Wednesday, November 26, 2014

តើ​លោក​អ្នក​ដឹង​​អត់​បុគ្គលិក​បម្រើ​ការងារ​ (អូតេស)​​ ​​​តាម​យន្តហោះ​ស្រុក​យើង​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន​?​


បុគ្គលិក​បម្រើ​ការងារ​លើ​យន្តហោះ​ក្រុមហ៊ុន​ AirAsia (បរទេស)ប្រភព៖​ http://collegesmalaysia.com
បុគ្គលិក​បម្រើ​ការងារ​នៅ​តាម​យន្តហោះ ​ទទួល​បាន​ប្រាក់ខែ​គោល​ជា​មធ្យម​​ ៥០០​ដុល្លារ​រួម​ជាមួយ​ប្រាក់​ថ្លៃ​សេវាកម្ម​ផ្សេង​ៗទៀត​កើន​ជិត​ ១០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។​

បុគ្គលិក​​បម្រើ​ការ​នៅ​អាកាស​ចរស៊ីវិល​កម្ពុជា​ម្នាក់ ​សុំ​មិន​បញ្ចេញ​​​ឈ្មោះ​បាន​ឱ្យ ​TheBNEWS ដឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា ​ប្រាក់​ខែ​គោល​របស់​បុគ្គលិក​​បម្រើ​ការងារ​នៅ​លើ​យន្ត​ហោះ​​អាច​ទទួល​បាន​ជា​មធ្យម ​៥០០ ​ដុល្លារ​ក្នុង​មួយ​ខែ​។ ​ដោយ​ឡែក​ ថ្លៃ​ថែម​ម៉ោង​ឬ​សេវាកម្ម​ផ្សេងៗ​ទៀត​ សរុប​ទៅ​អាច​ទទួល​បាន​ជិត​ ១០០០ ​ដុល្លារ​អាមេរិក​។

...ក្រុម​ហ៊ុន​អាកាសចរណ៍​ស៊ីវិល​​ហុងកុង​​បើក​សេវាកម្ម​ដឹក​ទំនិញ​​​តាម​យន្ត​ហោះ​ប៊ូអ៊ីង​​​ផ្ទុក​ទំនិញ​បាន​ ១២០​តោនជា​លើក​ដំបូង​មក​កម្ពុជា​​...


គួរ​បញ្ជាក់​​​ផង​ដែរ​ថា ​បច្ចុប្បន្ន​នេះ​​បុគ្គលិក​បម្រើ​ការ​ងារ​នៅ​​ក្រុម​ហ៊ុន​​កម្ពុជា​អង្គរ​អ៊ែរ (Cambodia Angkor Air) ​មាន​សរុប​ជាង ​៦០​នាក់ ​មាន​ខ្មែរ​ខ្លះ ​និង​បរទេស​ខ្លះ​។ ​ក្រុម​ហ៊ុន​បី​ផ្សេង​ទៀត​មាន​បុគ្គលិក​ខ្មែរ​ទាំង​អស់​ ដែល​ក្នុង​នោះ​រួម​មាន​​ ១- ​ក្រុមហ៊ុន​ស្គាយ​អង្គរ​អ៊ែរឡាញ​​(Sky Angkor Airline) ​សរុប​ជាង ​​៦០​នាក់ ​​២- ក្រុម​ហ៊ុន Apsara International Air មាន​សរុប​ ១២​នាក់​ និង​​​ ៣- Bassaka Air​​​ មាន​សរុប​ ៤០​នាក់៕​

លោក​អ្នក​ដឹង​ថា​​ប្រាក់​ចំណូល​បាន​​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ពី​ឆ្នាំ​២០១០​ ដល់ ​២០១៤ បាន​ប៉ុន្មាន​ទេ? ​


អាជ្ញាធរ​អប្សរា​បង្ហាញ​​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សន​ប្រាសាទ​អង្គរ​វត្ត​ពី​ឆ្នាំ​២០១០​ដល់​២០១៤​ប្រភព៖​ tourismcambodia.org
ការ​ប្រមូល​ចំណូល​​តាម​​រយៈ​ការ​លក់​សំបុត្រ​ ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​មាន​ការ​កើន​ឡើង​បើក​គិត​ចាប់​ឆ្នាំ​២០១០ ​រហូតដល់​ឆ្នាំ​២០១៤​ ខណៈ​ដែល​​រយៈ​ពេល​ ១០​ខែ​នា​ឆ្នាំ​​២០១៤​នេះ​ ​ចំណូល​ដែល​ប្រមូល​បាន​មាន​​ចំនួន​ ៤៧.៣៨៧.៥០០ ដុល្លារ​អាមេរិក​។​

យោង​តាម​លិខិត​របស់​អាជ្ញាធរ​អប្សរា​ដែល ​The BNEWS ទទួល​បាន ​ចុះ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤​នេះ​​ ឱ្យ​ដឹង​ថា​​ ចំណូល​បាន​មក​ពី​ការ​លក់​​​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​នៅ​ឆ្នាំ​២០១០ ​មាន​ចំនួន ​៣៣.១១៣.៥០០​ដុល្លារ​អាមេរិក​ ឆ្នាំ​២០១១ ​មាន​ចំនួន ​៤២.១៨៥.៣០០​ដុល្លារ​ ឆ្នាំ​២០១២​ មាន​មាន​ចំនួន ៥១.៣១៩.១៨០​ដុល្លារ​ និង​ឆ្នាំ​២០១៣ ​មាន​ចំនួន​ ៥៧.៦៨៧.៦៨០​ដុល្លារ​អាមេរិក​។​ លិខិត​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​នេះ​ អាជ្ញាធរ​អប្សរា​បាន​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ សុខា​អូតែល ​ជា​អ្នក​ប្រមូល​ជំនួស​ ដោយ​មាន​ចុះ​កិច្ច​សន្យា​រៀង​រាល់ ​៥​ឆ្នាំ​ម្តង​។​

...​កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​​​​បរទេស​ជិត​ ៣,២​លាន​​នាក់​ ៩​ខែ​ដើម​ឆ្នាំ​នេះ...

