Saturday, December 6, 2014

ប្រវត្តិ​​នៃ​ការ​កកើត​ទូរទស្សន៍​តាំង​ពី​​មុន​សម័យ​សង្គ្រាម​លោក​លើក​ទី១ មក​ដល់​​បច្ចុប្បន្ន


ប្រវត្តិ​​នៃ​ការ​កកើត​ទូរទស្សន៍​ តាំង​ពី​​មុន​សម័យ​សង្គ្រាម​លោក​លើក​ទី១ មក​ដល់​​បច្ចុប្បន្នប្រភព៖​ www.technologers.com
ទូរទស្សន៍​គឺ​ត្រូវ​បាន​ស្រាវជ្រាវ និង​បង្កើត​ចេញ​ជា​រូបរាង​ឡើង​ដោយ​ក្រុម​វិស្វករ​ច្រើន​រូប និង​បាន​ចែកចាយ​លក់ សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​ប្រើប្រាស់ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ នេះ​គឺ​ជា​សមិទ្ធផល​របស់​មនុស្ស​ជំនាន់​មុន ដែល​មាន​សមត្ថភាព​​រកនឹក​បង្កើត​ជា​ទូរទស្សន៍​ដែល​អាច​ទស្សនា​បាន​ជាមួយ រូបភាព និង​សំឡេង​បាន​យ៉ាង​ពិសេស។ 

ទូរទស្សន៍​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​ឧបករណ៍​ទូរគមនាគមន៍ (Telecommunication medium) ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​បញ្ជូន ទទួល ផ្លាស់ប្ដូរ នូវ​រូបភាព និង​សំឡេង។ ទូរទស្សន៍​អាច​បញ្ជូន​រូបភាព​ដែល​មាន​ប្រភេទ​ពណ៌ monochrome (ពណ៌​ខ្មៅ និង​ស) ឬ​កូល័រ​ធម្មជាតិ ហើយ​បច្ចុប្បន្ន​ថែមទាំង​អាច​បង្ហាញ​រូបភាព​ក្នុង​ទម្រង់ ៣វិមាត្រ ឬ 3D បាន។ ពាក្យ «ទូរទស្សន៍» “television” គឺ​មក​ពី​ភាសា​ក្រិច​បុរាណ τῆλε (Tele) មាន​ន័យ​ថា «ទូរ ឬ ឆ្ងាយ» “far” ហើយ​ឡាតាំង​មាន​ន័យ​ថា «មើល​ឃើញ» “sight”។ ទូរទស្សន៍ ក៏​អាច​សំដៅ​លើ​សំណុំ​ទូរទស្សន៍ កម្មវិធី​ទូរទស្សន៍ ឬ television transmission។ 

... ក្រុមហ៊ុន Samsung តាំង​បង្ហាញ​ទូរទស្សន៍​បច្ចេកវិទ្យា​ចុងក្រោយ​ម្ដង ១៧ស៊េរី​គុណភាព FHD, UHD និង LED ក្នុងពិព័ណ៌ IFA 2014 ...

មនុស្ស​ចាប់ផ្ដើម​ហៅ​ឈ្មោះ​ឧបករណ៍​នេះ​ថា ​ជា "ទូរទស្សន៍" ចាប់តាំង​ពី​មុន​ឆ្នាំ១៩៣០ ឯណោះ។ បើ​មើល​តាម​កាលប្រវត្តិ​របស់​ទូរទស្សន៍​នៅ​លើ​គេហទំព័រ​វីគីភីឌា បាន​សរសេរ​រៀបរាប់​ប្រវត្តិ​ផ្ដួចផ្ដើម​បង្កើត​តាំងពី​មុន​សង្គ្រាម​លោក​លើក​ទី១ កើត​ឡើង​ទៅ​ទៀត ពោល​គឺ​ចាប់ពី​ឆ្នាំ១៩០០ លុះ​រហូត​ផុត​សម័យ​សង្គ្រាម​លោក​លើក​ទី២ ទូរទស្សន៍​ចាប់​មាន​សន្ទុះ​អភិវឌ្ឍ​ខ្លាំង។ នៅ​ក្នុង​ឆ្នាំ១៩០០ ពាក្យ​ «ទូរទស្សន៍» “television” ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Constantin Perskyi ដែល​បាន​ប្រកាស​ផ្លូវការ​នៅ​ក្នុង​សមាជ​អគ្គិសនី​អន្តរជាតិ​ប្រារព្ធ​ឡើង​ក្នុង​ឆ្នាំ​ដំបូង​នៅ​ក្នុង​ទីក្រុង​ប៉ារីស។ 

ទូរទស្សន៍​ដំបូង​លើ​លោក​គឺ​រក​ឃើញ និង​អភិវឌ្ឍ​ដោយ​ក្រុម​វិស្វករ ហើយ​ក៏​មាន​វិស្វករ​ផ្សេងៗ​យក​មក​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរទស្សន៍​តៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ទើប​អាច​មាន​សមត្ថភាព​ឆ្លាតវៃ​ដូច​ទូរទស្សន៍​បច្ចុប្បន្ន។ បើ​និយាយ​អំពី​ឈ្មោះ​អ្នក​បង្កើត​វិញ គឺ​មាន​ច្រើន​ដែល​ពួក​គេ​បាន​ស្រាវជ្រាវ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ 

ខាង​ក្រោម​នេះ​គឺ​ជា​ប្រវត្តិ​នៃ​ការ​បង្កើត​ទូរទស្សន៍​ទៅ​តាម​ដំណាក់កាល​នៃ​អ្នក​ច្នៃ​ប្រឌិត​ខុសៗគ្នា មាន​ប្រភេទ​ទូរទស្សន៍​មេកានិច​ផលិត​ដោយ​ដៃ​តាំង​ពី​ជំនាន់​ដំបូង៖

