Friday, October 31, 2014

កម្ពុជា​-​ថៃ អនុម័ត​គម្រោង​ស្ពាន​ផ្លូវដែក​ត​ភ្ជាប់​ច្រករបៀង​សេដ្ឋកិច្ចនៅ​ភាគខាងត្បូង​ប្រទេស​​កម្ពុជា​


រូបតំណាង​​ប្រភព៖​ http://www.railpictures.net
​គណៈរដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​​ និង​​​ព្រះរាជាណាចក្រ​​ថៃ ​បាន​​​​អនុម័ត​គម្រោង​ស្ពាន​ផ្លូវដែក​រវាង​ប្រទេស​កម្ពុជា និង​ថៃ ​ដើម្បី​សម្រេចបាន​នូវ​ការតភ្ជាប់​ច្រករបៀង​សេដ្ឋកិច្ច​នៅ​ភាគខាងត្បូង​ប្រទេស​។ ​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​គេហទំព័រ​ក្នុងស្រុក​របស់​ថៃ​។​

​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ បានអនុម័ត​នូវ​គោលការណ៍​នៃ​ការ​ស្ថាបនា​​ស្ពាន​ផ្លូវដែក​កម្ពុជា​-​ថៃ ដូច​ដែល​បាន​ស្នើ​ឡើង​ដោយ​ក្រសួង​ដឹកជញ្ជូន​​ថៃ​ (MOT)​ ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ។

​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ (MOT) បានស្នើ​ទៅ​គណៈរដ្ឋមន្ត្រី ​ថៃ​ ​​​​ថៃ​ថា​ខ្លួន​មាន​ការ​ប្ដេជ្ញា​ចិត្ត​​ដើម្បី​ស្ថាបនា​​​​​​ស្ពាន​​ផ្លូវដែក​អារ៉ានីយ៉ា​​ផ្រា​ថេត-​ខ្លុង​ឡឹ​ក (Aranya Prathet - Khlong Leuk) ​​និង​ស្ពាន​​​​​ផ្លូវ​ដែក​កម្ពុជា​-ថៃ​ ​​ខណៈ​ដែល​​ទំនាក់ទំនង​​​មិត្តភាព​រវាង​ប្រទេស​កម្ពុជា-​ថៃ​​កាន់​តែ​ប្រសើរ​ឡើង​​។ ​​ស្ពាន​ផ្លូវដែក​នេះ ក៏​នឹង​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ​ និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ ២០១៥​ផង​ដែរ។​

​ក្រសួង​ដឹកជញ្ជូន​ថៃ​​ (MOT) ផ្លូវ​រថភ្លើង​រដ្ឋ​រប​ស់​ថៃ (SRT) និង​ក្រសួងការបរទេស ​ថៃ​(MFA) បច្ចុប្បន្ន ត្រូវ​បាន​តែង​តាំង​​​​​ក្នុង​ក្រប​ខណ្ឌ​នៃ​​ការ​ធ្វើ​ទំនាក់ទំនង​​​ជា​មួយ​​​ប្រទេស​កម្ពុជា​​​​ដើម្បី​កាត់​បន្ថយ​​រាល់​ឧបសគ្គ​ណាមួយ​ដែល​កើតឡើង​ក្នុង​តំបន់​ព្រំដែន​។​

​ការសាងសង​ស្ពាន​ថ្មី​នេះ នឹង​ជួយ​បំពេញ​នូវ​បណ្តាញ​ដឹកជញ្ជូន​នៃ​ច្រករបៀង​សេដ្ឋកិច្ច ភាគ​ខាង​ត្បូង ដែល​នឹង​អាចជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ​វិនិយោគ ទេសចរណ៍ និង​ការដឹកជញ្ជូន​អ្នកដំណើរ​។ 