តាម​ប្រភព​ដដែល​បញ្ជាក់​ផង​ដែរ​ថា​ តាម​ខ្លឹម​សារ​កិច្ច​សន្យា​រវាង​អាជ្ញាធរ​អប្សរា ​និង​ក្រុម​ហ៊ុន​សុខា​អូតែល​ ​ចំណូល​ដុល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ ត្រូវ​បង់​ពន្ធ​លើ​តម្លៃ​បន្ថែម​(VAT ១០ %)​បង្កើត​មូលនិធិ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​អង្គរ​(១៥%)​ដក​ចំណែក​របស់​ក្រុម​ហ៊ុន​(១៥%)​​ហើយ​សល់​ពី​នោះ​ បង់​ចូល​ថវិកា​រដ្ឋ​ទាំង​ស្រុង​។​

នៅ​ក្នុង​ការ​គ្រប់​គ្រង​អង្គរ​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ស្រប​តាម​បទ​ដ្ឋាន​បេតិកភណ្ឌ​ពិភព​លោក​ អាជ្ញាធរ​អប្សរា​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ ​សម្រប​សម្រួល​កិច្ច​គាំ​ពារ​ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ដ​អង្គរ​​​ហៅ​ថា​ អាយ​ ស៊ី​ ស៊ី​ អង្គរ​ ដែល​មាន​ប្រទេស​បារំាង​ និង​ជប៉ុន​ជា​សហប្រធាន​ យូណេស្កូ​ជា​លេខាធិការ​អចិន្ត្រៃយ៍ ហើយ​មាន​ប្រទេស​និង​អង្គការ​អន្តរជាតិ​ជាង ​៣០​ជា​សមាជិក​​ដោយ​ធ្វើ​ការ​ប្រជុំ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​​ រហូត​ដល់​បច្ចុប្បន្ន​៕​​​​

Monday, November 24, 2014

តើ​​​កងទ័ព​ចិន​អាច​យក​ឈ្នះ​កងទ័ព​​ជប៉ុន​ដែរ​ឬ​ទេ​បើ​​មាន​សង្គ្រាម​ផ្ទុះ​ឡើង​?

 

រូបតំណាង​ប្រភព៖​ washingtonpost
ចិន និង ជប៉ុន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​គូសត្រូវ​ចាស់​ឆ្នាំ​​​នៅ​អាស៊ី​បូព៌ា​ដែល​ធ្លាប់​មាន​សង្គ្រាម​​​ស៊ីសាច់​ហុតឈាម​​​រវាង​គ្នា​នឹង​គ្នា​នៅ​ពេល​កន្លង​មក។ ការ​ឈ្លាន​ពាន​របស់​ជប៉ុន​មក​លើ​​ទឹកដី​ចិន​​​​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៨៩៤ ដល់​ឆ្នាំ ១៨៩៥ និង នៅ​ក្នុង​ឆ្នាំ ១៩៣១ រហូត​ដល់​បញ្ចប់​​សង្គ្រាម​លោក​ទី​២ បាន​​បង្កើត​អតីតកាល​​ដ៏​ជូរចត់​បំផុត​​ដក់​ជាប់​​ក្នុង​អារម្មណ៍​ប្រជាជន​របស់​​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក​មួយ​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន។

​ទោះបី​ជា​ចិន​​​តែង​ចាញ់​ជប៉ុន​​រហូត​មក និង ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ អ្វី​ដែល​​ពិភពលោក​មើល​ឃើញ​នៅ​ពេល​បច្ចុប្បន្ន​នោះ​គឺ​ថា ​មហាយក្ស​ចិន​កំពុង​​​បង្កើន​​ថវិកា​យោធា​របស់​ខ្លួន​​រហូត​ដល់ ១២,៣%​ នៅ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន។ នេះ​បាន​​​បង្ហាញ​សញ្ញាណ​មួយ​គួរ​ឲ្យ​បារម្ភ​បំផុត​​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់ ​ជា​ពិសេស​ជា​ការ​ពញ្ញាក់​អារម្មណ៍​មួយ​ដល់​​​ដល់​រដ្ឋាភិបាល​​ជប៉ុន​តែម្តង។ ​

ជា​ការ​ប្រៀបធៀប​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ ជប៉ុន​ដែល​ជា​អតីត​មហាអំណាច​យោធា​​ដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ថវិកា​យោធា​ត្រឹមតែ ៤៩ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ដែល​ចិន​វិញ​​មាន​រហូត​ដល់ ១៨៨ ពាន់​លាន​ដុល្លារ។ នេះ​ជា​កំណើន​ដ៏​ខ្ពស់​មួយ​នៃ​ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ចិន ទោះបី​ជា​មិន​ដល់​​ថវិកា​យោធា​អាមេរិក​ដែល​មាន​រហូត​ដល់ ៦៤០ ពាន់​លាន​ដុល្លារ​យ៉ាងណា​ក៏ដោយ។

...តើ​អាមេរិក​ចំណាយ​ប្រាក់​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំៗ​លើ​សង្គ្រាម​ថ្នាំញៀន?...

ងាក​មក​មើល​ចំនួន​យោធា​វិញ មហាយក្ស​ចិន​ដែល​មាន​ប្រជាជន​​ ១៣ ពាន់​លាន​នាក់​មាន​កងទ័ព​សកម្ម​សរុប​ប្រមាណ ២,៣ ​លាន​នាក់ ស្រប​ពេល​ដែល​ជប៉ុន​វិញ​មាន​​ត្រឹមតែ ៥៨ ០០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​សំនួរ​ដ៏​សំខាន់​នៅ​ពេល​នេះ​គឺ​ថា តើ​ចិន​អាច​យក​ឈ្នះ​ជប៉ុន​ដែរ​ឬ​ទេ​បើ​មាន​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើត​មាន​ម្តង​ទៀត?

ជា​ការ​ចាប់ផ្តើម យើង​ត្រូវ​​ពិនិត្យ​ទៅ​លើ​​​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​កន្លង​មក​ ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ និង ក្តី​កង្វល់​បំផុត​ដល់​សម្ព័ន្ធមិត្ត​របស់​ជប៉ុន​​ ​នោះ​​គឺ​អាមេរិក។ អាមេរិក​បាន​ចុះ​​សន្ធិសញ្ញា​ជា​ទ្វេភាគ​ដើម្បី​ចេញ​មុខ​​ការពារ​ដែន​អធិបតេយ្យ​ភាព​ជប៉ុន​ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន ឬ វាយប្រហារ​​ណា​មួយ​ពី​បច្ចាមិត្ត​។ ហេតុ​ដូច្នេះ​ហើយ បាន​​ជា​ចាប់​ពី​ជប៉ុន​ចាញ់​សង្គ្រាម​លោក​លើក​ទី​២ មក​គេ​ឃើញ​មាន​មូលដ្ឋាន​យោធា​សំខាន់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​រហូត​មក​ដល់​សព្វថ្ងៃ។

​​​​​ចុះ​បើ​គ្មាន​អាមេរិក​វិញ តើ​ជប៉ុន​នៅ​តែ​អាច​យក​ឈ្នះ​ចិន​ឬ​យ៉ាងណា?

