Thursday, February 11, 2016

ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន(ភាគ១)

ប្រវត្តិ សង្ខេប នៃ ទំនាក់ទំនង កម្ពុជា និង ចិន (ភាគ ១)

ដោយ ទទួល បាន ផល ប្រយោជន៍ ពី គ្នា ទៅ វិញ ទៅ មក មិត្តភាព ស្អិត ល្មួត រវាង រដ្ឋាភិបាល កម្ពុជា និង រដ្ឋាភិបាល ចិន មក ដល់ ដើម ឆ្នាំ ២០១៦ បាន ឡើង ដល់ ចំណុច កំពូល។ ទោះ ជា យ៉ាង ណា ទំនាក់ទំនង រវាង ប្រទេស ទាំង ពីរ មាន ប្រវត្តិ ចាប់ តាំង ពី សម័យ អង្គរ ក្នុង សតវត្ស ទី ១៣ មក ម្ល៉េះ។
កាល ណា គេ និយាយ ពី ប្រវត្តិ នៃ ចំណង ការទូត រវាង កម្ពុជា និង ចិន គេ តែង តែ នឹក ដល់ ឈ្មោះ ជីវ តាក្វាន់ ដែល កាល នោះ លោក គឺ ជា បេសកជន ពិសេស របស់ ចិន ដែល មក ធ្វើ ទស្សនកិច្ច និង ស្នាក់នៅ អាណាចក្រ អង្គរ អស់ រយៈពេល ១ ឆ្នាំ គឺ ពី ឆ្នាំ ១២៩៦ ដល់ ឆ្នាំ ១២៩៧។
ថ្វី បើ ចំណង ការទូត រវាង ប្រទេស ទាំង ពីរ មាន ប្រវត្តិ តាំង ពី បរម បុរាណ មក ក៏ដោយ ក៏ ដំណាក់ កាល ដែល ប្រទេស ទាំង ពីរ ចាប់ ផ្ដើម ស្និទ្ធស្នាល គ្នា ខ្លាំង គឺ ស្ថិត នៅ សម័យ ក្រោយ សង្គ្រាម លោក លើក ទី ២ ឬ នៅ បន្ទាប់ ពី កម្ពុជា រួច ផុត ពី អាណានិគម បារាំង នា អំឡុង ពាក់ កណ្ដាល សតវត្ស ទី ២០ ឯណេះ ទេ។ ចាប់ តាំង ពី ពេល នោះ រហូត មក ដល់ បច្ចុប្បន្ន តើ ទំនាក់ទំនង រវាង ប្រទេស ទាំង ពីរ មាន ដំណើរ វិវឌ្ឍន៍ យ៉ាង ណា ខ្លះ?
ដំណាក់ កាល ដំបូង
ភាព ស្និទ្ធស្នាល រវាង កម្ពុជា និង ចិន កើត មាន ឡើង ខណៈ ពិភពលោក កំពុង ប្រឈម នឹង ភាព ប្រទាញប្រទង់ គ្នា រវាង កម្លាំង កុម្មុយនិស្ត និង កម្លាំង សេរី ក្រោយ សង្គ្រាម លោក លើក ទី ២ បាន បញ្ចប់ ទៅ។ នៅ ពេល នោះ ព្រះរាជាណាចក្រ កម្ពុជា ទី ១ ដែល មាន ព្រះបាទ នរោត្ដម សីហនុ ជា ព្រះ ប្រមុខ រដ្ឋ បាន ប្រកាស រក្សា ជំហរ អព្យាក្រឹត មិន ចូល បក្ស សម្ព័ន្ធ។
យ៉ាង ណា ក៏ដោយ នៅ ទីបំផុត ទៅ កម្ពុជា នៅ តែ ត្រូវ ខិត ទៅ ជិត ចិន កុម្មុយនិស្ត ដើម្បី ទប់ទល់ នឹង ឥទ្ធិពល នៃ ប្រទេស ថៃ និង វៀតណាម ខាង ត្បូង មក លើ កម្ពុជា។ នៅ ពេល នោះ ប្រទេស ថៃ និង វៀតណាម ខាង ត្បូង មាន សហរដ្ឋ អាមេរិក ជា ខ្នង បង្អែក ហើយ ជា អ្នក គាំទ្រ ក្រុម បះបោរ ប្រឆាំង នឹង ការ ដឹក នាំ របស់ ព្រះបាទ នរោត្ដម សីហនុ។
ខណៈ ចិន ជា ប្រទេស ឯកោ បន្ទាប់ ពី ចាប់ យក លទ្ធិ កុម្មុយនិស្ត ចិន នៅ ពេល នោះ កំពុង ត្រូវ ការ សំឡេង គាំទ្រ ពី អន្តរជាតិ ដើម្បី ទទួល បាន អាសនៈ ក្នុង អង្គការ សហប្រជាជាតិ ទប់ទល់ នឹង សាធារណរដ្ឋ ចិន ឬ តៃវ៉ាន់។ ទន្ទឹម នឹង នេះ ការ ដែល ចិន ចាប់ យក កម្ពុជា ធ្វើ ជា សម្ព័ន្ធ មិត្ត ក៏ ដោយសារ ភ័យ ខ្លាច ប្រទេស របស់ ខ្លួន ត្រូវ ហ៊ុមព័ទ្ធ ដោយ ឥទ្ធិពល នៃ សហរដ្ឋ អាមេរិក ដែល កំពុង រីកសាយ ភាយ នៅ តំបន់ ឥណ្ឌូចិន។
ក្រៅ ពី ហេតុផល នយោបាយ ការ បរទេស មាន ទស្សនៈ ខ្លះ លើក ឡើង ថា ការ ងាក ទៅ រក ចិន ក៏ ដោយសារ តែ ព្រះបាទ នរោត្តម សីហនុ មាន ចំណង មិត្តភាព រឹងមាំ នឹង នាយក រដ្ឋមន្ត្រី ចិន លោក ជូ អេងឡាយ (Zhou Enlai)។