- ​លោក Paul Gottlieb Nipkow ជនជាតិ​អាល្លឺម៉ង់​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា rotating-disc ដែល​អាច​បញ្ជូន​រូបភាព​នៅ​លើ​ខ្សែ​ដែល​ហៅ​ឈ្មោះ​ថា Nipkow disk ក្នុង​ឆ្នាំ១៩៨៤។ លោក​ជា​មនុស្ស​ដំបូង​គេ ដែល​បាន​រក​ឃើញ​គោលការណ៍​ស្កេន​របស់​ទូរទស្សន៍ ដែល​អាច​បញ្ជូន​រូបភាព​បាន។

... Flappy Bird អស់​ពី​ស្មាតហ្វូន ឥឡូវ​​ចេញ​នៅ​លើ​ទូរទស្សន៍​វិញ​ លេង​ម្ដង​បាន​​២នាក់ ...

- ចាប់តាំង​ពី​ការ​បង្កើត​ទូរលិខសាស្ត្រ​ឥត​ខ្សែ (wireless telegraphy) ដោយ​លោក Guglielmo Marconi នៅ​ឆ្នាំ១៩៨៧ ជា​អ្នក​បង្កើត និង​ជា​វិស្វករ​អគ្គិសនី (បាន​បង្កើត​ច្បាប់ Marconi និង​ប្រព័ន្ធ​ទូរលិខ​វិទ្យុ “radio telegraph system”) វិស្វករ​ជាច្រើន​បាន​យក​គំនិត​របស់​លោក Marconi ទៅ​ស្រាវជ្រាវ​បន្ត រក​សញ្ញាណ​នៃ​ការ​បញ្ជូន​រូបភាព និង​សំឡេង ដោយ​ឥត​ប្រើ​ខ្សែ (wireless) បាន​កាន់​តែ​ប្រសើរ​ឡើង។ ជាក់ស្ដែង​លោក George Carey បាន​ស្រាវជ្រាវ​អភិវឌ្ឍ​ចេញ​ស៊េរី​សៀគ្វី​អេឡិចត្រូនិក​ដែល​មាន​សមត្ថភាព​អាច​បញ្ជូន​រូបភាព​បាន និង​លោក W.E Sawyer បាន​ស្រាវជ្រាវ រក​ឃើញ​គំនិត​ថ្មី​ដែល​អាច​ទៅ​រួច​ក្នុង​ការ​បញ្ជូន​រូបភាព នៅ​លើ​ខ្សែ​១សរសៃ​ជា​ផ្នែកៗ​បាន​ជោគជ័យ។ 

- លោក Charles Francis Jenkins ជនជាតិ​អាមេរិក ក៏​ជា​អ្នក​ត្រួសត្រាយ​ការ​អភិវឌ្ឍ​វិស័យ​ទូរទស្សន៍​ម្នាក់​ផង​ដែរ កាល​ពី​ឆ្នាំ១៩២៣ ដោយ​ការ​ប្រើ​ម៉ាស៊ីន​ធ្វើ​ដោយដៃ មិន​ទាន់​ប្រើ​បច្ចេកវិទ្យា​អេឡិចត្រូនិក​នោះ​ទេ។ 

- វិស្វករ​ស្កុតឡែន​លោក John Logie Barid គឺ​ជា​អ្នក​ច្នៃ​ប្រឌិត និង​ជា​អ្នក​បង្កើត​ទូរទស្សន៍​មេកានិច​មុន​គេ​លើ​លោក (mechanical television) និង​ទូរទស្សន៍​គូល័រ ឬ​ទូរទស្សន៍​ពណ៌​នៅ​ឆ្នាំ ១៩២៨។ ​ឆ្នាំ១៩៣៩ លោក​បាន​បង្កើត​ទូរទស្សន៍​គូល័រ​ប្រភេទ CRT ដំបូង។ 

- អ្នក​វិទ្យាសាស្ត្រ​អាល្លឺម៉ង់​លោក Karl Braun គឺ​ជា​អ្នក​បង្កើត​ប្រភេទ​ទូរទស្សន៍​បំពង់​កាំរស្មី​កាតូត (Cathode ray tube) ដែល​មាន​គូថ​ប៉ោង​លយ​ចេញ​មក​ក្រៅ (ទូរទស្សន៍​ស៊េរី​ចាស់ មាន​ទាំង​ទូរទស្សន៍​​ពណ៌ និង ស/ខ្មៅ)។ 

... ក្រុមហ៊ុន Samsung តាំង​បង្ហាញ​ទូរទស្សន៍​បច្ចេកវិទ្យា​ចុងក្រោយ​ម្ដង ១៧ស៊េរី​គុណភាព FHD, UHD និង LED ក្នុងពិព័ណ៌ IFA 2014 ...