តាម​ការពិត​ទោះបី​ជា​ចំនួន​កងទ័ព​ជប៉ុន​មាន​ចំនួន​តិច​ជាង​កងទ័ព​ចិន តែ​គេ​មើល​ឃើញ​ថា ជប៉ុន​នៅ​តែ​ឈ្នះ​ចិន​ទោះបី​ជា​គ្មាន​អាមេរិក​ក៏ដោយ។ ភស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ ​ប្រព័ន្ធ​សព្វាវុធ​​សំខាន់ៗ​របស់​ចិន​ភាគ​ច្រើន​បាន​​ខូចខាត​​​ដំណើរ​ការ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ នេះ​បើ​យោង​តាម​​​ការ​អះអាង​របស់​លោក Kyle Mizokami អ្នកវិភាគ​ជាន់​ខ្ពស់ និង ជា​​​អ្នកនិពន្ធ​​សៀវភៅ (War On Boring)នៃ​មន្ទីរ​ឃ្លាំមើល​សន្តិសុខ​ជប៉ុន (Japan Security Watch)។

អ្នក​វិភាគ​រូប​នេះ​បាន​លើក​ឡើង​​ថា រថក្រោះ​កងទ័ព​ជើង​គោក​​ចិន​ប្រមាណ ៤៥០ គ្រឿង​​ក្នុង​ចំណោម​រថក្រោះ​ ៧ ៥៨០ ​គ្រឿង​​ប៉ុណ្ណោះ​ត្រូវ​បាន​អភិវឌ្ឍ​កាន់តែ​ទំនើប​ជាង​មុន​ដែល​ត្រូវ​បាន​ផលិត​ឡើង​តាំង​ពី​​អំឡុង​សតវត្ស​ទី ៧០​មក​ម្ល៉េះ​​ដោយ​អតីត​សហភាព​សូវៀត។ ចំណែក​យន្តហោះ​ចម្បាំង​​វិញ មាន​ប្រហែល​ត្រឹមតែ ៥០០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ចំណោម​យន្តហោះ​​ចម្បាំង​របស់​ខ្លួន ១ ៣២១ គ្រឿង​អាច​ដំណើរ​ការ​បាន។

ងាក​មក​មើល​កងទ័ព​ជើង​ទឹក​ចិន​វិញ នា​វា​មុជទឹក​របស់​ខ្លួន​ចំនួន​ពាក់​កណ្តាល​​ត្រូវ​បាន​លោក​អះអាង​ថា បាន​​ផលិត​ឡើង​​​​អស់​រយៈ​ពេល ​​២​ទសវត្ស​ចុងក្រោយ​នេះ ខណៈ​ចំនួន​ពាក់​កណ្តាល​ទៀត​​គឺ​ជា​នាវា​ចាស់​ឆ្នាំ​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក​ម្ល៉េះ។ រីឯ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង (Liaoning​) ដែល​ទើប​នឹង​​​ផលិត​បាន​នេះ​វិញ ក៏​​មិនមែន​ជា​នាវា​ទំនើប​​សហវត្ត​ថ្មី​នោះ​ដែរ​ ពោល​គឺ​ត្រូវ​បាន​ជួសជុល​អភិវឌ្ឍ​ឲ្យ​ទំនើប​បន្ថែម​ពី​នាវា​​ផ្ទុក​យន្តហោះ​​ចាស់​របស់​អតីត​សហភាព​សូវៀត​ដែល​ផលិត​ឡើង​​កំឡុង​ទសវត្ស​ទី ៨០​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​អាច​ផ្ទុក​យន្តហោះ​ច្រើន ឬ ធ្វើ​ដំណើរ​​ក្នុង​ចម្ងាយ​ឆ្ងាយ​ដូច​នាវា​អាមេរិក​នោះ​ដែរ។

​ក្រឡេក​មក​មើល​ជប៉ុន​វិញ វិស័យ​យោធា​របស់​ខ្លួន​ត្រូវ​បាន​គេ​អះអាង​ថា បាន​អភិវឌ្ឍ​ និង បំពាក់​ដោយ​សម្ភារៈ​យោធា​ទំនើបៗ​ជា​ជំនួញ​ពី​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ពេល​ឆាប់​ខាងមុខ​នេះ ​រដ្ឋាភិបាល​​ជប៉ុន​ប្រកាស​​ថា ខ្លួន​នឹង​ទិញ​​​មីស៊ីល​ប្រឆាំង​មីស៊ីល​បន្ថែម​ទៀត រួម​​ទាំង​នាវា​មុជទឹក​​ទំនើបៗ នាវា​ប្រតិបត្តិការ​លើ​ទឹក​ យន្តហោះ​ឈ្លបការណ៍ យន្តហោះ​ចម្បាំង​ និង ឧទ្ធម្ភាគចក្រ​​ទំនើបៗ​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​​សម្រាប់​បំពាក់​នៅ​ក្នុង​កងទ័ព​​របស់​ខ្លួន។

...​មាន​អ្វី​កើតឡើង​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន ​នៅ​ក្នុង​ឆ្នាំ​២០៣០?...

ទន្ទឹម​នឹង​នេះ​ទៅ​​ទៀត នៅ​ខែ មីនា ​ឆ្នាំ ២០១៧ ខាងមុខ​នេះ​គេ​រំពឹង​ថា ជប៉ុន​នឹង​​ទទួល​បាន​យន្ត​​ចម្បាំង (F-35​​​) ដ៏​មាន​សក្ដានុពល​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​ផង។ បើ​ពិនិត្យ​ឲ្យ​ជាក់​ស្តែង​ទៅ​យន្តហោះ​ចម្បាំង​​ធុន​​នេះ គឺ​ជា​ក្តី​សុបិន្ដ​ដ៏​អាក្រក់​បំផុត​​របស់​នាវា​​ផ្ទុក​​យន្តហោះ​ចិន (Liaoning​) ​ដែល​ទើប​ផលិត​បាន​នេះ​តែម្តង ត្បិតអី​យន្តហោះ​ចម្បាំង (F-35​​​) ដែល​​ពេញ​និយម​បំផុត​នៅ​ក្នុង​វិស័យ​យោធា​អាមេរិក អាច​​វាយ​​ប្រហារ​នាវា​ផ្ទុក​យន្តហោះ​​មួយ​គ្រឿង​នេះ​បាន​ពី​ចម្ងាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​​​​​​ក្នុង​ចម្ងាយ​ ២៩០ គីឡូម៉ែត្រ។