ពាក់ព័ន្ធ នឹង ទំនាក់ទំនង ជិតស្និទ្ធ រវាង លោក ជូ អេងឡាយ និង ព្រះបាទ នរោត្ដម សីហនុ អ្នក សិក្សា ពី ប្រវត្តិសាស្ត្រ កម្ពុជា ក្នុង សម័យ ទំនើប ដែល ជា ជនជាតិ បារាំង គឺ លោក ហង់រី ឡូកា (Henri Locard) មាន ប្រសាសន៍ ថា មិត្តភាព ជិតស្និទ្ធ នោះ អាច មក ពី អត្តចរិត រាក់ទាក់ និង ឱន លំទោន របស់ លោក ជូ អេងឡាយ ដែល ធ្វើ ឲ្យ ព្រះបាទ នរោត្ដម សីហនុ សព្វ ព្រះរាជហឫទ័យ ហើយ ចាត់ ទុក ចិន ថា ជា មិត្ត ដ៏ គួរ ឲ្យ ទុក ចិត្ត៖ «លោក ជូ អេងឡាយ មាន ចរិត ថ្លៃថ្នូរ ខ្ពង់ខ្ពស់ មាន ចរិត គោរព ឱន លំទោន។ លោក យល់ ដឹង ពី របៀប របប ពិធីការ បាន ល្អ។ គាត់ បាន កោត សរសើរ និង បញ្ជោរ ព្រះបាទ នរោត្ដម សីហនុ ធ្វើ ឲ្យ ព្រះអង្គ មាន អារម្មណ៍ ថា ខ្លួន ត្រូវ បាន ផ្ដល់ កិត្តិយស ខ្ពង់ខ្ពស់ ណាស់ ដោយ ហេតុ ថា ប្រទេស ចិន ដែល មាន ចំនួន ប្រជាជន ច្រើន ជាង គេ បំផុត លើ លោក ហើយ ចាត់ ទុក ព្រះអង្គ ដូចជា មេ ដឹក នាំ ប្រទេស មហា អំណាច មួយ អ៊ីចឹង។ លោក ជូ អេងឡាយ បាន ធ្វើ ឲ្យ ព្រះបាទ នរោត្ដម សីហនុ មាន ជំនឿ ថា ចិន ជា ជនជាតិ ល្អ ដែល គួរ ឲ្យ រាប់ អាន ហើយ របប នយោបាយ របស់ ចិន ក៏ ល្អ ដែរ។ ខ្ញុំ យល់ ឃើញ យ៉ាង ដូច្នេះ ពីព្រោះ ថា ក្នុង រឿង នយោបាយ អ្នក តែង តែ ច្របូកច្របល់ គ្នា រវាង រឿង ផ្ទាល់ ខ្លួន និង រឿង ប្រទេស ជាតិ វា ពិបាក នឹង បែង ចែក ណាស់»។
មុន នឹង ព្រះបាទ នរោត្តម សីហនុ និង នាយក រដ្ឋមន្ត្រី ចិន លោក ជូ អេងឡាយ ជិតស្និទ្ធ នឹង គ្នា នោះ មេ ដឹក នាំ ប្រទេស ទាំង ពីរ បាន ជួប គ្នា ជា លើក ដំបូង នៅ ឆ្នាំ ១៩៥៥ នៅ ឯ សន្និសីទ ក្រុង បានឌុង ប្រទេស ឥណ្ឌូនេស៊ី (Indonesia) ជា ពេល ដែល មេ ដឹក នាំ នៃ ប្រទេស ទើប រួច ផុត ពី នឹម អាណានិគម ថ្មីថ្មោង ជួប គ្នា ដើម្បី រក លទ្ធភាព សហការ គ្នា ទប់ទល់ នឹង ការ វិល ត្រឡប់ មក វិញ នៃ នឹម អាណានិគម។
ដប់ ខែ ក្រោយ ជួប គ្នា នៅ ប្រទេស ឥណ្ឌូនេស៊ី ព្រះបាទ នរោត្ដម សីហនុ ទ្រង់ បាន ធ្វើ ព្រះរាជ ទស្សនកិច្ច ជា លើក ដំបូង នៅ ប្រទេស ចិន ហើយ មួយ ខែ ក្រោយ មក ព្រះអង្គ ក៏ បាន អញ្ជើញ នាយក រដ្ឋមន្ត្រី ចិន លោក ជូ អេងឡាយ មក ធ្វើ ទស្សនកិច្ច នៅ កម្ពុជា វិញ ម្ដង។ ភាគី ចិន ចាត់ ទុក ការ ដោះ ដូរ ដំណើរ ទស្សនកិច្ច របស់ មេ ដឹក នាំ ប្រទេស ទាំង ពីរ ថា ជា រឿង កម្រ មួយ ក្នុង ប្រវត្តិសាស្ត្រ នៃ ទំនាក់ទំនង ការទូត នៅ លើ ពិភពលោក ដោយសារ ទស្សនកិច្ច នោះ ធ្វើ ឡើង ទាំង ប្រទេស ទាំង ពីរ មិន ទាន់ បង្កើត ចំណង ការទូត ជា ផ្លូវ ការ នៅ ឡើយ។
ថ្ងៃ ទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ ចំណង ការទូត ជា ផ្លូវ ការ ត្រូវ បាន បង្កើត ឡើង ដោយ កម្ពុជា ទទួល ស្គាល់ ជា ផ្លូវ ការ នូវ ភាព ស្រប ច្បាប់ នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ហើយ បដិសេធ របប ដឹក នាំ របស់ ចិន តៃវ៉ាន់។ ចំណង ការទូត នេះ កាន់ តែ រីក ធំធាត់ ចាប់ ពី ពេល នោះ មក ក៏ប៉ុន្តែ បាន ជួប ប្រទះ ភាព រកាំរកូស នៅ ឆ្នាំ ១៩៦៧ នៅ ពេល ព្រះបាទ នរោត្ដម សីហនុ ទ្រង់ ជ្រាប ថា សាធារណរដ្ឋ ប្រជាមានិត ចិន កំពុង ចិញ្ចឹម បីបាច់ ចលនា កុម្មុយនិស្ត នៅ កម្ពុជា ក៏ប៉ុន្តែ ភាព តានតឹង រវាង ប្រទេស ទាំង ពីរ ត្រូវ បាន បន្ធូរបន្ថយ ទៅ វិញ ក្រោយ ពី លោក ជូ អេងឡាយ បាន ជួប ឯកអគ្គរាជទូត ខ្មែរ ប្រចាំ ប្រទេស ចិន ដើម្បី ស្រុះស្រួល គ្នា វិញ ដោយ រំឭក ដល់ ចំណង មិត្តភាព រវាង បុគ្គល ជូ អេងឡាយ និង ព្រះបាទ នរោត្ដម សីហនុ។
នៅ ពេល របប រាជា និយម នៅ កម្ពុជា ដួល រលំ នៅ ឆ្នាំ ១៩៧០ ដោយសារ រដ្ឋ ប្រហារ របស់ លោក សេនា ប្រមុខ លន់ នល់ គណបក្ស កុម្មុយនិស្ត ចិន ដឹក នាំ ដោយ ម៉ៅ សេទុង បាន ទំនុក បម្រុង រដ្ឋាភិបាល និរទេស របស់ ព្រះបាទ នរោត្តម សីហនុ យ៉ាង ពេញ ទំហឹង ក្នុង ការ ដឹក នាំ ចលនា តស៊ូ ប្រឆាំង របប សាធារណរដ្ឋ ខ្មែរ របស់ លោក លន់ នល់។
ថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ខ្មែរ ក្រហម ដែល គាំទ្រ ដោយ ចិន បាន ផ្ដួល រំលំ របប សាធារណរដ្ឋ ខ្មែរ ទាំង ស្រុង ហើយ ដាក់ ឈ្មោះ ឲ្យ របប ថ្មី ថា «កម្ពុជា ប្រជាធិបតេយ្យ»។ របប នេះ មាន អាយុកាល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ដឹក នាំ ដោយ ប៉ុល ពត ហើយ បាន ប្រែ ក្លាយ កម្ពុជា ឲ្យ ទៅ ជា វាល ពិឃាដ។
ថ្វី បើ មិន មាន ឯកសារ ប្រវត្តិសាស្ត្រ ណា មួយ អាច បញ្ជាក់ ពី ទំហំ ពិត ប្រាកដ នៃ ជំនួយ សរុប ដែល ចិន ផ្ដល់ ឲ្យ របប ប៉ុល ពត ក៏ដោយ ក៏ គេ ដឹង ថា ចិន ជា ប្រភព ជំនួយ ចម្បង បំផុត របស់ ខ្មែរ ក្រហម ក្នុង នោះ មាន ដូចជា ជំនួយ លើ វិស័យ យោធា វិស័យ សេដ្ឋកិច្ច ទំនាក់ទំនង ពាណិជ្ជកម្ម រួម ទាំង ការ ជួយ ធ្វើ សេចក្ដី ព្រាង រដ្ឋធម្មនុញ្ញ ថ្មី ដល់ របប កម្ពុជា ប្រជាធិបតេយ្យ តាម រយៈ ដំណើរ ទស្សនកិច្ច សម្ងាត់ មួយ របស់ មេ ដឹក នាំ បដិវត្តន៍ វប្បធម៌ ចិន គឺ លោក ចាង ឈុនឈាវ (Zhang Chunqiao) នៅ ខែ មករា ឆ្នាំ ១៩៧៦។
សៀវភៅ ស្ដីពី ជំនួយ របស់ ចិន ដល់ របប កម្ពុជា ប្រជាធិបតេយ្យ ដែល មាន ចំណង ជើង ថា «Brothers in Arms: Chinese Aid to Khmer Rouge» និពន្ធ ដោយ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) លើក ឡើង ថា ភ្លាមៗ បន្ទាប់ ពី ខ្មែរ ក្រហម ដណ្ដើម បាន ទីក្រុង ភ្នំពេញ កប៉ាល់ ចិន បាន ដឹក ជញ្ជូន ជំនួយ រាប់ ពាន់ តោន ជា បន្តបន្ទាប់ មក ឲ្យ កងទ័ព ខ្មែរ ក្រហម ក្នុង នោះ មាន ដូចជា ស្បៀង សម្ភារៈ ប្រើប្រាស់ និង អាវុធយុទ្ធភណ្ឌ ជាដើម ដោយ បាន ចុះ ចត នៅ កំពង់ផែ ក្រុង ព្រះសីហនុ។ ឯកសារ ពាក់ព័ន្ធ នឹង ទំនាក់ទំនង ពាណិជ្ជកម្ម ដែល អ្នក និពន្ធ រូប នេះ បាន ដកស្រង់ បង្ហាញ ថា ក្នុង ឆ្នាំ ១៩៧៨ ផលិតផល ដែល នាំ ចូល ពី ប្រទេស ចិន ហើយ ត្រូវ បាន ចែក ចាយ ទៅ តំបន់ និង ស្ថាប័ន ផ្សេងៗ នៃ របប កម្ពុជា ប្រជាធិបតេយ្យ មាន ទឹក ប្រាក់ សរុប ជាង ៩៤ លាន ដុល្លារ សហរដ្ឋ អាមេរិក។
នៅ ពេល ឡើង កាន់ អំណាច ថ្មីថ្មោង ជំនួយ ផ្នែក យោធា និង សេដ្ឋកិច្ច មាន សារសំខាន់ ខ្លាំង សម្រាប់ របប កម្ពុជា ប្រជាធិបតេយ្យ។ យ៉ាង ណា ក៏ដោយ អ្នក និពន្ធ សៀវភៅ ដដែល គឺ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រក ឃើញ ថា បើ ទោះ ជា ចិន ជា ប្រទេស ផ្តល់ ជំនួយ ដ៏ ធំ ជាង គេ នៅ ក្នុង វិស័យ យោធា និង សេដ្ឋកិច្ច ក៏ដោយ ក៏ មេ ដឹក នាំ ខ្មែរ ក្រហម ហាក់ ដូចជា មិន សូវ ស្ដាប់ តាម ចិន ប៉ុន្មាន ដែរ ទេ ពីព្រោះ ពួក គេ តែង គិត អំពី អធិបតី ភាព និង ឯករាជ្យ ជាតិ របស់ ខ្លួន ជានិច្ច។ ក្នុង វិស័យ យោធា លោក បាន លើកយក គម្រោង ធំៗ ចំនួន ពីរ ដែល ចិន ជួយ ដល់ របប ខ្មែរក្រហម មក ធ្វើជា ករណី សិក្សា៖ «ចិន ចង់ ឲ្យ អាកាសយានដ្ឋាន ដែល ខ្លួន សាងសង់ សម្រាប់ របប កម្ពុជា ប្រជាធិបតេយ្យ នោះ សង់ នៅ ភាគ ពាយព្យ នៃ ប្រទេស កម្ពុជា ប៉ុន្តែ ជាក់ស្ដែង មេ ដឹក នាំ របប កម្ពុជា ប្រជាធិបតេយ្យ ទទូច ទាមទារ ចង់ សង់ អាកាសយានដ្ឋាន នោះ នៅ ចំ តំបន់ កណ្ដាល នៃ ប្រទេស កម្ពុជា គឺ ក្នុង ខេត្ត កំពង់ឆ្នាំង វិញ។ ក្រៅ ពី នេះ ចិន ក៏ បាន ស្វះ ស្វែងរក លទ្ធភាព សាងសង់ បណ្ដាញ រ៉ាដា (Radar) នៅ តាម តំបន់ ឆ្នេរ សមុទ្រ កម្ពុជា ដើម្បី តាម ដាន សកម្មភាព នៅ តាម ឈូង សមុទ្រ ថៃ ហើយ ដូច គ្នា នឹង រឿង អាកាសយានដ្ឋាន ដែរ គឺ របប កម្ពុជា ប្រជាធិបតេយ្យ ក៏ បាន ទាមទារ ហើយ ទីបំផុត បណ្ដាញ រ៉ាដា ទាំង នោះ ត្រូវ បាន សាងសង់ នៅ តាម បណ្ដោយ ព្រំដែន ដី គោក ជាប់ នឹង ប្រទេស ថៃ ឡាវ និង វៀតណាម វិញ»។
លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) មាន ប្រសាសន៍ បន្ត ថា មាន មូលហេតុ ចំនួន ពីរ ដែល ធ្វើ ឲ្យ ចិន មិន អាច មាន ឥទ្ធិពល លើ ការ សម្រេច ចិត្ត របស់ មេ ដឹក នាំ ខ្មែរ ក្រហម ក្នុង វិស័យ យោធា និង សេដ្ឋកិច្ច៖ «មូលហេតុ ទី ១ គឺ គំនិត សង្ស័យ របស់ មេ ដឹក នាំ ខ្មែរ ក្រហម ដែល តែង តែ មិន ទុក ចិត្ត ជន បរទេស រួម ទាំង ចិន ដែរ នោះ បើ ទោះ បី ចិន ជា មិត្តភក្ដិ ល្អ បំផុត របស់ ខ្លួន នៅ ពេល នោះ ក៏ដោយ។ មាន អ្នក ស្ដាប់ ឮ ដោយ ចៃដន្យ នូវ មនុស្ស ម្នាក់ ក្នុង ក្រសួង ការ បរទេស និយាយ ថា យើង ពេញ ចិត្ត ហើយ គោរព ចិន ក្នុង នាម ជា មិត្ត របស់ យើង ក៏ប៉ុន្តែ យើង ក៏ ត្រូវ ប្រុង ប្រយ័ត្ន ដែរ ពីព្រោះ ចិន ចង់ គ្រប់គ្រង យើង។ ដូច្នេះ មូលហេតុ ទី មួយ គឺ គំនិត សង្ស័យ ដែល ជា ផ្នែក មួយ របស់ របប កម្ពុជា ប្រជាធិបតេយ្យ។ មូលហេតុ ទី ២ គឺ ដោយសារ ចិន ពិបាក ដោះស្រាយ ចំពោះ ភាព ខ្វះខាត ហេដ្ឋារចនាសម្ពន្ធ និង ការ ខ្វះខាត មនុស្ស មាន ជំនាញ នៅ កម្ពុជា»។
ប៉ុន្តែ ក្នុង វិស័យ ពាណិជ្ជកម្ម វិញ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រក ឃើញ ថា រដ្ឋាភិបាល ចិន មាន ឥទ្ធិពល យ៉ាង ខ្លាំង ដោយសារ គោល នយោបាយ ក្នុង វិស័យ នេះ មិន មែន ជា រឿង អាទិភាព សម្រាប់ របប ខ្មែរ ក្រហម។ លោក ថា ភាព ចន្លោះ ប្រហោង របស់ ខ្មែរ ក្រហម ក្នុង ការ គ្រប់គ្រង វិស័យ នេះ បាន ធ្វើ ឲ្យ ចិន មាន ឱកាស យក ចំណេញ ពី កម្ពុជា លើ ការ នាំ ចេញ ផលិតផល ចេញ ទៅ ក្រៅ ប្រទេស ទៅ តាម សេចក្ដី ត្រូវ ការ របស់ ខ្លួន។
ថ្ងៃ ទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ខ្មែរ ក្រហម ត្រូវ បាន ផ្ដួល រំលំ ដោយ រណសិរ្ស សាមគ្គី សង្គ្រោះ ជាតិ ដោយ មាន ការ គាំទ្រ ពី កងទ័ព វៀតណាម និង មាន លោក ហ៊ុន សែន ចូលរួម ផង។ ថ្វី បើ របប នេះ ដួល រលំ ក៏ដោយ ក៏ ចិន កុម្មុយនិស្ត នៅ តែ បន្ត ផ្ដល់ ជំនួយ ជា បន្តបន្ទាប់ ដល់ ក្រុម ខ្មែរ ក្រហម នៅ តាម បណ្ដោយ ព្រំដែន កម្ពុជា-ថៃ ដោយ មាន ការ គាំទ្រ ពី ថៃ និង សហរដ្ឋ អាមេរិក រហូត ដល់ មាន កិច្ច ព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ ១៩៩១ ដែល សម្រេច ឲ្យ វៀតណាម ដក ទ័ព ចេញ ពី កម្ពុជា។
នៅ ពេល កងទ័ព វៀតណាម បាន វាយ លុក ចូល ទីក្រុង ភ្នំពេញ តាម ការ ពឹងពាក់ របស់ រណសិរ្ស សាមគ្គី សង្គ្រោះ ជាតិ នៅ តាម តំបន់ មួយ ចំនួន លើ ដែនដី វៀតណាម ដែល មាន ព្រំ ប្រទល់ នឹង ចិន ឯណោះ ចិន បាន បើក ការ វាយ ប្រហារ ជា បន្តបន្ទាប់ ដើម្បី ព្រមាន វៀតណាម ចំពោះ ការ បំផ្លាញ របប ខ្មែរ ក្រហម ដែល ដើរ តាម មនោគមវិជ្ជា របស់ ខ្លួន។
បន្ទាប់ ពី ការ ផ្ទុះ អាវុធ នោះ នៅ ឯ កិច្ច ប្រជុំ របស់ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ (អ.ស.ប) ចិន បាន ទាមទារ ឲ្យ ក្រុមប្រឹក្សា សន្តិសុខ នៃ អ.ស.ប ថ្កោលទោស វៀតណាម ដែល ឈ្លាន ពាន កម្ពុជា។ នៅ ពេល នោះ ដែរ សហភាព សូវៀត ទទូច ឲ្យ ក្រុមប្រឹក្សា សន្តិសុខ នៃ អ.ស.ប ថ្កោលទោស ចិន ដែល វាយ ប្រហារ វៀតណាម។ រីឯ សហរដ្ឋ អាមេរិក ស្នើ ឲ្យ ចិន ដក ទ័ព ចេញ ពី វៀតណាម ហើយ ឲ្យ វៀតណាម ដក ទ័ព ចេញ ពី កម្ពុជា៕

