Saturday, November 1, 2014

៧ ចំណុច​ដែល​​​លោក​អ្នក​មិន​បានដឹង​ពី​សង្គ្រាម​ស៊ីសាច់ហុតឈាមរ​វាង​​កូរ៉េខាងជើង និង កូរ៉េខាងត្បូង


កងទ័ព​អាមេរិក​ផ្លោងគ្រាប់​ដាក់កងទ័ព​កូរ៉េខាងជើង​ប្រភព៖​ history.navy
អស់​រយៈ​ពេល​​ជាង ៦ ទសវត្ស​មក​ហើយ​ដែល​សង្គ្រាម​​ឧបទ្វីប​កូរ៉េ​ត្រូវ​បាន​បញ្ចប់​រវាង​បង​ប្អូន​គូសត្រូវ​ទាំងពីរ​​គឺ​កូរ៉េខាងជើង​គាំទ្រ​ដោយ​ចិន និង សហភាព​សូវៀត និង កូរ៉េខាងត្បូង គាំទ្រ​ដោយ​កងទ័ព​អង្គការ​សហប្រជាជាតិ។ ទោះបី​ជា​វា​បាន​បញ្ចប់​ទៅ​តាំង​ពី​ឆ្នាំ ១៩៥៣ ក៏​ពិត​​មែន តែ​បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​​នៅ​ពេល​​នេះ បាន​បង្ហាញ​ថា កូរ៉េខាងជើង និង កូរ៉េខាងត្បូង​នៅ​តែ​មើល​មុខ​គ្នា​មិន​ចំ ​ហើយ​បាន​ប្រឈម​មុខ​ដាក់គ្នា​​ផ្នែក​យោធា​ជា​ញឹកញាប់​ទៀត​ផង។ 

យ៉ាងណាមិញ អ្វី​ដែល TheBNEWS ចង់​បង្ហាញ​ប្រិយមិត្ត​នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​ប្រិយមិត្ត​ស្វែង​យល់​​ឲ្យ​ស៊ី​ជម្រៅ​​​​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​តែម្តង ថា​​តើ​មាន​អ្វី​គួរឲ្យ​ចាប់អារម្មណ៍​ខ្លះ?​​​​

១) តើ​សង្គ្រាម​នេះ​កើត​ឡើង​នៅ​ពេល​ណា?
សង្គ្រាម​កូរ៉េ (កូរ៉េខាងជើង និង កូរ៉េខាងត្បូង​)​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា​ ឆ្នាំ ១៩៥០ ដល់​​ថ្ងៃ​ទី ២៧ ខែ កក្កដា​ ឆ្នាំ ១៩៥៣។

២) តើ​សង្គ្រាម​នេះ​បាន​កើត​ឡើង​នៅ​កន្លែងណា?​
សង្គ្រាម​នេះ​បាន​ផ្ទុះ​ឡើង​នៅ​​ឧបទ្វីប​កូរ៉េ​ដែល​បាន​ផ្តើម​ឡើង​​នៅ​កូរ៉េខាងត្បូង ហើយ​បន្ទាប់​មក​បាន​កើត​ឡើង​នៅ​កូរ៉េខាងជើង។ 

៣) ហេតុអ្វី​បាន​ជា​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ឧបទ្វីប​កូរ៉េ?
ក្រោយ​សង្គ្រាម​លោក​លើក​ទី​២បាន​​បញ្ចប់​ទៅ​ សហរដ្ឋ​អាមេរិក និងសហភាព​សូវៀត​បាន​ព្រមព្រៀងគ្នា​​ថា នឹង​ពុះ​ចែក​កូរ៉េ​ជា​ពីរ​​ផ្នែក​ស្រប​តាម​ខ្សែស្រប​ទី ៣៨ ពោល​គឺ​កូរ៉េខាងជើង​ត្រូវ​គ្រប់គ្រង​ដោយ​សហភាព​សូវៀត រី​ឯ​កូរ៉េខាងត្បូង​ត្រូវ​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក។

រហូត​មក​ដល់​ឆ្នាំ ១៩៤៨ រដ្ឋាភិបាល​​ឯករាជ្យ​មួយ​របស់​​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ។ យ៉ាងណាមិញ បងប្អូន​គូសត្រូវ​ទាំងពីរ​នេះ​នៅ​តែ​អះអាង​ពី​ភាព​ស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​កូរ៉េ​នេះ​ដដែល ហើយ​ថែម​ទាំង​មិន​ទទួល​ស្គាល់​ការ​បែងចែក​ខ្សែ​បន្ទាប់​ព្រំដែន​ជា​អចិន្ត្រៃយ៍​​ទៀត​ផង។ 

ហេតុដូច្នេះ​ហើយ​​ មក​ដល់​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០ កងទ័ព​កូរ៉េខាងជើង​​គាំទ្រ​ដោយ​ចិន និង សហភាព​សូវៀត​ក៏​ចូល​វាយលុក​ទឹកដី​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​តែម្តង។ អ្វី​ដែល​ឫសគល់​ចម្បង​នៃ​សង្គ្រាម​នេះ​គឺ​ការ​កើត​ចេញ​ពី​ការ​ប្រកួតប្រជែង​សង្គ្រាម​ត្រជាក់​​ដែល​កំពុង​មាន​បញ្ហា​តានតឹង​នៅ​ពេល​នោះ​រវាង​មហាអំណាច​​ទាំងពីរ​ គឺ​អាមេរិក និងសហភាព​សូវៀត ​លើ​នយោបាយ​មនោគមន៍​វិជ្ជា​របស់​ខ្លួន ​នៅ​ជុំវិញ​ពិភពលោក​។ ​​​

៤) ប្រទេស​ណា​ខ្លះ​បាន​ប្រឡូក​ក្នុង​សង្គ្រាម​នេះ?​
អ្នក​ដែល​ចូល​រួម​ក្នុង​សង្គ្រាម​នេះ​រួម​មាន កងទ័ព​ប្រជាជន​កូរ៉េខាងជើង (KPA) ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធានាធិបតី Kim Il-Sung បាន​ចាប់​ដៃ​ជា​មួយ​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​ចិន (PVA) ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន ម៉ៅសេទុង​ និង កងទ័ព​ក្រហម​របស់​សូវៀត​ដែល​គិត​សរុប​ប្រមាណ ១ ៦៤២ ០០០​នាក់។​