​​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត F-35 អាច​វាយ​កម្ទេច​​មូលដ្ឋាន​យោធា និង​ យន្តហោះ​ចម្បាំង​​ដ៏​ទំនើបៗ​​ចុងក្រោយ​​របស់​ចិន​ J-15 ​ក្នុង​មួយ​ប៉ប្រិចភ្នែក។ មើល​ទៅ​ដែន​កោះ​សំខាន់ៗ​របស់​​ជប៉ុន​វិញ សុទ្ធតែ​​បង្កប់​ដោយ​ប្រព័ន្ធ​​ខែល​មីស៊ីល​(Standard Missile-3) និង មីស៊ីល​ប៉ាទ្រីយ៉ូត​កម្រិត​ខ្ពស់​(Patriot Advanced Capability-3 interceptors) ទំនើប​អាច​បាញ់​ស្ទាក់​មីស៊ីល​គ្រប់​ប្រភេទ​​នៅ​ជុំវិញ​ភព​ផែនដី​នេះ។
​​​
បើ​​យោង​តាម​ការ​​បញ្ជាក់​របស់​​​លោក Larry M. Wortzel ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​យុទ្ធសាស្ត្រ​និង ហានិភ័យ​ប្រចាំ​​​តំបន់​អាស៊ី​ (Asia Strategies and Risks) វិញ​បាន​ឲ្យ​​អះអាង​ថា ជប៉ុន​គឺ​ជា​ប្រទេស​ដែល​​មាន​កងទ័ព​ជើង​អាកាស​ខ្លាំងក្លា​ជាងគេ​បំផុត​នៅ​អាស៊ី​ លើកលែង​តែ​អាមេរិក​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ ស្រប​ពេល​ដែល​​កងទ័ព​ជប៉ុន​កំពុង​​ឈាន​មុខ​លើ​​កងទ័ព​ចិន ​គេ​ក៏​មិន​អាច​​​មើល​​រំលង​​​សមត្ថភាព​កងទ័ព​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង ការ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​​យោធា​របស់​ចិន​​នៅ​ក្នុង​រយៈ​មួយ​ទសវត្ស​ចុងក្រោយ​នេះ​បាន​ទេ ហើយ​​អនាគត​នឹង​​ក្លាយ​​ជា​រឿង​មួយ​មិន​ប្រកដប្រជា។

«គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាករណ៍​បាន​ពី​ជម្លោះ​រវាង​ចិន និង ជប៉ុន​នៅ​ពេល​អនាគត​បាន​នោះ​ឡើយ។ ប៉ុន្តែ​​ភាព​តានតឹង និង ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​ទាំង​ពីរ​នេះ​អាច​​ត្រួសត្រាយ​នាំ​មក​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​បាន​ តាម​រយៈ​ការ​ពង្រឹង​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​​ ការ​​វិនិយោគ និង ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក។ នេះ​ជា​​ប្រសាសន៍​របស់​លោក Joseph Quinlan នាយក​​គ្រប់គ្រង​ទូទៅ​​នៃ​ធនាគារ​វិនិយោគ​អាមេរិក Banc of America Securities៕​

ប្រទេស​១០ ដែល​មានសមត្ថភាព​ខ្ពស់​បំផុត​ខាង​វិស័យការពារជាតិ

 

ប្រទេស​១០ ដែល​មានសមត្ថភាព​ខ្ពស់​បំផុត​ខាង​វិស័យការពារជាតិប្រភព៖​ defense-and-freedom
វិស័យ​ការពារ​ជាតិ​ជា​កត្តា​សំខាន់​បំផុត​សម្រាប់ប្រទេស​នីមួយៗ នៅ​ទូទាំង​ពិភពលោក ពោល​គឺ​សំខាន់​រហូតដល់​ប្រទេស​ភាគច្រើន​បំផុត​មាន​កងទ័ព​សម្រាប់​ធានា​បូរណភាព​និង​ដែន​អធិបតេយ្យភាព​របស់​រដ្ឋ​ឯករាជ្យ(នៅ​ក្នុង​លោក​នេះ មាន​ប្រទេស​តិច​តួច​បំផុត​ដែល​គ្មាន​កងទ័ពជាតិ)។ រដ្ឋាភិបាល​នៃ​សាមី​ប្រទេស​ជា​អ្នក​ពិនិត្យ​មើល​នយោបាយ​ការពារ​ជាតិ​របស់ខ្លួន ថាតើ​ត្រូវបន្ថែម​កងទ័ព ឬ​បញ្ចុះ​ចំនួន​កងទ័ព ត្រូវ​ពង្រឹង​ខាងយុទ្ធសាស្ត្រអ្វី ដោយ​យោងទៅតាម​កត្តា​ភូមិសាស្ត្្រ។ ឧទាហរណ៍ ប្រទេស​ដែល​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ដែន​ទឹក មាន​យុទ្ធសាស្ត្រ​ការពារជាតិ​ផ្សេង ប្រទេស​ដែល​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ដែន​ទឹក​ផង និង​ដែន​គោក​ផង​មាន​យុទ្ធសាស្ត្រផ្សេង។

ខាង​ក្រោម​នេះ​ជា​ប្រទេស​ចំនួន ១០ ដែល​មាន​កម្លាំងយោធា​ខ្លាំង​លើសគេ​ក្នុង​ពិភពលោក ដោយ​យោ​ងទៅតាម​សូចនាករវាយតម្លៃ​របស់​ Globalfirepower។Globalfirepower វាយតម្លៃ ​ដោយ​ប្រើតួលេខ​របស់​ភ្នាក់ងារចារកម្ម​អាមេរិក ស៊ីអាយអេ (CIA)ដែល​ប្រមូល​ឯកសារសម្ងាត់​ផ្នែក​យោធា​ពីគ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក។