​​​​ដោយ​ឡែក​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ប្រាយុទ្ធ​ ចាន់​អូចា​ ​នាយក​រដ្ឋមន្ត្រី​ថៃ​មក​កម្ពុជា​ ​​កាល​ពី​ម្សិលមិញ​ ​លោក​ឧត្ដមសេនីយ៍​ថា​ណៈសាក់ ​ប៉ាទិម៉ា​ប្រាកន ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​សម​ភាគី​កម្ពុជា​គឺ ​​ឯក​ឧត្តម​​​ឧប​នាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ផង​ដែរ​ ដោយ​កិច្ច​ពិភាក្សា​​ផ្តោត​លើ​ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​តាម​ ព្រំដែន​និង​ការ​បើក​ច្រក​ព្រំដែន​ចំនួន​៤ ​ដូច​ជា​ច្រក​អានសេះ ​ច្រក​ភ្នំ​ដី ​ច្រក​ថ្មដា ​និង​ច្រក​ជប់​គគីរ​៕

អ្នក​ស្រាវជ្រាវ​អះអាង​ថា ១០០ឆ្នាំ​ទៀត​ប្រទេស​ជប៉ុន​នឹង​រលាយ​បាត់​រូប​ពី​ផែនដី ដោយ​សារ​ផ្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ដី!


ប្រទេស​ជប៉ុន​​ឧស្សាហ៍​កើន​មាន​បន្ទុះ​ភ្នំភ្លើងប្រភព៖​ science.com , abduzeedo.com
នា​មួយ​រយ​ឆ្នាំ​ខាង​មុខ​នេះ ប្រទេស​ជប៉ុន​ទាំងមូល​នឹង​ត្រូវ​បាន​បំផ្លាញ​ខ្ទេច​គ្មាន​សល់​ដោយ​ភ្នំភ្លើង​ផ្ទុះ​យ៉ាង​គំហុក​បំផុត មិន​ធ្លាប់​មាន។ នេះ​មិន​មែន​ជា​ការ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ទេ ប៉ុន្តែ​ជា​ការ​សន្និដ្ឋាន​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ ដែល​ធ្វើ​ឡើង​ដោយ​សាស្ត្រាចារ្យ​ជន​ជាតិ​ជប៉ុន​តែ​ម្ដង។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​កូបេ (Kobe University) ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ជប៉ុន​មាន​ភ្នំភ្លើង​រស់​ដែល​មិន​ទាន់​បញ្ចេញ​សកម្មភាព​ចំនួន​មួយ​រយ​កន្លែង ដូចនេះ ប្រសិនបើ​ភ្នំភ្លើង​ទាំងនេះ​ផ្ទុះ​ឡើង នឹង​គម្រាម​កំហែង​ជីវិត​មនុស្ស ១២៧ លាន​នាក់។

សាស្ត្រាចារ្យ​ យ៉ូស៊ីយ៉ូគី​តាតស៊ូមី (Yoshiyuki Tatsumi) និង​សាស្ត្រាចារ្យ​រង កេកូ​ស៊ុយ​ហ្ស៊ុយគី (Keiko Suzuki) បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ដល់​រណ្ដៅ​ភ្នំភ្លើង​មួយ​កន្លែង​នៅ​កោះ​គ្យូស៊ូ (Kyushu Island)។ អស់​លោក​សន្និដ្ឋាន​ថា គ្រាន់តែ​ភ្នំភ្លើង​នេះ​តែ​មួយ ប្រសិនបើ​ផ្ទុះ​ឡើង នឹង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​ប្រាំពីរ​លាន​នាក់​ឯណោះ។ មិន​ត្រឹម​ប៉ុណ្ណឹង កំអែ​ភ្នំភ្លើង​ជា​ផេះ​ដែល​បាន​ហុយ​ឡើង​ទៅ​ក្នុង​អាកាស នឹង​បង្ក​ជា​ចំហាយ​ពុល​ពេញ​ស្រទាប់​បរិយាកាស​នៅ​លើ​កោះ​ហុងស៊ូ (Hongsu) ហើយ​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​លើ​កោះ​នោះ​ទាំង​អស់​រក​អុកស៊ីហ្សែន​ដក​ដង្ហើម​គ្មាន។

