Saturday, November 1, 2014

កម្ពុជា​ក្នុង​បរិបទ​ដែល​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង


បន្ទាប់​ពី​រស់​ដោយ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនួយ​បរទេស​អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់​កាល​ដែល​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង។ ​ជាក់​ស្តែង ​រដ្ឋាភិបាល​ទើប​តែ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៤​តុលា​នូវ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​កៀរ​គរ​ចំណូល​រយៈ​ពេល​មធ្យម​ឆ្នាំ ​២០១៤​-២០១៨។​ ​យុទ្ធសាស្ត្រ​នេះ​មាន​គោល​ដៅ​បង្កើន​ចំណូល​ចរន្ត​ពី​១៥,២០%​នៃ​ផលិត​ផល​សរុប​ក្នុងស្រុក​ក្នុង​ឆ្នាំ ​២០១៤​ឲ្យ​ដល់ ១៧,៣៦% ​នៅ​ឆ្នាំ ២០១៨​ ។​ និយាយ​ឲ្យ​ចំ នេះ​គឺជា​យុទ្ធសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ពាក់​លើ​ជំនួយ​បរទេស​ហើយ​ឈាន​ទៅ​រស់​ដោយ​ខ្លួន​ឯង។ ​តើ​កម្ពុជា​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​ដែរ​ឬ​​ទេ?
រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​បានទទួល​ជំនួយ​បរទេស​យ៉ាង​ច្រើន សន្ធឹកសន្ធាប់​ទាំង​ជំនួយ​ជា​ថវិកា​និង​ជំនួយ​បច្ចេកទេស។ ជំនួយ​បរទេស​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ស្តារ​សង្គម​កម្ពុ​ជា​ឡើងវិញ​ចេញពី​ភាព​ខ្ទេចខ្ទាំ​ដែល​បន្សល់​ទុក​ពី​របប​ខ្មែរក្រហម។ ប៉ុន្តែ ទន្ទឹមនឹងនោះ ជំនួយ​បរទេស​ក៏បាន​បង្កើត«វប្បធម៌»ផ្តេកផ្តួល​ទៅលើ​ជំនួយ​កាន់តែ​ច្រើនឡើង។
ជាទូទៅ កម្ពុជា​នៅ​មិនទាន់បាន​ទាញ​ប្រយោជន៍​ពី​ជំនួយ​បរទេស​ដើម្បី​កសាង​សមត្ថភាព​ធនធានមនុស្ស​សម្រាប់​ស្ថាប័ន​ឲ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ។ នៅ​កម្ពុជា​គេ​ច្រើនតែ​សប្បាយ​​​ចិត្តនឹង​ទទួលយក​ជំនួយ​ថវិកា តែ​បែរជា​មើលស្រាល​ជំនួយ​បច្ចេកទេស។

ម្យ៉ាងទៀត ទោះជា​បានទទួល​បាន​ជំនួយ​ជាច្រើន​ឆ្នាំ ប៉ុន្តែ នៅពេល​ម្ចាស់ជំនួយ​ដកខ្លួន គម្រោង​ទាំងនោះ​ភាគច្រើន​ក៏​ឈប់​ដំណើរការ ហើយអ្វីៗក៏បាន​វិល​មករក​សភាព​ដើម​វិញ​តែ​ដដែល។ នេះ​ជា​ឧទាហរណ៍​នៃ​ការ​មិនបាន​រៀនសូត្រ​គ្រប់គ្រាន់​ពី​ម្ចាស់ជំនួយ។

ក្រសួង​ឬ​ស្ថាប័ន​ជាច្រើន មិនបាន​ព្យាយាម​ប្រើប្រាស់​គ្រប់​លទ្ធភាព​របស់ខ្លួន​សិន​មុននឹង​ពឹង​លើ​ជំនួយ​នោះទេ។ ជាក់ស្តែង គ្រាន់តែ​ស្ប៉ត​អប់រំ​ខ្លី​មួយ​ក៏​ចាំបាច់​ត្រូវមាន​ការឧបត្ថម្ភ​ពី​សំណាក់​​ម្ចាស់ជំនួយ​ជាច្រើន​ដែរ​ទើប​អាច​ផលិត​បាន។ វប្បធម៌​ពឹង​លើ​ជំនួយ​បរទេស​ក៏បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ភ្លេច​គិតពី​ការត្រៀម​រស់​ដោយ​ខ្លួនឯង។ ប្រព័ន្ធ​ប្រមូល​ពន្ធ​មាន​ភាព​ធូរ​លុង​និង​មិន​ស្មើភាព។ ចំណូល​ដែល​បាន​ពី​ពន្ធដារ​ទៀតសោត​បាន​ធ្លុះធ្លាយ​យ៉ាងច្រើន​ចូលក្នុង​ហោប៉ៅ​បុគ្គល។

អ៊ីចឹង​ហើយ​បានជា​នៅ​កម្ពុជា រដ្ឋ​ក្រ​តែ​មន្ត្រី​ខ្មែរ​បែរជា​ហៀរ​គ្រប។ អំពើពុករលួយ ទស្សនៈ​កឹ​ប​កេង​ប្រយោជន៍​ជាតិ​ដើម្បី​បំប៉ន​ប្រយោជន៍​បុគ្គល​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​សង្គម​ខ្មែរ។ ប៉ុន្តែ អ្វីដែល​គេ​ហាក់ដូចជា​ភ្លេច​នោះ​គឺ គ្មាន​ប្រទេស​ណាមួយ​អាច​ទទួលបាន​ជំនួយ​បរទេស​ជា​រៀងរហូត​នោះឡើយ។ ដល់​ដំណាក់កាល​មួយ ជំនួយ​បរទេស​នឹងត្រូវ​កាត់​បន្ថយ​ជា​ស្វ័យប្រវត្តិ។ នេះ​ជា​ហេតុផល​ដែល​រដ្ឋាភិបាល​ផ្តើម​គិតគូរ​ពី​ការបង្កើន​ចំណូល​របស់​ខ្លួន​ជា​ចាំបាច់។

