Wednesday, May 18, 2016

ការដួលរលំ​នៃ​បន្ទាយ​លង្វែក

ការដួលរលំនៃបន្ទាយលង្វែក
តើរឿងបាក់បែកបន្ទាយលង្វែក ដែលជារាជធានីដ៏រឹងមាំចុងក្រោយ របស់ខ្មែរ បានកើតឡើង ដោយសារ ប្រជាជន កម្ពុជា ជា អ្នក កាប់ ឆ្ការ ព្រៃ ឬស្សី ដើម្បីយក ប្រាក់ឌួង ឬ យ៉ាង ណា? សូមអាន ការ ជជែក វែកញែក រវាងអ្នក ស្រាវជ្រាវ ច្រើននាក់ ដោយមានការលើក ប្រធាន បទ ដំបូង ពី សំណាក់ លោក បណ្ឌិត ចិន្ត ច័ន្ទរតនា ជំនាញខាង ប្រវត្តិ សិល្បៈ និង បូរាណ វិទ្យា មក ធ្វើការ អត្ថាធិប្បាយ ផង។


រូបថតពីគំនូរ នៃរាជធានី លង្វែក ដែលគូរដោយជនជាតិអ៊ឺរ៉ុប (ហូឡង់ ឬព័រទុយហ្គេ) ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា នាសម័យនោះ។

តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សន៍ ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារ ភាព លោភ លន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបាន កាប់ឆ្កា កំពែង ព្រៃ ឬស្សី ជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែករាជធានីមែនឬ? មាន មតិ ជា ច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជ ពង្សាវតា ខ្មែរ របស់ ប្រទេស កម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃ ការ ធ្វើ សង្គ្រាម របស់ សៀម ប្រឆាំង ខ្មែរ នៅក្នុងសម័យកាលនោះ។
ដំបូងគេ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជំនាញខាងបូរាណវិទ្យា និងប្រវត្តសិល្បៈ មកពី សកល វិទ្យាល័យ ស៊កប៊ន (Sorbonne) នៃ រដ្ឋធានី ប៉ារីស (បារាំង) បានលើកយកចំណុចមួយចំនួន ដែលសៀវភៅ ព្រះរាជ ពង្សាវតា អយុធ្យា របស់ ប្រទេស ថៃ បានសរសេរចាប់ពីទំព័រ ១៣៩ ដល់ទំព័រ ១៥៤ និងដែលមានលក្ខណៈផ្ទុយ ពី សៀវភៅ ព្រះរាជ ពង្សាវតា ខ្មែរ របស់ ប្រទេស កម្ពុជា។ លោកបានចាប់ផ្ដើមបន្ទាត់ថា បន្ទាប់ពីបាន វាយ បក ទៅលើ ព្រះចៅ នៃ រាជវង្ស តុងអ៊ូ (Tongoo) នៅរាជធានី ហង្សាវតី (ប្រទេសភូមា) រួចមក ព្រះចៅ ណារ៉េសូរ (King Naresuan) របស់ សៀម បាន លើក ទ័ព ចូលធ្វើសង្គ្រាមប្រឆាំងក្រុងកម្ពុជាធិបតី។
លោក ចិន្ត ច័ន្ទរតនា បានស្រង់ចំណារ ពីក្នុងឯកសារ ព្រះរាជពង្សាវតាអយុធ្យា នោះមក រៀបរាប់ ថា៖ «នៅ ក្នុង សង្គ្រាម ជាមួយ ខ្មែរ លើក នេះ សៀមបានកែនកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ព សេះ កងទ័ព ដំរី ជា ច្រើន កង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធ ជាមួយកងទ័ពខ្មែរនៅ ក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និង នៅ ស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាង ស្លាប់ ជា ច្រើន ម៉ឺន នាក់។» ឯកសា ថៃ ដដែល នេះ បាន រំលឹកអំពីវីរៈភាពរបស់កងទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្ត ពលី ជីវិត នៅ ក្នុង សមរភូមិ មិន ចុះ ញ៉ម ជាមួយ ទ័ព សៀម ជា ដាច់ខាត។
«តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើ ឲ្យ បន្ទាយ ការពារ តាម តំបន់ នីមួយៗ ត្រូវ បាន ទ័ព សៀម ដណ្តើម បាន ព្រម ទាំង បាន ចាប់ ចៅហ្វាយ ខេត្ត ទាំង នោះ ជា ឈ្លើយ សឹក ទៀត ផង។»
បណ្ឌិតផ្នែកបូរាណវិទ្យា បានបន្តទៀថា លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេច នរេនសូរ បាន ចេញ ព្រះរាជ បញ្ជា ឲ្យកងទ័ពគ្រប់ផ្នែកទាំងអស់ ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតា អយុធ្យា បាន សរសេរ ថា៖ «(...) ព្រះចៅ នរេសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។ (...) ព្រះ បាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។ (...) រីឯកងទ័ពស្រួចដ៏ក្លាហាន (សៀម) បាន ឈរ នៅ លើ ខ្នង ដំរី នៅ ពី មុខ ក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ "Praya Maha Yotha"។ »
«"Praya Maha Yotha" "Praya Si Ratcha Decho" "Praya Thai Nam" និង"Praya Ratcha Manu" បាន បញ្ជា ដំរី របស់ ពួកគេ សំរុក ចូល ទៅកំទេច ទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារ នៅតាម ច្រក ទ្វារ នីមួយៗ បាន បាញ់ ព្រួញ កាំភ្លើងតូច-ធំ និងគ្រាប់រំសេវ ចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀម ស្លាប់ និង របួស ជាច្រើន នាក់។ ប៉ុន្តែ "Praya Maha Yotha" នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វារ របស់ រាជធានី ឲ្ យទាល់ តែ បាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬ រាជធានី លង្វែក ក៏ ត្រូវ បាន ដួល រលំ។ ទាហ៊ាន សៀម បាន ចូល ទៅ ក្នុង រាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរ ទៅ ថ្វាយ ស្តេច សៀម។ (...)»
លោក ចិន្ត ច័ន្ទរតនា បានសរុបសេចក្ដី និងចោទជាសំនួរឡើងថា៖ «ត្រង់ចំណុចនៃការរៀបរាប់អំពី ចម្បាំង នេះ ខ្ញុំមិន បាន ឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួង ចូលក្នុងគុម្ពឬស្សី ឡើយ។ ហេតុ នេះ យើង គួរ តែ ពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបាន លើក ឡើង ថា ទ័ព សៀម បាន បាញ់ ប្រាក់ ឌួង ហើយ ប្រជាជន ខ្មែរខ្លួនឯង ជាអ្នកកាប់ឆ្ការព្រៃឬស្សី ទាំងនោះ ទើប ធ្វើ ឲ្យ ទ័ព សៀម មាន ឱកាស វាយ ចូល និងកំទេចរាជធានីបាន។ តើរវាងរាជពង្សាវតាខ្មែរ និង អយុធ្យា មួយ ណា ដែល យើង អាច ទុក ចិត្ តបាន?»
អ្នកចូលរួមពិភាក្សាជាច្រើននាក់ បានលើកឡើង ពីកង្វះតម្លាភាព នៃឯកសារ«ព្រះរាជពង្សាវតា អយុធ្យា» ដោយ ពួក គេ អះអាង ថា សៀម (ថៃសព្វថ្ងៃ) សរសេររឿងរ៉ាវនេះ ដោយខ្លួនឯង ដើម្បីលើកតម្កើន ស្ដេច និង ប្រវត្តិសាស្ត្ររបស់ សៀម ខ្លួនឯង។ នេះបើទោះជាឯកសារនេះ រៀបរៀងឡើង និងសរសេរដោយ ជនជាតិ បរទេស (ផ្សេងពីខ្មែរ និង សៀម) ក៏ ដោយ។
លោក អ៊ុំ សារិន ដែលជាអ្នកសារព័ត៌មានមួយរូបនោះ បានសរសេរពន្យល់ថា៖ «តាមខ្ញុំធ្លាប់ អាន រឿង បាញ់ ប្រាក់ ឌួង នោះ កើតមុនពេលវាយបន្ទាយលង្វែក។ តាមពិត ដើមឬស្សីក្រាស់ណាស់ សៀមវាយ មិន ចុះ ហើយ បាន ថយ។ ក្រោយពេលបាញ់ប្រាក់ដួង ខ្មែរឆ្កាដើមឬស្សីឡើងស្តើង ទើបសៀម លើក ទ័ព វាយ ម្តង ទៀត បែក បន្ទាយ លង្វែក។»
ច្បាស់លាស់ជាងនេះ លោក ម៉ៅ វុត្ថា ប្រធានក្រុមហ៊ុននាំចូលសាច់ សាលម៉ុន មកក្នុងប្រទេស កម្ពុជា បាន បញ្ជាក់ ថា៖ «បញ្ហាបាញ់ប្រាក់ដួង គឺមាននិយាយ នៅក្នុងព្រះរាជពង្សាវតាក្រុងចាស់ របស់ហ្លួង ប្រស៊ើត អក្សរ នីតិ និង ឯកសារ ប្រវត្តិ ការ កសាង ជាតិ របស់ ព្រះនរេសូរ របស់កងទ័ពជើងទឹកថៃ។»
លោកវិស្វករ វ៉ា សុវណ្ណារ័ត្ន ដែលចេះភាសាថៃ បានពន្យល់បន្ថែមថា លោកធ្លាប់ សរសេរ អត្ថបទ ទាក់ទង ទៅ នឹង រឿង បែក បន្ទាយ លង្វែក នេះ ហើយក្នុងឯកសារពង្សាវតា ខ្មែរ បានបង្ហាញថា ស្តេច សៀម នរេសូរ ឲ្យ គេ យក ជ័រ ទឹក យក មក ជះ ដុត កំពែង ឬស្សី។ លោក វិស្វករ បាន សរសេរ បន្ត ថា៖ «ថៃ សរសេរ ថា គេចាប់ បាន ស្តេច ខ្មែរ យក ទៅកាត់ ក ក្រោយ បែក បន្ទាយ លង្វែក (និង)យក ឈាម ទៅលាងជើងស្តេច នរេសូរ។ តែ តាម ប្រវត្តិសាស្ត្រ ខ្មែរ ក៏ ដូច ជា ការ កត់ ត្រា របស់ ពួក ព័រទុយហ្គេ ថាស្តេចខ្មែររត់ទៅខេត្តអាច់ ក្រពើ ហើយអ្នកដែល ត្រូវ ចាប់ ខ្លួន (នោះ) គឺ ជា ព្ រះស្រី សុរិយោពណ៌ ទៅ វិញ ទេ ហើយក៏មិនបានសម្លាប់ដែរ ព្រោះព្រះអង្គបាន(ត្រឡប់)មក ឡើង សោយរាជ្យ នៅ ស្រុក ខ្មែរ វិញ។»
ចំណែកឯលោក «MC Sovann» វិញ បានសរសេរទម្លាក់កំហុស ទៅលើអ្នក ប្រវត្តិសាស្ត្រ ថៃ ដែល សរសេរ ពង្វាង ខុស ពី ប្រវត្តិ ពិត ថា៖ «បើប្រវត្តិសាស្រ្តសរសេរថា ស្តេចសៀមប្រើល្បិចនោះ ដូចជា ប្រមាថ ចេស្តា ស្តេច។ អញ្ចឹង បាន អ្នក ប្រវត្តិសាស្រ្ត សរសេរ តែ កន្លែងខ្លាំង និងការវាយសន្ធប់លើខ្មែរ។ ជាការពិតណាស់ បើសិន ជា អ្នក ប្រវត្តិសាស្រ្ត សៀម សរសេរ ថា សៀម ប្រើ ល្បិច លើខ្មែរ នោះសបញ្ជាក់ឱ្យឃើញថា សៀមគ្មាន សមត្ថភាព បំបែក ក្រុង លង្វែក ទើប បាន ជា បាញ់ ប្រាក់ ឌួង ចូល គុម្ព ឬស្សី។»៕