ភាគី​ខាង​កូរ៉េ​ខាងត្បូង​វិញ កងទ័ព​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េខាងត្បូង​ (ROK) បាន​​ចាប់ដៃ​ជាមួយ​កងទ័ព​របស់​អង្គការ​សហប្រជាជាតិ។ កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​កាល​នោះ​​រួម​មាន កងទ័ព​អាមេរិក​ប្រមាណ ៣២៧ ០០០​នាក់ កងទ័ព​អង់គ្លេស​ប្រហែល ១៤ ០០០​នាក់ កងទ័ព​​កាណាដា​ប្រហែល ៥ ៥០០​នាក់ កងទ័ព​អូស្ត្រាលី​ប្រហែល ២ ៣០០​នាក់ អេត្យូពី ១ ៦០០​នាក់ ហ្វីលីពីន ១ ៥០០នាក់ នូវែលហ្សេឡង់ ១ ៤០០​នាក់ ថៃ ១ ៣០០​នាក់ ក្រិក ១ ២៥០ នាក់ បារាំង ១ ២០០​នាក់ កូឡុំប៊ី ១ ០០០​នាក់​ បែលហ្សិក ៩០០​នាក់ និង​ប្រទេស​តំបន់​អឺរ៉ុប​​មួយ​ចំនួន​ទៀត​សរុប​ប្រមាណ​ជាង ២ ០០០​នាក់​ទៀត។ គិត​សរុប​​ប្រមាណ ៩៧២ ២១៤ នាក់។

៥) តើ​អ្នកណា​ជា​អ្នកឈ្នះ​នៅ​ក្នុង​សង្គ្រាម​នេះ?

​ទីបំផុត ​​​​​​សង្គ្រាម ៣ ឆ្នាំ​​នេះ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​ណាមួយ​ឈ្នះ​ ឬ ចាញ់​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត រហូត​មក​ដល់​ពេល​នេះ​គេ​ក៏​មិនទាន់​ឃើញ​​ភាគី​ទាំងពីរ គឺ​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​ចុះ​សន្ធិសញ្ញា​សន្តិភាព​​គ្នា​​នោះ​ដែរ ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ត្រឹមតែ​ចុះ​សន្ធិសញ្ញា​ឈប់​បាញ់​​តែប៉ុណ្ណោះ។ កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ កូរ៉េខាងជើង​បាន​ប្រកាស​លុបចោល​សន្ធិសញ្ញា​ឈប់​បាញ់​នេះ​បន្ទាប់​ពី​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ជា​មួយ​កូរ៉េខាងត្បូង។ យ៉ាងណាមិញ អ្នក​ដែល​ចាញ់​ពិតប្រាកដ​ក្នុង​សង្គ្រាម​នេះ​គឺ​ប្រជាជន​របស់​ខ្លួន​រាប់​លាន​នាក់​ត្រូវ​បាន​ស្លាប់ និង ជួប​​វិនាសកម្ម​​យ៉ាង​ធ្ងន់ធ្ងរ​តាម​ការ​បែងចែក​គូស​ផែនទី​​​នេះ។ 

៦) តើ​សង្គ្រាម​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង របួស​ប៉ុន្មាន​នាក់?

​គេ​បាន​​វាយតម្លៃ​ថា កងទ័ព​កូរ៉េខាងត្បូង និង ​កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​ប្រមាណ ១៧៨ ២៣៦ នាក់​បាន​ស្លាប់ ៣២ ៨៤៤ នាក់​បាត់​ខ្លួន និង ៥៦៦ ៣១៤ នាក់​ផ្សេង​ទៀត​បាន​​រង​របួស។

សម្រាប់​​ចំនួន​កងទ័ព​​ដែល​ស្លាប់​ និង រង​របួស​របស់​ភាគី​កូរ៉េខាងជើង ចិន និង សហភាព​សូវៀត​​វិញ​​មិន​មាន​បញ្ជាក់​ជា​លម្អិត​នោះ​ឡើយ ​ប៉ុន្តែ​អាមេរិក​បាន​វាយតម្លៃ​ថា​ យ៉ាងហោចណាស់​កងទ័ព​របស់​​របស់​សម្ព័ន្ធមិត្ត​កូរ៉េ​​ ៣៦៧ ០០០​ នាក់​ទៅ ៧៥០ ០០០​នាក់​បាន​បាត់បង់​ជីវិត ១៥២ ០០០​បាត់​ខ្លួន ឬ ជាប់​ពន្ធនាគារ​ និង ​ប្រហែល​ពី ៦៨៦ ៥០០​នាក់​ទៅ ៧៨៩ ០០០​នាក់​បាន​រង​របួស។ 

រី​ឯ​ប្រជាជន​​របស់​កូរ៉េខាងត្បូង​វិញ​បាន​បាត់បង់​ជីវិត​​ប្រមាណ ៣៧៣ ៥៩៩​នាក់ ២២៩ ៦២៥ រង​របួស និង បាត់​​ខ្លួន ៣៨៧ ៧៤៤ នាក់ ខណៈ​ដែល​ចំនួន​​​ប្រជាជន​ដែល​ស្លាប់ និង​រង​របួស​របស់​​កូរ៉េខាងជើង​​​​វិញ​មាន​ប្រមាណ ១ ៥៥០ ០០០​នាក់។ ជា​សរុប​​ប្រជាជន​​របស់​ប្រទេស​ទាំងពីរ​ដែល​​បាន​ស្លាប់ និង រង​របួស​មាន​ចំនួន ២,៥ លាន​​នាក់។ 


៧) ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ក្នុង​សង្គ្រាម​កូរ៉េ

-​ថ្ងៃ​ទី​ ២៥ ខែ មិថុនា ឆ្នាំ ១៩៥០ សង្គ្រាម​កូរ៉េ​ចាប់ផ្តើម​ផ្ទុះ​ឡើង​ជា​ផ្លូវការ។

-នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ​ដដែល កងទ័ព​កូរ៉េខាងជើង​ចូល​កាន់កាប់​ទីក្រុង​សេអ៊ូល​របស់​កូរ៉េខាងត្បូង។

-នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា​​ដដែល​នេះ សហរដ្ឋអាមេរិក​បាន​​ប្រកាស​ដាក់​សំណើ​ដល់​អង្គការ​សហប្រជាជាតិ​​បញ្ជូន​ទ័ព​ជួយ​កូរ៉េខាងត្បូង។

-នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ១៩៥០ កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ពង្រាយ​​​កងទ័ព​​ត្រៀម​ប្រយុទ្ធ​នៅ​សមរភូមិ​​ Inchon ទប់ទល់​នឹង​​កងទ័ព​កូរ៉េខាងជើង​វិញ។

​- នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​​ឆ្នាំ​ ដដែល​នេះ​ កងទ័ព​របស់​អង្គការ​សហប្រជាជាតិ​បាន​ដណ្តើម​កាន់កាប់​ក្រុង​សេអ៊ូល​ពី​កងទ័ព​​កូរ៉េខាងជើង​វិញ។