- លោក Peter Carl Goldmark គឺ​ជា​អ្នក​បង្កើត​ទូរទស្សន៍​គូល័រ ឬ​ទូរទស្សន៍​ពណ៌​ដំបូង​គេ​ក្នុង​ឆ្នាំ ១៩៣៩។ 

- ​ឆ្នាំ១៩៦៤ ទូរទស្សន៍​ប្រភេទ​ផ្លាស្មា (Plasma TV) ចាប់ផ្ដើម​អភិវឌ្ឍ​ឡើង​ដោយ​លោក Donald Bitzer, Gene Slottow និង Robert Willson។ ចំណែក​ទូរទស្សន៍ Web TV ចាប់​បដិសន្ធិ​ឡើង​ក្នុង​ឆ្នាំ ១៩៩៦។

បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​ធំៗ និង​ទទួល​បាន​ការ​ពេញ​និយម​ប្រើប្រាស់​ច្រើន​រួម​មាន ក្រុមហ៊ុន Samsung Electronics, LG Electronics, Sony, Panasonic, TCL និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។ របាយការណ៍​ចែកចាយ​លក់​ទូរទស្សន៍​ក្នុង​ឆ្នាំ២០១៣ បង្ហាញ​ថា Samsung ក្ដាប់​ចំណែក​ទីផ្សារ​ទូរទស្សន៍​បាន​ច្រើន​ជាង​គេ គឺ ២៦,៥%, LG បាន ១៦,៣%, Sony បាន ៨%, Panasonic បាន ៥,៣% និង TCL បាន ៥,១%។ 

ចំណែក​ប្រភេទ​ទូរទស្សន៍​ទំនើបៗ​ដែល​បាន​ចែកចាយ​លក់​គិត​ក្នុង​ឆ្នាំ២០១២ រួម​មាន ទូរទស្សន៍ LCD មាន​អត្រា​អ្នក​ប្រើ ៨៧,៣%, ទូរទស្សន៍ PDP TV មាន​អ្នក​ប្រើ ៥,៧%, ទូរទស្សន៍ OLED មាន​អ្នក​ប្រើ ០,០%, ទូរទស្សន៍ CRT មាន​អ្នក​ប្រើ ៦,៩% និង​ទូរទស្សន៍​ប្រភេទ RPTV មាន ០,០%៕

ប្រវត្តិ​លោក​ប៉ាក់ជុងហ៊ី អតីត​ប្រធានាធិបតី​​ និង​ជា​មហាបុរស​រដ្ឋ​កូរ៉េខាងត្បូង​ដែល​រៀប​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​យ៉ាង​រីកចម្រើន


លោក​ប៉ាក់ជុងហ៊ី
​កូរ៉េខាងត្បូង​​ស្ថិត​នៅ​ប៉ែក​អាស៊ី​បូព៌ា ​និង​ជា​ប្រទេស​​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស។ ​កូរ៉េខាងត្បូង​ស្ថិត​ក្រោម​អាណានិគម​របស់​ជប៉ុន​ចាប់​ពី​ឆ្នាំ ១៩១០ – ១៩៤៥។ នៅ​ក្នុង​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០-១៩៥៣ ប្រទេស​កូរ៉េ​រង​ការ​ខូចខាត​យ៉ាង​ដំណំ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កូរ៉េខាងត្បូង​នៅ​តែ​មាន​លទ្ធភាព​ស្ដារ​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​។ 

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ប៉ាក់ជុងហ៊ី ដែល​បាន​គ្រប់​គ្រង​ប្រទេស​រយៈ​ពេល​១៨​ឆ្នាំ​ដោយ​កណ្ដាប់​ដៃ​ដែក ពី​ឆ្នាំ១៩៦០ – ១៩៧៩ បាន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ស្គាល់​ការ​រីកចម្រើន​ជា​បណ្ដើរ​​ៗលើ​ច្រើន​វិស័យ។ លោក​ត្រូវ​គេ​ប្រសិទ្ធិនាម​ជា «មហាបុរស​រដ្ឋ​កូរ៉េខាងត្បូង» ប្រៀប​បាន​នឹង​លោក​លីក្វាន់យូ នៅ​ប្រទេស​សិង្ហបុរី​ដូច្នោះ​ដែរ។ លោក​ស្រី​ប៉ាក់ឃុនហ៊ឺ ប្រធានាធិបតី​កូរ៉េខាងត្បូង​បច្ចុប្បន្ន ជា​កូនស្រី​បង្កើត​របស់​លោក។ នៅ​ក្នុង​អត្ថបទ​នេះ TheBNEWS សូម​ផ្ដោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដោយ​ទុក​បញ្ហា​នយោបាយ​មួយ​អន្លើ។

...កូរ៉េខាងត្បូង​ប្រើ​ធម៌​ក្ដៅឈាន​ដល់​ដាក់​ពន្ធនាគារ​​ចំពោះ​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ដង​​​ថត Selfie...
​
​ឈ្មោះ ៖ ប៉ាក់ជុងហ៊ី (Park Jung Hee)
​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖ ១៤ ​វិច្ឆិកា ១៩១៧
មុខ​តំណែង ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​ពី​ឆ្នាំ ១៩៦៣ – ១៩៧៩
ស្លាប់​ដោយ​គេ​លប​ធ្វើ​ឃាត​ ៖ ២៦ តុលា ១៩៧៩
សាសនា ៖ ព្រះពុទ្ធ​សាសនា

...៧ ចំណុច​ដែល​​​លោក​អ្នក​មិន​បានដឹង​ពី​សង្គ្រាម​ស៊ីសាច់ហុតឈាមរ​វាង​​កូរ៉េខាងជើង និង កូរ៉េខាងត្បូង...