ការ​ផ្ដល់​ចំណាត់​ថ្នាក់​ជា​មហា​អំណាច​យោធា​ ​មិន​មែន​ផ្អែក​តែ​ទៅ​លើ​ចំនួន​កង​ទ័ព​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គេ​មាន​កត្តា​ជា​ច្រើន​ដូចជា ខ្ទង់ថវិកាជាតិដែល​ចំណាយ​លើ​វិស័យ​យោធា ការធ្វើទំនើបកម្ម​ក្នុងវិស័យការពារជាតិ ដូច​ជា​ទិញ​ចូល​គ្រឿងសព្វាវុធ​ទំនើបៗបន្ថែមជារៀងរាល់ឆ្នាំ បរិមាណអាវុធ​យុទ្ធភ័ណ្ឌ​នៅ​ក្នុងឃ្លាំង ​​ចំនួន​កង​ទ័ព​​សរុប​ ​ចំនួន​យុវជន​ពេញ​​កម្លាំង​សរុប​ ​យុទ្ធសាស្ត្រ​ និង​កត្តា​ជា​ច្រើន​ទៀត។ សំណួរ​សួរថា ហេតុដូចម្ដេច​បាន​ជា​ប្រទេស​ខ្លះ​មាន​កងទ័ព​ច្រើន​ បែរ​ជា​មិន​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង ១០? មូលហេតុព្រោះ​ការចាត់ចំណាត់ថ្នាក់នេះ ដូច​បាន​ជម្រាបជូន​ខាងដើមស្រាប់ គេ​វាយ​តម្លៃ​ដោយ​ផ្អែក​តាម​សូចនាកររបស់គេ​ត្រឹមត្រូវ ព្រោះ​ប្រទេស​ខ្លះមាន​កងទ័ព​ច្រើន ប៉ុន្តែ​ថវិកាជាតិ​ចំណាយ​លើ​វិស័យការពារជាតិមាន​កម្រិតទាប សម្ភារៈសិក ឬ​អាវុធយុទ្ធភ័ណ្ឌ​មិន​សូវទំនើប អាហារហូបចុក ប្រាក់បៀវត្ស​យោធិន។ល។

...កូរ៉េខាងត្បូង និង អាមេរិកធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា ខណៈ​កូរ៉េខាងជើង​គំរាមវាយប្រហារ...

កម្លាំងយោធា​ ឬ​សមត្ថភាពយោធា (military power) ក្នុង​ន័យ​នេះ​មិន​មែន​មាន​ន័យ​ថា​ឲ្យ​តែ​ប្រទេសណា​មាន​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​ ដឹង​តែ​ច្បាំងឈ្នះ​គេ​ជាដរាប​នោះ​ទេ តែ​អាស្រ័យ​លើ​ការ​ប្រយុទ្ធ​លើ​សមរភូមិ​ជាក់ស្ដែង ខ្វះ​អ្វី​កាលពី​អតីតកាល ប្រទេស​ខ្លាំងច្បាំងចាញ់​ប្រទេស​តូច​តែ​ញឹក។ ខាង​ក្រោម​នេះ ​គឺ​ជា​ចំណាត់​ថ្នាក់​មហា​អំណាច​យោធា​​​ធ្វើ​ឡើង​ដោយ​គេហទំព័រ Global Firepower ហើយ​ការ​ចុះផ្សាយ​នេះ​ទៀតសោត ក៏​មិន​មែន​ដើម្បី​បង្អួត​សាច់ដុំ​ដាក់​គ្នា​អ្វី​ទេ គ្រាន់​តែ​ទុក​ជា​ការ​ស្វែងយល់ និង​សិក្សាស្រាវជ្រាវ។ តួលេខ​នេះ​ផ្អែកតាម​របាយការណ៍ឆ្នាំ២០១៤។

១-សហរដ្ឋ​អាមេរិក
ប្រជាពលរដ្ឋ​សរុប: ៣១៦ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៦១២ ពាន់​លាន​ដុល្លារ - ចំនួន​កងទ័ព​រៀបរយ ១ ៤៣០ ០០០ នាក់ - ចំនួន​កងទ័ព​បម្រុង ៨៥០ ០០០ នាក់។
កម្លាំងទ័ព​ជើង​គោក: រថក្រោះ ៨៣២៥ គ្រឿង -រថពាសដែក ២៥ ៧៨២ គ្រឿង -កាំភ្លើង​ធំ ១៧៩១ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ១៣៣០ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ១ ៣៦៨៣ គ្រឿង – យន្តហោះ ​ប្រដេញ ២២៧១ យន្តហោះ​ប្រយុទ្ធ ២៦០១ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៥២២២ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៩១៤ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ៤៧៣ គ្រឿង – នាវា​ដឹក​យន្តហោះ ១០ គ្រឿង – នាវា​ពិឃាត ៧២ គ្រឿង។

...រុស្ស៊ី​ធ្វើ​សមយុទ្ធ​យោធា​នៅ​កម្រង​កោះ Kurile បង្ក​ភាព​តានតឹង​ជា​មួយ​ជប៉ុន...

២-ប្រទេស​រុស្ស៊ី
ប្រជាពលរដ្ឋ​សរុប: ១៤៥ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៧៦,៦ ពាន់​លាន​ដុល្លារ -ចំនួន​កងទ័ព​រៀបរយ ៧៦៦ ០០០ នាក់ - ចំនួន​កងទ័ព​បម្រុង ២ ២៨៥ ០០០ នាក់។
កម្លាំងទ័ព​ជើង​គោក: រថក្រោះ ១ ៥៥០០ គ្រឿង - រថពាសដែក ២៧ ៦០៧ គ្រឿង - កាំភ្លើង​ធំ ៤៦២៥ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៣៧៨១ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ៣០៨២ គ្រឿង – យន្តហោះ​ប្រដេញ ៧៣៦ គ្រឿង - យន្តហោះ​ប្រយុទ្ធ ១២៨៩ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៧៣០ គ្រឿង - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ១១៤ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ៣៥២ គ្រឿង – នាវា​ដឹក​យន្តហោះ ១ (មួយ) គ្រឿង – នាវា​ពិឃាត ១៣ គ្រឿង - នាវាមុជទឹក ៦៣ គ្រឿង។

៣-ប្រទេស​ចិន
ប្រជាពលរដ្ឋ​សរុប: ១៣៤៩ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ១២៦ ពាន់​លាន​ដុល្លារ -ចំនួន​កងទ័ព​រៀបរយ ២ ២៨៥ ០០០ នាក់ - ចំនួន​កងទ័ព​បម្រុង ២ ៣០០ ០០០ នាក់។
កម្លាំងទ័ព​ជើង​គោក: រថក្រោះ ៩១៥០ គ្រឿង - រថពាសដែក ៤ ៧៨៨ គ្រឿង -កាំភ្លើង​ធំ ៦២៤៦ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ១៧៧០ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ២៧៨៨ គ្រឿង – យន្តហោះ​ប្រដេញ ១១៧០ - យន្តហោះ​ប្រយុទ្ធ ៨៨៥ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៣៨០ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ១២២ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ៥២០ គ្រឿង – នាវា​ដឹក​យន្តហោះ ១ (មួយ) គ្រឿង – នាវា​ពិឃាត ២៤ គ្រឿង – នាវា​មុជ​ទឹក ៦៩ គ្រឿង។

...​ពិភពលោក​បាន​ ចំណាយ​​លើ​វិស័យ​យោធាអស់​ប៉ុន្មាន​​កាល​ពី​ឆ្នាំ​២០១៣?...

