ាន់។ ចំណង ការទូត នេះ កាន់ តែ រីក ធំធាត់ ចាប់ ពី ពេល នោះ មក ក៏ប៉ុន្តែ បាន ជួប ប្រទះ ភាព រកាំរកូស នៅ ឆ្នាំ ១៩៦៧ នៅ ពេល ព្រះបាទ នរោត្ដម សីហនុ ទ្រង់ ជ្រាប ថា សាធារណរដ្ឋ ប្រជាមានិត ចិន កំពុង ចិញ្ចឹម បីបាច់ ចលនា កុម្មុយនិស្ត នៅ កម្ពុជា ក៏ប៉ុន្តែ ភាព តានតឹង រវាង ប្រទេស ទាំង ពីរ ត្រូវ បាន បន្ធូរបន្ថយ ទៅ វិញ ក្រោយ ពី លោក ជូ អេងឡាយ បាន ជួប ឯកអគ្គរាជទូត ខ្មែរ ប្រចាំ ប្រទេស ចិន ដើម្បី ស្រុះស្រួល គ្នា វិញ ដោយ រំឭក ដល់ ចំណង មិត្តភាព រវាង បុគ្គល ជូ អេងឡាយ និង ព្រះបាទ នរោត្ដម សីហនុ។
នៅ ពេល របប រាជា និយម នៅ កម្ពុជា ដួល រលំ នៅ ឆ្នាំ ១៩៧០ ដោយសារ រដ្ឋ ប្រហារ របស់ លោក សេនា ប្រមុខ លន់ នល់ គណបក្ស កុម្មុយនិស្ត ចិន ដឹក នាំ ដោយ ម៉ៅ សេទុង បាន ទំនុក បម្រុង រដ្ឋាភិបាល និរទេស របស់ ព្រះបាទ នរោត្តម សីហនុ យ៉ាង ពេញ ទំហឹង ក្នុង ការ ដឹក នាំ ចលនា តស៊ូ ប្រឆាំង របប សាធារណរដ្ឋ ខ្មែរ របស់ លោក លន់ នល់។
ថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ខ្មែរ ក្រហម ដែល គាំទ្រ ដោយ ចិន បាន ផ្ដួល រំលំ របប សាធារណរដ្ឋ ខ្មែរ ទាំង ស្រុង ហើយ ដាក់ ឈ្មោះ ឲ្យ របប ថ្មី ថា «កម្ពុជា ប្រជាធិបតេយ្យ»។ របប នេះ មាន អាយុកាល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ដឹក នាំ ដោយ ប៉ុល ពត ហើយ បាន ប្រែ ក្លាយ កម្ពុជា ឲ្យ ទៅ ជា វាល ពិឃាដ។
ថ្វី បើ មិន មាន ឯកសារ ប្រវត្តិសាស្ត្រ ណា មួយ អាច បញ្ជាក់ ពី ទំហំ ពិត ប្រាកដ នៃ ជំនួយ សរុប ដែល ចិន ផ្ដល់ ឲ្យ របប ប៉ុល ពត ក៏ដោយ ក៏ គេ ដឹង ថា ចិន ជា ប្រភព ជំនួយ ចម្បង បំផុត របស់ ខ្មែរ ក្រហម ក្នុង នោះ មាន ដូចជា ជំនួយ លើ វិស័យ យោធា វិស័យ សេដ្ឋកិច្ច ទំនាក់ទំនង ពាណិជ្ជកម្ម រួម ទាំង ការ ជួយ ធ្វើ សេចក្ដី ព្រាង រដ្ឋធម្មនុញ្ញ ថ្មី ដល់ របប កម្ពុជា ប្រជាធិបតេយ្យ តាម រយៈ ដំណើរ ទស្សនកិច្ច សម្ងាត់ មួយ របស់ មេ ដឹក នាំ បដិវត្តន៍ វប្បធម៌ ចិន គឺ លោក ចាង ឈុនឈាវ (Zhang Chunqiao) នៅ ខែ មករា ឆ្នាំ ១៩៧៦។
សៀវភៅ ស្ដីពី ជំនួយ របស់ ចិន ដល់ របប កម្ពុជា ប្រជាធិបតេយ្យ ដែល មាន ចំណង ជើង ថា «Brothers in Arms: Chinese Aid to Khmer Rouge» និពន្ធ ដោយ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) លើក ឡើង ថា ភ្លាមៗ បន្ទាប់ ពី ខ្មែរ ក្រហម ដណ្ដើម បាន ទីក្រុង ភ្នំពេញ កប៉ាល់ ចិន បាន ដឹក ជញ្ជូន ជំនួយ រាប់ ពាន់ តោន ជា បន្តបន្ទាប់ មក ឲ្យ កងទ័ព ខ្មែរ ក្រហម ក្នុង នោះ មាន ដូចជា ស្បៀង សម្ភារៈ ប្រើប្រាស់ និង អាវុធយុទ្ធភណ្ឌ ជាដើម ដោយ បាន ចុះ ចត នៅ កំពង់ផែ ក្រុង ព្រះសីហនុ។ ឯកសារ ពាក់ព័ន្ធ នឹង ទំនាក់ទំនង ពាណិជ្ជកម្ម ដែល អ្នក និពន្ធ រូប នេះ បាន ដកស្រង់ បង្ហាញ ថា ក្នុង ឆ្នាំ ១៩៧៨ ផលិតផល ដែល នាំ ចូល ពី ប្រទេស ចិន ហើយ ត្រូវ បាន ចែក ចាយ ទៅ តំបន់ និង ស្ថាប័ន ផ្សេងៗ នៃ របប កម្ពុជា ប្រជាធិបតេយ្យ មាន ទឹក ប្រាក់ សរុប ជាង ៩៤ លាន ដុល្លារ សហរដ្ឋ អាមេរិក។
នៅ ពេល ឡើង កាន់ អំណាច ថ្មីថ្មោង ជំនួយ ផ្នែក យោធា និង សេដ្ឋកិច្ច មាន សារសំខាន់ ខ្លាំង សម្រាប់ របប កម្ពុជា ប្រជាធិបតេយ្យ។ យ៉ាង ណា ក៏ដោយ អ្នក និពន្ធ សៀវភៅ ដដែល គឺ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រក ឃើញ ថា បើ ទោះ ជា ចិន ជា ប្រទេស ផ្តល់ ជំនួយ ដ៏ ធំ ជាង គេ នៅ ក្នុង វិស័យ យោធា និង សេដ្ឋកិច្ច ក៏ដោយ ក៏ មេ ដឹក នាំ ខ្មែរ ក្រហម ហាក់ ដូចជា មិន សូវ ស្ដាប់ តាម ចិន ប៉ុន្មាន ដែរ ទេ ពីព្រោះ ពួក គេ តែង គិត អំពី អធិបតី ភាព និង ឯករាជ្យ ជាតិ របស់ ខ្លួន ជានិច្ច។ ក្នុង វិស័យ យោធា លោក បាន លើកយក គម្រោង ធំៗ ចំនួន ពីរ ដែល ចិន ជួយ ដល់ របប ខ្មែរក្រហម មក ធ្វើជា ករណី សិក្សា៖ «ចិន ចង់ ឲ្យ អាកាសយានដ្ឋាន ដែល ខ្លួន សាងសង់ សម្រាប់ របប កម្ពុជា ប្រជាធិបតេយ្យ នោះ សង់ នៅ ភាគ ពាយព្យ នៃ ប្រទេស កម្ពុជា ប៉ុន្តែ ជាក់ស្ដែង មេ ដឹក នាំ របប កម្ពុជា ប្រជាធិបតេយ្យ ទទូច ទាមទារ ចង់ សង់ អាកាសយានដ្ឋាន នោះ នៅ ចំ តំបន់ កណ្ដាល នៃ ប្រទេស កម្ពុជា គឺ ក្នុង ខេត្ត កំពង់ឆ្នាំង វិញ។ ក្រៅ ពី នេះ ចិន ក៏ បាន ស្វះ ស្វែងរក លទ្ធភាព សាងសង់ បណ្ដាញ រ៉ាដា (Radar) នៅ តាម តំបន់ ឆ្នេរ សមុទ្រ កម្ពុជា ដើម្បី តាម ដាន សកម្មភាព នៅ តាម ឈូង សមុទ្រ ថៃ ហើយ ដូច គ្នា នឹង រឿង អាកាសយានដ្ឋាន ដែរ គឺ របប កម្ពុជា ប្រជាធិបតេយ្យ ក៏ បាន ទាមទារ ហើយ ទីបំផុត បណ្ដាញ រ៉ាដា ទាំង នោះ ត្រូវ បាន សាងសង់ នៅ តាម បណ្ដោយ ព្រំដែន ដី គោក ជាប់ នឹង ប្រទេស ថៃ ឡាវ និង វៀតណាម វិញ»។
លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) មាន ប្រសាសន៍ បន្ត ថា មាន មូលហេតុ ចំនួន ពីរ ដែល ធ្វើ ឲ្យ ចិន មិន អាច មាន ឥទ្ធិពល លើ ការ សម្រេច ចិត្ត របស់ មេ ដឹក នាំ ខ្មែរ ក្រហម ក្នុង វិស័យ យោធា និង សេដ្ឋកិច្ច៖ «មូលហេតុ ទី ១ គឺ គំនិត សង្ស័យ របស់ មេ ដឹក នាំ ខ្មែរ ក្រហម ដែល តែង តែ មិន ទុក ចិត្ត ជន បរទេស រួម ទាំង ចិន ដែរ នោះ បើ ទោះ បី ចិន ជា មិត្តភក្ដិ ល្អ បំផុត របស់ ខ្លួន នៅ ពេល នោះ ក៏ដោយ។ មាន អ្នក ស្ដាប់ ឮ ដោយ ចៃដន្យ នូវ មនុស្ស ម្នាក់ ក្នុង ក្រសួង