ការដែលកោះទាំងពីរបានក្លាយទៅជាសម្បត្តិរបស់វៀតណាម កើតឡើងក្រោយសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងកាលពីពេលថ្មីៗនេះថា កោះត្រល់លែងក្លាយជារបស់កម្ពុជា ក្រោយព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ យកឯកសារតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៦៤។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីតាំងនៅប្រទេសបារាំង អះអាងថា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាបំពេញបន្ថែមក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការគ្រប់គ្រងដោយមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន គឺជាដើមហេតុដែលនាំឲ្យកោះក្រចកសេះ និង កោះត្រល់ ត្រូវបាត់បង់ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក ស៊ាន ប៉េងសែ ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង។ លោកថ្លែងថា អ្វីដែលធ្វើឲ្យកោះក្រចកសេះ និងកោះត្រល់ ត្រូវស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវៀតណាម រហូតមកដល់ពេលសព្វថ្ងៃនេះកំហុសកើតឡើងដោយសារកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលវៀតណាម ឆ្នាំ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
លោក ស៊ាន ប៉េងសែ បន្តថា អ្នកដែលធ្វើឲ្យបាត់បង់កោះទាំងនេះ ចាំបាច់ទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ។ លោកថ្លែងទៀតថា ប្រសិនបើនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់តាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតមកនោះ ប្រើប្រាស់ប្រព័ន្ធច្បាប់ស្ដីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឲ្យបានត្រឹមត្រូវនោះ កោះក្រចកសេះ និងកោះត្រល់ នឹងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម នោះទេ។
លោក ស៊ាន ប៉េសែ បន្ថែមថា៖ «បើសិនជាបាត់កោះត្រល់ហ្នឹងនៅជំនាន់ នរោត្តម សីហនុ ហេតុអីក៏យួនហ្នឹងសូមឲ្យលោក ហ៊ុន សែន ទទួលស្គាល់ថែមទៅទៀត ព្រោះអស់បាត់ទៅហើយ? ខ្ញុំនិយាយតែប៉ុណ្ណឹងទេ បើសិនជាយួនហ្នឹងបាត់កោះហ្នឹងហើយ ហេតុអីក៏ចាំបាច់ឲ្យចុះហត្ថលេខាហ្នឹងឈ្លោះគ្នារហូតមកដល់សព្វថ្ងៃ ហើយបង្គាប់ឲ្យលោក ហ៊ុន សែន ទទួលស្គាល់ហ្នឹង ស្គាល់កោះត្រល់ និង កោះពូឡូប៉ង់សង់ ហើយលោក ហ៊ុន សែន គាត់និយាយតែកោះហ្វូកុក និងកោះថូជូ ទេ គាត់អត់និយាយជាខ្មែរទេ»។
ផ្ទុយពីលើកឡើងនេះ កាលពីដើមខែសីហា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ចាត់ទុកថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់បញ្ហាព្រំដែនគោក និងព្រំដែនទឹក ជាមួយប្រទេសវៀតណាម តាមរយៈយន្តការបង្កើតតំបន់ទឹកប្រវត្តិសាស្ត្រ។ លោកថា អ្វីដែលកម្ពុជា នៅសេសសល់ទឹកដីដូចក្នុងពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយសារកិច្ចព្រមព្រៀង និងសន្ធិសញ្ញាបំពេញបន្ថែមរបស់រដ្ឋាភិបាលទាំងពីរ គឺកម្ពុជា និងវៀតណាម រវាងឆ្នាំ១៩៨២ និងឆ្នាំ២០០៥។