៤-ប្រទេស​ឥណ្ឌា
ប្រជាពលរដ្ឋ​សរុប: ១ ២២០ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៦ ពាន់​លាន​ដុល្លារ -ចំនួន​កងទ័ព​រៀបរយ ១ ៣២៥ ០០០ នាក់ - ចំនួន​កងទ័ព​បម្រុង ២ ១៤៣ ០០០ នាក់។
កម្លាំងទ័ព​ជើង​គោក: រថក្រោះ ៣៥៦៩ គ្រឿង -រថពាសដែក ៥ ០៨៥ គ្រឿង -កាំភ្លើង​ធំ ៦៤៤៥ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ២៩២ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ១៧៨៥ គ្រឿង – យន្តហោះ ​ប្រដេញ ៥៣៥ គ្រឿង - យន្តហោះ​ប្រយុទ្ធ ៤៦៨ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៧០៦ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ២០ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ១៨៤ គ្រឿង – នាវា​ដឹក​យន្តហោះ ២ (ពីរ) គ្រឿង – នាវា​ពិឃាត ១១ គ្រឿង – នាវា​មុជ​ទឹក ១៧ គ្រឿង។

៥-ប្រទេស​អង់គ្លេស
ប្រជាពលរដ្ឋ​សរុប: ជាង ៦៣ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៥៤ ពាន់​លាន​ដុល្លារ -ចំនួន​កងទ័ព​រៀបរយ ២០៥ ៣៣០ នាក់ - ចំនួន​កងទ័ព​បម្រុង ១៨២ ០០០ នាក់។
កម្លាំងទ័ព​ជើង​គោក: រថក្រោះ ៤០៧ គ្រឿង -រថពាសដែក ៦ ២៤៥ គ្រឿង - កាំភ្លើង​ធំ ១៣៨ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៥៦ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ៩០៨ គ្រឿង – យន្តហោះ ​ប្រដេញ ៨៤ - យន្តហោះ​ប្រយុទ្ធ ១៧៨ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៣៣៨ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៦៦ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ៦៦ គ្រឿង – នាវា​ដឹក​យន្តហោះ ១ (មួយ) គ្រឿង – នាវា​ពិឃាត ៦ គ្រឿង – នាវា​មុជ​ទឹក ១១ គ្រឿង។

៦-ប្រទេស​បារាំង
ប្រជាពលរដ្ឋ​សរុប: ជិត ៦៦ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៣ ពាន់​លាន​ដុល្លារ - ចំនួន​កងទ័ព​រៀបរយ ២២៨ ៦៥៦ នាក់ - ចំនួន​កងទ័ព​បម្រុង ១៩៥ ៧៧០ នាក់។
កម្លាំង​ទ័ព​ជើង​គោក: រថក្រោះ ៤២៣ គ្រឿង -រថពាសដែក ៧ ២៩០ គ្រឿង -កាំភ្លើង​ធំ ៧៧០ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង : ៦០ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ១២០៣ គ្រឿង – យន្តហោះ ​ប្រដេញ ២៨៧ - យន្តហោះ​ប្រយុទ្ធ ២៧០ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៥៣១ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៤៣ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ១២០ គ្រឿង – នាវា​ដឹក​យន្តហោះ ១ (មួយ) គ្រឿង – នាវា​ពិឃាត (គ្មាន) – នាវា​មុជ​ទឹក ១០ គ្រឿង។

...កូរ៉េខាងជើង​អំពាវ​ទៅ​កូរ៉េខាងត្បូង ​​​ឱ្យ​​បន្ថយ​ភាព​​​តានតឹង​យោធា...

៧-ប្រទេស​អាល្លឺម៉ង់
ប្រជាពលរដ្ឋ​សរុប: ជាង ៨១ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៥ ពាន់​លាន​ដុល្លារ - ចំនួន​កងទ័ព​រៀបរយ ១៨៣ ០០០ នាក់ - ចំនួន​កងទ័ព​បម្រុង ១៤៥ ០០០ នាក់។
កម្លាំង​ទ័ព​ជើង​គោក: រថក្រោះ ៤០៨ គ្រឿង - រថពាសដែក ៤២៧៩ គ្រឿង កាំភ្លើង​ធំ (គ្មាន​តួលេខ) - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ២៥២ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ៧១០ គ្រឿង – យន្តហោះ ​ប្រដេញ ១៩០ - យន្តហោះ​ប្រយុទ្ធ ៧៤ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៤៣៣ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ២៦ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ៨២ គ្រឿង – នាវា​ដឹក​យន្តហោះ (គ្មាន) – នាវា​ពិឃាត (គ្មាន) – នាវា​មុជ​ទឹក ៤ គ្រឿង។

៨-ប្រទេស​ទួរគីប្រជាពលរដ្ឋ​សរុប: ជាង ៨០ លាន​នាក់ - ចំនួន​កងទ័ព​រៀបរយ ៤១០ ៥០០ នាក់ - ចំនួន​កងទ័ព​បម្រុង ១៨៥ ៦៣០ នាក់។
កម្លាំង​ទ័ព​ជើង​គោក: រថក្រោះ ៣៦៥៧ គ្រឿង - ថវិកាចំណាយលើវិស័យការពារជាតិ ១៨,២ ពាន់​លាន​ដុល្លារ - រថពាសដែក ៨៥៣២ គ្រឿង កាំភ្លើង​ធំ ២១៥២ ដើម- ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៦៤៦ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ៩៨៩ គ្រឿង – យន្តហោះ ​ប្រដេញ ២៥៤ - យន្តហោះ​ប្រយុទ្ធ ២៥៤ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៤៣៧ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៣៦ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ១១៥ គ្រឿង – នាវា​ដឹក​យន្តហោះ (គ្មាន) – នាវា​ពិឃាត (គ្មាន) – នាវា​មុជ​ទឹក ១៤ គ្រឿង។

...ស្ងាត់ៗ ! អា​មេរិក​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​បំផុតពីក្រុមហ៊ុន​ឯកជន...
៩-ប្រទេស​កូរ៉េខាងត្បូង
ប្រជាពលរដ្ឋ​សរុប: ជិត ៤៩ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៣៤ ពាន់​លាន​ដុល្លារ - ចំនួន​កងទ័ព​រៀបរយ ៦៤០ ០០០ នាក់ - ចំនួន​កងទ័ព​បម្រុង ២ ៩០០ ០០០ នាក់។
កម្លាំង​ទ័ព​ជើង​គោក: រថក្រោះ ២៣៤៦ គ្រឿង - រថពាសដែក ២៨៨០ គ្រឿង - កាំភ្លើង​ធំ ៥៤២៤ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ២៥០ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ១៣៩៣ គ្រឿង – យន្តហោះ ​ប្រដេញ ៤០៩ - យន្តហោះ​ប្រយុទ្ធ ២៦៩ គ្រឿង – យន្តហោះ​ដឹក​ជញ្ជូន ៣២២ - ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៧៧ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ១៦៦ គ្រឿង – នាវា​ដឹក​យន្តហោះ (គ្មាន) – នាវា​ពិឃាត ១២ គ្រឿង – នាវា​មុជ​ទឹក ១៤ គ្រឿង។