Sunday, January 10, 2016

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ១៩៤៩



នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​លើកឡើង អំពី​ដំណើរការ​រំសាយ​អាណានិគម​នៅ​ឥណ្ឌូចិន ដោយ​ផ្តោត​ជាពិសេស​ទៅលើ​បញ្ហា​​កូសាំងស៊ីន (ឬ​កម្ពុជាក្រោម)។

សហភាព​ឥណ្ឌូចិន​ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​​សតវត្សរ៍​ទី​១៩ ​ត្រូវ​បែងចែក​ជា ៥រដ្ឋ​ផ្សេងគ្នា គឺ​ កម្ពុជា ឡាវ តុងកឹង (វៀតណាម​ខាង​ជើង) អាណ្ណាម (វៀតណាម​កណ្តាល) និង​កូសាំងស៊ីន (កម្ពុជាក្រោម) ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​វៀតណាម​បច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និង​អាណ្ណាម ថ្វីដ្បិត​តែ​ត្រូវ​ស្ថិត​ក្រោម​អំណាច​អាណានិគម​បារាំង ក៏ប៉ុន្តែ នៅមាន​ទម្រង់​ជា​ប្រទេស​ និង​មាន​អំណាច​នយោបាយ​ដាច់​ពី​បារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីន​ត្រូវ​បាន​បារាំង​កាត់យក​មក​ធ្វើ​ជាអាណាខេត្ត​របស់​ខ្លួន​ទាំងស្រុង ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដីបារាំង​នៅ​នាយសមុទ្រ ​(Territoire d’Outre-mer)។
កូសាំងស៊ីន​​ធ្លាប់​ជា​ទឹកដី​របស់​នគរ​ខ្មែរ ក៏ប៉ុន្តែ ត្រូវ​នគរ​អាណ្ណាម​ចូល​មក​កាន់កាប់ និង​​កាត់​យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ចាប់ពី​​ក្នុង​អំឡុង​សតវត្សរ៍​ទី១៧ មុននឹង​ត្រូវ​បារាំង​ច្បាំង​ដណ្តើម​យក​មក​កាន់កាប់ នៅ​ឆ្នាំ​១៨៦២។

នៅ​ឆ្នាំ​១៨៦៤ នៅក្រោយ​ពេល​ដែល​ព្រះបាទ​នរោត្តម​ព្រម​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង លោក​ Pierre-Paul de la Grandière ទេសាភិបាល​បារាំង​នៅ​កូសាំងស៊ីន ធ្លាប់បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ឲ្យ​​យក​មកវិញ​នូវ​​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យា​នេះ បារាំង​បាន​ធ្វើ​​​តែ​ចំពោះ​ទឹកដី​ដែល​​ខ្មែរ​បាត់បង់​ទៅ​សៀម​តែ​ប៉ុណ្ណោះ។ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ បន្ទាប់​ពី​បាន​ដណ្តើម​ពី​វៀតណាម​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​អស់រយៈពេល​ជិត១សតវត្សរ៍ បារាំង​ស្រាប់​តែ​បាន​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ នៅ​ឆ្នាំ​១៩៤៩ ដោយ​មិន​កាត់​មក​ឲ្យ​ខ្មែរ​​ដែល​ជា​ម្ចាស់​ដើម​នោះទេ។

ការណ៍ដែល​បារាំង​សម្រេច​កាត់​ទឹកដី​កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ។

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ពេល​ដែល​បារាំង​ត្រូវ​ធ្លាក់​ចុះខ្សោយ តំបន់​ឥណ្ឌូចិន​​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន។ ​ក្រោយ​ពេល​ដែល​ជប៉ុន​ចាញ់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥ ទើប​បារាំង​ចូល​មក​ត្រួតត្រា​ឥណ្ឌូចិន​ឡើងវិញ ក៏ប៉ុន្តែ ដោយ​មើល​ឃើញ​ពី​ការ​រីកដុះដាល​នៃចលនា​ទាមទារ​ឯករាជ្យ បារាំង​ដឹងច្បាស់​ថា ខ្លួន​នឹង​មិន​អាច​កាន់កាប់​តំបន់​ឥណ្ឌូចិន​ពេញ​ដៃ​ដូចកាល​ពីមុនសង្រ្គាម​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​ដាក់ចេញ​នូវផែនការ​​មួយ គឺ​​កែប្រែ​សហភាព​ឥណ្ឌូចិន​ឲ្យ​ទៅ​ជា “សហព័ន្ធ​ឥណ្ឌូចិន” ដោយ​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​ទទួលបាន​ឯករាជ្យ​ស្ទើរតែ​ពេញលេញ ពោលគឺ​ ត្រូវ​ក្តោបក្តាប់​​អំណាច​ទាំងអស់ លើកលែង​តែ​​វិស័យ​កងទ័ព និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​បន្ត​ស្ថិត​ក្នុងដៃ​បារាំង។
ជាមួយ​កម្ពុជា និង​ឡាវ ការចរចា​ជុំវិញ​លក្ខន្តិកៈ​ពាក់កណ្តាល​ឯករាជ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ ហើយ​នៅ​ក្នុង​ពេល​កំពុង​រង់ចាំ​ការចុះ​សន្ធិសញ្ញា​ជា​ស្ថាពរ ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ (Modus vivendi) ត្រូវ​បាន​ចុះ​រវាង​បារាំង និង​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៤៦ និង​រវាង​បារាំង និង​ឡាវ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា​ឆ្នាំ​ដដែល។

ជាមួយ​វៀតណាមវិញ ការចរចា​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ម្យ៉ាង ដោយសារ​តែ​វៀតណាម​នៅ​ពេលនោះ​មិនមែន​ជា​ប្រទេស​រួមគ្នា​តែមួយ ពោលគឺ​ ត្រូវ​ចែក​ជា​តុងកឹង និង​អាណ្ណាម ដែល​មាន​អំណាច​នយោបាយ​ដាច់ចេញ​ពី​គ្នា​ ហើយ​ម្យ៉ាងទៀត គឺ​ដោយសារ​តែ​មាន​ចលនា​កុម្មុយនិស្ត​វៀតមិញ ដែល​បាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​បង្កើត​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​រួចទៅហើយ តាំង​ពីថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។