​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប៉ាក់ជុងហ៊ី ប្រទេស​កូរ៉េខាងត្បូង​បាន​ស្គាល់​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​​យ៉ាង​គំហុក មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។ នយោបាយ​របស់​លោក​ប៉ាក់​គឺ​ចម្រុះ​ជា​លក្ខណៈ​ចាប់ឆាយ (mixed)។ រយៈ​ពេល ១៨ ឆ្នាំ​នៃ​ការ​គ្រប់គ្រង​របស់​លោក ប្រទេស​កូរ៉េខាងត្បូង​បាន​អភវឌ្ឍ​ខ្លួន​ជា​បណ្ដើរ​ៗ ពី​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក (​ស្មើ​នឹង​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត​នៅ​ទ្វី​ប​អាហ្វ្រិក​កាល​ណោះ​)។ លោក​បាន​បង្កើត​គណៈកម្មការ​វាយ​តម្លៃ​ផែនការ​សេដ្ឋកិច្ច​ចំនួន​បី​គឺ ៖ ១- គណៈកម្មការ​រៀប​ផែនការ​សេដ្ឋកិច្ច ២- ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ៣- ក្រសួង​ហិរញ្ញវត្ថុ។

នេះ​ជា​គំរូ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​ប្រទេស​ជប៉ុន។ លោក​ប៉ាក់​ចង់​ពង្រីក​វិស័យ​ឧស្សាហកម្ម​ ព្រោះ​លោក​យល់​ថា​វិស័យ​នេះ​មាន​សារៈ​សំខាន់​ ទាំង​សម្រាប់​វិស័យ​ការពារ​ជាតិ​ផង និង​នាំ​មក​នូវ​វិបុលភាព​សម្រាប់​ជាតិ​ផង។ ដើម្បី​សម្រេច​បាន​គោល​ដៅ​នេះ លោក​ពឹង​អាស្រ័យ​លើ​កត្តា​ពីរ​យ៉ាង គឺ​វិស័យ​ឯកជន​មួយ​ផ្នែក និង​វិស័យ​សហគ្រាស​សាធារណៈ​របស់​រដ្ឋ​មួយ​ផ្នែក។ 

កត្តា​សំខាន់​របស់​របប​លោក​ប៉ាក់ជុងហ៊ី នៅ​ត្រង់​ថា​វិស័យ​ឧស្សាហកម្ម​ជា​វិស័យ​ថ្មីថ្មោង​នៅ​កូរ៉េខាងត្បូង ប៉ុន្តែ​ចាប់​តាំង​ពី​យក​ទៅ​អនុវត្ត​ភ្លាម​ក៏​ទទួល​បាន​ជោគជ័យ​តែ​ម្ដង ហើយ​កត្តា​ជោគជ័យ​នេះ​ទៀត​សោត ដោយ​សារ​ការ​ចង្អុល​បង្ហាញ​ពី​រដ្ឋាភិបាល​តាម​ផែនការ «ឧស្សាហកម្ម​សម្រាប់​នាំ​ចេញ - export-oriented industries» តាម​ការ​ចង្អុល​បង្ហាញ និង​ការ​ជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល (នយោបាយ «រដ្ឋ​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​ឯកជន»)។

យុទ្ធសាស្ត្រ​បន្ទាប់​របស់​រដ្ឋាភិបាល​លោក​ប៉ាក់ជុងហ៊ី គឺ «ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​គីមី»។ ផែនការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​កាល​ពី​​ទស​វត្ស​ទី៧០។

...យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េខាងត្បូងត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ក្លាយ​ជា​ខ្លា​អាស៊ី!...

ករណី​ឃាតកម្ម​លើ​រូប​លោក​ប៉ាក់ជុងហ៊ី ឆ្នាំ១៩៧៩
លោក​ប៉ាក់​បាន​ឃើញ​សមិទ្ធផល ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​ត្រឹម​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ១៩៧៩ លោក​ប៉ាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ត្រង់​ក្បាល។ ពេល​កើត​ឧបទ្ទវហេតុ​នោះ​ភ្លាម លោក​ប៉ាក់​មិន​បាន​ស្លាប់​ភ្លាមៗ​ទេ លុះ​ក្រោយ​នោះ​បន្តិច ទើប​លោក​ស្លាប់។ អំពី​ដំណើរ​ដើម​ទង​នៃ​ការ​ស្លាប់​នេះ កាល​ពី​ដំបូង​ឡើយ ឃាតកម្ម​នេះ​មិន​មែន​ជា​ការ​រៀប​ចំ​ទុក​មុន​នោះ​ទេ។ នៅ​ក្នុង​ថ្ងៃ​នោះ លោក​ប៉ាក់​បាន​ចូល​រួម​ក្នុង​អង្គប្រជុំ​ផ្ទៃក្នុង ដែល​មាន​សុទ្ធ​តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។ កិច្ចប្រជុំ​នោះ​ប្រារព្ធ​ធ្វើ​នៅ​បញ្ជាការដ្ឋាន​នៃ​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​កូរ៉េ (Korean Central Intelligence Agency -KCIA) ដែល​ជា​ក្រុម​ប៉ូលិស​សម្ងាត់ (secret police)។ 

លោក​ប៉ាក់​បាន​ទិតៀន​ចំពោះ​ភ្នាក់ងារ​នេះ​ដែល​មិន​បាន​បង្ក្រាប​ក្រុម​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឲ្យ​រាប​ដូច​កន្ទេល តាម​បទបញ្ជា​របស់​​លោក។ លោក​គីមចេក្យូ (Kim Jae-kyu ) ដែល​មាន​ឋានន្តរសក្ដិ​ផ្កាយ​ពីរ និង​ជា​នាយក​ទីចាត់ការ​នៃ​ភ្នាក់ងារ​ចារកម្ម KCIA បាន​ឆ្លើយតប​ថា​ប្រសិនបើ​អនុវត្ត​តាម​ផែនការ​នោះ​នឹង​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​រហូត​ដល់​ទៅ​បី​ពាន់​នាក់​ឯណោះ។ លោក​ប៉ាក់​តប​ថា​កុំ​ថា​ឡើយ​បី​ពាន់ ទោះ​បី​ម៉ឺន​ក៏​ត្រូវ​តែ​ចំណាយ។ 