សាស្ត្រាចារ្យ​ទាំង​ពីរ​រូប​នៅ​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស្ដីពី​ទីក្រុង​កូបេ ដែល​អាច​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ​មហិមា នា​សាមសិប​ឆ្នាំ​ខាង​មុខ​។ លោក​ថា​អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត គឺ​ភ្នំភ្លើង​ផ្ទុះ​ដោយ​គ្មាន​ផ្ដល់​សញ្ញា​អ្វី​ទាំង​អស់ តួយ៉ាង​ដូច​ជា​ភ្នំភ្លើង​អុនតាកេ (Ontake) ដែល​បាន​ផ្ទុះ​កន្លង​មក​ហើយ​បណ្ដាល​ឲ្យ​អ្នក​ឡើង​ទៅ​លើ​ភ្នំ​ស្លាប់​ហាសិប​នាក់។ 

មាន​របាយការណ៍​បង្ហាញ​ថា​មាន​ចលនា​រលក​រញ្ជួយ​នៅ​តំបន់​ភ្នំភ្លើង​ច្រើន​កន្លែង​ទូទាំង​ប្រទេស​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​ ហើយ​ភ្នំភ្លើង​ដែល​គ្រោះ​ថ្នាក់​គឺ​ស្ថិត​នៅ​ចម្ងាយ​តែ​៦៤គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​បរមាណូ។ ខាង​លើ​នេះ​ជា​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​ការ​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​ផ្នែក​ផែនដី​វិទ្យា​ទាំងពីរ​រូប​ខាង​លើ ដោយ​អស់លោក​បាន​អះអាង​ថា​នេះ​មិន​មែន​ជា​ការ​និយាយ​បំផ្លើស ឬ​បំប៉ោង​សភាពការណ៍​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ។ អស់​លោក​បន្ត​ទៀត​ថា​លទ្ធភាព​ដែល​ថា​បាតុភូត​ភ្នំភ្លើង​ផ្ទុះ​និង​រញ្ជួយ​ដី​ទូទាំង​ប្រទេស​ជប៉ុន​នោះ គឺ​មាន​ភាគរយ​តិច​មែនទែន​ត្រឹម​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​ក៏​មិន​ត្រូវ​មើល​ស្រាល​នោះ​ដែរ។ 

ខាង​លើ​នេះ​ជា​សេចក្ដី​សន្និដ្ឋាន​របស់​សាស្ត្រាចារ្យ​ទាំង​ពីរ​រូប ហើយ​ត្រូវ​បាន​សារព័ត៌មាន​ល្បីៗ​ចុះ​ផ្សាយ​ព្រោងព្រាត ប៉ុន្តែ​ថា​តើ​អំណះអំណាង​នេះ​ត្រូវ​បាន​អ្នក​សិក្សា​ដទៃ​ទៀត​អាច​ទទួល​យក​បាន ឬ​យ៉ាង​ណា វា​ជា​រឿង​ផ្សេង ព្រោះ​មាន​ពីរ​ករណី​កើត​ឡើង គឺ​ទី​មួយ តើ​បន្ទុះ​ភ្នំភ្លើង និង​រញ្ជួយ​ផែនដី​ដែល​អស់​លោក​អះអាង​នោះ កើត​មែន ឬ​ទេ? ហើយ​ប្រសិនបើ​កើត​ឡើង​មែន តើ​ទំហំ​នៃ​ការ​ខូច​ខាត​ពិត​ជា​ធំធេង​ដូច​ការ​អះអាង​ឬ​យ៉ាង​ណា? ដូចនេះ សូម​អស់​លោក​អ្នក​អាន​កុំ​មាន​ការ​ភ្ញាក់ផ្អើល​ធ្វើ​អ្វី ព្រោះ​វា​អាច​ជា​ការ​ពិត ឬ​មិន​ពិត ព្រោះ​សូម្បី​តែ​អស់​លោក​ទាំង​ពីរ​រូប ក៏​សន្និដ្ឋាន​ថា​លទ្ធភាព​ដែល​កើត​មហន្តរាយ​ដល់​ថ្នាក់​ហ្នឹង​គឺ​តិច​ណាស់ ត្រឹម​មួយ​ភាគរយ​ប៉ុណ្ណោះ៕