នៅ​ក្នុងការ​ចរចា​ជាមួយ​បារាំង ហូ ជីមិញ ដែល​ជា​ប្រមុខដឹកនាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ហើយ​ដែល​មាន​មូលដ្ឋាន​នៅ​តុងកឹង (វៀតណាម​ខាងជើង) បាន​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ឯករាជ្យ​ភ្លាមៗ​ដល់​វៀតណាម ហើយ​​ប្រទេស​វៀតណាម​ឯករាជ្យ​នេះ​​ត្រូវ​តែ​រួមបញ្ចូល​គ្នា​នូវ​តំបន់​ទាំង ៣ គឺ ​តុងកឹង អាណ្ណាម និង​​កូសាំងស៊ីន ដែល​វៀតណាម​ចាត់ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ទៅ​​ធ្វើ​ជា​អាណាខេត្ត។

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​បារាំង​ច្រានចោល ដោយសារ​តែ​នៅ​ពេលនោះ បារាំង​ចង់​រក្សា​ទឹកដី​កូសាំងស៊ីន​ទុក​​ជា​អាណាខេត្ត​របស់​ខ្លួន​តទៅទៀត។ ក្រោយ​មក​ទៀត បារាំង​បាន​សុខចិត្ត​​ធ្វើ​សម្បទាន​ដល់​ហូ ជីមិញ ដោយ​យល់ព្រមបើក​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ឲ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ថា តើ​គួរ​បញ្ចូល​តំបន់​ទាំង ៣ ជា​ប្រទេស​វៀតណាម​តែមួយ​ឬ​ក៏​យ៉ាងណា។ តំណាង​រដ្ឋាភិបាល​បារាំង និង​ហូ ជីមិញ ក៏​បាន​ចុះកិច្ចព្រមព្រៀង​មួយ​ក្នុង​ន័យ​នេះ នៅថ្ងៃ​ទី៦​ ខែមីនា ឆ្នាំ​១៩៤៦ ដោយ​ត្រៀម​រៀបចំ​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ហ្វុងតែនប្លូ (Fontainebleau) ប្រទេស​បារាំង ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ស្ថាពរ។

ក៏ប៉ុន្តែ ការ​ខ្វែងគំនិត​គ្នា​ រវាង​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​កើតឡើង​ម្តងទៀត ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ។ ​ហូ ជីមិញ ទាមទារ​ឲ្យ​​​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​រៀបចំ​ធ្វើ​ប្រជាមតិ​រួមគ្នា​​ជាប្លុក។ ចំណែក​​​​លោក​ Thierry d’Argenlieu ដែល​នៅពេលនោះ​ជា​អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន (Haut-commissaire de France en Indochine) ​យល់ឃើញ​ថា ការ​បោះឆ្នោត​ប្រជាមតិ​ជាប្លុក​នេះ​មិនមាន​ភាព​យុត្តិធម៌ ពីព្រោះ​ថា ប្រជាជន​នៅ​តុងកឹង និង​អាណ្ណាម​ ដែល​សុទ្ធតែ​ចង់​ទាមទារ​យក​កូសាំងស៊ីន​ទៅវិញ គឺ​មាន​ចំនួន​ច្រើន​លើសលុប​ធៀប​នឹង​ប្រជាជន​នៅ​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ទាមទារ​​ថា បារាំង​ត្រូវ​តែ​​បើកផ្លូវ​ឲ្យ​កូសាំងស៊ីន​អាច​​​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​ដូច​ជារដ្ឋផ្សេងទៀត​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​ដែរ ហើយ​រដ្ឋ​កូសាំងស៊ីន​​ថ្មី​នេះ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯងអំពី​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម។

នៅថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៤៦ នៅ​ក្នុងពេល​ដែល ហូ ជីមិញ ដឹកនាំ​គណៈប្រតិភូវៀតណាម​ចេញ​ទៅ​បារាំង ដើម្បី​​ចូល​រួម​ក្នុង​សន្និសីទ​នៅ​ហ្វុងតែនប្លូ លោក Thierry d’Argenlieu បាន​ប្រកាស​​ឲ្យ​កូសាំងស៊ីន​ក្លាយ​ជា​​​រដ្ឋ​ស្វយ័ត ដោយ​មាន​ឈ្មោះ​ថា ​“សាធារណរដ្ឋ​កូសាំងស៊ីន” និង​​​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​ទីក្រុង​សៃហ្កន (ព្រៃនគរ)។ រដ្ឋាភិបាល​បណ្តោះអាសន្ន​​នេះ​ហើយ ដែល​នឹង​ត្រូវ​ទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​ សម្រេច​ជោគវាសនា​កូសាំងស៊ីន។

សម្រាប់​ ហូ ជិមិញ ការ​ផ្តាច់​កូសាំងស៊ីន​ឲ្យ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​នេះ​ គឺ​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​បានចុះ​កាល​ពី​ខែមីនា។ សន្និសីទ​នៅ​ហ្វុងតែនប្លូ​ត្រូវ​ទទួល​បរាជ័យ។​ ការចរចា​ រវាង​បារាំង និង​ហូ ជីមិញ ក៏​ត្រូវ​ជាប់គាំង។ ​នៅ​ខែ​ធ្នូឆ្នាំ​១៩៤៦ សង្រ្គាម​ រវាង​បារាំង និង​វៀតមិញ (សង្រ្គាមឥណ្ឌូចិន) ​ក៏​ចាប់ផ្ទុះឡើង។