ក្រោយមក លោក​គីម​បាន​ដើរ​ចេញ​ពី​បន្ទប់​ទៅ​យក​កាំភ្លើង​ខ្លី ហើយ​មុន​ដំបូង​បាញ់​មន្ត្រី​ម្នាក់​ដែល​គាំទ្រ​លោក​ប៉ាក់ជុងហ៊ី​ក្នុង​បន្ទប់​ប្រជុំ រួច​ហើយ​ងាក​មក​បាញ់​លោក​ប៉ាក់ជុងហ៊ី​ត្រង់​ក្បាល​ទៀត។ ឃាតករ​រូប​នេះ​បាន​ជម្លៀស​ខ្លួន​ពី​ទី​បញ្ជាការដ្ឋាន​នោះ ហើយ​ឡើង​ជិះ​តាក់ស៊ី​មួយ​គ្រឿង ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ប្រហារ​ជីវិត​ ដោយ​ព្យួរ​ក​កាលពី​ឆ្នាំ១៩៨០។ តាមពិត លោក​ប៉ាក់ជុងហ៊ី និង​លោក​គីមជេគ្យូ ជា​មិត្ត​សំឡាញ់​ដ៏​ជិតស្និទ្ធ និង​ជា​មិត្ត​រួម​អាវុធ ឬ​យុទ្ធមិត្ត​ចាក់ទឹក​មិន​លេច (comrade)៕

លោក​លីក្វាន់យូ​ បិតា​ស្ថាបនិក​​ និង​ជា​មហាបុរស​រដ្ឋ​សិង្ហបុរី​​មាន​ប្រវត្តិ​​​​យ៉ាង​ម៉េច?


លោក​លីក្វាន់យូប្រភព៖​ todayonline.com
លោក​លីក្វាន់យូ​ជា​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ពី​ឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៦១ ហើយ​បាន​ដឹក​នាំ​ប្រទេស​ដែល​មាន​ទំហំ​ផ្ទៃ​ដី​តូច​នេះ ឲ្យ​រីក​លូតលាស់​សេដ្ឋកិច្ច រហូត​ដល់​ប្រទេស​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​ក្លាយ​ជា​កូន​នាគ​អាស៊ី ឬ​ខ្លា​អាស៊ី។ សិង្ហបុរី​ក្នុង​អំឡុង​ពេល​ដែល​លោក​លីក្វាន់យូ​គ្រប់គ្រង មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន។

​ថ្វី​ត្បិត​លោក​លែង​​កាន់​​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី ក៏​លោក​នៅ​តែ​ជា​បុគ្គល​​ដែល​មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​ឆាក​នយោបាយ​សិង្ហបុរី រហូត​ដល់​លោក​ត្រូវ​បាន​ផ្ដល់​ងារ​ជា​គរុគណ​ (mentor) សម្រាប់​ផ្ដល់​ឱវាទ​ដល់​គណៈ​រដ្ឋ​មន្ត្រី​សិង្ហបុរី​ថែម​ទៀត​ផង។ ​បច្ចុប្បន្ន​លោក​ចូល​និវត្ត​ពី​ឆាក​នយោបាយ​ទាំង​ស្រុង ប៉ុន្តែ​ដើម្បី​ទុក​ជា​ការ​សិក្សា​ស្វែង​យល់ ទើប គេហទំព័រ TheBNEWS សូម​នាំ​មក​ជូន​អស់​លោក​អ្នក​នូវ​ជីវប្រវត្តិ​លោក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​នេះ។

...តើ​លោក​លីខ្វាន់យូ​ ដឹកនាំ​ប្រទេស​តាម​របៀបណា ទើប​ធ្វើ​ឲ្យ​សិង្ហបុរី​ក្លាយជាកូន​នាគ​អាស៊ីដូច​សព្វថ្ងៃ?...

​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖ ១៦ ​កញ្ញា ១៩២៣ (អាយុ ៩១ ឆ្នាំ)
ស្រុក​កំណើត ៖ ប្រទេស​សិង្ហបុរី
កម្រិត​វប្បធម៌ ៖ សញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ខេមប្រ៊ីជ (Cambridge University)
វិស័យ​នយោបាយ ៖ ជា​ស្ថាបនិក​គណបក្ស​ចលនា​ប្រជាជន (People's Action Party)
ប្រវត្តិ​ការងារ ៖ នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី ១៩៥៩ – ១៩៩០ (កាន់​អំណាច ៣១ ឆ្នាំ)

...លោក​អូបាម៉ា​​​ថ្មី​ៗ​​​នេះ​សរសើរ​​លោក​ស្រី​ហ៊ីឡារី​ថា ​សក្កិសម​ជា​ប្រធានាធិបតី​អាមេរិក! តើ​លោក​ស្រី​មាន​លក្ខណៈ​សម្បត្តិ​​​ពិសេស​ចំណុច​ណា​ខ្លះ?...