១០-ប្រទេស​ជប៉ុន
ប្រជាពលរដ្ឋ​សរុប: ជាង ១២៧ លាន​នាក់ - ថវិកាចំណាយលើវិស័យការពារជាតិ ៤៩,១ ពាន់​លាន​ដុល្លារ - ចំនួន​កងទ័ព​រៀបរយ ២៤៧ ៧៤៦ នាក់ - ចំនួន​កងទ័ព​បម្រុង ៥៧ ៩០០ នាក់។
កម្លាំងទ័ព​ជើង​គោក: រថក្រោះ ៧៦៧ គ្រឿង -រថពាសដែក ៣០៥៧ គ្រឿង - កាំភ្លើង​ធំ ៤៩២ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៩៩ គ្រឿង។
កម្លាំង​ទ័ព​អាកាស: យន្តហោះ ១៥៩៥ គ្រឿង – យន្តហោះ​ប្រយុទ្ធ ២៩២ គ្រឿង – ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ២៩២ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក: នាវា​ចម្បាំង ១៣១ គ្រឿង – នាវា​ដឹក​យន្តហោះ ១ (មួយ) គ្រឿង – នាវា​ពិឃាត ៤៥ គ្រឿង -នាវា​មុជ​ទឹក ១៦ គ្រឿង។

Wednesday, November 19, 2014

តើ​ជប៉ុន​មាន​សមត្ថភាព​ការពារ​ជាតិ​កម្រិត​ណា​​ នៅ​ចំពោះ​មុខ​​ភាព​តាន​​តឹង​ជាមួយ​មហាយក្ស​ចិន? (មាន​វីដេអូ)


លោក​ស៊ីនហ្សូ​អាបេ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុនប្រភព៖​ themalaysianinside.com
ប្រទេស​ជប៉ុន​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ដែល​ស្ថិត​នៅ​លំដាប់​លេខ​បី ជា​មួយ​នឹង​ទំហំ​សេដ្ឋកិច្ច​គិត​តាម​ផលិត​ផល​សរុប​ក្នុង​ស្រុក​តាម​តម្លៃ​ទីផ្សារ​​រំពឹង​ទុក​គឺ​ប្រហែល​ (Nominal GDP ) ​៤,៧៧ ពាន់​ពាន់​លាន​ដុល្លារ (trillion)​នៅ​ឆ្នាំ​២០១៤​នេះ។ ដោយឡែក ប្រសិនបើ​គេ​និយាយ​អំពី​វិស័យ​យោធា​វិញ កាល​ពី​អតីតកាល ជប៉ុន​ក៏​មិន​មែន​ជា​ប្រទេស​ទន់​ខ្សោយ​ផ្នែក​យោធា​ទេ ពោល​គឺ​ជា​មហាអំណាច​យោធា​កាល​ពី​មុន និង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ។ ជប៉ុន​មាន​សមត្ថភាព​សាងសង់​នាវា​ដឹក​យន្តហោះ​ និង​សម្ភារៈ​សឹក​យ៉ាង​សម្បូរ​បែប​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ​ព្រោះ​ជប៉ុន​បាន​ធ្វើ​ទំនើប​កម្ម​ខាង​វិស័យ​ការ​ពារ​ជាតិ​តាំង​ពី​សតវត្ស​ទី១៩ មក​ម៉្លេះ។

​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់ ​ជប៉ុន​មាន​រដ្ឋធម្មនុញ្ញ​ថ្មី។ ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ត្រង់​មាត្រា​​ ​ប្រាំបួន បាន​ចែង​ថា​ជប៉ុន​មាន​សិទ្ធិ​បង្កើត​កងទ័ព​សម្រាប់​ការពារ​ខ្លួន ដែល​មានន័យ​ថា ​កងទ័ព​ជប៉ុន​អាច​ច្បាំង​តែ​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ជប៉ុន ហើយ​ក្នុង​ករណី​ប្រទេស​ជប៉ុន​ត្រូវ​បាន​បរទេស​ឈ្លានពាន គឺ​កងទ័ព​អាមេរិក​ជា​អ្នក​រ៉ាប់​រង​ការពារ​ប្រទេស​ជប៉ុន។ ធ្វើ​បែប​នេះ​មិន​មែន​មានន័យ​ថា ​ជប៉ុន​អន់ ដល់​ថ្នាក់​ទៅ​ពឹង​កងទ័ព​អាមេរិក​នោះ​ទេ ប៉ុន្តែ​ជប៉ុន​ធ្លាប់​មាន​មហិទ្ធិឫទ្ធិ​យោធា​ខ្លាំង​ពេក កាល​ពី​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។

...ជប៉ុន​ប្រជែង​ចិន​ កសាង​​​ខ្សែ​រថភ្លើង​​លឿន​ជាងគេ​បំផុង​ក្នុង​ពិភពលោក​ ៥០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (វីដេអូ)...

​ឈ្មោះ​ជា​ផ្លូវ​ការ ប្រទេស​នីបផុន​កូគូ (Nippon Koku)(ប្រទេស​ជប៉ុន)
ផ្ទៃដី​សរុប ៣៧៧ ៩៤៤ គីឡូម៉ែត្រ​ការ៉េ
​របប​នយោបាយ របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ
អធិរាជ ​ព្រះ​ចៅ អាគីហ៊ីតូ (Akihito)
​រូបិយប័ណ្ណ​ជាតិ ​ប្រាក់​យ៉េន
ថវិកា​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ ៤៩,១ ពាន់​លាន​ដុល្លារ - ចំនួន​កងទ័ព​រៀបរយ ២៤៧ ៧៤៦ នាក់ - ចំនួន​កងទ័ព​បម្រុង ៥៧ ៩០០ នាក់។
កម្លាំងទ័ព​ជើង​គោក រថក្រោះ ៧៦៧ គ្រឿង - រថពាសដែក ៣០៥៧ គ្រឿង - កាំភ្លើង​ធំ ៤៩២ ដើម - ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៩៩ គ្រឿង។
កម្លាំង​ទ័ព​អាកាស យន្តហោះ ១៥៩៥ គ្រឿង – យន្តហោះ​ប្រយុទ្ធ ២៩២ គ្រឿង – ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ២៩២ គ្រឿង។
កម្លាំង​ទ័ព​ជើង​ទឹក នាវា​ចម្បាំង ១៣១ គ្រឿង – នាវា​ដឹក​យន្តហោះ ១ (មួយ) គ្រឿង – នាវា​ពិឃាត ៤៥ គ្រឿង - នាវា​មុជ​ទឹក ១៦ គ្រឿង។

...អ្នក​ស្រាវជ្រាវ​អះអាង​ថា ១០០ឆ្នាំ​ទៀត​ប្រទេស​ជប៉ុន​នឹង​រលាយ​បាត់​រូប​ពី​ផែនដី ដោយ​សារ​ផ្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ដី!...