​- ថ្ងៃ​ទី ៩ ខែ​ ​តុលា ​ឆ្នាំ ១៩៥០ ដដែល កងទ័ព​​​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​បាន​វាយ​បក​​​​ចូល​​ឈ្លានពាន​ទឹកដី​កូរ៉េខាងជើង​វិញ​ឆ្លងកាត់​​ខ្សែ​បន្ទាប់​ព្រំដែន​បែងចែក​ប្រទេស​ទាំងពីរ។ ​

-៩ ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ១៩ ខែ​ តុលា​ដដែល​ កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​បាន​ចូល​កាន់កាប់​ទីក្រុង​ ព្យុងយ៉ាង​របស់​កូរ៉េខាងជើង​វិញ​ម្តង។ ​

-ថ្ងៃ​ទី ២៦ ខែ តុលា​ដដែល កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ទន្លេ Yalu នៅ​ជាប់​​ព្រំដែន​រវាង​កូរ៉េខាងជើង និង ប្រទេស​ចិន។ ​​​

-មួយ​ថ្ងៃ​ក្រោយ​មក ពោល​គឺ​ថ្ងៃ ទី ២៧ កក្កដា ចិន​បាន​លូកដៃ​​ចូល​ក្នុង​សង្គ្រាម​នេះ​ទាំងស្រុង ហើយ​បាន​រុញ​ច្រាន​កងទ័ព​កូរ៉េខាងត្បូង និង កងទ័ព​អង្គការ​សហប្រជាជាតិ​ត្រលប់​បក​ក្រោយ​វិញ។ ​​​

-នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ១៩៥១ កងទ័ព​កូរ៉េខាងជើង និង កងទ័ព​ចិន​បាន​ចូល​កាន់កាប់​​ទីក្រុង​​សេអ៊ូល​របស់​​ត្បូង​វិញម្តងទៀត។ 

-នៅ​ថ្ងៃ​ទី ១៨ ឆ្នាំ មករា ១៩៥១ កងទ័ព​របស់​កូរ៉េខាងត្បូង និង កងទ័ព​​អង្គការ​សហប្រជាជាតិ​ចូល​កាន់កាប់​​ទីក្រុង​ព្យុងយ៉ាង​របស់​កូរ៉េខាងជា​លើក​ទី២។ 

-នៅ​ថ្ងៃ​ទី ៧ ខែ មីនា ​រហូត​ដល់​ថ្ងៃ​ទី ៤ ខែ​មេសា​ ឆ្នាំ ១៩៥១ កងទ័ព​កូរ៉េខាងជើង និង កងទ័ព​ចិន​បាន​រុញ​ច្រាន​កងទ័ព​កូរ៉េខាងត្បូង ​និង ​កងទ័ព​អង្គការ​សហប្រជាជាតិ​​​ឲ្យ​បក​ក្រោយ​វិញ​ឲ្យ​ស្ថិត​​នៅ​ត្រឹម​ខែ​បន្ទាប់​ព្រំដែន​​បែងចែក​ប្រទេស​ទាំងពីរ។​​​

-នៅ​​ចន្លោះ​ឆ្នាំ ១០៥១ ដល់​ឆ្នាំ​ ខែ​​មេសា ឆ្នាំ ១៩៥៣ ​ភាគី​ទាំងពីរ និង សម្ពន្ធមិត្ត​​​បាន​បន្ត​​វាយ​ប្រយុទ្ធ​​គ្នា​​ជា​បន្តបន្ទាប់​នៅ​តំបន់ Kaesong ព្រំដែន​ប្រទេស​ទាំងពីរ​។​​

-នៅ​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ១៩៥៣ កិច្ចចរចា​សន្តិភាព ​Kaesong បាន​ធ្វើ​ឡើង​រវាង​​ភាគី​ទាំងពីរ។

​-នៅ​ថ្ងៃ​ទី ២៧ កក្កដា ឆ្នាំ ១៩៥៣ កូរ៉េខាងជើង និង ចិន​បាន​ចុះ​ហត្ថលេខា​បទ​ឈប់​បាញ់​ ហើយ​សង្គ្រាម​រវាង​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​បាន​បញ្ចប់​ទាំងស្រុង៕

ប្រទេស​​ទាំង ១០ ដែល​ជះ​ប្រាក់​ច្រើន​ជាងគេបំផុត​​​​លើ​កម្មវិធី​អវកាស


រ៉ុកកែត Falcon 9ប្រភព៖​ NASA
ក្រៅ​ពី​ការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង យោធា នៅ​ពេល​នេះ​មហាអំណាច​ដែល​ល្បី​ផុត​លេខ​​ដូច​ជា អាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជា​ដើម​​មិន​ភ្លេច​ឡើយ​នៅ​ក្នុង​បោះ​ជំហាន​ទៅ​មុខ​​​លើ​កម្មវិធី​​បច្ចេកវិទ្យា​អវកាស​។ នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នេះ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ៗ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​ការ​ស្រាវជ្រាវ​​ រុករក ពង្រឹង​បណ្ដាញ​ប្រព័ន្ធ​ផ្កាយរណប ​សំដៅ​ក្លាយ​​ទៅ​ជា​មហាអំណាច​​អវកាស​នៅ​ពេល​អនាគត។ 

យ៉ាងណាមិញ​​អ្វី​ដែល​​​ប្រិយមិត្ត​​​គួរឲ្យ​នៅ​​ពេល​នេះ​ ​TheBNEWS សូម​បង្វែរ​ចំណាប់​អារម្មណ៍​លើ​ការ​ចំណាយ​ថវិកា​លើ​កម្មវិធី​អវកាស​របស់​ប្រទេស​ទាំង​១០ វិញ ថា​តើ​មាន​មហាអំណាច​ណា​ខ្លះ​បាន​ចំណាយ​ថវិកា​ច្រើន​ជាងគេ​?