ជាការ​ពិតណាស់ កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល។ ប៉ុន្តែ សម្បត្តិ​មហាសាល​ទាំងនោះ​បែរជា​បម្រើ​ប្រយោជន៍​បុគ្គល​ច្រើនជាង​ប្រយោជន៍​ជាតិ​ទៅវិញ។ ម្យ៉ាងទៀត ប្រទេស​នេះ​ជួបនឹង​រឿង​អភ័ព្វ​មិនចេះចប់​ដោយសារតែ​ជម្លោះ​នយោបាយ។ ទើបតែ​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​ប៉ុណ្ណោះ​ដែល​ប្រទេស​មាន​សន្តិភាព​ពេញលេញ។ ប៉ុន្តែ សន្តិភាព​ដែល​ងើប​ចេញពី​ភាព​ខ្ទេចខ្ទាំ​ហាក់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្តេកផ្តួល​ខ្លាំង​ទៅលើ​ជំនួយ​បរទេស និង​ភ្លេច​គិត​ណី​ការរៀនសូត្រ​ពី​ម្ចាស់ជំនួយ។

យ៉ាងណាក៏ដោយ នៅ​មិនទាន់​ហួសពេល​ទេ។ អំណឹះតទៅ ដើម្បី​រៀន​រស់​ដោយ​ខ្លួនឯង កម្ពុជា​ចាំបាច់​ត្រូវ​លុបបំបាត់«វប្បធម៌»ផ្តេកផ្តួល​តែ​លើ​ជំនួយ​បរទេស​ហើយ​បែរមក​ប្រកាន់​ទស្សនៈ«ខ្លួន​ទីពឹង​ខ្លួន»ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន។ កិច្ច​ការដែល​សំខាន់​ជាងគេ​បំផុត​របស់​រដ្ឋាភិបាល​គឺ​ការបិទ​ខ្ទប់​មិន​ឲ្យ​ចំណូល​ថវិកាជាតិ​ធ្លុះធ្លាយ​ចូលក្នុង​ហោប៉ៅ​បុគ្គល​តទៅទៀត។ ទន្ទឹមនឹងនោះ រដ្ឋ​ត្រូវ​ពង្រីក​ប្រភព​ចំណូល​ផ្សេងទៀត​តាមរយៈ​ការពង្រឹង​វប្បធម៌​បង់ពន្ធ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ។

ជាការ​ពិត ពលរដ្ឋ​ក្នុងប្រទេស​ណា​ក៏មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ដែរ ប៉ុន្តែ នៅ​កម្ពុជា ការ​បង់ពន្ធ​នៅ​មិនទាន់​ក្លាយជា​ទម្លាប់​ទូទៅ​នៅឡើយ​ទេ។ បញ្ហា​នៅត្រង់ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​មិន​ចង់​បង់ពន្ធ​ដោយហេតុថា​ពួកគេ​មិន​ទុកចិត្ត​ថា​ប្រាក់​ពន្ធ​របស់ខ្លួន​នឹង​ពិតជា​ចូល​ក្នុង​ថវិកាជាតិ​នោះឡើយ។ ម្យ៉ាងទៀត ការបង់ពន្ធ​របស់​ពួកគេ​មិន​ទទួលបាន​មកវិញ​នូវ​ការ​ធានារ៉ាប់រង​សង្គម​អ្វី​ពីរ​ដ្ឋ​នោះទេ។ ក្នុង​បរិបទ​នេះ ការពង្រឹង​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​តាមរយៈ​ការបង្ហាញ​ពី​តម្លាភាព​នៃ​ចំណូល​និង​ចំណាយ​ថវិកាជាតិ​គឺជា​ការចាំបាច់។

សរុប​មកវិញ កម្ពុជា​អាច​រស់​ដោយ​ខ្លួនឯងបាន​ដោយ​មិន​លំបាក​ប្រសិនបើ​ប្រទេស​នេះ​បាន​រៀនសូត្រ​គ្រប់​គ្រាប់​ពី​ម្ចាស់ជំនួយ និង​ប្រសិនបើ​កញ្ចប់​ចំណូល​ថវិកាជាតិ​មិនបាន​ធ្លុះធ្លាយ​ចូលក្នុង​ហោប៉ៅ​បុគ្គល​ទេនោះ។ ផ្ទុយទៅវិញ ប្រទេស​នេះ​នឹង​នៅតែ​បន្ត​រស់​ដោយ​ពឹង​លើ​ខ្យល់​អុកស៊ីសែន​បរទេស​សម្រាប់​ដកដង្ហើម​ក្នុង​រយៈពេល​យូរ​តទៅទៀត​ប្រសិនបើ​រដ្ឋា​ភិបាល​​មិនអាច​សម្រេច​គោលដៅ​កំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន​បានទេ​នោះ ជា

By: RFI
ពិសេស​គឺ​ការលុបបំបាត់​អំពើពុករលួយ៕

​ស្ពាន​វែង​ជាង​គេ​​បង្អស់​នៅ​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​មុនពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​


​ស្ពាន​វែង​ជាង​គេ​​បង្អស់​នៅ​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​មុនពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រភព៖​ www.mpwt.gov.kh/
ស្ពាន​អ្នក​លឿង ដែល​វែង​​​ជាង​គេ​បំផុត​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​​ជា​ផ្លូវ​ការ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​។​

តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​កម្ពុជា​ (AKP)​ ដោយ​ស្រង់​សំដី​របស់​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​ទទួល​បន្ទុក​ការ​សាងសង់​ស្ពាន​អ្នក​លឿង លោក​ឈឹម ផល្លា​​ ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ចុង​ខែ​តុលា​នេះ​ ការ​សាង​សង់​ស្ពាន​អ្នក​លឿង​សម្រេច​បាន​ចំនួន​៩០​% ដោយ​ការ​សាងសង់​នេះ​ត្រូវ​បាន​បែង​ចែក​ជា​៣​ដំណាក់​កាល​។ ដំណាក់​កាល​ទីមួយ​គឺ​ការ​សាងសង់​ស្ពាន​បែក​ខាង​លិច​ ទីពីរ​បែក​ខាង​កើត​ និង​ដំណាក់​កាល​ទី​បី​​ការ​សាង​សង់​ចំណុច​កណ្តាល​នៃ​ស្ពាន​មេ​ក្នុង​ការ​តភ្ជាប់​​ចំណុច​ទាំង​ពីរ​។​

ស្ពាន​អ្នក​លឿន​មាន​ប្រវែង​២០០០​ម៉ែត្រ​ បាន​ចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១០​ ដោយ​ចំណាយ​ថវិកា​អស់​ជាង​៩០​លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​​រាជ​រដ្ឋាភិបាល​ជប៉ុន​ បូក​រួម​ជាមួយ​ប្រាក់​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុុជា៕​

​មាន​អ្វី​កើតឡើង​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន ​នៅ​ក្នុង​ឆ្នាំ​២០៣០?


ទីផ្សារ​ហិរញ្ញវត្ថុ​ចិន​នៅ​ក្នុង​ឆ្នាំ​២០១៤ និង ឆ្នាំ ២០៣០ប្រភព៖​ businessinsider
តើ​កំណើន​សេដ្ឋកិច្ច​ចិន​ដែល​មាន​ចំនួន​ ៧,៥%​ នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ អាច​ធ្វើ​ឲ្យ​​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ខ្លួន​​ប្រែប្រួល​បែប​ណា​ក្នុង​ឆ្នាំ​២០៣០​ ខាងមុខ?

សំណួរ​នេះ​​ វិទ្យាស្ថាន​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​ឥណទាន (The Credit Suisse Research Institute)​​នឹង​អាច​បកស្រាយ​បាន​ចម្ងល់​ខាងលើ​ដោយ​ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០៣០ ​ខាងមុខ​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន​នឹង​ហក់​ឡើង​ដល់ ​៥៣,៦ពាន់​ពាន់​លាន​ដុល្លារ។ ​

ចំនួន​នេះ​នឹង​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​នៅ​​នៅ​ពេល​បច្ចុប្បន្ន​​អាច​ទម្លាក់​ទីផ្សារ​ហិរញ្ញវត្ថុ​ជប៉ុន​​បាន ​និង​ដណ្ដើម​តំណែង​​ទីផ្សារ​​ហិរញ្ញវត្ថុ​ធំ​ជាងគេ​បំផុត​លំដាប់​ទី២​នៅ​លើ​ពិភពលោក​នៅ​ពេល​នោះ​ ។

យោង​តាម​របាយការណ៍​របស់​​ខ្លួន​ដោយ​ដាក់​ចំណងជើង​ធំៗ​ថា "The Road to 2030" ឬ "ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ​២០៣០” វិទ្យាស្ថាន​ខាងលើ​​បាន​បញ្ជាក់​ថា ​ភាគហ៊ុន​ទីផ្សារ​ហិរញ្ញវត្ថុ​​​របស់​ចិន នឹង​កើនឡើង​ ១៥,៦% ស្មើ​នឹង​ ៥៣,៦ ពាន់​ពាន់​លាន​ដុល្លារ​ចាប់​ពី​ឆ្នាំ​២០១៤​​នេះ​ ដល់​ឆ្នាំ​២០៣០។ 


ទីផ្សារ​សញ្ញាប័ណ្ណ​សាជីវកម្ម (Corporate Bond Market) នឹង​កើនឡើង​ ៣១,៩ ពាន់​ពាន់​លាន​ដុល្លារ កើនឡើង​ចំនួន​ ១០​ដង ខណៈ​ទីផ្សារ​សញ្ញាប័ណ្ណ​បំណុល (Sovereign Bond Market) នឹង​មាន​ចំនួន ​១២,៣ ពាន់​ពាន់​លាន​ដុល្លារ ដែល​នឹង​​កើនឡើង​ចំនួន​៨​ដង។ តាម​ទិន្នន័យ​​នេះ អាច​និយាយ​បាន​ថា ទីក្រុង​ប៉េកាំង​នឹង​ក្លាយ​​ជា​មហាអំណាច​​ទីផ្សារ​​ហិរញ្ញវត្ថុ​ទី២​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។

អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​ថ្មី​លើ​ការ​ធានា​​ប្រាក់​​បំណុល​​បរទេស​រហូត​ដល់​ ៥៥% និង មាន​​តម្លៃ​ភាគ​ហ៊ុន​​ (Equity Fees) ៧៧% ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០​ខាងមុខ ដែល​មាន​ចំនួន​សរុប​ចំនួន​១៥៩​ពាន់​លាន​ដុល្លារ ទន្ទឹម​នឹង​ក្លាយ​ជា​មហាអំណាច​មួយ​ដ៏​មាន​សក្ដានុពល​សម្រាប់​ការ​​អភិវឌ្ឍ​ទីផ្សារ​មូលធន៕

តើ​​​កងទ័ព​ចិន​អាច​យក​ឈ្នះ​កងទ័ព​​ជប៉ុន​ដែរ​ឬ​ទេ​បើ​​មាន​សង្គ្រាម​ផ្ទុះ​ឡើង​?