Monday, April 25, 2016

ប្រវត្តិ​នៃ​ការ​កកើត​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង​ សូម​លើកឡើង​ អំពី​ប្រវត្តិ​នៃ​ការ​កកើត​ក្រុម​ភេរវជន​អន្តរជាតិ “អាល់កៃដា” ដែល​ជា​តួអង្គ​ដ៏​សំខាន់មួយ នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​អន្តរជាតិ ក្រោយ​ថ្ងៃ១១កញ្ញា​ឆ្នាំ​២០០១។

នៅថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក​ដែល​ជា​មហាអំណាច​ផុតលេខ​ត្រួតត្រា​ពិភពលោក​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ដល់​ក្នុង​ទឹកដី​របស់​ខ្លួន គឺ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីងតោន។ ភេរវកម្ម​១១កញ្ញា​នេះ​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​​ក្នុងសម័យកាល​ក្រោយ​សង្រ្គាម​ត្រជាក់ ហើយ​តួអង្គ​ថ្មីមួយ​បាន​ចាប់លេចមុខ និង​ល្បីឈ្មោះ ​​នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ គឺ​​ក្រុម​ភេរវជន​អាល់កៃដា និង​មេដឹកនាំ​ អូសាម៉ា ប៊ិនឡាដិន។

អាល់កៃដា​បាន​ចាប់កំណើតឡើង នៅ​ឆ្នាំ​១៩៨៨ នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន ក៏ប៉ុន្តែ ឫសគល់​នៃ​ចលនា​អ៊ីស្លាម​ស៊ុននីត​ជ្រុលនិយម​នេះ​បាន​ចាប់ពន្លក​​ដំបូង​ចេញ​ពី​​ចលនា “ភាតរអ៊ីស្លាម” (Frères musulmans/Muslim Brotherhood) នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ដោយមាន​មេមនោគន៍វិជ្ជា​ឈ្មោះ​ថា អាប់ដាឡា អាហ្សាំ (Abdallah Azzam)។

អាប់ដាឡា អាហ្សាំ មាន​ដើមកំណើត​នៅ​ប៉ាឡេស្ទីន ​បាន​ចូល​ជា​សមាជិក​អង្គការ​ភាតរអ៊ីស្លាម នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៥០ ​ហើយ​ជា​អ្នកប្រាជ្ញ​អ៊ីស្លាម​ដំបូងគេ​នៅ​ក្នុង​សម័យ​ទំនើប ដែល​មាន​គំនិត​ចង់​បង្កើត​ឲ្យ​មាន​ចលនា​ជីហាត​​អ​ន្តរជាតិ​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មហាអំណាច​អាណានិគម​លោកខាងលិច និង​រដ្ឋាភិបាល​​ប្រទេស​អ៊ីស្លាម​​ដែល​រណប​លោកខាងលិច។ តាមគោលគំនិត​របស់​អាប់ដាឡា អាហ្សាំ ​គោលដៅ​ចុងក្រោយនៃ​ចលនា​ជីហាត​នេះ គឺ​​ឈាន​ទៅ​បង្កើត​រដ្ឋអ៊ីស្លាម​​​​មួយ ដែល​មាន​វិសាលភាព​ជាសកល ហើយ​ និង​គោលដៅ​នេះ​អាច​សម្រេច​បាន​តាមរយៈ​​​​​អំពើ​ហិង្សា ដែលគេ​ហៅថា “សង្រ្គាមជីហាត”។

សេចក្តីបង្រៀន​របស់​ អាប់ដាឡា អាហ្សាំ បាន​ជះឥទ្ធិពល​ដល់​យុវជន​អ៊ីស្លាម​ពីររូប ដែល​ក្រោយ​មកត្រូវ​​ក្លាយ​ជា​មេដឹកនាំ​​អាល់កៃដា គឺ​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី និង​អូសាម៉ា ប៊ិនឡាដិន។


អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី កើតនៅ​ឆ្នាំ​១៩៥១ នៅ​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យស្តុកស្តម្ភ​​មួយ នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ អាល់ហ្សាវ៉ាហ៊ីរី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មេង​ដែល​រៀន​ពូកែ​នៅ​សាលា, ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ពី​សកលវិទ្យាល័យ​ទីក្រុង​គែរ ហើយ​បាន​ចូល​បម្រើ​ការងារ​ជា​ពេទ្យ​ទាហាន​អេហ្ស៊ីបមួយរយៈពេល​ខ្លី មុននឹង​ទៅ​បើក​គ្លីនិក​ឯកជន​ផ្ទាល់​ខ្លួន​មួយ នៅ​ក្នុង​ទីក្រុង​គែរ។

ស្របជាមួយនឹងការ​ប្រកបអាជីព​ជាគ្រូពេទ្យ​នេះ អាល់ហ្សាវ៉ាហ៊ីរី​ក៏​បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ ក្នុង​ចលនា​អ៊ីស្លាមជ្រុលនិយម គឺ​ចលនា “ភាតរអ៊ីស្លាម” រួមជាមួយ​នឹង​អាប់ដាឡា អាហ្សាំ។ នៅ​ក្នុង​ចលនា​នេះ អាល់ហ្សាវ៉ាហ៊ីរីបាន​ធ្វើ​​សកម្មភាព​ជាច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​​អេហ្ស៊ីប ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់ពន្ធនាគារ ក្នុងការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​អេហ្ស៊ីប អានវ៉ា សាដាត នៅ​ឆ្នាំ​១៩៨១។

ចេញ​ពី​ពន្ធនាគារ អាល់ហ្សាវ៉ាហ៊ីរី នៅតែ​បន្ត​ធ្វើ​សកម្មភាព​​​ប្រឆាំង​នឹង​រដ្ឋាភិបាល, រស់នៅ​ដោយ​លួចលាក់ ធ្វើ​ដំណើរ​ពី​កន្លែងមួយ​ទៅកន្លែងមួយ ទាំងនៅក្នុ​ង​ប្រទេស​អេហ្ស៊ីប និង​ទៅក្រៅ​ប្រទេស ដើម្បី​​គេចពី​ការ​តាមប្រមាញ់​របស់​​អាជ្ញាធរ។ នៅ​ក្នុង​អំឡុង​ពេលនោះ​ហើយដែល​អាល់ហ្សាវ៉ាហ៊ីរី​បាន​ជួប​ជាមួយ​នឹង​អូសាម៉ា ប៊ិនឡាដិន នៅ​ឯ​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន។ នៅ​ពេលនោះ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី គឺ​ជា​មេដឹកនាំ​ក្រុមអ៊ីស្លាម​ជ្រុលនិយម​មួយ ដែល​មាន​ឈ្មោះ​ថា “ក្រុម​ជីហាត​អ៊ីស្លាម​អេហ្ស៊ីប” (Egyptian Islamic Jihad/Jihad islamique égyptien)។

អូសាម៉ា ប៊ិនឡាដិន កើតនៅ​ឆ្នាំ​១៩៥៧ (ឯកសារខ្លះ​ដាក់​ថា​កើតនៅ​ឆ្នាំ​១៩៥៨) នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ប៊ិនឡាដិន គឺ​ជា​កូនទី១៧ ក្នុងចំណោម​កូន​ទាំង ៥២នាក់ របស់​មហាសេដ្ឋី​ដែល​ត្រួតត្រា​មុខជំនួញ​ខាង​វិស័យ​សំណង់ នៅ​អារ៉ាប៊ីសាអ៊ូឌីត។ ប៊ិនឡាដិន​បាន​រៀនសូត្រ​រហូតដល់​ថ្នាក់​ឧត្តមសិក្សាខាងផ្នែក​សេដ្ឋកិច្ច និង​ខាង​វិស្វករ​សំណង់ ក៏ប៉ុន្តែ ប៊ិនឡាដិន​មិនមាន​ចិត្ត​ចង់​ប្រកប​អាជីព​អ្វីមួយ​នោះទេ ដោយ​ជាប់ចិត្ត​តែ​នឹង​រឿង​សាសនា ជាពិសេស គឺ​មនោគមន៍វិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​របស់​អាប់ដាឡា អាហ្សាំ។

នៅ​ឆ្នាំ​១៩៧៩ ប៊ិនឡាដិន​បាន​បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យាល័យ ត្រូវ​ចំពេល​ដែល​ ​សូវៀត​​ចូល​ឈ្លានពាន​​ប្រទេស​អាហ្វហ្កានីស្ថាន។ ប៊ិនឡាដិន​ក៏​បាន​ចាកចេញ​ពី​អារ៉ាប៊ីសាអ៊ូឌីត ទៅចូលរួម​ជាមួយ​អាប់ដាឡា អាហ្សាំ បោះទីតាំង​នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា ប្រទេស​ប៉ាគីស្ថាន ហើយ​បង្កើត​បណ្តាញ​មួយ ដើម្បី​​​ជ្រើសរើស​​យុវជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ពី​គ្រប់​ទីកន្លែង​ឲ្យ​ទៅ​ចូលរួម​ក្នុង​ចលនា​ឧទ្ទាម​មូចាហ៊ីឌីន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​សូវៀត​នៅ​អាហ្វហ្កានីស្ថាន។