កំណត់​សម្គាល់ : ភ្នំភ្លើង​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ជាង ៤៥២។ ក្រៅពីនោះ ជប៉ុន​ជា​ប្រទេស​ដែល​ឧស្សាហ៍​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ញឹក​ញាប់​បំផុត ព្រោះ​ស្ថិត​នៅ​លើ​ស្រទាប់​ផែនដី​ស្ដើង ហេតុ​នេះ​ហើយ​បាន​ជា​ប្រឈម​នឹង​គ្រោះ​រញ្ជួយ​ដី និង​ភ្នំភ្លើង​​ផ្ទុះ​។ ចំណោម​គ្រោះ​រញ្ជួយ​ដី​ទូទាំង​ពិភពលោក គឺ​៩០% កើត​មាន​នៅ​ជប៉ុន។

តាមពិត ផែនដី​នេះ​មិន​មែន​តាន់​ទេ គឺ​ប្រហោង​ក្នុង។ សម្បក​ផែនដី​មាន​កម្រាស់​ត្រឹម ៥០-៧០ គីឡូម៉ែត្រ​ប៉ុណ្ណោះហើយ​ស្នូល​ផែនដី​សុទ្ធ​តែ​ភ្លើង​ឆេះ​និង​ល្បាយ​លោហធាតុ​រាវ ដែល​កំពុង​ពុះ​ក្នុង​កម្ដៅ​រាប់​ពាន់​អង្សា។ អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ភ្នំភ្លើង មុន​ដំបូង​ជា​ដីរាប​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​កំអែ​ភ្នំ​ភ្លើង​ដែល​ព្រួស​ចេញ​ល្បាយ​រាវ​ពី​ក្នុង​ផែនដី​ហើយ​គ​លើ​គ្នា​ច្រើន​ទៅៗ ក៏​ក្លាយ​ជា​ភ្នំ​តែ​ម្ដង៕​​


Wednesday, October 29, 2014

ត្បូង​ដ៏​មាន​តម្លៃ​ ​និង​កម្រ​បំផុត​ទាំង​ ​១០​ប្រភេទ​នៅ​ក្នុង​ពិភព​លោក​



​​ដូច​​​​​​​​​​មិត្ត​អ្នក​អាន​ធ្លាប់​​​​បាន​ដឹង​រួច​ទៅ​ហើយ​ថា​​ ​ត្បូង​​ជា​វត្ថុ​មាន​តម្លៃ​ជាង​គេ។ ​​​ត្បូង​ពេជ្រ​​​មាន​តម្លៃ​មិន​ដូច​គ្នា​ទេ។ ​តម្លៃ​របស់​វា​ខុស​គ្នា​​​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​រួម​មាន​​ភាព​កម្រ​​​ ​គុណ​ភាព​ ​និង​សោភណភាព​របស់​វា។ ​​ខាង​ក្រោម​នេះ ​​គឺ​ជា​ត្បូង​ពេជ្រ​មាន​តម្លៃ​ទាំង​ ១០​ក្នុង​លោក។ ​​​

​ត្បូង​​​​ Tanzanite 

ប្រភេទ​ត្បូង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជើង​ភ្នំ​ Kilimanjaro នៅ​ភាគ​ខាង​​ជើង​ប្រទេស​តង់ហ្សានី​។ ត្បូង​នេះ​មាន​ពន្លឺ​ពណ៌​ស្វាយ​ខៀវ​ចាំង​ផ្លេក​មាន​តម្លៃ​ខ្ពស់​បំផុត​​ហើយ​ត្រូវ​បាន​គេ​​​​រក​ឃើញ​ក្នុង​រយៈ​​ចន្លោះ​ពេល​​ពី​ ​២០​ទៅ​៣០​ឆ្នាំ​​មុន។ ​រហូត​មក​ដល់​ពេល​នេះ​ ​​ត្បូង​នេះ​នៅ​តែ​មាន​តម្លៃ​ ​និង​ជា​ទី​ប្រាថ្នា​របស់​​មនុស្ស​មួយ​ចំនួន​ដែល​​ធ្លាប់​​ស្គាល់​សោភណភាព​របស់​វា​។