រូបតំណាង​ប្រភព៖​ washingtonpost
ចិន និង ជប៉ុន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​គូសត្រូវ​ចាស់​ឆ្នាំ​​​នៅ​អាស៊ី​បូព៌ា​ដែល​ធ្លាប់​មាន​សង្គ្រាម​​​ស៊ីសាច់​ហុតឈាម​​​រវាង​គ្នា​នឹង​គ្នា​នៅ​ពេល​កន្លង​មក។ ការ​ឈ្លាន​ពាន​របស់​ជប៉ុន​មក​លើ​​ទឹកដី​ចិន​​​​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៨៩៤ ដល់​ឆ្នាំ ១៨៩៥ និង នៅ​ក្នុង​ឆ្នាំ ១៩៣១ រហូត​ដល់​បញ្ចប់​​សង្គ្រាម​លោក​ទី​២ បាន​​បង្កើត​អតីតកាល​​ដ៏​ជូរចត់​បំផុត​​ដក់​ជាប់​​ក្នុង​អារម្មណ៍​ប្រជាជន​របស់​​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក​មួយ​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន។

​ទោះបី​ជា​ចិន​​​តែង​ចាញ់​ជប៉ុន​​រហូត​មក និង ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ អ្វី​ដែល​​ពិភពលោក​មើល​ឃើញ​នៅ​ពេល​បច្ចុប្បន្ន​នោះ​គឺ​ថា ​មហាយក្ស​ចិន​កំពុង​​​បង្កើន​​ថវិកា​យោធា​របស់​ខ្លួន​​រហូត​ដល់ ១២,៣%​ នៅ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន។ នេះ​បាន​​​បង្ហាញ​សញ្ញាណ​មួយ​គួរ​ឲ្យ​បារម្ភ​បំផុត​​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់ ​ជា​ពិសេស​ជា​ការ​ពញ្ញាក់​អារម្មណ៍​មួយ​ដល់​​​ដល់​រដ្ឋាភិបាល​​ជប៉ុន​តែម្តង។ ​

ជា​ការ​ប្រៀបធៀប​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ ជប៉ុន​ដែល​ជា​អតីត​មហាអំណាច​យោធា​​ដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ថវិកា​យោធា​ត្រឹមតែ ៤៩ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ដែល​ចិន​វិញ​​មាន​រហូត​ដល់ ១៨៨ ពាន់​លាន​ដុល្លារ។ នេះ​ជា​កំណើន​ដ៏​ខ្ពស់​មួយ​នៃ​ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ចិន ទោះបី​ជា​មិន​ដល់​​ថវិកា​យោធា​អាមេរិក​ដែល​មាន​រហូត​ដល់ ៦៤០ ពាន់​លាន​ដុល្លារ​យ៉ាងណា​ក៏ដោយ។

ងាក​មក​មើល​ចំនួន​យោធា​វិញ មហាយក្ស​ចិន​ដែល​មាន​ប្រជាជន​​ ១៣ ពាន់​លាន​នាក់​មាន​កងទ័ព​សកម្ម​សរុប​ប្រមាណ២,៣ ​លាន​នាក់ ស្រប​ពេល​ដែល​ជប៉ុន​វិញ​មាន​​ត្រឹមតែ ៥៨ ០០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​សំនួរ​ដ៏​សំខាន់​នៅ​ពេល​នេះ​គឺ​ថា តើ​ចិន​អាច​យក​ឈ្នះ​ជប៉ុន​ដែរ​ឬ​ទេ​បើ​មាន​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើត​មាន​ម្តង​ទៀត?

ជា​ការ​ចាប់ផ្តើម យើង​ត្រូវ​​ពិនិត្យ​ទៅ​លើ​​​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​កន្លង​មក​ ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ និង ក្តី​កង្វល់​បំផុត​ដល់​សម្ព័ន្ធមិត្ត​របស់​ជប៉ុន​​ ​នោះ​​គឺ​អាមេរិក។ អាមេរិក​បាន​ចុះ​​សន្ធិសញ្ញា​ជា​ទ្វេភាគ​ដើម្បី​ចេញ​មុខ​​ការពារ​ដែន​អធិបតេយ្យ​ភាព​ជប៉ុន​ក្នុង​ករណី​មាន​ការ​ឈ្លាន​ពាន ឬ វាយប្រហារ​​ណា​មួយ​ពី​បច្ចាមិត្ត​។ ហេតុ​ដូច្នេះ​ហើយ បាន​​ជា​ចាប់​ពី​ជប៉ុន​ចាញ់​សង្គ្រាម​លោក​លើក​ទី​២ មក​គេ​ឃើញ​មាន​មូលដ្ឋាន​យោធា​សំខាន់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​រហូត​មក​ដល់​សព្វថ្ងៃ។ 

​​​​​ចុះ​បើ​គ្មាន​អាមេរិក​វិញ តើ​ជប៉ុន​នៅ​តែ​អាច​យក​ឈ្នះ​ចិន​ឬ​យ៉ាងណា?