នៅ​ពេលនោះ អាប់ដាឡា អាហ្សាំ ដើរតួនាទី​ជា​អ្នក​ឃោសនា​ខាង​មនោគមន៍វិជ្ជា ចំណែក​ឯ​អូសាម៉ា ប៊ិនឡាដិន ដែល​ទទួល​មរតក​​ជាលុយរាប់សិបលាន​ដុល្លារ​​ពី​ឪពុក​ដែល​ស្លាប់​កាល​ពីឆ្នាំ​១៩៦៧ ដើរតួនាទី​ជា​អ្នក​ផ្តល់​លុយកាក់។ ​ម្តងម្កាល ប៊ិនឡាដិន ដែល​មាន​វ័យត្រឹមតែ​ជាង​២០ឆ្នាំ ក៏​ចូលរួម​ប្រឡូក​​ក្នុង​សមរភូមិ​ផងដែរ ជាពិសេស គឺ​​​នៅ​សមរភូមិ​​ជីចា (Jija) ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​១៩៨៧ ដែល​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​បាន​វាយបំបាក់​ទាហាន​សូវៀត។ គឺ​ចាប់ពីពេលនោះ​ហើយ ដែល​ប៊ិនឡាដិន​ចាប់ផ្តើម​មាន​ឈ្មោះ​បោះសំឡេង នៅ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ក៏ដូចជា ក្នុង​ចំណោម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផ្សេងៗ​ទៀត។

នៅ​ឆ្នាំ​១៩៨៨ នៅ​ពេល​ដែល​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ឈាន​ជិត​ចូល​ដល់​ទី​បញ្ចប់ ប៊ិនឡាដិន​​​បានផ្តាច់ខ្លួន​ចេញ​ពី​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ហើយ​​​ទៅ​បង្កើត​ជា​ចលនា​​​ថ្មី​មួយ​ទៀត​រួមជាមួយ​នឹង​អៃម៉ាន់ អាល់​ហ្សាវ៉ាហ៊ីរី ដោយ​ដាក់​ឈ្មោះ​ក្រុម​ថ្មី​នេះ​ “អាល់កៃដា” ដែល​ជាភាសាអារ៉ាប់​មានន័យថា “មូលដ្ឋាន”។ តាមរយៈ​ការ​បង្កើត​ក្រុមថ្មី​នេះ អូសាម៉ា ប៊ិនឡាដិន មាន​​គោលដៅ​ពង្រីក​សង្រ្គាម​ជីហាត​ចេញ​ពី​អាហ្វហ្កានីស្ថាន ​ទៅកាន់​កន្លែងផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភពលោក។

នៅពេល​ដែល​អាល់កៃដា​​ទើប​នឹង​បង្កើតឡើង​ភ្លាម ​អូសាម៉ា ប៊ិនឡាដិន នៅមិនទាន់​បាន​ក្លាយ​ជា​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​នៅឡើយ​ទេ ដោយសារតែពេលនោះ ប៊ិនឡាដិន​ មិន​អាច​ប្រជែង​ឈ្នះ​ឥទ្ធិពល​របស់​អាប់ដាឡា អាហ្សាំ ដែល​ជា​អ្នកប្រាជ្ញ​ជើងចាស់ និង​ដ៏មាន​ឥទ្ធិពល​ខាង​ជីហាត​អ៊ីស្លាម។

អ្វីៗ​ត្រូវ​ប្រែប្រួល​នៅ​ក្រោយ​ពេល​ដែល​អាប់ដាឡា អាហ្សាំ ត្រូវ​គេ​លបធ្វើឃាត​ នៅថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាមឡាន នៅ​ក្នុង​ខេត្ត​ប៉េស្ហាវ៉ា។ រហូតមកទល់​នឹង​ពេលនេះ គេនៅតែ​មិន​អាច​ដឹង​ពិតប្រាកដ​នៅឡើយទេ​ថា តើ​អ្នកណា​ជា​អ្នក​ធ្វើ​ឃាត អាប់ដាឡា អាហ្សាំ? ក៏ប៉ុន្តែ គេសង្ស័យ​ថា ប៊ិនឡាដិន គឺ​ជា​អ្នករៀបចំ​គម្រោង​ធ្វើ​ឃាត​នេះ ដើម្បី​អាច​ក្តោបក្តាប់​អំណាច​ទាំងស្រុង​ក្នុង​ក្រុម​អាល់កៃដា។

បើទោះបីជា​ការសង្ស័យ​នេះ​ជា​ការពិត ឬ​មិនពិត គេ​អាច​សង្កេតឃើញថា គឺ​ចាប់តាំង​ពី​អាប់ដាឡា អាហ្សាំ ត្រូវ​គេ​ធ្វើ​ឃាត ដែល​​ប៊ិនឡាដិន​ចាប់ផ្តើម​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​ជីហាត ហើយ​បន្តិចម្តងៗ ក្រុម​អាល់កៃដា​ក៏​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ជា​ក្រុម​ភេរវជន​ខ្នាត​អន្តរជាតិ៕

Saturday, March 12, 2016

តើអ្នកណាជាអ្នកបង្កើតការបែងចែកអំណាចជា៣?