លោក​លីក្វាន់យូ​កើត​ក្នុង​ត្រកូល​អ្នក​មាន​ជីវភាព​ធូរធារ (អ្នក​វណ្ណៈ​កណ្ដាល)។ ឪពុកម្ដាយ​របស់​លោក​ជាប់​សែស្រឡាយ​ចិន និង​បាន​ទៅ​រស់​នៅ​ប្រទេស​សិង្ហបុរី​តាំង​ពី​ទសវត្ស​ទី​១៩។ តាំង​ពី​ក្មេង​មក​ម៉្លេះ លោក​លីក្វាន់យូ​ត្រូវ​ឪពុក​ម្ដាយ​ឲ្យ​រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​មួយ លុះ​ពេល​លោក​ចាប់​អាជីព​នយោបាយ លោក​រៀន​ភាសា​ចិន និង​ភាសា​ម៉ាឡេ។ ក្រោយមក លោក​បាន​ទៅ​សិក្សា​មុខវិជ្ជា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស។ នៅ​ទី​នោះ​លោក​ជា​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​សង្គម​និយម (socialist)។

...ម៉ុងហ្គោលី​ធ្លាប់​ជា​ចក្រភព​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ហេតុ​អ្វី​ក៏​ធ្លាក់​ខ្លួន​នៅ​សល់​ដី​​​ដូច​សព្វថ្ងៃ?...

នៅ​ពេល​ដែល​កងទ័ព​ជប៉ុន​ចូល​កាន់កាប់​ប្រទេស​សិង្ហបុរី​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ កាល​ពី​ខែកុម្ភៈ ឆ្នាំ១៩៤២ លោក​លីក្វាន់យូ​អាយុ ១៩ ឆ្នាំ។ ​ព្រឹត្តិការណ៍​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ផ្នត់​គំនិត​របស់​លោក​។ កាលណោះ លោក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​កណ្ដាល​ទី ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀន​ភាសា​ជប៉ុន និង​ក្រោយមក​ទៀត លោក​មាន​ការងារ​ជា​អ្នក​បកប្រែ។ គឺ​​នៅ​ពេល​នោះ​ហើយ ​ដែល​លោក​​ដុះ​គំនិត​ជាតិ​និយម​។ លោក​យល់​ច្បាស់​ថា​ទាំង​ពួក​ជប៉ុន និង​ទាំង​ពួក​អង់គ្លេស (ដែល​ជា​ម្ចាស់​អាណានិគម​លើ​ប្រទេស​សិង្ហបុរី ហើយ​ទើប​តែ​ត្រូវ​ជប៉ុន​វាយ​ឡើយ​ខ្ចាត់ខ្ចាយ) គ្មាន​សិទ្ធិ​អំណាច​អ្វី​ត្រូវ​មក​ត្រួត​ត្រា​ប្រទេស​សិង្ហបុរី​នោះ​ទេ។ ក្រោយមក លោក​លីក្វាន់យូ រក​វិធី​រំដោះ​ប្រទេស ដើម្បី​នាំ​ឯករាជ្យ​ភាព ​ជូន​ជាតិ​មាតុភូមិ។

គំនិត​ជាតិ​និយម​របស់​លោក​លីក្វាន់យូ ចាប់​ផ្ដើម​ចេញ​ជា​រូបរាង​នៅ​ពេល​លោក​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​។ ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ (១៩៤៥) លោក​បាន​ទៅ​រៀន​នៅ​ប្រទេស​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច London School of Economics ​និង​បន្ទាប់​មក​ទៀត លោក​រៀន​មុខ​វិជ្ជា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ខេមប្រ៊ីជ (Cambridge University) ប្រទេស​អង់គ្លេស​។ លោក​រៀន​បាន​ពិន្ទុ​ខ្ពស់​បំផុត និង​បំពេញ​តួនាទី​ជា​និស្សិត​ឆ្នើម​នៅ​ក្នុង​សៀវភៅ​សិក្ខាគារិក​ (Academic Record)។

...កូរ៉េ​ខាង​ជើង​មាន​ធនធាន​មនុស្ស​ខ្លាំង អាច​ផលិត​អ្វី​ក៏បាន តែ​ហេតុដូច​ម្ដេច​ក៏​ក្រ​ដុន​ដាប​ខ្លាំង​ម៉្លេះ?...

អំពី​អាជីព​នយោបាយ
លោក​លីក្វាន់យូ​បាន​វិល​ត្រឡប់​ទៅ​សិង្ហបុរី​វិញ​នៅ​ឆ្នាំ១៩៥០ និង​រៀប​ការ​ប្រពន្ធ​នៅ​ឆ្នាំ​ដដែល។ ដំបូង លោក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្នែក​ផ្ដល់​ប្រឹក្សា​ច្បាប់ ហើយ​បន្ទាប់​មក​លោក​បើក​មុខ​របរ​ផ្ទាល់​ខ្លួន។ ​អាស្រ័យ​ដោយសារ​លោក​មាន​ចំណូល​ចិត្ត​ខាង​វិស័យ​នយោបាយ​ជាង​អាជីព​ដទៃ​ទៀត លោក​ក៏​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​គណបក្ស​នយោបាយ​ក្រោម​ការ​ជួយ​គាំទ្រ​ពី​មិត្ត​ភក្ដិ​ចាស់ៗ។ 

នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ១៩៥៤ គណបក្ស «ចលនា​ប្រជាជន – People's Action Party» ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ ដែល​មាន​លោក​លីក្វាន់យូ​ជា​អគ្គលេខាបក្ស (secretary-general)។ នៅ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​សកល​ថ្ងៃ​ទី​៣០ ខែឧសភា ១៩៥៩ គណបក្ស​ចលនា​ប្រជាជន ឈ្នះ​ឆ្នោត​គ្រប់​មណ្ឌល​ទាំង​អស់។ ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ១៩៥៩ ​សិង្ហបុរី​មាន​រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត។ ពីរ​ថ្ងៃ​ក្រោយ​មក លោក​លីក្វាន់យូ​ ​និង​មិត្ត​ភក្ដិ​របស់​លោក​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ ដោយ​មាន​លោក​លីក្វាន់យូ​ជា​នាយក​រដ្ឋ​មន្ត្រី។

...ប្រវត្តិ​លោក​ប៉ាក់ជុងហ៊ី អតីត​ប្រធានាធិបតី​​ និង​ជា​មហាបុរស​រដ្ឋ​កូរ៉េខាងត្បូង​ដែល​រៀប​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​យ៉ាង​រីកចម្រើន...