តាម​ការពិត​ទោះបី​ជា​ចំនួន​កងទ័ព​ជប៉ុន​មាន​ចំនួន​តិច​ជាង​កងទ័ព​ចិន តែ​គេ​មើល​ឃើញ​ថា ជប៉ុន​នៅ​តែ​ឈ្នះ​ចិន​ទោះបី​ជា​គ្មាន​អាមេរិក​ក៏ដោយ។ ភស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ ​ប្រព័ន្ធ​សព្វាវុធ​​សំខាន់ៗ​របស់​ចិន​ភាគ​ច្រើន​បាន​​ខូចខាត​​​ដំណើរ​ការ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ នេះ​បើ​យោង​តាម​​​ការ​អះអាង​របស់​លោក Kyle Mizokami អ្នកវិភាគ​ជាន់​ខ្ពស់ និង ជា​​​អ្នកនិពន្ធ​​សៀវភៅ (War On Boring)នៃ​មន្ទីរ​ឃ្លាំមើល​សន្តិសុខ​ជប៉ុន (Japan Security Watch)។

អ្នក​វិភាគ​រូប​នេះ​បាន​លើក​ឡើង​​ថា រថក្រោះ​កងទ័ព​ជើង​គោក​​ចិន​ប្រមាណ ៤៥០ គ្រឿង​​ក្នុង​ចំណោម​រថក្រោះ​ ៧ ៥៨០ ​គ្រឿង​​ប៉ុណ្ណោះ​ត្រូវ​បាន​អភិវឌ្ឍ​កាន់តែ​ទំនើប​ជាង​មុន​ដែល​ត្រូវ​បាន​ផលិត​ឡើង​តាំង​ពី​​អំឡុង​សតវត្ស​ទី ៧០​មក​ម្ល៉េះ​​ដោយ​អតីត​សហភាព​សូវៀត។ ចំណែក​យន្តហោះ​ចម្បាំង​​វិញ មាន​ប្រហែល​ត្រឹមតែ ៥០០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ចំណោម​យន្តហោះ​​ចម្បាំង​របស់​ខ្លួន ១ ៣២១ គ្រឿង​អាច​ដំណើរ​ការ​បាន។ 

ងាក​មក​មើល​កងទ័ព​ជើង​ទឹក​ចិន​វិញ នា​វា​មុជទឹក​របស់​ខ្លួន​ចំនួន​ពាក់​កណ្តាល​​ត្រូវ​បាន​លោក​អះអាង​ថា បាន​​ផលិត​ឡើង​​​​អស់​រយៈ​ពេល ​​២​ទសវត្ស​ចុងក្រោយ​នេះ ខណៈ​ចំនួន​ពាក់​កណ្តាល​ទៀត​​គឺ​ជា​នាវា​ចាស់​ឆ្នាំ​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក​ម្ល៉េះ។ រីឯ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង (Liaoning​) ដែល​ទើប​នឹង​​​ផលិត​បាន​នេះ​វិញ ក៏​​មិនមែន​ជា​នាវា​ទំនើប​​សហវត្ត​ថ្មី​នោះ​ដែរ​ ពោល​គឺ​ត្រូវ​បាន​ជួសជុល​អភិវឌ្ឍ​ឲ្យ​ទំនើប​បន្ថែម​ពី​នាវា​​ផ្ទុក​យន្តហោះ​​ចាស់​របស់​អតីត​សហភាព​សូវៀត​ដែល​ផលិត​ឡើង​​កំឡុង​ទសវត្ស​ទី ៨០​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​អាច​ផ្ទុក​យន្តហោះ​ច្រើន ឬ ធ្វើ​ដំណើរ​​ក្នុង​ចម្ងាយ​ឆ្ងាយ​ដូច​នាវា​អាមេរិក​នោះ​ដែរ។ 

​ក្រឡេក​មក​មើល​ជប៉ុន​វិញ វិស័យ​យោធា​របស់​ខ្លួន​ត្រូវ​បាន​គេ​អះអាង​ថា បាន​អភិវឌ្ឍ​ និង បំពាក់​ដោយ​សម្ភារៈ​យោធា​ទំនើបៗ​ជា​ជំនួញ​ពី​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ពេល​ឆាប់​ខាងមុខ​នេះ ​រដ្ឋាភិបាល​​ជប៉ុន​ប្រកាស​​ថា ខ្លួន​នឹង​ទិញ​​​មីស៊ីល​ប្រឆាំង​មីស៊ីល​បន្ថែម​ទៀត រួម​​ទាំង​នាវា​មុជទឹក​​ទំនើបៗ នាវា​ប្រតិបត្តិការ​លើ​ទឹក​ យន្តហោះ​ឈ្លបការណ៍ យន្តហោះ​ចម្បាំង​ និង ឧទ្ធម្ភាគចក្រ​​ទំនើបៗ​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​​សម្រាប់​បំពាក់​នៅ​ក្នុង​កងទ័ព​​របស់​ខ្លួន។ 


ទន្ទឹម​នឹង​នេះ​ទៅ​​ទៀត នៅ​ខែ មីនា ​ឆ្នាំ ២០១៧ ខាងមុខ​នេះ​គេ​រំពឹង​ថា ជប៉ុន​នឹង​​ទទួល​បាន​យន្ត​​ចម្បាំង (F-35​​​) ដ៏​មាន​សក្ដានុពល​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​ផង។ បើ​ពិនិត្យ​ឲ្យ​ជាក់​ស្តែង​ទៅ​យន្តហោះ​ចម្បាំង​​ធុន​​នេះ គឺ​ជា​ក្តី​សុបិន្ដ​ដ៏​អាក្រក់​បំផុត​​របស់​នាវា​​ផ្ទុក​​យន្តហោះ​ចិន (Liaoning​) ​ដែល​ទើប​ផលិត​បាន​នេះ​តែម្តង ត្បិតអី​យន្តហោះ​ចម្បាំង (F-35​​​) ដែល​​ពេញ​និយម​បំផុត​នៅ​ក្នុង​វិស័យ​យោធា​អាមេរិក អាច​​វាយ​​ប្រហារ​នាវា​ផ្ទុក​យន្តហោះ​​មួយ​គ្រឿង​នេះ​បាន​ពី​ចម្ងាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​​​​​​ក្នុង​ចម្ងាយ​ ២៩០ គីឡូម៉ែត្រ។