១០) ប្រទេស​កាណាដា៖ ៤៨៨ លាន​ដុល្លារ 
ដោយ​គ្មាន​គម្រោង​ណា​មួយ​គួរឲ្យ​កត់សម្គាល់​នៅ​ក្នុង​ឆ្នាំ​នេះ រដ្ឋាភិបាល​កាណាដា​បាន​ចំណាយ​ប្រាក់​​ជិត​ ៥០០​​លាន​ដុល្លារ​សម្រាប់​កម្មវិធី​អវកាស​របស់​ខ្លួន។ តាំង​ពី​ឆ្នាំ ២០០៧ ភ្នាក់ងារ​អវកាស​​របស់​មហាអំណាច​មាន​ទឹកដី​ធំ​ជាងគេ​លំដាប់​ទី​២ នៅ​លើ​លោក​មួយ​នេះ​បាន​បង្ហោះ​ផ្កាយរណប​​ Radarsat-2 ​ដោយ​ជោគជ័យ​​តាម​គម្រោង​​​ឲ្យ​បាន​៣ គ្រឿង​ដែល​នឹង​បញ្ចប់​នៅ​​ត្រឹម​ឆ្នាំ ២០១៦ ខាងមុខ។ កម្មវិធី​អវកាស​របស់​ខ្លួន​ភាគ​ច្រើន​ផ្ដោត​ទៅ​លើ​ការ​ពង្រីក​​បណ្ដាញ​ទូរគមនាគមន៍ និង ការ​តាមដាន​អាកាសធាតុ។ 

៩) ប្រទេស៖ ១,១ ពាន់​លាន​ដុល្លារ

កញ្ចប់​ថវិកា​ប្រមាណ ១,១ ពាន់​លាន​ដុល្លារ​​នេះ គឺ​ជា​ការ​ចំណាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​មួយ​របស់​​មហាអំណាច​អាស៊ី​​មួយ​នេះ​សម្រាប់​​កម្មវិធី​អវកាស​របស់​​ខ្លួន​លើ​បេសកកម្ម​ចំនួន ៥០ ដែល​បាន​ដាក់​ប្រតិបត្តិការ​តាំង​ពី​ឆ្នាំ ២០១២ មក និង បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១៧ ខាងមុខ។ ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង ឥណ្ឌា​ហាក់​មិន​មាន​បំណង​ណាមួយ​ដើម្បី​ប្រកួតប្រជែង​បច្ចេកវិទ្យា​អវកាស​ជា​មួយ​មហាអំណាច​ដទៃ​ទៀត​នោះ​ឡើយ ពោល​គឺ​ខ្លួន​​គ្រាន់តែ​ចង់​មាន​​មហិច្ឆតា​ចង់​ក្លាយ​ជា​​​មហាអំណាច​ឈានមុខ​លើ​បច្ចេកវិទ្យា​អវកាស​នេះ។ មហិច្ឆតា​របស់​ឥណ្ឌា​នៅ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ក្រោយ​គឺ​ការ​​​បញ្ជូន​យានអវកាស​របស់​ខ្លួន​ឲ្យ​បាន​ទៅ​ចុះចត​នៅ​ភព​អង្គារ ដូច​អាមេរិក​ដែរ។ 

៨) ចិន៖ ១,៣ ពាន់​លាន​ដុល្លារ

ផ្ទុយ​ពី​ការ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​លើ​​​ការ​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​នេះ​​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក​មួយ​នេះ បាន​ចំណាយ​ប្រាក់​១,៣ ពាន់​លាន​ដុល្លារ​ផង​ដែរ​​លើ​កម្មវិធី​អវកាស​របស់​ខ្លួន។ បើ​ពិនិត្យ​លើ​​ការ​ចំណាយ​នេះ មាន​ទំហំ​ធំ​ជាង​តិចតួច​ប៉ុណ្ណោះ តែ​កម្មវិធី​អវកាស​របស់​រុស្ស៊ី​គឺ​ជា​អ្វី​ដែល​ជា​របៀបវារៈ​របស់​ចិន​ត្រូវ​អនុវត្ត​តាម។ ទីភ្នាក់ងារ​អវកាស​របស់​ខ្លួន CNSA នៅ​ពេល​កន្លង​ទៅ​ក៏​ធ្លាប់​បាញ់​បង្ហោះ​យានអវកាស​​ដោយ​ជោគជ័យ​ទៅ​កាន់​ភព​ព្រះចន្ទ​ផង​ដែរ ទន្ទឹម​នឹង​មាន​មហិច្ឆតា​​ថ្មីៗ​​បង្កើត​ស្ថានីយ​អវកាស​មួយ​នៅ​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ​​​សម្រាប់​ប្រកួតប្រជែង​ជា​មួយ​អាមេរិក​នៅ​ពេល​អនាគត។ ​​​​

៧) អ៊ីតាលី៖ ១,៨ ពាន់​លាន​ដុល្លារ

ងាក​ទៅ​ប្រទេស​អ៊ីតាលី​​នៅ​តំបន់​អឺរ៉ុប​វិញ​ដែល​សេដ្ឋកិច្ច​ហាក់​ងើប​មុខ​មិន​រួច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​មាន​កញ្ចប់​ថវិកា​របស់​ខ្លួន​សម្រាប់​កម្មវិធី​អវកាស​នៅ​ពេល​អនាគត​ផង​ដែរ​ទោះបី​ជា​គម្រោង​របស់​ខ្លួន​​មិន​បាន​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំង​ពី​ឆ្នាំ ១៩៨៨ ក៏ដោយ។ គម្រោង​របស់​ខ្លួន​ភាគ​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​សហការ​ជា​មួយ​អង្គការ​ NASA និង​​តួយ៉ាង​ដូច​ជា​ទីភ្នាក់ងារ​អវកាស​របស់​ខ្លួន ASI បាន​រួមចំណែក​យ៉ាង​សំខាន់​សម្រាប់​កម្មវិធី​អវកាស​អឺរ៉ុប​សម្រាប់​ដាក់​បង្ហោះ​ផ្កាយរណប​នានា​នៅ​ទី​អវកាស។ កាល​ពី​ឆ្នាំ​ទៅ រដ្ឋាភិបាល​ខ្លួន​បាន​ធ្វើ​ពិធី​អបអរ​គម្រប់​ខួប​លើ​ទី ៥០ នៃ​កិច្ច​សហប្រតិបត្តិការ​កម្មវិធី​អវកាស​ជា​មួយ​អាមេរិក​ និង បាន​សន្យា​ថា នឹង​បន្ត​គោលនយោបាយ​ចាស់​ដដែល​​​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ ទៀត។

៦) ប្រទេស​៖ ២ ពាន់​លាន​ដុល្លារ
ងាក​មក​មើល​អាល្លឺម៉ង់​វិញ​ដែល​កំពុង​មាន​តួនាទី​សំខាន់​ក្នុង​​កិច្ច​សម្របសម្រួល​នយោបាយ​អឺរ៉ុប​នៅ ពេល​បច្ចុប្បន្ន​ដូច​ជា​បញ្ហា​នៅ​អ៊ុយក្រែន ក៏​មិន​​ភ្លេច​ដាក់​កញ្ចប់​ថវិកា​សម្រាប់​កម្មវិធី​អវកាស​របស់​នោះ​ខ្លួន​ដែរ។ ស្រប​ពេល​ដែល​កម្មវិធី​របស់​ខ្លួន​កំពុង​ដំណើរការ ទន្ទឹម​នឹង​បាន​​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ចំនួន ១៦ រួច​ហើយ​នោះ ទីភ្នាក់ងារ​អវកាស​របស់​​ខ្លួន DLR បាន​រួម​ចំណែក​​យ៉ាង​សំខាន់​ក្នុង​​បេសកកម្ម​ស្រាវជ្រាវ​នៅ​ជុំវិញ​ភព​ផែនដី ហើយ​​គេ​រំពឹង​ថា​ថវិកា​ចំនួន ២ ពាន់​លាន​ដុល្លារ​នេះ​​នឹង​មាន​​ដើរ​តួនាទី​សំខាន់​សម្រាប់​កម្មវិធី​អវកាស​តំបន់​អឺរ៉ុប​ទាំងមូល​ទៀត​ផង។ 