​ភ្នំពេញ​៖ ទស្សនវិទូ​ជនជាតិ​បារាំង លោក ម៉ុង​តេ​យើ​(Montesquieu) បាន​បែងចែក​អំណាច​ជា​៣ គឺ​អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​។ លោក​ថា ការ​បែក​ចែក​អំណាច អាច​នាំ​ឲ្យ​មាន​ស្ថេរភាព​នៅក្នុង​របប​សាធារណរដ្ឋ និង​របបរាជានិយម​។ 
 
-​ ​អំណាចនីតិបញ្ញត្តិ គឺជា​អំណាច​ធ្វើ​ច្បាប់ កែ​ច្បាប់ និង​លុប​ច្បាប់​។ អំណាច​នេះ ត្រូវប្រគល់​ឲ្យ​សភាព​(​សភា​ប្រជារាស្ត្រ និង​សភា​ជាន់ខ្ពស់ គឺ​សភា​អភិជន​)​។ ក្រៅពី​បង្កើត​ច្បាប់ និង​លុបចោល​ច្បាប់ អំណាច​នេះ ដើរតួនាទី​ជា​អ្នកតាមដាន​ត្រួតពិនិត្យ​ការប្រតិបត្តិ​របស់​អ្នកដឹកនាំ ឬ​ព្រះរាជា​។​
 
-​ ​អំណាចនីតិប្រតិបត្តិ គឺជា​អំណាច​ប្រតិបត្តិ​តាម​ឆន្ទៈ​របស់​សភា សម្រាប់​ដឹកនាំ​ទាំង​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ​។ អំណាច​នេះ មាន​សិទ្ធិ​ប្រកាសសង្គ្រាម និង​សន្តិភាព​។
 
-​ ​អំណាចតុលាការ គឺជា​អំណាច​វិនិច្ឆ័យ​ដែល​ត្រូវបាន​គេ​ប្រើ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់រដ្ឋប្បវេណី​។ អំណាច​នេះ ត្រូវប្រគល់​ឲ្យ​សភា តាម​ខេត្ត​នីមួយ​។ ការបែងចែក​អំណាច​នេះ គឺ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​អំណាច​ដែល​ស្ថិតក្នុង​ដៃ​បុគ្គល ដែល​បណ្តាល​ឲ្យ​អន្តរាយ ដល់​ប្រទេសជាតិ ពីព្រោះថា ធម្មជាតិ​របស់​មនុស្ស កាលណា​បាន​អំណាច​ហើយ គឺ​តែងតែ​ចង់​រក្សា​អំណាច​រហូតដល់​ដំណក់ឈាម​ចុងក្រោយ​។ លោក​បញ្ជាក់​ឃ្លា​ចុងក្រោយ​ថា អំណាច​ទាំង​៣ ត្រូវ​រក្សា​ឲ្យ​មាន​តុល្យភាព​៕

Wednesday, March 2, 2016

បុគ្គល ៤ រូប​​សុខចិត្ត​ឈប់រៀន​ទៅ​​ធ្វើ​ជំនួញ​​ក្លាយជាមហាសេដ្ឋី​មាន​លុយ​ច្រើន​បំផុត


ពីឆ្វេង​មកស្ដាំ ៖ លោក​ Bill Gates , Larry Ellison , Mark Zuckerberg និង Mechael Del      
នៅពេលដែលលោកអ្នកកំពុងសិក្សានៅមហាវិទ្យាល័យ លោកអ្នកមានឱកាសបានក្រេបជញ្ជក់យកចំណេះវិជ្ជាយ៉ាងច្រើនឥតគណនា។ មហាវិទ្យាល័យជាទីកន្លែងប្រមូលផ្ដុំនូវចំណេះដឹង និងមុខវិជ្ជាសិក្សាសម្រាប់និស្សិតសិក្សាមុខវិជ្ជាដែលខ្លួនពេញចិត្ត ហើយចាប់អាជីពអ្វីមួយដែលត្រូវនឹងសញ្ញាបត្រដែលបានរៀនចប់ជាស្ថាពរ។ ការសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍខ្លួនឯងផង និងអភិវឌ្ឍសង្គមជាតិផង។ សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបច្ចេកវិទ្យាទំនើប កើតមានពីការសិក្សារៀនសូត្រ។

ទោះជាយ៉ាងណាក្ដី នៅក្នុងពិភពលោកនេះ ក៏មានបុគ្គលមួយចំនួនអាចរកឃើញភាពជោគជ័យនៅក្នុងជីវិត និងមានទ្រព្យសម្បត្តិច្រើនមហាសាល ខណៈដែលអស់លោករៀនមិនបានចប់ថ្នាក់បរិញ្ញាបត្រជាស្ថាពរផង។ ខាងក្រោមនេះជាមហាសេដ្ឋីចំនួន ៥ រូបដែលមានប្រាក់រាប់សិបពាន់លានដុល្លារ ហើយបានឈប់រៀនកណ្ដាលទីពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។

១- លោកប៊ីលហ្គេត (Bill Gates) ម្ចាស់ក្រុមហ៊ុន Microsoft 
មានប្រាក់ជាង ៨០ ពាន់លានដុល្លារ (ឯកសារខ្លះថាលោកមានប្រាក់ជាង ៧៩ ពាន់លានដុល្លារ)