គណបក្ស «ចលនា​ប្រជាជន​» របស់​លោក​លីក្វានយូ​ជាប់​ឆ្នោត​ជា​បន្តបន្ទាប់​។ លោក​លីក្វាន់យូ​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ ឲ្យ​​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​អាណត្តិ​បន្តបន្ទាប់​ទៀត​ដូច​ជា​ឆ្នាំ​១៩៦៣ – ១៩៦៥ – ១៩៧២ – ១៩៧៦ – ១៩៨០ – ១៩៨៤។ ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ១៩៩០ ពេល​កំពុង​កាន់​តំណែង​សុខៗ លោក​លីក្វាន់យូ បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​កណ្ដាល​ទី ប៉ុន្តែ​នៅ​រក្សា​តួនាទី​នៅ​ក្នុង​ជួរ «គណបក្ស​​ចលនា​ប្រជាជន» រហូត​ទៅ​ទល់​នឹង​ឆ្នាំ១៩៩២ ទើប​លោក​លាលែង​ពី​តំណែង​នៅ​ក្នុង​បក្ស​ទៀត។

រង្វាយ​តម្លៃ​ និង​សរុប​សេចក្ដី
​លោក​លីក្វាន់យូ បាន​ដឹក​នាំ​ប្រទេស​សិង្ហបុរី​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​នាំ​ប្រទេស​ជាតិ ឲ្យ​ស្គាល់​តែ​សុខ​សន្តិភាព សុវត្ថិភាព វិបុលភាព និង​សុភមង្គល។ របៀបដឹកនាំ​របស់​លោក​ មាន​ចរិត​លក្ខណៈ «អាជ្ញានិយម – authoritarianism»។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​កាល​ពី​អំឡុង​ទសវត្ស​ទី៨០ ​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​សិង្ហបុរី​ម្នាក់ៗ ​គឺ​ខ្ពស់​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​ជប៉ុន(នៅ​តំបន់​អាស៊ី​បូព៌ា ៖ ចិន – ជប៉ុន - តៃវ៉ាន់ - កូរ៉េខាងជើង និង​ត្បូង)។ ​បច្ចុប្បន្ន សិង្ហបុរី​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សំខាន់​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕

Monday, December 1, 2014

តើ​អ្វី​ជា​​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA)?


ផែនទីនៃប្រទេសសមាជិកអាស៊ានទាំង ១០ប្រភព៖​ myanmarinternationaltv.com
តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA ឬ The ASEAN Free Trade Area ) គឺជា​កិច្ចព្រមព្រៀង​រួម​មួយ​ ​នៃ​សមាជិក​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​ទាំង១០ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ តាមរយៈ​ការ​លុប​បំបាត់​ឧបសគ្គ​នានា​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​។ 

ឧបសគ្គ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ត្រូវ​លុបបំបាត់​នោះ មាន​ដូចជា ពន្ធ​នាំចេញ​នាំចូល​ដែល​មាន​តម្លៃ​ខ្ពស់ ការ​រឹត​បណ្តឹង​ផ្នែក​បរិមាណ (quantitative restrictions ) នៃ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ និងកត្តា​ផ្សេងៗ​ទៀត។

វា​ត្រូវ​បាន​​​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩២ ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​កាលនោះ​មាន​ប្រទេស​ចូលរួម​ចំនួន​៦ មាន​ដូចជា ប្រទេស​ ប្រ៊ុយណេ​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ និង ថៃ។ ក្រោយមក​មាន​ប្រទេស​ចំនួន​ ៤ ទៀត​បាន​ចូលរួម​ ពោល​គឺ វៀតណាម ​(ឆ្នាំ ១៩៩៥) ឡាវ និង មីយ៉ាន់ម៉ា (ឆ្នាំ ១៩៩៧) និង កម្ពុជា (ឆ្នាំ ១៩៩៩)។ ​
...អ្វី​ជា​ពាណិជ្ជកម្ម​​អេឡិចត្រូនិក (E-commerce)?...
ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន គឺ មាន​គោលដៅ​សំខាន់ៗចំនួន២។ ទី១ គឺ​ដើម្បី​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អាស៊ាន​ កាន់តែ​មាន​ការ​ប្រកួតប្រជែង និង មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន​ (តាមរយៈ​ការ​លុបបំបាត់​ឧបសគ្គ​ផ្សេងៗ​​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​) ព្រោះ​សមាជិក​នីមួយៗ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ទី២ ដើម្បី​ទាក់ទាញ​ការ​វិនិយោគទុន​ពី​បរទេស​ចូល​មក​កាន់​តំបន់​អាស៊ាន​ឲ្យ​កាន់តែ​ច្រើន​ទៀត​​៕

តើ​លោក​អ្នក​ដឹង​អ្វី​ខ្លះ ​អំពី​ក្រដាស​ប្រាក់​ដែល​ប្រើ​ប្រាស់​សព្វ​ថ្ងៃ?


រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​អង់គ្លេស​ប្រភព៖​ oxfordmail.co.uk
ក្រដាស​ប្រាក់​ជា «​​មធ្យោបាយ​នៃ​ការ​ដោះដូរ-medium of exchange» នៃ​ទំនិញ និង​សេវាកម្ម។ ដើម្បី​ទូទាត់​តម្លៃ​អ្វី​មួយ គេ​ត្រូវ​ការ​ប្រើ​រូបិយប័ណ្ណ​អ្វី​មួយ​ជា​តំណាង។ ក្នុង​ចំណោម​រូបិយប័ណ្ណ​ទាំង​អស់ មាស​ជា​របស់​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ស្ថិរភាព​និង​លំនឹង​ជាង​គេ ព្រោះ​មាស​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទូទាត់​តម្លៃ​ផ្សេងៗ តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។

រូបិយប័ណ្ណ​មាន​ច្រើន​សណ្ឋាន ដូច​ជា​កាក់ - ក្រដាស​ប្រាក់ - លោហធាតុ។ល។ អត្ថបទ​នេះ​ផ្ដោត​ជា​សំខាន់​លើ​ប្រវត្តិ និង​ទិដ្ឋភាព​ទូទៅ​នៃ​ក្រដាស​ប្រាក់។

...តើ​លុយ​មាន​អត្ថន័យ​បែប​ណា​ខ្លះ​ចំពោះ​លោក​អ្នក?...

អំពី​ប្រវត្តិ​នៃ​ការ​បង្កើត​ក្រដាស​ប្រាក់ និង​ធនបត្រ - តើ​ប្រទេស​ណា​ប្រើ​ក្រដាស​ប្រាក់​មុន​គេ?
​ក្រដាស​ប្រាក់​ដំបូង​បង្អស់​នៅ​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​រូបិយប័ណ្ណ​ជាតិ គឺ​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​សម័យ​រាជវង្ស​សុង កាល​ពី​សតវត្ស​ទី​១១។ ក្រោយមក នៅ​ក្នុង​សតវត្ស​ទី១៧ ធនបត្រ (banknote) ត្រូវ​បាន​បោះ​ផ្សាយ​ឲ្យ​ប្រើ​ជា​សាធារណៈ​សម្រាប់​ទូទាត់​តម្លៃ​ទំនិញ។

នៅ​ប្រទេស​ចិន សម័យ​រាជវង្ស​ថាង (៦១៨ – ៩០៧) ដោយ​សារ​ឈ្មួញ​រក​ស៊ី​ទិញ​លក់​ទំនិញ ពិបាក​ដឹក​ជញ្ជូន​កាក់​ស្ពាន់ និង​លោហធាតុ​ដទៃ​ទៀត ដែល​គេ​ប្រើ​សម្រាប់​ទូទាត់​ទំនិញ​នោះ វា​ធ្ងន់ និង​ពិបាក​ទុក​ដាក់ គេ​ក៏​រក​វិធី​ថ្មី គឺ​ប្រើ​ក្រដាស​ប្រាក់។ រហូត​ដល់​សម័យ​រាជវង្ស​សុង ក៏​ក្រដាស​ប្រាក់​មិន​អាច​ជំនួស​កាក់​ទាំង​ស្រុង​នោះ​ទេ គឺ​គេ​ប្រើ​ទាំង​ក្រដាស​ប្រាក់​ផង និង​កាក់​ផង។

...លោក​អ្នក​មាន​ដឹង​ថា​ ក្រដាស​ប្រាក់​ដុល្លារ​​ដែល​ចាយ​រាល់​ថ្ងៃ​​ ផ្ទុក​មេរោគ​ជាង​​៣​ពាន់​ប្រភេទ​ទេ?​...

នៅ​សតវត្ស​ទី១៣ បន្ទាប់​ពី​លោក​ម៉ារ៉ាកូប៉ូឡូ (Marco Polo) ជា​ឈ្មួញ​រក​ស៊ី​ស្រុក​ឆ្ងាយ ដ៏​ល្បី​ល្បាញ ដែល​ឧស្សាហ៍​ចេញ​ចូល​ប្រទេស​ចិន និង​អឺរ៉ុប បាន​សរសេរ​កំណត់​ត្រា​ផ្សេងៗ​ស្ដីពី​ការ​ធ្វើ​ដំណើរ​របស់​លោក និង​មាន​លោក​ម្នាក់​ទៀត​ឈ្មោះ  William of Rubruck បាន​សរសេរ​ចងក្រង​នៅ​ក្នុង​សៀវភៅ​របស់​អស់​លោក ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ប៉ែក​អឺរ៉ុប​ចាប់​ផ្ដើម​ស្គាល់​ក្រដាស​ប្រាក់​ជា​បណ្ដើរៗ។

នៅ​ប្រទេស​អ៊ីតាលី​នា​មជ្ឈិម​សម័យ (សតវត្ស​ទី៥ – ១៥) អាស្រ័យ​ដោយ​សារ​ក្រដាស​ប្រាក់​ដែល​ប្រើ​ទូទាត់​ទំនិញ​ក្នុង​ទ្រង់ទ្រាយ​ធំ ហាក់​ច្រើន​សំពីងសំពោង​ពេក គេ​បាន​រក​ឃើញ​វិធី​មួយ​ប្រភេទ​គឺ​ប្រើ​មូលប្បទានប័ត្រ​មួយ​ប្រភេទ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា promissory notes។ ប័ណ្ណ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ចំណាប់​ផ្ដើម​នៃ​ការ​ប្រើប្រាស់​ធនបត្រ​ (banknote) នា​សម័យ​ទំនើប៕