៥) ជប៉ុន៖ ២,៤ ពាន់​លាន​ដុល្លារ
ត្រឡប់​ពី​តំបន់​អឺរ៉ុប​ធ្វើ​ដំណើរ​មក​តំបន់​អាស៊ី​បូព៌ា​វិញ លោក​អ្នក​នឹង​បាន​ដឹង​ពី​មហិច្ឆតា​មួយ​របស់​​ទៀត​របស់​​​ជប៉ុន​ដែល​ជា​ខ្លា​កំណាច​របស់​អាស៊ី​ត្រូវ​បាន​កាច់​ធ្មុង​ដោយ​អាមេរិក​​​​ក្នុង​សង្គ្រាម​លោក​លើក​ទី២​។ ទោះបីជា​​វិស័យ​យោធា​របស់​​ខ្លួន​ត្រូវ​បាន​រឹត​បណ្តឹង​​ពី​​ទីក្រុង​វ៉ាស៊ីនតោន​ក្តី ប៉ុន្តែ​ខ្លួន​ក៏​មាន​កញ្ចប់​ថវិកា​ ២,៤ ពាន់​លាន​ដុល្លារ​កម្មវិធី​អវកាស​ដែរ។ ជា​មួយ​បេសកកម្ម​ជា​ច្រើន ទីភ្នាក់ងារ​អវកាស​របស់​ខ្លួន JAXA នឹង​រួម​ចំណែក​​យ៉ាង​សំខាន់​ក្នុង​ការ​ដាក់​បង្ហោះ​ផ្កាយរណប​ទៅ​គន្លង​តារាវិថី និង ការ​ស្វែង​រក​អាចម៍ផ្កាយ​ថ្មី​​នៅ​ក្នុង​ចក្រវាឡ​យើង​នេះ។ក្នុង​ឆ្នាំ ២០១៤ នេះ​ខ្លួន​មាន​មហិច្ឆតា​បាញ់​បង្ហោះ​យានអវកាស​របស់​ខ្លួន​ដើម្បី​ទៅ​ស្រាវជ្រាវ​​ស្រប​តាម​កម្មវិធី​អវកាស​របស់​ខ្លួន​ ទាំង​នៅ​ភព​អង្គារ និង ភព​ព្រះចន្ទ។ ​​
​​
៤) បារាំង៖ ២,៥ ពាន់​លាន​​ដុល្លារ
ទីភ្នាក់ងារ​អវកាស​របស់​បារាំង (CNES) ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​​ក្រោម​ការ​ផ្តិតផ្តូង​របស់​​អតីត​លោក​ប្រធានាធិបតី Charles de Gaulle។ កម្មវិធី​អវកាស​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឲ្យ​មហាអំណាច​អឺរ៉ុប​មួយ​នេះ​​រួម​ចំណែក​ដ៏​សកម្ម​សម្រាប់​កម្មវិធី​ អវកាស​អន្តរជាតិ​ដូច​ជា ការ​បាញ់​បង្ហោះ​​ផ្កាយរណប ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​តេលេស្តុប (Telescope)និង ការ​ស្រាវជ្រាវ​របស់​​ភ្នាក់ងារ​ទី​អវកាស​អឺរ៉ុប។ នៅ​ក្នុង​ឆ្នាំ ២០១៤ នេះ​ខ្លួន​បាន​ប្រកាស​ថា នឹង​បាញ់​បង្ហោះ​​ផ្កាយរណប​យ៉ាង​ទំនើប​បំផុត​មួយ​របស់​ខ្លួន​​ (E-CORCE) សម្រាប់​តាមដាន​​ និង ស្រាវជ្រាវ​នៅ​​លំហ​អវកាស។

៣) តំបន់​អឺរ៉ុប៖ ៥,៥ ពាន់​លាន​ដុល្លារ 
សម្រាប់​សហគមន៍​អឺរ៉ុប​វិញ ​ទីភ្នាក់ងារ​​អវកាស​របស់​ខ្លួន (ESA) នឹង​មាន​កញ្ចប់​ថវិកា ៥,៥ ពាន់​លាន​ដុល្លារ​ពី​សមាជិក​​របស់​ខ្លួន​ចំនួន ២០​ប្រទេស​សម្រាប់​កម្មវិធី​អវកាស​របស់​ខ្លួន។ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៧៥ និង មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ទីភ្នាក់ងារ​នេះ​បាន​​បំពេញ​បេសកកម្ម​របស់​ខ្លួន​យ៉ាង​ជោគជ័យ​ជា​ច្រើន​​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ ការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា តេលេស្កុប និង បណ្ដាញ​ផ្កាយរណប​នៅ​គន្លង​តារាវិថី។ នៅ​ដើម​ឆ្នាំ ២០២០ ខាងមុខ​​ ខ្លួន​​​បាន​រំពឹង​ថា នឹង​បាញ់​បង្ហោះ​រ៉ុកកែត Ariane-6 ដ៏​ទំនើប​បំផុត​មួយ​ទៅ​ទី​អវកាស​សម្រាប់​កិច្ចការ​ស្រាវជ្រាវ​នៅ​ទី​នោះ។