លោក ហ៊ុន សែន៖ «តើកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្របានធ្វើឲ្យបាត់បង់ទឹកដីតំបន់ទឹកមួយម៉ឺនគីឡូម៉ែត្រក្រឡាមែនទេឬ? ដែលពួកអស់លោកបានឭចម្លើយ គឺសាមញ្ញណាស់! គឺអត់មានបាត់ទេ។ ដូច្នេះបានជាជម្រាបជូនអំពីខាងលើរួចហើយថា កិច្ចព្រមព្រៀងនេះពុំបានកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរនៅឡើយទេ។ លើសពីនេះទៀត ភាគីទាំងពីរត្រូវបន្តចរចារកចំណុចប្រសប់សូន្យរវាងកោះវ៉ៃ និងកោះថូជូ ដើម្បីកំណត់ព្រំដែននៅក្នុងតំបន់ទឹកប្រវត្តិសាស្ត្រនេះ។ អ៊ីចឹងការចោទប្រកាន់ថា បាត់បង់តំបន់ទឹកមួយម៉ឺនគីឡូម៉ែត្រក្រឡាមិនខ្លាចរន្ទះបាញ់ងាប់ទេអី?»។
ឯកសារចំនួន ៧៩ទំព័រ ត្រូវបានរដ្ឋាភិបាលបោះពុម្ព និងចែកចាយជាសាធារណៈក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្របខ្លួនឆ្លើយសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ដែលប្រើពេលជាង ៥ម៉ោង នៅរដ្ឋសភា។ នៅក្នុងឯកសារដែលស្រងសំដីដើមទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រីមកចុះផ្សាយឲ្យដឹងថា កោះត្រល់ត្រូវបាត់បង់ចាប់ពីឆ្នាំ១៩៣៩ នៅគ្រាលោក ប្រេវីយ៉េ អគ្គទេសាភិបាលបារាំង ដាក់កោះនេះឲ្យស្ថិតនៅក្រោមការគ្របគ្រងរបស់វៀតណាម ឬកូសាំងស៊ីន។ ក្រោយមកនៅឆ្នាំ១៩៤៩ កិច្ចព្រមព្រៀងកូសាំងស៊ីន ត្រូវបានបារាំង ប្រគល់ទៅឲ្យព្រះចៅ បៅដាយ។
ឯកសារឲ្យដឹងទៀតថា រយៈពេល ១៥ឆ្នាំ ពោលគឺឆ្នាំ១៩៦៤ សម្ដេចព្រះ នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋក្នុងសម័យនោះ បានយកខ្សែផែនទី ប្រេវីយ៉េ ឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ គឺដើម្បីស្នើសុំឲ្យអន្តរជាតិ និងប្រទេសសាមីទទួលស្គាល់ថា ជាខ្សែព្រំដែនសមុទ្ររវាងកម្ពុជា និងវៀតណាម។ ក្នុងន័យនេះហើយដែលនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថា ជាឧបសគ្គក្នុងការទាមទារដើម្បីគ្រប់គ្រងកោះទាំងនោះឡើងវិញ ហើយថា បញ្ហានេះពុំមែនជាកំហុសក្នុងអាណត្តិរបស់លោកគ្រប់គ្រងប្រទេសនោះដែរ។
ទាក់ទិនករណីនេះកាលពីថ្ងៃទី១០ ខែកក្កដា លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្របានច្រានចោលការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភ្ជាប់ព្រះនាមសម្ដេចព្រះ នរោត្តម សីហនុ ទៅនឹងភាពចម្រូងចម្រាសនៅក្នុងតំបន់ទឹកនេះ។
លោក សឺន ស៊ូប៊ែរ្តិ៍ ចាត់ទុកថា សម្ដេចព្រះ នរោត្តម សីហនុ ពុំបានធ្វើឲ្យកោះ និងតំបន់ទឹកខ្មែរត្រូវខាតបង់ទៅប្រទេសវៀតណាម នោះទេ ព្រោះការតម្កល់ឯកសារនៅពេលនោះ គឺដើម្បីរក្សាភាពគង់វង្សតំបន់ទឹកតែប៉ុណ្ណោះ។ ក្នុងន័យនេះលោកថា ក្នុងឋានៈប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន គួរទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាជាងភ្ជាប់បញ្ហាពីមួយទៅមួយ។
ចំណែកឯកសារស្ដីពីតំបន់ព្រំដែនកម្ពុជា និងខ្ពង់រាបដែនសមុទ្ររបស់គណៈកម្មាធិការព្រំដែនកម្ពុជា ដែលចង់ក្រងឡើងដោយលោក ស៊ាន ប៉េងសែ។ កោះត្រល់មានចម្ងាយ ៤៥គីឡូម៉ែត្រ ពីខេត្តហាទៀង របស់វៀតណាម។ តួលេខនេះបើប្រៀបធៀបពីកម្ពុជា មានចម្ងាយតែ ១៥គីឡូម៉ែត្រប៉ុណ្ណោះពីខេត្តកំពត។ បើគិតពីកោះសេះ ដែលជាកោះមួយស្ថិតនៅចន្លោះខេត្តកំពត និងខេត្តព្រះសីហនុ មានចម្ងាយ ៥គីឡូម៉ែត្រប៉ុណ្ណោះពីកោះត្រល់។