​​​

​ត្បូង​ Taaffeite (អាន​ថា Tar-fite)

ត្បូង​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​ត្បូង​វិទូ​ជាតិ​អូស្ត្រាលី​​​លោក Richard Taaffe ដែល​ជា​អ្នក​រក​ឃើញ​បំណែក​ថ្ម​ដែល​គេ​កាត់ ​​និង​ដុស​ខាត់​រួច​ជា​ស្រេច​កាល​ពី​ឆ្នាំ​១៩៤៥​។​ ​​ត្បូង​ប្រភេទ​នេះ​មាន​​មិន​សូវ​ច្រើន​ទេ ​​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ត្បូង​នេះ​ក្លាយ​ជា​ត្បូង​ដែល​គេ​ប្រាថ្នា​ចង់​ទិញ​​។ ត្បូង​នេះ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ស្រីលង្កា​ និង​តង់ហ្សានី​។ ​រហូត​មក​ពេល​នោះ​ ត្បូង​ Taaffeite នៅ​តែ​ជា​ប្រភេទ​ត្បូង​ដ៏​កម្រ ​​និង​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ពិភព​លោក​។

ត្បូង​ Black Opal

​ប្រភេទ​ Opal ដ៏​កម្រ​នេះ​ជា​ត្បូង​​របស់​ប្រទេស​​អូស្ត្រាលី​។ ត្បូង​ Black Opal ក៏​ជា​ប្រភេទ​ត្បូង​ដ៏​មាន​តម្លៃ​បំផុត​មួយ​ប្រភេទ​ដែរ​។ត្បូង​ Black Opal ស្ទើរ​តែ​ទាំង​អស់​មាន​ប្រភព​ចេញ​មក​ពី​អណ្ដូង​រ៉ែ​ Lightning Ridge នៅ​រដ្ឋ​ញូវសៅវែល​។ ដោយ​ហេតុ​តែ​ត្បូង​មាន​ពន្លឺ​ខ្មៅ​ចែង​ចាំង​ ​និងភាព​កម្រ​របស់​វា​​ទើប​ធ្វើ​ឲ្យ​ត្បូង​នេះ​មាន​តម្លៃ​រហូត​ដល់ ​​២ ៣០០​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​​។​

ត្បូង Benitoite

ត្បូង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ទន្លេ​ San Benito នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ហើយ​មាន​ពណ៌​ខៀវ​លាយ​ស្វាយ​ជា​ប្រភេទ​ត្បូង​ទី​មួយ​ដែល​គេ​រក​ឃើញ​កាល​ពី​ឆ្នាំ​១៩០៧​។ ប្រភេទ​ត្បូង​ស្រដៀង​គ្នា​នេះ​​​ក៏​មាន​នៅ​រដ្ឋ​អាកាន់​សាស់​ និង​ប្រទេស​ជប៉ុន​ដែរ​​ ប៉ុន្តែ​​រហូត​មក​ដល់​​ពេល​នេះ​​មាន​តែ​អណ្ដូង​រ៉ែ​ពាណិជ្ជ​កម្ម​មួយ​ប៉ុណ្ណោះ​ស្ថិត​នៅ​ក្នុង​ស្រុក​ San Benito រដ្ឋ​កាលី​ហ្វ័រ​ញ៉ា​។ ត្បូង​នេះ​​​ជា​ត្បូង​ដែល​មាន​ការ​ចង់​បាន​ពី​ឈ្មួញ​ខ្លាំង​បំផុត។ ត្បូង​ San Benito ត្រូវ​បាន​គេ​​​ទិញ​យក​ទៅ​ធ្វើ​​ជា​គ្រឿង​អលង្ការ។​​