២) ​រុស្ស៊ី៖ ៧,៧ ពាន់​លាន​ដុល្លារ 
សម្រាប់​មហាអំណាច​យោធា​លំដាប់​ទី២ នៅ​លោក​គឺ​រុស្ស៊ី​ឯណេះ​វិញ កម្មវិធី​អវកាស​​គឺ​ជា​រឿង​ធម្មតា​​ទៅ​ហើយ​ ហើយ​ជា​មួយ​កញ្ចប់​ថវិកា​ ៧,៧ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ​ បាន​ធ្វើ​ឲ្យ​​ការ​ចំណាយ​​លើ​កម្មវិធី​នេះ​កើន​ឡើង​រហូត​ដល់​ ៣០% ពី​ឆ្នាំ​ទៅ។ យ៉ាងណាមិញ មហិច្ឆតា​នៅ​ក្នុង​កម្មវិធី​អវកាស​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​អវកាស​​របស់​ទីក្រុង​មូស្គូ​ (RFSA ឬ Roscomos) ក្លាយ​ជា​​​ទីភ្នាក់ងារ​ចំណាយ​​ប្រាក់​ច្រើន​ជាងគេ​​​បំផុត​លើ​កម្មវិធី​អវកាស​នា​​​ឆ្នាំ ២០២០ ខាងមុខ​។ ជា​ប្រវត្តិសាស្ត្រ​លើ​ការ​ស្រាវជ្រាវ​ក៏​ដូច​ជា​ការ​រុករក​​ពី​អាចម៍ផ្កាយ​​ធំៗ​នៅ​​ក្នុង​គន្លង​តារាវិថី តាម​រយៈ​ការ​បាញ់​បង្ហោះ​យានអវកាស​ Gagarin ទៅ​​ភព​ព្រះចន្ទ និង ការ​កសាង​ស្ថានីយ​អវកាស​របស់​ខ្លួន ​រុស្ស៊ី​​មាន​មហិច្ឆតា​លើ​បេសកកម្ម​ជា​ច្រើន​ទៀត ក្នុង​នោះ​គឺ​ការ​បញ្ជូន​យានអវកាស​ទៅ​ចុះចត​នៅ​ក្នុង​​ភព​​ព្រះអង្គារ​ឲ្យ​បាន​ដូច​អាមេរិក​ដែរ។ ​​​​
​​
១) សហរដ្ឋអាមេរិក៖ ១៨ ពាន់​លាន​ដុល្លារ

កញ្ចប់​ថវិកា​ប្រមាណ ១៨ ពាន់​លាន​ដុល្លារ​​ បាន​ធ្វើ​​ឲ្យ​ការ​ចំណាយ​លើ​កម្មវិធី​អវកាស​របស់​អាមេរិក​មាន​ចំនួន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ ​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ NASA ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៥៨ បាន​បំពេញ​បេសកកម្ម​​យ៉ាង​ច្រើន​មហាសាល​ និង ដោយ​ជោគជ័យ​បំផុត​ជូន​មនុស្ស​ជាតិ​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​គឺ​ការ​​ចុះចត​​ដោយ​ជោគជ័យ​នូវ​យាន​អវកាស ទី Apollo 11 នៅ​លើ​ភព​ព្រះចន្ទ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៩៦៩។ នៅ​ពេល​បច្ចុប្បន្ន​​នេះ ​បាន​​អភិវឌ្ឍ​បច្ចេកវិទ្យា​អវកាស​កាន់តែ​ទំនើប​ និង មាន​ប្រសិទ្ធភាព​​ដែល​អាច​ស្រាវជ្រាវ​រុករក​នៅ​ក្នុង​ចក្រវាឡ​កាន់តែ​ឆ្ងាយ​ជាង​មុន ដូច​ជា ការ​​បញ្ជូន​យាន Curiosity ​យ៉ាង​ជោគជ័យ​​​កាល​ពី​ដើម​ខែ តុលា ឆ្នាំ ២០១២។ នៅ​មាន​មហិច្ឆតា​ជា​ច្រើន​ទៀត​ដែល​អាមេរិក​ត្រូវ​សម្រេច​ឲ្យ​បាន​តាម​រយៈ​អង្គការ​អវកាស​​មួយ​នេះ ​លើ​កម្មវិធី​បច្ចេកវិទ្យា​អវកាស​សម្រាប់​បម្រើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច និង យោធា​របស់​ខ្លួន​​នៅ​ពេល​អនាគត៕

តើ​ប្រជាជន​ឥណ្ឌា​នឹង​ទៅ​ជា​យ៉ាងណា​នៅ​ក្នុង​ឆ្នាំ ២០៥០?


ប្រជាជន​ឥណ្ឌា​ធ្វើ​ដំណើរ​លើ​រថភ្លើង​ប្រភព៖​ english.cri.cn
​​​​ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​​ជាងគេ​បំផុត​​​​លំដាប់​ទី​២​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​​នេះ​​ដែល​មាន​ប្រជាជន​​ប្រមាណ ១,២ ពាន់​លាន​នាក់។ ចំនួន​នេះ​តិច​ជាង​ចំនួន​​ពលរដ្ឋ​ចិន​​ដែល​​មាន​រហូត​ដល់ ១,៣ ពាន់​លាន​នាក់​។ យ៉ាងណាមិញ គេ​បាន​ព្យាករណ៍​ថា ប្រជាជន​ឥណ្ឌា​នឹង​ក្លាយ​ជា​មហាអំណាច​​មាន​ចំនួន​ប្រជាជន​​ច្រើន​​ជាងគេ​បំផុត​នៅ​ក្នុង​ឆ្នាំ ២០៥០​ខាងមុខ

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​​មជ្ឈមណ្ឌល​​ប្រជាសាស្ត្រ​បារាំង (French Institute of Demographic Studies) បាន​ព្យាករណ៍​ថា ប្រជាជន​ឥណ្ឌា​នឹង​​កើន​ឡើង​​ខ្ពស់​ជាង​ចិន ពោល​គឺ​មាន​​ចំនួន​រហូត​ដល់ ១,៦៣ ពាន់​លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ពី ១,២ ពាន់​លាន​នាក់​នៅ​ពេល​បច្ចុប្បន្ន ​ខណៈ​ដែល​ចិន​វិញ​នឹង​​មាន​កំណើន​​​ប្រជាជន​ពី ១,៣ ពាន់​លាន​នាក់ ​ទៅ ១,៤៤ ពាន់​លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ។

សម្រាប់​​កំណើន​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​វិញ របាយការណ៍​ខាងលើ​បាន​ព្យាករណ៍​​​​ថា ​នឹង​មាន​កំណើន​ពី​ជាង ៧,១ ពាន់​លាន​នាក់​នៅ​ពេល​បច្ចុប្បន្ន​ទៅ ៩,៧ ពាន់​លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០​ខាងមុខ។ ក្នុង​នោះ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​អាយុ​លើស​ពី​ ៦០ ឆ្នាំ ដែល​មាន​ប្រមាណ ៨៤១ លាន​នាក់​នៅ​ពេល​នេះ នឹង​កើន​ឡើង​ដល់ ២ ពាន់​លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ។ 

អ្វី​ដែល​​ការ​​កត់សម្គាល់​នៅ​ពេល​នោះ ប្រជាជន​​នៅ​ទ្វីប​អាហ្រ្វិក​ដែល​មាន​ប្រមាណ ១,១ ពាន់​លាន​នាក់​នៅ​ពេល​នេះ​នឹង​កើន​ឡើង​ទ្វេដង​រហូត​ដល់ ២,៥ ពាន់​លាន​នាក់ ដែល​ស្មើ​នឹង ១ភាគ៤​នៃ​ប្រជាជន​ជុំវិញ​សាកលលោក​នា​ពាក់កណ្តាល​សតវត្ស​នេះ។​​​​​