មជ្ឈដ្ឋាននានានិយាយថា បើទោះជាបែបនេះក្តី ផ្អែកតាមផ្លូវច្បាប់គេក៏នៅតែអាចទាមទារសិទ្ធិកាន់កាបកោះដែលបាត់បង់ទាំងនេះពីរដ្ឋាភិបាលវៀតណាម វិញបាន។
និស្សិតផ្នែកច្បាប់នៅសកលវិទ្យាល័យមួយនៅខេត្តកំពត លោក ធន់ វុឌ្ឍី។ លោកបានបង្ហាញទស្សនៈថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការទាមទារកោះដែលបាត់បង់នោះមកវិញ គឺពុំមានឧបសគ្គនោះឡើយ ព្រោះកិច្ចព្រមព្រៀងក្រោមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នោះ គឺមិនស្របច្បាប់ ដែលផ្ទុយពីពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ស្ដីពីកម្ពុជា។
លោកបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានធានាថា សន្ធិសញ្ញាទាំងឡាយណាកើតឡើងនៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចូលជាធរមាន ត្រូវចាត់ទុកជាមោឃៈ៖ «ពាក់ព័ន្ធនឹងគតិយុត្តិយើងមានមូលដ្ឋានក្តី សង្ឃឹមមួយយ៉ាងច្បាស់លាស់ថា គឺមូលដ្ឋានធំបំផុតគឺយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេនិយាយអំពីអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងអធិបតេយ្យរបស់កម្ពុជាហ្នឹង មានរួមទាំងអ្នកដែលធ្វើសាក្សីធំជាងគេបំផុតមានអង្គការសហប្រជាជាតិមួយដែរ ដែលចូលរួមនៅក្នុង ១៨ប្រទេសនោះ»។
ទោះជាបែបណារបាយការណ៍ចំនួន ៤១ទំព័រដែលចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០០២ របស់គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានហៅកិច្ចព្រមព្រៀងស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រដែលកើតឡើងរវាងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៨២ ថា បានធ្វើឲ្យរដ្ឋាភិបាលវៀតណាម មានឱកាសកាត់យកកោះខ្មែរមួយចំនួន និងដែនសមុទ្រខ្មែរមួយភាគបី (១/៣) បន្ថែមទៀត។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា តែងបដិសេធក្នុងការឆ្លើយបំភ្លឺជុំវិញការរកឃើញទាំងឡាយណាដែលថា រដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យបាត់បង់កោះត្រល់ទៅវៀតណាម។ លោក វ៉ា គឹមហុង មានប្រសាសន៍ថា លោកមិនចាំបាច់ធ្វើអត្ថាធិប្បាយបន្ថែមទៅលើអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយជាង ៥ម៉ោងនៅរដ្ឋសភាពាក់ព័ន្ធនឹងបញ្ហាព្រំដែនទឹកនេះ កាលពីថ្ងៃទី៩ ខែសីហា ទៀតនោះទេ។
គណៈកម្មាធិការព្រំដែនកម្ពុជា និងអ្នកនយោបាយបក្សប្រឆាំងតែងចោទថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ជាហេតុផលមួយប៉ុណ្ណោះដែលធ្វើកិច្ចព្រមព្រៀងឆ្នាំ១៩៨២ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្លាយទៅជាសន្ធិសញ្ញាស្របច្បាប់ក្នុងការអនុញ្ញាតឲ្យប្រទេសវៀតណាម កាន់កាប់កោះត្រល់ និងតំបន់ទឹកមួយចំនួនទៀតរបស់ខ្មែរ។ ក៏ប៉ុន្តែទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកតែងអះអាងថា សន្ធិសញ្ញានេះគឺជាយន្តការមួយដែលជួយធ្វើឲ្យមានតំបន់ទឹកកម្ពុជា-វៀតណាម មានភាពត្រឹមត្រូវ និងសម្បត្តិទាំងឡាយក្នុងដែនសមុទ្រក្លាយជាអធិបតេយ្យភាពរបស់កម្ពុជា៕