លោកប៊ីលហ្គេតកើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកប៊ីលហ្គេតសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យហាវើត (Harvard) ហើយក៏បានឈប់រៀនកណ្ដាលទី។ លោកប៊ីលហ្គេតជាបុគ្គលដែលមានបញ្ញាឈ្លាសវៃ និងមានចក្ខុវិស័យត្រឹមត្រូវ។ លោកយល់ថាលោកត្រូវរកស៊ីខាង Software ជាជាង Hardware ព្រោះលោកអាចរក្សាកម្មសិទ្ធិបញ្ញាខាង Software របស់លោកបាន។ ក្រោយមក លោកបានបបួលលោក Paul Allen ជាមិត្តសំឡាញ់ចាស់តាំងពីក្មេង ដើម្បីចូលហ៊ុនរកស៊ីខាងសរសេរកម្មវិធីកុំព្យូទ័រ។ អស់លោកទាំងពីរក៏បានឈប់រៀនកណ្ដាលទី ហើយបើកក្រុមហ៊ុន Microsoft។

២- លោកឡារីអេលីសឹន (Larry Ellison) ជាម្ចាស់ក្រុមហ៊ុន Oracle
មានប្រាក់ជាង ៥៤ ពាន់លានដុល្លារ

លោកកើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៤។ លោកអេលីសឹនត្រូវគេចាត់ទុកជាបុគ្គលដែលពូកែខាងសរសេរ program និងក៏ជាអ្នករកស៊ីខាងអ៊ីនធឺណែតផងដែរ។ កាលរៀននៅថ្នាក់វិទ្យាល័យ លោកពូកែខាងមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា។ ពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកបានចូលរៀននៅសាកលវិទ្យាល័យអ៊ីលីណយ (Illinois)។ រៀនបានពីរឆ្នាំ លោកក៏បានឈប់រៀន បន្ទាប់ពីម្ដាយចិញ្ចឹមរបស់លោកទទួលអនិច្ចកម្ម។ មួយឆ្នាំក្រោយមក លោកបានចូលរៀននៅសាកលវិទ្យាល័យឈីកាហ្គោ (Chicago)។ រៀនបានមួយឆមាស លោកក៏ឈប់រៀន។ ពេលនោះ លោកសល់ប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ហើយក៏ទៅធ្វើការឲ្យគេសិន តាមក្រុមហ៊ុននានាអស់រយៈពេល ១០ ឆ្នាំ។ នៅឆ្នាំ១៩៧៧ លោកបានសហការជាមួយមិត្តភក្ដិម្នាក់ទៀត ចូលហ៊ុនគ្នាបង្កើតក្រុមហ៊ុន Oracle។ ក្រុមហ៊ុនរបស់លោកលក់ទាំង Hardware និង Software។ សព្វថ្ងៃ លោកឡារីអេលីសឹនជាមហាសេដ្ឋីលំដាប់ទី៥ពិភពលោក។

៣- លោកម៉ាកហ្សាក់ខឺបឺក (Mark Zuckerberg) ជាម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook)
មានប្រាក់ជាង ៣៤ ពាន់លានដុល្លារ

លោកម៉ាកហ្សាក់ខឺបឺកកើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ នៅរដ្ឋញីវយ៉ក សហរដ្ឋអាមេរិក។ លោកត្រូវគេចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេង និងជាសហគ្រិនខាងអ៊ីនធឺណែតដ៏លេចធ្លោបំផុតនៅក្នុងពិភពលោកសម្រាប់ពេលបច្ចុប្បន្ន។ តាំងពីនៅវ័យក្មេង លោកមានចំណង់ចំណូលចិត្តខាងសរសេរ Software និងសរសេរកម្មវិធីហ្គែម (game)។ នៅថ្នាក់វិទ្យាល័យ លោករៀនពូកែបំផុតលើមុខវិជ្ជាមួយចំនួន រហូតដល់លោកអាចចូលរៀននៅសាកលវិទ្យាល័យហាវើត។ ពេលកំពុងរៀនឆ្នាំទីពីរ លោកបានសរសេរកម្មវិធីសម្រាប់ដំណើរការបណ្ដាញសង្គម (social network) ដែលបច្ចុប្បន្នត្រូវគេស្គាល់សឹងគ្រប់គ្នាថាហ្វេសប៊ូក (Facebook)។ លោកសម្រេចចិត្តថាត្រូវឈប់រៀនត្រឹមឆ្នាំទីពីរ ដើម្បីយកពេលបង្ហើយកិច្ចការសរសេរ software របស់លោក។

៤- លោកម៉ៃឃើលឌែល (Michael Dell) ម្ចាស់ក្រុមហ៊ុន Dell
មានប្រាក់ជាង ១៨ ពាន់លានដុល្លារ

លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥ នៅរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក។ លោកមានចំណូលចិត្តខាងធ្វើជំនួញតាំងពីលោកនៅវ័យក្មេងមកម៉្លេះ។ ដូចនេះ លោកប្រឹងធ្វើការក្រៅម៉ោងដើម្បីសន្សំលុយទុកបើកក្រុមហ៊ុន តាំងពីលោកនៅរៀនថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។ ពេលអាយុ ១៥ ឆ្នាំ លោកទិញកុំព្យូទ័រមួយគ្រឿង ហើយលោកក៏ចាប់ចិត្តនឹងការផលិតកុំព្យូទ័រជាខ្លាំង។ ពេលកំពុងសិក្សានៅសាកលវិទ្យាល័យតិចសាស់ លោកក៏បានឈប់រៀនកណ្ដាលទី ហើយបង្កើតក្រុមហ៊ុនតែម្នាក់ឯងតែម្ដងដែលមានឈ្មោះថាឌែល (Dell) ខាងផលិត Software និង Hardware និងលក់សេវាខាងថែទាំ និងដំណើរការ server ជាប្រភេទ cloud service។ ពេលបើកក្រុមហ៊ុនដំបូង លោកមានប្រាក់ ១០០០ ដុល្លារ៕

Saturday, February 13, 2016

តើ « Valentine's Day» មាន ប្រវត្តិបែបណាខ្លះ?