​​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត F-35 អាច​វាយ​កម្ទេច​​មូលដ្ឋាន​យោធា និង​ យន្តហោះ​ចម្បាំង​​ដ៏​ទំនើបៗ​​ចុងក្រោយ​​របស់​ចិន​ J-15 ​ក្នុង​មួយ​ប៉ប្រិចភ្នែក។ មើល​ទៅ​ដែន​កោះ​សំខាន់ៗ​របស់​​ជប៉ុន​វិញ សុទ្ធតែ​​បង្កប់​ដោយ​ប្រព័ន្ធ​​ខែល​មីស៊ីល​(Standard Missile-3) និង មីស៊ីល​ប៉ាទ្រីយ៉ូត​កម្រិត​ខ្ពស់​(Patriot Advanced Capability-3 interceptors) ទំនើប​អាច​បាញ់​ស្ទាក់​មីស៊ីល​គ្រប់​ប្រភេទ​​នៅ​ជុំវិញ​ភព​ផែនដី​នេះ។
​​​
បើ​​យោង​តាម​ការ​​បញ្ជាក់​របស់​​​លោក Larry M. Wortzel ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​យុទ្ធសាស្ត្រ​និង ហានិភ័យ​ប្រចាំ​​​តំបន់​អាស៊ី​ (Asia Strategies and Risks) វិញ​បាន​ឲ្យ​​អះអាង​ថា ជប៉ុន​គឺ​ជា​ប្រទេស​ដែល​​មាន​កងទ័ព​ជើង​អាកាស​ខ្លាំងក្លា​ជាងគេ​បំផុត​នៅ​អាស៊ី​ លើកលែង​តែ​អាមេរិក​ប៉ុណ្ណោះ។ 

យ៉ាងណា​ក៏ដោយ ស្រប​ពេល​ដែល​​កងទ័ព​ជប៉ុន​កំពុង​​ឈាន​មុខ​លើ​​កងទ័ព​ចិន ​គេ​ក៏​មិន​អាច​​​មើល​​រំលង​​​សមត្ថភាព​កងទ័ព​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង ការ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​​យោធា​របស់​ចិន​​នៅ​ក្នុង​រយៈ​មួយ​ទសវត្ស​ចុងក្រោយ​នេះ​បាន​ទេ ហើយ​​អនាគត​នឹង​​ក្លាយ​​ជា​រឿង​មួយ​មិន​ប្រកដប្រជា។

«គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាករណ៍​បាន​ពី​ជម្លោះ​រវាង​ចិន និង ជប៉ុន​នៅ​ពេល​អនាគត​បាន​នោះ​ឡើយ។ ប៉ុន្តែ​​ភាព​តានតឹង និង ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​ទាំង​ពីរ​នេះ​អាច​​ត្រួសត្រាយ​នាំ​មក​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​បាន​ តាម​រយៈ​ការ​ពង្រឹង​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​​ ការ​​វិនិយោគ និង ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក។ នេះ​ជា​​ប្រសាសន៍​របស់​លោក Joseph Quinlan នាយក​​គ្រប់គ្រង​ទូទៅ​​នៃ​ធនាគារ​វិនិយោគ​អាមេរិក Banc of America Securities៕​


សង្គ្រាម​លោក​លើក​ទី​បីអាច​នឹង​​ផ្ទុះ​​ឡើង​នៅ​តំបន់​៥ នេះ​!


រូប​ភាព​ស្រមៃ​នៃ​សង្គ្រាម​លោក​លើក​ទីបីប្រភព៖​ redpillviews
ខាង​ក្រោម​នេះ ជា​បទ​វិភាគ​ ដែល​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​របស់​អាមេរិក​មួយ​ឈ្មោះ The National Interest(nationalinterest.org/feature/5-places-where-world-war-three-could-break-out-11487?page=show) ស្ដីពី​តំបន់​ចំនួន​ប្រាំ ​ដែល​​ជា​ចំណុច​​ចាប់​ផ្ដើម​នៃ​សង្គ្រាម​លោក​លើក​ទីបី។

១-សង្គ្រាម​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង ទល់​នឹង​មជ្ឈដ្ឋាន​អន្តរជាតិ
សង្គ្រាម​កូរ៉េ​ដែល​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​ឆ្នាំ ១៩៥០-១៩៥៣ បាន​បញ្ចប់​ទៅ​ មិន​មែន​ដោយ​សន្ធិសញ្ញា​សន្តិភាព​ (Peace Treaty) នោះ​ទេ តែ​គឺ​ដោយ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម (armistice) ដែល​មាន​ន័យ​ថា​កិច្ច​ព្រមព្រៀង​នេះ​មិន​អាច​ធានា​ថា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​​​កើត​មាន​ជា​និច្ច​និរន្ត​នោះ​ទេ គឺ​សង្គ្រាម​អាច​នឹង​កើត​មាន​ឡើង​គ្រប់​ពេល​វេលា​នា​ពេល​ខាង​មុខ។

យុទ្ធសាស្ត្រ​ប្រើ​សង្គ្រាម​វោហារសាស្ត្រ​ (provocation theory) អាច​ប្រព្រឹត្តិ​ទៅ​បាន​ ល្គឹកណា​គេ​នៅ​តែជឿជាក់​ថា​កូរ៉េខាងជើង នៅ​តែ​បន្ត​កម្មវិធី​បរមាណូ​ជា​បន្ត​ទៀត ហើយ​និង​ចល័ត​ជើង​ទម្រ ដើម្បី​អាច​បាញ់​មីស៊ីល​ដែល​បំពាក់​ដោយ​ក្បាល​គ្រាប់​បរមាណូ។ ចំណែក​កូរ៉េខាងត្បូង ព្យាយាម​អភិវឌ្ឍ​កម្មវិធី​សម្រាប់​ចាប់​គ្រាប់​មីស៊ីល។