ត្បូង​ Red Beryl

ត្បូង​ Red Beryl នេះ​គេ​អាច​ហៅ​​ម្យ៉ាង​ទៀត​ថា​ ត្បូង​ Scarlet ឬក៏ Bixbite ក៏​បាន​ដែរ​។ ត្បូង Red Beryl ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ Utah និង​រដ្ឋ​ញូវ​ម៉ិក​ស៊ីកូ​ ហើយ​មាន​តែ​អណ្ដូង​រ៉ែ​ពាណិជ្ជ​កម្ម​តែ​មួយ​គត់​ត្រូវ​បាន​រក​ឃើញ​នៅ​​​តំបន់​ភ្នំ​ Wah Wah ​នៃ​រដ្ឋ​ Utah។

ត្បូង​ Red Beryl នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ​​ជា​​ត្បូង​មាន​តម្លៃ​ថ្លៃ​ជាង​មាស​ ​១០០០​ដង​ទៅ​ទៀត​ដាក់​លក់​ក្នុង​តម្លៃ​ជាង​ ​២ ០០០​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​ ហើយ​អាច​មាន​តម្លៃ​រហូត​ដល់​ ​១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​ក៏​មាន​ដែរ​​អា​ស្រ័យ​ទៅ​តាម​​គុណភាព​របស់​វា​។

​ត្បូង​ Alexandrite

​ត្បូង​ដ៏​កម្រ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​បុរស​ជាតិ​រុស្ស៊ី​​ម្នាក់​គឺ​លោក Tsar Alexander II ហើយ​គេ​គិត​ថា​ ត្បូង​នេះ​ត្រូវ​បាន​គេ​ជីក​រក​ឃើញ​បន្ទាប់​ពី​ស្រទាប់​រ៉ែ​ដំបូង​នៅ​ឆ្នាំ​១៨៣០​នៅ​តំបន់​ភ្នំ​ Ural ប្រទេស​រុស្ស៊ី​។ ​រ៉ែ​​ដ៏​កម្រ​ និង​មាន​តម្លៃ​នេះ​ស្ទើរ​តែ​រីង​ស្ងួត​អស់​ហើយ​។​​ ការ​រក​ឃើញ​ប្រភព​​រ៉ែ​ត្បូង​នា​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ប្រេស៊ីល​ អាហ្វ្រិក​ខាង​កើត និង​ស្រីលង្កា​​ ​​បាន​ធ្វើ​ឲ្យ​ត្បូង​នេះ​វិល​ទៅ​រក​ទី​ផ្សារ​វិញ​ ប៉ុន្តែ​វា​នៅ​តែ​ជា​ប្រភេទ​ត្បូង​ដ៏​មាន​តម្លៃ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក​​ទេ។

​

ត្បូង​ Jadeite

ត្បូង​ Jadeite នេះ​ស្ដាប់​ទៅ​ដូច​ជា​ពពួក​ត្បូង​មាន​តម្លៃ​មធ្យម​ផ្សេង​ទៀត​ដែល​គេ​ស្គាល់​មិន​ច្បាស់​ថា​ «ត្បូង Jade» អ៊ីចឹង​ដែរ​ ប៉ុន្តែ​​ត្បូង​ដ៏​កម្រ​មាន​នេះ​ ​មាន​តម្លៃ​ជាង​ត្បូង​ប្រភេទ​​មធ្យម​​ជា​ច្រើន​ដង​ទៅ​ទៀត​។ វា​កាន់​តែ​មាន​តម្លៃ​ថ្លៃ​ ​នៅ​ពេល​វា​មាន​ពន្លឺ​ពណ៌​បៃ​តង​ខ្លាំង។ ត្បូង​នេះ​ត្រូវ​រក​ឃើញ​កាល​ពី​ឆ្នាំ​១៩៩៧​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ត្បូង​ Jadeite នេះ​អាច​លក់​បាន​តម្លៃ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ការ៉ាត់​នៅ​ពេល​គេ​ច្នៃ​រួច​ហើយ។