Saint Valentine ជា ឈ្មោះ បព្វ ជិត ដែលមាន កំណើត នៅក្នុង ប្រទេស រ៉ូម នៅក្នុង រជ្ជ កាល អធិរាជ ClaudiusII។ នៅក្នុង ប្រវត្តិ ជនជាតិ រ៉ូ ម៉ាំង ថ្ងៃទី១៤ កុម្ភៈ គឺជា ថ្ងៃ ឈប់សំរាក សំរាប់ គោរព ដល់ ព្រះមហាក្សត្រិយា នី របស់ ប្រទេស នេះ។ ប្រជាជន រ៉ូ ម៉ាំង បានចាត់ទុក ព្រះរាជ នីថា ជា ព្រះ ជា ម្ចាស់ តំណាងឲ្យ នារី ទាំងអស់ នៅក្នុង ប្រទេស និង ជា ព្រះ ជា ម្ចាស់ នៃ អា ពា ហ៍ពិ ពា ហ៍ ដ៏ ស្រស់បំព្រង មួយ។ ពិ ធី នេះ ត្រូវបាន គេ ធ្វើ ភ្ជាប់ ជាមួយ បុណ្យ Lupercalia  ជា បុណ្យ ធ្វើឡើង សំរាប់ បណ្តេញ ឆ្កែចចក ដែល តែងតែ មក បំផ្លាញ ដំណាំ នៅតាម ឈូង សមុទ្រ និង ជា ពិ ធី មួយ ដែល ប្រជាជន ធ្វើឡើង សំរាប់ សុំឲ្យ ដំណាំ របស់គេ កាន់តែ ទទួលបាន ផល ច្រើនជាង ឆ្នាំ ចាស់។
សម័យ កាលនោះ ការរស់នៅ របស់ កំលោះ និងនារី ក្រមុំ ត្រូវបាន គេ ចែក អោយនៅ ដាច់ពីគ្នា និង តឹងរ៉ឹង បំផុត។ ប៉ុន្តែ ក្នុង ថ្ងៃបុណ្យ Lupercalia  កំលោះ និង ក្រមុំ ត្រូវបាន គេ អនុញ្ញាតអោយ ជួបគ្នា។ ស្រី ក្រមុំ ជន ជាតិ រ៉ូ ម៉ាំង ទាំងអស់ ត្រូវ សរសេរឈ្មោះ របស់ ពួកគេ ដាក់ ក្នុង ដប និង បណ្តែត តាម ទឹក ហើយកំលោះៗជា អ្នក ចាំ ទទួល ដប ទាំងនោះ។ អ្នក ដែល ទទួលបាន ដប ទាំងនោះ នឹងត្រូវ ជាគូ នឹងនារី ដែលមាន ឈ្មោះ ក្នុង ដប។ ជាទូទៅ ពួកគេ បានក្លាយ ជា គូ ស្នេហ៍ នឹង គ្នា ហើយ អាច រៀប អាពាហ៍ពិពាហ៍ ជាមួយគ្នា បាន។
នៅក្នុង សម័យកាល រជ្ជ កាល អធិរាជ  Claudius II  ដែល ត្រូវបានគេទទួលស្គាល់ ថា ជា សម័យ បង្ហូរឈាម។ ដោយសារ មានការ លំបាក ក្នុងការ បញ្ចុះបញ្ចូល អោយ ប្រជាជន ពិសេស យុវជន ចូលរួម ធ្វើជា កងទ័ព ព្រះរាជា រូបនេះ យល់ឃើញថា មូលហេតុ ដែល ធ្វើអោយបុរសៗមិន ព្រម ធ្វើជា កងទ័ព ពីព្រោះ តែ ពួកគេ មិន ចង់ ចាក ចេញពី គ្រួសារ និង មនុស្ស ដែល គេ ស្រលាញ់។ ខណៈ ពេលនោះ ព្រះរាជា បាន ហាមឃាត់ មិនឲ្យមាន ការ រៀប អាពាហ៍ពិពាហ៍ និង ការភ្ជាប់ ពាក្យ រវាង កំលោះ និង ក្រមុំ ជនជាតិ រ៉ូ ម៉ាំង ទាំងនោះ។ ប្រជាជន មួយចំនួនធំ មិន គាំទ្រ ចំពោះ ច្បាប់ ដែល អធិរាជ រូបនេះ បានកំណត់ ឡើយ។ ដោយសារតែ ដូចនេះហើយ ទើប លោក Valentine បាន លួច រៀប អាពាហ៍ពិពាហ៍ អោយ គូ សង្សារ មួយចំនួន ដោយ សំងាត់។ មិនយូរប៉ុន្មាន សកម្ម ភាព នេះ ត្រូវបាន គេ ដឹង។ ស្តេច Cludius បានចេញ បទបញ្ជា អោយ ប្រហារជីវិត លោក Valentine ដោយ កាត់ យក បេះ ដូង របស់គាត់ នា ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២៧០ ដោយ ចោទ ពីបទ គាំទ្រ សាសនា គ្រឹ ស្ត ប្រឆាំងនឹង វប្ប ធ ម៌របស់ ប្រទេស។