នៅ​ក្នុងពេល​ដែល​សង្រ្គាម​ឥណ្ឌូចិន​កំពុងឆាបឆេះ​ពេញ​បន្ទុក បារាំង​​បាន​ចាប់ផ្តើមគិតគូរ​បង្កើត​រដ្ឋាភិបាល​វៀតណាម​ថ្មីមួយ ដើម្បី​ប្រជែង​ជាមួយ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត នៅ​វៀតណាម​ខាងជើង។ គោលដៅ​របស់​បារាំង គឺ​ធ្វើ​យ៉ាងណា​​កាត់ផ្តាច់​ពួក​វៀតមិញ ពី​ការ​គាំទ្រ​របស់​ប្រជាជន​វៀតណាម តាមរយៈ​ការ​សន្យា​ផ្តល់​ឯករាជ្យ​ដល់​វៀតណាម ដឹកនាំ​ដោយ​រដ្ឋាភិបាល​មួយ ដែល​មិនមែន​កុម្មុយនិស្ត។ នៅ​ពេលនោះ បារាំង​សំឡឹង​ឃើញ​ថា មាន​ឥស្សរជន​តែ​ម្នាក់​គត់ ​ដែល​អាច​ឡើង​មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ប្រជែង​នឹង​ប្រជាប្រិយភាព​របស់​ហូ ជីមិញបាន គឺ បាវដាយ ​អតីត​អធិរាជ​នៃ​នគរ​​​អាណ្ណាម ដែល​ត្រូវ​ពួក​វៀតមិញ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​រត់ទៅ​រស់នៅ​និរទេសខ្លួន នៅ​ហុងកុង។
នៅឆ្នាំ​១៩៤៧ បារាំង​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​បាវដាយ ដើម្បី​សុំ​ឲ្យ​ទ្រង់មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​​ថ្មី ដែល​បារាំង​គ្រោង​បង្កើត ដើម្បី​ប្រឆាំង​នឹង​វៀតមិញ។ ក៏ប៉ុន្តែ បាវដាយ​មិនបាន​យល់ព្រម​ភ្លាមៗ​នោះទេ ដោយ​បាន​ធ្វើជា​កិកកុក ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ជាច្រើន​ ជាពិសេស គឺ​ទាមទារ​​ឲ្យ​បារាំង​ទទួលស្គាល់​ឯករាជ្យ​របស់​វៀតណាម​ជា​ប្រទេស​រួមគ្នា​នូវ​ដែនដី​ទាំង៣ គឺ​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។ និយាយ​ឲ្យ​ចំ លក្ខខណ្ឌ​ដែល​បាវដាយ​ទាមទារ​នេះ គឺ​ដូចគ្នា​ទៅនឹង​ការទាមទារ​របស់​ហូ ជីមិញ ហើយ​ដែល​បារាំង​ធ្លាប់​បាន​បដិសេធ​រួចទៅហើយ។

ក៏ប៉ុន្តែ បារាំង​ក្នុងពេល​ចរចាជាមួយ​បាវដាយ គឺខុសគ្នា​ពី​បារាំង​ក្នុងពេល​ចរចា​ជាមួយ​ហូជីមិញ។ រដ្ឋាភិបាល​បារាំង​បាន​ផ្លាស់ប្តូរ​ប្រមុខ​ដឹកនាំ​ជាច្រើន​ដំណាក់កាល​រួច​ទៅហើយ ហើយ​​របប​នយោបាយ​ថ្មីមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​បារាំង គឺ​របបសាធារណរដ្ឋ​ទី៤ ដោយ​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក Vincent Auriol ដែល​បាន​ឡើង​មក​កាន់​តំណែង នៅដើម​ឆ្នាំ​១៩៤៧។ លោក Thierry d’Argenlieu អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន​ក៏​ត្រូវ​បាន​ផ្លាស់ចេញ នៅ​ខែ​មីនា ឆ្នាំ​១៩៤៧។

សម្រាប់​រដ្ឋាភិបាល​បារាំង​ថ្មី​ ការ​កម្ចាត់​ចលនា​កុម្មុយនិស្ត​វៀតមិញ ​ដើម្បី​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន គឺ​ជា​អាទិភាព​ធំជាង​ជោគវាសនា​នៃ​ដែនអាណានិគម​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​សុខចិត្ត​ប្រគល់​កូសាំងស៊ីន​ឲ្យ​ទៅ​វៀតណាម ទៅតាម​ការ​ទាមទារ​របស់​បាវដាយ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាវដាយ​សុខចិត្ត​​ទៅដឹកនាំ​រដ្ឋាភិបាល​វៀតណាម ប្រឆាំង​នឹង​ពួក​វៀតមិញ។

ការចរចា​​ជាមួយ​បាវដាយ​ក៏​បាន​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង នៅ​បេដាឡុង នៅថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​១៩៤៨ ហើយ​នៅថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៩៤៩ លោក Vincent Auriol ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​លិខិត​​ជាលាយលក្ខណ៍​ទៅ​​បាវដាយ ដោយ​បញ្ជាក់​ពី​ការ​ព្រមព្រៀង​​ឲ្យ​វៀតណាម​ក្លាយ​​ទៅជា​ប្រទេសឯករាជ្យ​មួយ ដោយ​រួមបញ្ចូល​​តំបន់​ទាំង៣ គឺ តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។

នៅថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹកដី​នៅនាយ​សមុទ្រ​របស់​កូសាំងស៊ីន ដោយ​ភ្ជាប់​​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ ទៅជាមួយ​នឹង​ប្រទេស​វៀតណាម។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​​រដ្ឋវៀតណាម​ឯករាជ្យ​មួយ ដែល​មាន​រដ្ឋធានី​នៅ​សៃហ្គន (ព្រៃនគរ) ក្រោម​ការ​ដឹកនាំ​របស់​អតីត​អធិរាជ​បាវដាយ៕

Friday, December 18, 2015

តើ​បុរស​ខ្លាំង​លេខ ៥ ពិភពលោក Xi Jinping មាន​ប្រវត្តិ​និង​បទ​ពិសោធន៍​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​ខ្លួន


លោក Xi Jinping ​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនបច្ចុប្បន្ន     បរទេស 
លោក Xi Jinping បច្ចុប្បន្ន ជា​អគ្គ​លេខាធិការ​នៃ​បក្ស​កុម្មុយនិស្ត​ចិន និង ជា​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ថែម​ទាំង​ជា​ប្រធាន គណៈ​កម្មការ​យោធា​កណ្ដាល​ របស់​ចិន​ផង​ដែរ។ លោក​Xi Jinping ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ថ្ងៃ ១៤ មិនា ឆ្នាំ ២០១៣ បន្ត​ពី​លោក Hu Jintao នោះ​លោក Xi ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ថា លោក​ជា​បុរស​ខ្លាំង និង មាន​ឥទ្ធិពល​ជាង​គេ​ចំណាត់​ថ្នាក់​លេខ ៥ លើ​ពិភពលោក។ តើ​លោក Xi Jinping មាន​ប្រវត្តិ​និង​បទ​ពិសោធន៍​អ្វី​ខ្លះ​ក្នុង​ឆាក​ជីវិត​របស់​លោក?