ខាងក្រោម​នេះ​ជា​ប្រទេស​ទាំង​១០ ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាងគេ​នៅ​ក្នុង​ឆ្នាំ ២០៥០៖
១) ឥណ្ឌា​មាន​ប្រជាជន ១, ៦៣ពាន់​លាន​នាក់
២) ចិន​មាន​ប្រជាជន​ ១ ៤៤ ពាន់​​លាន​នាក់
៣)​ នីហ្សេរីយ៉ា​មាន​ប្រជាជន ៤៤៤ ពាន់​លាន​នាក់​
៣) សហរដ្ឋអាមេរិក​មាន​ប្រជាជន​ ៤០០លាន​នាក់
៤) ឥណ្ឌូណេស៊ី​មាន​ប្រជាជន ៣៦៦ លាន​នាក់​
៥) ប៉ាគីស្ថាន​មាន​ប្រជាជន​ ៣៦៦ លាន​នាក់
៦) ប្រេស៊ីល​មាន​ប្រជាជន ២២៧ លាន​នាក់
៧) បង់ក្លាដេស​មាន​ប្រជាជន ២០២ លាន​នាក់
៨) កុងហ្គោ​មាន​ប្រជាជន ១៨២ លាន​​នាក់
៩) អេត្យូពី មាន​ប្រជាជន ១៧៨ លាន​នាក់
១០) ​ហ្វីលីពីន​មាន​ប្រជាជន ១៥២ លាន​នាក់

ចំណែក​ឯ​ប្រជាជន​​កម្ពុជា​វិញ បើ​ផ្អែក​លើ​​​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​វិញ បាន​​​ព្យាករណ៍​ថា ​នឹង​​កើន​ឡើង​រហូត​ពី ១៤ លាន​នាក់​នៅ​ពេល​បច្ចុប្បន្ន​​ដល់​ជាង ២២ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ​

អាជីវកម្ម​បួន​ប្រភេទ ​មាន​លុយ​​តែ ៥០០ ដុល្លារ​ក៏​បើក​បាន​ដែរ! ​

មាន​លុយ​ត្រឹមតែ ៥០០ ដុល្លា បើក​អាជីវកម្ម​បាន​ដែរ​?ប្រភព៖​ coached2profits
ជាទូទៅ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា រាល់​ការ​បង្កើត​អាជីវកម្ម សុទ្ធ​តែ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន។ ដោយសារតែ​ការ​យល់​ខុស​នេះ​ហើយ បាន​ជា​ធ្វើ​ឲ្យ​មាន​ការ​រារែក​ចិត្ត​ក្នុង​ការ​ធ្វើ​ជំនួញ។ តាម​ការ​ពិត​ទៅ ការ​បើក​អាជីវកម្ម គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ដូច្នេះ​ទំហំ​នៃ​ការ​ចំណាយ​ក៏​មិន​ដូចគ្នា​ដែរ។ 

អាជីវកម្ម​ខ្លះ ត្រូវ​ចំណាយ​ដើម​ទុន​អស់​ជា​ច្រើន ម៉ឺន ឬ លាន​ដុល្លារ​ក៏​មាន​ ប៉ុន្តែ​អាជីវកម្ម​ ខ្លះ​គ្រាន់​តែ​ចំណាយ​ដើមទុនត្រឹមតែ ៥០០ ដុល្លារ​ ក៏​អាច​ដំណើរ​ការ​បាន​ដែរ។ ជោគជ័យ ឬ មិន​ជោគជ័យ​ វា​មិនមែន​អាស្រ័យ​លើ​ដើមទុន តែ​ម្យ៉ាង​ទេ ប៉ុន្តែ កត្តា​យុទ្ធសាស្ត្រ និង ការ​ជឿជាក់ ឬ ការ​តាំងចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ពុះពារ​រាល់​បញ្ហា​លំបាក គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​សហគ្រិន​ទាំងអស់​មិន​ត្រូវ​មើល​រំលង។

តើ​អាជីវកម្ម​អ្វីខ្លះ​ ដែល​យើង​អាច​បើក​ដំណើរ​ការ​ ដោយ​ប្រើ​ដើម​ទុន​ត្រឹម​តែ ៥០០ ដុល្លា ឬ តិច​ជាង​នេះ?

ខាង​ក្រោម​នេះ គឺជា ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ដែល​សហគ្រិន​អាច​បើក​បាន ដោយ​ប្រើ​ដើម​ទុន​តិច៖

១) អាជីវកម្ម​ផ្តល់​សេវាកម្ម​សំអាត​ផ្ទះ ឬ ការិយាល័យ​
នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​ប្រជាជន​មាន​ការងារ​ច្រើន ហើយ​មិនសូវ​មាន​ពេល​គ្រប់​គ្រាន់​នោះ ដូច្នេះហើយ​ការ​សំអាត​ផ្ទះ​សម្បែង ក៏​មិន​សូវ​ធ្វើ​ឡើង​ជា​ញឹកញាប់​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ដំណើរ​ការ​​ហើយ​ពេល​ខ្លះ​វា​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​សេវាកម្ម​ បោស​សំអាត​ទីតាំង ឬ ការិយាល័យ​របស់​គេ​ឲ្យ​បាន​ល្អ ខណៈ​ក្រុម​ហ៊ុន​មួយ​ចំនួន​ធំ​​មាន​អ្នក​សម្អាត​ផ្ទាល់​ខ្លួន។ ​សម្រាប់​កម្ពុជា​ The BNEWS សង្កេត​​ឃើញ​ថា​ ប្រសិន​បើ​មាន​អាជីវកម្ម​ណា​ដែល​ផ្តល់​សេវាកម្ម​បោស​សំអាត​​ដែល​ផ្ដល់​សេវាកម្ម​យ៉ាង​ល្អ​នោះ​ គេ​ជឿ​ថា​ ប្រាកដ​ជា​មាន​អតិថិជន​មក​ស្វែង​រក​សេវាកម្ម​នេះ ​ច្រើន​មិន​ខាន។ អ្វី​ដែល​សំខាន់​នោះ គឺ​ដើម​ទុន​មិន​ចាំ​បាច់​ចំណាយ​ច្រើន​នោះ​ទេ។