ការ បរទេស និយាយ ថា យើង ពេញ ចិត្ត ហើយ គោរព ចិន ក្នុង នាម ជា មិត្ត របស់ យើង ក៏ប៉ុន្តែ យើង ក៏ ត្រូវ ប្រុង ប្រយ័ត្ន ដែរ ពីព្រោះ ចិន ចង់ គ្រប់គ្រង យើង។ ដូច្នេះ មូលហេតុ ទី មួយ គឺ គំនិត សង្ស័យ ដែល ជា ផ្នែក មួយ របស់ របប កម្ពុជា ប្រជាធិបតេយ្យ។ មូលហេតុ ទី ២ គឺ ដោយសារ ចិន ពិបាក ដោះស្រាយ ចំពោះ ភាព ខ្វះខាត ហេដ្ឋារចនាសម្ពន្ធ និង ការ ខ្វះខាត មនុស្ស មាន ជំនាញ នៅ កម្ពុជា»។
ប៉ុន្តែ ក្នុង វិស័យ ពាណិជ្ជកម្ម វិញ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រក ឃើញ ថា រដ្ឋាភិបាល ចិន មាន ឥទ្ធិពល យ៉ាង ខ្លាំង ដោយសារ គោល នយោបាយ ក្នុង វិស័យ នេះ មិន មែន ជា រឿង អាទិភាព សម្រាប់ របប ខ្មែរ ក្រហម។ លោក ថា ភាព ចន្លោះ ប្រហោង របស់ ខ្មែរ ក្រហម ក្នុង ការ គ្រប់គ្រង វិស័យ នេះ បាន ធ្វើ ឲ្យ ចិន មាន ឱកាស យក ចំណេញ ពី កម្ពុជា លើ ការ នាំ ចេញ ផលិតផល ចេញ ទៅ ក្រៅ ប្រទេស ទៅ តាម សេចក្ដី ត្រូវ ការ របស់ ខ្លួន។
ថ្ងៃ ទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ខ្មែរ ក្រហម ត្រូវ បាន ផ្ដួល រំលំ ដោយ រណសិរ្ស សាមគ្គី សង្គ្រោះ ជាតិ ដោយ មាន ការ គាំទ្រ ពី កងទ័ព វៀតណាម និង មាន លោក ហ៊ុន សែន ចូលរួម ផង។ ថ្វី បើ របប នេះ ដួល រលំ ក៏ដោយ ក៏ ចិន កុម្មុយនិស្ត នៅ តែ បន្ត ផ្ដល់ ជំនួយ ជា បន្តបន្ទាប់ ដល់ ក្រុម ខ្មែរ ក្រហម នៅ តាម បណ្ដោយ ព្រំដែន កម្ពុជា-ថៃ ដោយ មាន ការ គាំទ្រ ពី ថៃ និង សហរដ្ឋ អាមេរិក រហូត ដល់ មាន កិច្ច ព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ ១៩៩១ ដែល សម្រេច ឲ្យ វៀតណាម ដក ទ័ព ចេញ ពី កម្ពុជា។
នៅ ពេល កងទ័ព វៀតណាម បាន វាយ លុក ចូល ទីក្រុង ភ្នំពេញ តាម ការ ពឹងពាក់ របស់ រណសិរ្ស សាមគ្គី សង្គ្រោះ ជាតិ នៅ តាម តំបន់ មួយ ចំនួន លើ ដែនដី វៀតណាម ដែល មាន ព្រំ ប្រទល់ នឹង ចិន ឯណោះ ចិន បាន បើក ការ វាយ ប្រហារ ជា បន្តបន្ទាប់ ដើម្បី ព្រមាន វៀតណាម ចំពោះ ការ បំផ្លាញ របប ខ្មែរ ក្រហម ដែល ដើរ តាម មនោគមវិជ្ជា របស់ ខ្លួន។
បន្ទាប់ ពី ការ ផ្ទុះ អាវុធ នោះ នៅ ឯ កិច្ច ប្រជុំ របស់ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ (អ.ស.ប) ចិន បាន ទាមទារ ឲ្យ ក្រុមប្រឹក្សា សន្តិសុខ នៃ អ.ស.ប ថ្កោលទោស វៀតណាម ដែល ឈ្លាន ពាន កម្ពុជា។ នៅ ពេល នោះ ដែរ សហភាព សូវៀត ទទូច ឲ្យ ក្រុមប្រឹក្សា សន្តិសុខ នៃ អ.ស.ប ថ្កោលទោស ចិន ដែល វាយ ប្រហារ វៀតណាម។ រីឯ សហរដ្ឋ អាមេរិក ស្នើ ឲ្យ ចិន ដក ទ័ព ចេញ ពី វៀតណាម ហើយ ឲ្យ វៀតណាម ដក ទ័ព ចេញ ពី កម្ពុជា៕