លោក Xi Jinping កើត​នៅ​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ ១៩៥៣ ក្នុង​ទីក្រុង ប៉េកាំង​ប្រទេស​ចិន មាន​ឪពុក​ជា​ចូល​រួម​បដិវត្តន៍​កុម្មុយនិស្ត​ចិន​ ក្រោយ​ពី​មាន​ការ​បង្កើត​រដ្ឋ​កុម្មុយនិស្ត​ឡើង​ក្នុង​ឆ្នាំ ១៩៤៩ ដោយ​ឪពុក​របស់​លោក Xi Jinping បាន​កាន់​តំណែង​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ជួរ​បក្ស។ នៅ​ពេល​លោក Xi Jinping អាយុ ១០ ឆ្នាំ​ឪពុក​របស់​លោក​បាន​បញ្ជូន​លោក​ឲ្យ​ទៅ​ធ្វើ​ការ​រោង​ចក្រ​ក្នុង​ទីក្រុង Luoyang ខេត្ត Henan។

នៅ​ខែ​ឧសភា​ឆ្នាំ ១៩៦៦ គឺ​ជា​ឆ្នាំ​ដែល​លោក Xi បាន​ចូល​រៀន​ថ្នាក់​វិទ្យាល័យ ហើយ​ត្រូវ​បាន​កាត់​ផ្តាច់​មក​វិញ​ដោយ​បដិវត្តន៍​វប្បធម៌​ ហើយ​នៅ​​ថ្នាក់​រៀន​ទាំង​អស់​ត្រូវ​បាន​ផ្អាក សម្រាប់​ទង្វើ​របស់​សិស្ស​ដែល​រិះ​គន់​សាលា និង ការ​វាយដំ​គ្រូ​នៅ​សាលា​។ មក​ដល់​វ័យ ១៥ ឪពុក​របស់​លោក Xi បាន​ជាប់​គុក​ក្នុង​ឆ្នាំ ១៩៦៨ ក្នុង​អំឡុង​ពេល​បដិវត្តន៍​វប្បធម៌។ ដោយ​គ្មាន​ការ​ការពារ​ពី​ឪពុក​របស់​ខ្លួន​លោក Xi បាន​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ដែន​ដី Yanchuan ក្នុង​ឆ្នាំ​១៩៦៩ ដែល​ទីនោះ​ជា​ដែន​ដី​កាន់​កាប់​ដោយ​ចលនា​តស៊ូ​របស់​លោក ម៉ៅសេទុង។

ចាប់​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ លោក Xi បាន​សិក្សា​ជំនាញ​វិស្វករ គីមី ក្នុង​សាកលវិទ្យាល័យ Tsinghua University ក្នុង​ទីក្រុង ប៉េកាំង ដំណាល​គ្នា​ក្នុង​ពេល​កំពុង​សិក្សា​កម្មវិធី​សាលា ១ ក្នុង​ចំណោម ៥ គឺ​សិក្សា​ទៅ​លើ​ទ្រឹស្តី លទ្ធិ​ម៉ាក​លេនីន​និយម​ និង ម៉ៅសេទុង​និយម ដោយ​ការ​ធ្វើ​ការងារ​កសិកម្ម ដោយ​រៀន​ពី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ក្រោយ​មក​ទៀត​លោក​បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ ពី​សាកលវិទ្យាល័យ​ដដែល ។ ចាប់​ពី​ឆ្នាំ ១៩៧៩ មក​ដល់ ១៩៨២ លោក Xi បាន​ឡើង​កាន់​តំណែង​ជា ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អគ្គលេខាធិការ​ យោធា​កណ្តាល​របស់​ចិន។

លោក Xi មុន​នឹង​បាន​ឡើង​កាន់​តំណែង​ធំៗ​លោក​ក៏​ធ្លាប់​ចូល​បម្រើ​ការ​ងារ​ជា​ច្រើន​ដោយ​បាន​ចូល​រួម​ជាមួយ​ក្រុម សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ នៅ​ក្នុង ឆ្នាំ ១៩៧១ និង បាន​ចូល​រួម​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៧៤។ មក​ដល់​ឆ្នាំ ១៩៨២ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ក្រុង Zhengding ខេត្ត Hebei ដោយ​ទទួល​បាន​ដំណែង​ជា​អនុ​លេខា​បក្ស​ប្រចាំ​ក្រុង​ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​លោក​ត្រូវ​បាន​តែង​តាំង​ជា​លេខា​បក្ស​ទី១ របស់​ក្រុង​តែ​ម្តង។ ក្នុង​ពេល​ដំណាល​គ្នា​នេះ​លោក Xi បាន​គ្រប់​គ្រង​ដែន​ដី​រហូត​ដល់​ទៅ ៤ខេត្ត Hebei 1982-1985 ខេត្ត Fujian 1985-2002 ខេត្ត Zhejiang 2002-2007 និង​ទីក្រុង សៀងហៃ ឆ្នាំ ២០០៧។

មក​ដល់ឆ្នាំ ១៩៩៩ ត្រូវ​បាន​គេ​លើក​ឲ្យ​ធ្វើ​ជា អភិបាល​រង​នៃ​ខេត្ត Fujian និង​បាន​ក្លាយ​ជា​អភិបាល​ខេត្ត មួយ​ឆ្នាំ​បន្ទាប់​មក​ទៀត។ មក​ដល់​ថ្ងៃ ១៥ វិច្ឆិកា ឆ្នាំ ២០១២ លោក​ Xi Jinping ត្រូវ​បាន​គេ​មើល​ឃើញ​រួច​ទៅ​ហើយ​ថា​នឹង​ក្លាយ​ជា​អ្នក​ជំនួស​តំណែង​លោក Hu Jintao ក្នុង​តំណែង​ជា ជា​អគ្គ​លេខាធិការ​នៃ​បក្ស​កុម្មុយនិស្ត​ចិន ជា​ប្រធានាធិបតី​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ និង​ជា​ប្រធាន គណៈ​កម្មការ​យោធា​កណ្ដាល​ របស់​ចិន​ដោយ​វា​មិន​ទាន់​ក្លាយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ។ លោក​ Xi Jinping ត្រូវ​រង​ចាំ​រហូត​ដល់​ថ្ងៃ ១៤ មិនា ឆ្នាំ ២០១៣ ទើប​លោក​ត្រូវ​គេ​សម្រេច​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ចិន​ជា​ផ្លូវ​ការ។