២) ប្រឹក្សា​ឯករាជ្យ

ការ​ផ្តល់​ប្រឹក្សា​ គឺ​ជា​ការ​ផ្តល់​សេវាកម្ម​ដ៏​ចាំបាច់​ និង មិន​អាច​ខ្វះ​បាន​ក្នុង​ទីផ្សារ​បច្ចុប្បន្ន។ ជា​ការពិត មាន​ប្រភេទ​នៃ​ការ​ផ្តល់​សេវាកម្ម​ប្រឹក្សា​ជា​ច្រើន ដូចជា ប្រឹក្សា​ផ្នែក​ច្បាប់ ផ្នែក​ជំនួញ និង ផ្នែក​ស្រាវ​ជ្រាវ​សង្គម​ជា​ដើម។ កត្តា​ដ៏​ចាំ​បាច់​សម្រាប់​ការ​ផ្តល់​សេវាកម្ម​ប្រឹក្សា​បែប​ឯករាជ្យ​នេះ គឺ​ចំណេះដឹង​យ៉ាង​ពិតប្រាកដ ដែល​អាច​ផ្តល់​ជា​ដំណោះ​ស្រាយ​ដល់ អតិថិជន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ 

ជាទូទៅ អ្នក​ផ្តល់​ប្រឹក្សា​ឯករាជ្យ​មិន​ត្រូវ​ចំណាយ​ដើម​ទុន​នោះ​ទេ ហើយ​ក៏​មិន​ចាំបាច់​ជួល​បុគ្គលិក ឬ ការិយាល័យ​នោះ​ដែរ​ពោល​គឺ ធ្វើ​តែ​ម្នាក់​ឯង​ក៏​បាន។ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​អ្នក​ជំនាញ​ផ្តល់​សេវាកម្ម​ឯករាជ្យ​មួយ​ចំនួន​ផង​ដែរ ជា​ពិសេស​ជន​បរទេស និង ជន​ជាតិ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​សិក្សា​នៅ​បរទេស។ ​ផ្ទះ​អ្នក​​ក៏​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​បាន​ដែរ។ ​

៣) សេវាកម្ម​បង្រៀន​តាម​ផ្ទះ

អាជីវកម្ម​ប្រភេទ​នេះ កំពុង​មាន​ការ​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា ព្រោះ វា​មិន​ទាមទារ​ការ​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ ​ហើយ​មិន​ត្រូវ​ការ​ជួល​អគារ មិន​ត្រូវ​ការ​បង់​ទឹក​ភ្លើង មិន​ត្រូវ​ការ​ជួល​បុគ្គលិក​ច្រើន​​ដែរ។ នៅ​ពេល​ដែល​ដំណើរ​ការ​ដំបូង នោះ​មិន​ចាំ​បាច់​ត្រូវ​ជួល​បុគ្គលិក​ក៏បាន​ ឲ្យ​អ្នក​បង្កើត​អាជីវកម្ម​នេះ មាន​ជំនាញ​គឺ​ជា​ការ​ស្រេច។ នៅ​ពេល​អ្វីៗ​ដំណើរ​ការ​ប្រសើរ ការ​ជ្រើស​រើស​បុគ្គលិក​បន្ថែម គឺ​អាច​ធ្វើ​ឡើង​ជា​ក្រោយ​ក៏​មិន​ទាន់​យឺត​ពេល​ដែរ។

៤) សេវាកម្ម​ថែ​ទាំ​ក្មេង

ដោយសារ​តែ​ភាព​មមាញឹក និង ការងារ ឪពុក​ម្តាយ​ភាគ​ច្រើន គ្មាន​ពេល​វេលា​ណា​ដើម្បី​មើលថែ កូនៗ​របស់​គេ​នោះ​ទេ។ ដូច្នេះហើយ ឪពុក​ម្តាយ​ទាំងនោះ​តែង​តែ​ស្វែង​រក​សេវាកម្ម​ប្រភេទ​នេះ។ សម្រាប់​អ្នក​ដែល​ចង់​ប្រកបរបរ​នេះ មិន​ចាំ​បាច់​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ គឺ​គ្រាន់​តែ​ត្រូវការ​បុគ្គលិក​ម្នាក់ ឬ ពីរ​នាក់ ឬ ធ្វើ​វា​ដោយ​ខ្លួន​ឯង​ក៏​បាន គ្រាន់​តែ​ទាមទារ​ភាព​អត់​ធ្មត់​ប៉ុណ្ណោះ និង​បទ​ពិសោធ​ទាក់ទង​នឹង​ថែទាំ​ក្មេង​ខ្លះៗ៕

បាតុកម្មទម្លាក់មេដឹកនាំក្រាញអំនាចរបស់ប្រទេស_Burkina_Faso



០១ វិច្ឆិការ ២០១៤
.......................
២ថ្ងៃកន្លងមកហើយដែលប្រជាជនប្រទេស Burkina Faso រាប់ម៉ឺននាក់បានចុះធ្វើបាតុកម្មដើម្បីប្រឆាំងនឹងច្បាប់ដែលរៀបនឹង
ធ្វើវិសោធនកម្មទៅលើអាណត្តិប្រធានាធិបតី ដែលបានចែងថា
“ប្រធានាធិបតី១រូបរបស់ Burkina Faso កាន់អំនាចបានតែ ២អាណត្តិទេ”
តែដោយសារលោក Kompa Orre ជាបុគ្គលក្រាញអំនាច លោកបាន
ដឹកនាំប្រទេសនេះអស់រយៈពេល ២៧ ឆ្នាំមកហើយ(១៩៨៦) លោកចង់
បន្តរកាន់អំនាចតទៀតទើបលោកចង់ធ្វើវិសោធនកម្មច្បាប់កំនត់អាណត្តិ
ប្រធានាធិបតីនេះ។

ប្រជាជន Burkina Faso ដែលមានអាយុក្រោល ២៥ឆ្នាំចំនួន ៦០%
នៃប្រជាជនទូទាំងប្រទេស កើតមកបានស្គាល់តែមេដឹកនាំម្នាក់គត់គឺលោក
Kompa Orre នេះឯង ដូច្នេះហើយបានជាប្រជាជនចង់ផ្លាស់ប្តូរមេដឹក
នាំស្លែងកាន់មួយរូបនេះចេញ។

តាមព៌ត័មានលោក Kompa Orre បានប្រកាសរំលាយគណៈរដ្ឋមន្ត្រី និង
ចុះចេញពីតំណែងហើយកាលពីម្សិលមិញនេះ។
បាតុកម្មនេះបណ្តាលឲ្យស្លាប់ ៣០នាក់ និងរបួសជាង ១០០នាក់

Burkina Faso ឥឡូវត្រូវគ្រប់គ្រងដោយពួកយោធាបណ្តោះអាសន្ន
រហូតរៀបចំការបោះឆ្នោះមួយត្រឹមត្រូវទើបប្រគល់អំនាចឲ្យទៅប្រធានា
ធិបតីថ្មីវិញ។

ចលនានេះនឹងរាលដាលដល់ប្រទេសដែលមានមេដឹកនាំក្រាញអំនាច
ផ្តាច់ការយូរឆ្នាំ, ធ្វើបាបរាស្ត្រ ដូចជា កម្ពុជា, វៀតណាម, ចិន....


By:Eng Vanna