បច្ចុប្បន្ន​​នេះ ប្រទេស​ចិន​មិន​សូវ​មាន​ទឹក​មាត់​ប្រៃ​ចំពោះ​កូរ៉េខាងជើង​ទេ​។ គេ​អាច​និយាយ​បែប​នេះ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាង​ជើង លោក​គីមជុងអ៊ុន បាន​បើក​យុទ្ធនាការ​បោសសម្អាត​ផ្ទៃ​ក្នុង​បក្ស (purge) ដោយ​បាន​ប្រហារជីវិត​ឪពុក​មា​ថ្លៃ​របស់​លោក គឺ​លោក​ចាងសុងតិច (Jang Song Thaek) ។ កត្តា​នេះ​ធ្វើ​ឲ្យ​វាសនា​នៃ​តំបន់​ឧបទ្វីប​កូរ៉េ​ អនាគត​មិន​​ប្រាកដ​ប្រជា មើល​មិនឃើញ​ស្មាន​មិន​ត្រូវ។

២-បញ្ហា​ចិន ជា​មួយ​ឥណ្ឌា / ឥណ្ឌា ជា​មួយ​ប៉ាគីស្ថាន
ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ព្រំដែន​ឥណ្ឌា-ចិន ដែល​បាន​ធូរ​ស្បើយ​វិញ​កាល​ពី​ថ្ងៃ​ទី២៧ ខែកញ្ញា ជា​សញ្ញាណ​បង្ហាញ​អំពី​ទំនាក់​ទំនង​មិន​ល្អ​រវាង​ប្រទេស​មហាយក្ស​អាស៊ី​ទាំង​ពីរ​នេះ។

ឥណ្ឌា​ និង​ចិន​មាន​ប្រវត្តិសាស្ត្រ​ផ្សេង​គ្នា និង​ផ្នត់​គំនិត​ផ្សេង​គ្នា ប៉ុន្តែ​ក្រៅ​ពី​ចំណុច​នេះ គេ​មិន​ឃើញ​មាន​ហេតុ​ផល​អ្វី​ជា​ដុំ​កំភួន​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ធ្វើ​សង្គ្រាម​នឹង​គ្នា​នា​ពេល​ខាង​មុខ​នោះ​ទេ។ ស្ថានភាព​ភូមិសាស្ត្រ​ល្អ​ប្រសើរ ដែល​ខ័ណ្ឌ​ចិន​និង​ឥណ្ឌា​ដោយ​ជួរ​ភ្នំ​ហេមពាន្ត (Himalayas) ជា​ចំណុច​សំខាន់​ ដែល​ប្រទេស​ទាំង​ពីរ​ទោះ​ជា​យ៉ាងណា ក៏​អាច​រស់​នៅ​គ្មាន​បារម្ភ។

កត្តា​ដែល​អាច​ធ្វើ​ឲ្យ​អនុត្តរភាព​របស់​ឥណ្ឌា​ត្រូវ​រង្គោះរង្គើ គឺ​ប្រទេស​ចិន​បាន​ដាក់​ជើង​ចូល​តំបន់​មហាសមុទ្រ​ឥណ្ឌា(អនុត្តរភាព គឺ​ភាព​ជា​បងធំ ដែល​មាន​កម្លាំង​ខ្លាំង​នៅ​ក្នុង​តំបន់​ណាមួយ) បាន​ដោយ​ជោគជ័យ ចំណែក​នយោបាយ​របស់​ឥណ្ឌា​ «ដាក់​ជើង​ទៅ​តំបន់​បូព៌ា -Look East» ប្រហែល​ជា​ចិន​មិន​បណ្ដោយ​ឲ្យ​ឥណ្ឌា​អនុវត្ត​នយោបាយ​នេះ​ដោយ​គ្មាន​ការ​ប៉ែង​ជើង​នោះ​ឡើយ។ នយោបាយ​នេះ​ព្យាយាម​ចង​សម្ព័ន្ធ​ជា​មួយ​បណ្ដា​ប្រទេស​ដែល​ជា​​គូ​ទំនាស់​របស់​ចិន ដូច​ជា​ប្រទេស​ជប៉ុន និង​ប្រទេស​វៀតណាម។ (សូម​អស់​លោក​អ្នក​អាន​ព័ត៌មាន​ស្ដីពី​វៀតណាម​ចង់​ទិញ​កាំជ្រួច​ពី​ឥណ្ឌាhttp://thebnews.com/news/4445/)

៣-តំបន់​មជ្ឈិមបូព៌ា
ស្ថានភាព​នយោបាយ​នៅ​តំបន់​មជ្ឈិមបូព៌ា ​ឧស្សាហ៍​ប្រែប្រួល​មិន​ទៀង​រហូត​ដល់​ធ្វើ​ឲ្យ​គេ​ច្រឡំបល់ (confusing) និង​ពោរពេញ​ដោយ​ទិដ្ឋភាព​ព្រៃផ្សៃ (horrific)។ 

ប្រសិនបើ​អ៊ីរ៉ង់​អាច​ផលិត​គ្រាប់​បែក​បរមាណូ​បាន អ៊ីស្រាអែល​ក៏​មិន​នៅ​ស្ងៀម​ដែរ ហ្នឹង​ជា​ចំណុច​មួយ រីឯ​ចំណុច​មួយ​ទៀត គឺ​​ថា​តើ​អារ៉ាប៊ីសាអ៊ូឌីត​ អាច​នឹង​អភិវឌ្ឍ​ឈាន​ឡើង (upgrade) នូវ​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​ម៉ាក DF-3 និង DF-21s ឬ​យ៉ាង​ណា? ហើយ​បង្វែរ​ទិស​កាំជ្រួច​ដាក់​ប្រទេស​អ៊ីរ៉ង់ ឬ​អ៊ីស្រាអែល?