ដោយ​យោល​ទៅ​លើ​ស្ថានភាព​នយោបាយ​​ ដែល​កំពុង​ឡើង​កម្ដៅ​​នៅ​សមុទ្រ​ចិន​ខាងកើត (East China Sea) ជប៉ុន​បាន​កែប្រែ​គោល​នយោបាយ​ការពារ​ជាតិ​របស់​ខ្លួន។ ​​កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋាភិបាល​ជប៉ុន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ស៊ីនហ្សូអាបេ បាន​បក​ស្រាយ​ឡើង​វិញ (reinterpretation) ​នូវ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ដែល​កំពុង​នៅ​ជា​ធរមាន ត្រង់​មាត្រា​ ​ប្រាំបួន (១)។ រដ្ឋាភិបាល​លោក​ស៊ីនហ្សូអាបេ យល់​ថា​ប្រទេស​ជប៉ុន​មិន​អាច​នៅ​ស្ងៀម​ ឲ្យ​គេ​គម្រាម​កំហែង​ស្រេច​តែ​នឹង​អំពើ​ចិត្ត​បាន​ទេ ត្រូវ​តែ​មាន​អ្វី​ការពារ​ខ្លួន។ ដូចនេះ នយោបាយ​ «សន្តិនិយម - Pacifism» របស់​ជប៉ុន​ចាប់​ពីក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ​ រហូត​មក​ទល់​នឹង​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​កែប្រែ​ជា​បណ្ដើរ​ៗ ​ដើម្បី​ឲ្យ​ស្រប​តាម​កាលៈ​ទេសៈ​វិវត្ត​ ព្រោះ​មើល​ស្ថានភាព​មិន​ស្រួល។

ខាង​ក្រោម​នេះ ជា​ការ​រៀប​រាប់​ត្រួសៗ អំពី​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ជប៉ុន​ដោយ​បាន​បញ្ជាទិញ​ថ្មី នូវ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​មាន​សេចក្ដី​ដូច​ខាង​ក្រោម។

ជប៉ុន ថ្វី​ត្បិត​ជា​ប្រទេស​សន្តិភាព​និយម ទៅ​តាម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​​​ប្រាំ​បួន ក៏​​ជប៉ុន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ ព្រោះ​ជប៉ុន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ ១០ (ដប់​) ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ខាង​វិស័យ​ការពារ​ជាតិ (...ប្រទេស​១០ ដែល​មានសមត្ថភាព​ខ្ពស់​បំផុត​ខាង​វិស័យការពារជាតិ...)។ ជន​ជាតិ​ជប៉ុន មិន​សូវ​បាន​ទ្រឹស្ដី​ច្រើន​ទេ ប៉ុន្តែ​ក្នុង​សមរភូមិ​ប្រយុទ្ធ ជប៉ុន​ប្រយុទ្ធ​រហូត​ទាល់​តែ​ស្លាប់​ខ្លួន ក៏​មិន​លើក​ដៃ​សុំ​ចុះ​ចាញ់​ (២)។ ប្រទេស​ជប៉ុន​ចំណាយ ១% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) សម្រាប់​វិស័យ​ការពារ​ជាតិ។ និយាយ​អំពី​សម្ភារៈ​យោធា ជប៉ុន​មាន​អាវុធ​សម្បូរ​បែប និង​ទំនើប​ផុត​លេខ​ក្នុង​លោក មិន​ចាញ់​ប្រទេស​មហា​អំណាច​យោធា​ទាល់​តែ​សោះ។

...តើ​​​កងទ័ព​ចិន​អាច​យក​ឈ្នះ​កងទ័ព​​ជប៉ុន​ដែរ​ឬ​ទេ​បើ​​មាន​សង្គ្រាម​ផ្ទុះ​ឡើង​?...

កាល​ពី​ឆ្នាំ២០១៣ ​រដ្ឋាភិបាល​លោក​អាបេ បាន​ព្រាង​សេចក្ដី​ស្នើ​ថវិកា ដើម្បី​ទិញ​ចូល​នូវ​សព្វាវុធ​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា ៖ យន្តហោះ​ដ្រូន​ស៊ើប​ការណ៍ ចំនួន​បី​គ្រឿង – យន្តហោះ​រ៉ាដា​ចាប់​មិន​បាន – រថយន្ត​ដឹក​ជញ្ជូន​ទ័ព (អាច​ឡើង​គោក​ក៏​បាន និង​ចុះ​ទឹក​ក៏​បាន – amphibous vehicle) ចំនួន ៥២ គ្រឿង – យន្តហោះ​ចម្បាំង​ម៉ាក F-35 ចំនួន ២៨ គ្រឿង និង​យន្តហោះ​ជា​ច្រើន​ប្រភេទ​ទៀត។ គេ​ព្យាករណ៍​ថា ​ខ្ទង់​ចំណាយ​លើ​សម្ភារៈ​ទាំង​នេះ គឺ​ពី ២៣២ ទៅ ២៤០ ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​ទិញ​ពី​ប្រទេស​ក្រៅ ជប៉ុន​ក៏​ផលិត​យន្តហោះ​ចម្បាំង​ដោយ​ខ្លួន​ឯង​ផង​ដែរ៕

(១) - បក​ស្រាយ​ឡើង​វិញ​គឺ​មិន​ចាំ​បាច់​ធ្វើ​វិសោធន​កម្ម​ច្បាប់​អ្វី​ទាំង​អស់។
(២) - ​កងទ័ព​ជប៉ុន​មិន​មាន​ទម្លាប់​លើក​ដៃ​សុំ​ចុះ​ចាញ់​ក្នុង​សមរភូមិ ដូច​បណ្ដា​ប្រទេស​ទូទៅ​នៅ​ក្នុង​ពិភពលោក​នោះ​ទេ។ ការលើក​ដៃ​សុំ​ចុះ​ចាញ់​ជា​ភាព​អាម៉ាស់​ដ៏​ធំ​ ដូចនេះ​គេ​សុខចិត្ត​សម្លាប់​ខ្លួន​ឯង​ មិន​ប្រគល់​ខ្លួន​ឲ្យ​គេ​ចាប់​ទាំង​រស់ទេ។