សហរដ្ឋ​អាមេរិក​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អ៊ីរ៉ង់​អាច​ផលិត​គ្រាប់បែក​បរមាណូ​បាន វា​ជា​ការ​សម​ហេតុផល។ ហេតុ​ដូច​ម្ដេច​ក៏​ក៏​មិន​ធ្វើ​បែប​នេះ​ចំពោះ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែរ?

៤-បញ្ហា​ប្រឈម​រវាង​ប្រទេស​រុស្ស៊ី និង​អង្គការ​ណាតូ (NATO)
ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កើត​ឡើង​កន្លង​មក​នៅ​ប្រទេស​អ៊ុយក្រែន គឺ​ ១-យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines ត្រូវ​បាន​កាំជ្រួច​បាញ់​ឆេះ​ ២-កងទ័ព​រុស្ស៊ី​ឆ្លង​ព្រំដែន​ម្ដង​ជា​ពីរ​ដង​ចូល​ទឹក​ដី​អ៊ុយក្រែន ៣-រុស្ស៊ី​ដាក់​បញ្ចូល​តំបន់​គ្រីមៀ​ ដែល​ជា​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន ទៅ​ជា​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី​វិញ​ម្ដង។

អង្គការ​ណាតូ បាន​ពិនិត្យ​មើល​លទ្ធភាព​ពង្រឹង​សមត្ថភាព​នៅ​តំបន់​អឺរ៉ុប​ខាង​កើត និង​បាន​ដាក់​ចេញ​ផែនការណ៍​ជា​យុទ្ធសាស្ត្រ Readiness Action Plan ដែល​តម្រូវ​ឲ្យ​កងទ័ព​ណាតូ​រៀប​ជើង​ព្រួល​រួច​ជា​ស្រេច​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​បើក​ប្រតិបត្តិការ​យោធា​ភ្លាម។ សូម​អាន​ព័ត៌មាន​ស្ដីពី អាមេរិក​ត្រៀម​បញ្ជូន​កម្លាំង​ទៅ​តំបន់​បាល់ទិក 

៥-បញ្ហា​ប្រឈម​រវាង​ចិន​និង​អាមេរិក​ ជុំ​វិញ​វិបត្តិ​រវាង​តៃ​វ៉ាន់​និង​ចិន​ប្រជាមានិត និង​រវាង​ចិន​និង​ជប៉ុន
ប្រទេស​ចិន​កំពុង​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច និង​កំពុង​ពង្រីក​កម្លាំង​យោធា​កាន់តែ​ធំ​ជាង​មុន​។ ប្រការ​នេះ​ធ្វើ​ឲ្យ «តុល្យភាព​អំណាច -Balance of Power» ប្រែ​ប្រួល និង​ជា​គ្រោះ​គម្រាម​កំហែង​សម្រាប់​តំបន់​អាស៊ី​ភាគ​ឦសាន​។ វិវាទ​នៅ​ក្នុង​តំបន់​នេះ​មិន​មែន​កើត​ឡើង​រវាង​ភាគី​តែ​ពីរ​តតួ​គ្នា​ទេ តែ​មាន​ភាគី​ទី​បី​ចូល​មក​ឡូកឡំ​ដែរ ដូច​ជា​វិវាទ​ចិន-ជប៉ុន , វិវាទ​តៃវ៉ាន់-ចិន , និង​វិវាទ​កូរ៉េខាងត្បូង -កូរ៉េខាងជើង គឺ​មាន​សហរដ្ឋ​អាមេរិក​ចូល​ទៅ​ឡូកឡំ​ដែរ៕

កំណត់​សម្គាល់ៈ ​ត្រង់​ចំណុច​ទី​១ ហេតុ​ដែល​ចិន​មាន​ទឹកមាត់​ប្រៃ ឬ​មិន​មាន​ទឹក​មាត​ប្រៃ​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គឺ​ជា​ចំណុច​សំខាន់ ព្រោះ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្នាក់​ដឹក​នាំ​ចិន តាំង​ពីណា​ពី​ណីមក តែង​មិន​ចង់​ឲ្យ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ក្លាយ​ជា​សង្គ្រាម​ទេ។ កុំភ្លេច​ថា កូរ៉េ​ខាង​ជើង​ កាល​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-៥៣ កុំតែ​បាន​កងទ័ព​ចិន​ជួយ​ទេ កុំ​អី​ត្រូវ​អាមេរិក​វាយ​ខ្ចប់ ហើយ​កាលណោះ កងទ័ព​ចិន​ស្លាប់​អស់​ច្រើន​ណាស់ ទម្រាំ​អាច​រក្សា​សន្តិភាព​បាន​ប៉ុណ្ណេះ។ កន្លង​ទៅ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​តែ​ងតែ​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន ប្រើ​ឥទ្ធិពល​ដើម្បី​បន្ទន់​ចិត្ត​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព។ មិន​សូវ​មាន​ប្រសិទ្ធភាព​នេះ​ហើយ ដែល​អ្នក​វិភាគ​យល់​ថា​ក្រុង​ប៉េកាំង​មិន​សូវ​មាន​ទឹក​មាត់​ប្រៃ​ចំពោះ​ក្រុងព្យុងយ៉ាង។