​

ត្បូង Musgravite

ត្បូង​នេះ​ស្ថិត​នៅ​ក្នុង​ពពួក​ត្បូង​ Taaffeite ដែល​មាន​ពន្លៃ​ពណ៌​ប្រផេះ​លាយ​បៃ​តង​ និង​ពណ៌​ស្វាយ​។ ត្បូង​ Musgravite ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​១៩៦៧​នៅ​ដង​ភ្នំ Musgrave នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី​ ហើយ​ថ្មី​ៗ​នេះ​ ចំនួន​ត្បូង​ Musgravite​ ត្រូវ​គេ​​​​រក​ឃើញ​ថា​មាន​ចំនួន​តិច​តួច​​នៅ​តំបន់​គ្រីន​ឡេន ​តំបន់​អង់​តាក់​ទិក ​ប្រទេស​ស្រី​លង្កា ​ម៉ាដាហ្គាស្កា និង​តង់ហ្សានី​។ ​​វា​ជា​​ប្រភេទ​ត្បូង​កម្រ​ និង​មាន​តម្លៃ ​​៣៥ ០០០​ដុល្លារ​ ឬក៏​ខ្ពស់​ជាង​នេះ​ក្នុង​មួយ​ការ៉ាត់។

ត្បូង​ Painite

ត្បូង​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​​ជីវវិទ្យា​គឺ​លោក Arthur C.D. Paine ជា​ត្បូង​មាន​ពណ៌​ត្នោត​ខុស​ពី​ធម្ម​តា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​ត្បូង​ប្រភេទ​នេះ​​​ ​ជា​ត្បូង​​កម្រ​មាន​​នៅ​ក្នុង​ពិភព​លោក​។​​​ ​​​ត្បូង​ប្រភេទ​នេះ​ ​​មាន​តម្លៃ​ពី​ ៥​ ម៉ឺន​ដុល្លារ​ទៅ​ ​៦​ម៉ឺន​ដុល្លារ​សម្រាប់​ត្បូង​ពណ៌​ទឹក​ក្រូច​លាយ​ពណ៌​ក្រហម​ត្នោត​។

​ត្បូង​ Pink Star Diamond​

​ត្បូង​ពេជ្រ Pink Star Diamond នេះ​ត្រូវ​បាន​ជីក​រក​ឃើញ​នៅ​ឆ្នាំ​១៩៩៩ ​​នៅ​អាហ្វ្រិក​ខាង​ត្បូង​។​ ត្បូង​ពេជ្រ​នេះ ​មាន​ទម្ងន់ ​​៥៩,៦​ការ៉ាត់​ ហើយ​ត្រូវ​ក្រុម​ហ៊ុន​ដេញ​ថ្លៃ​​ Sotheby ដាក់​លក់​​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ ​​រហូត​ដល់​ ​៨៣​លាន​ដុល្លារ​​អាមេរិក​គឺ​ថ្លៃ​ជាង​ត្បូង​ពេជ្រ​ដទៃ​ទៀត៕

បាតុកម្ម​​​វៀតណាម​ប្រឆាំង​ចិន​កំពុង​​ផ្ទុះ​ឡើង​កាន់តែ​​ខ្លាំង​​​ដល់​២២​ខេត្ត

អណ្តាតភ្លើង​ឆេះ​ចេ​ញ​ពី​អាគារ​រោងចក្រ​ Maxim របស់​ចិន​ក្នុង​​ខេត្ត​ Binh Duong ​ប្រភព៖​ japantimes
គិត​មក​ដល់​​ថ្ងៃ​សុក្រ​នេះ​ ស្ថានភាព​​នៃ​ការ​ធ្វើ​បាតុកម្ម​ឈាន​ដល់​មាន​អំពើ​​ហិង្សា​​នៅ​តាម​បណ្តា​​ខេត្ត​​នៅ​ប្រទេស​វៀតណាម​​​ ត្រូវ​បាន​គេ​រាយការណ៍​​មក​ថា ​​​កើន​ឡើង​ដល់​ ២២​​ខេត្ត​​ហើយ​។

ប្រភព​​ចុងក្រោយ​​ពី​​អាជ្ញាធរ​ទីក្រុង​ហាណូយ​​បាន​ឲ្យដឹង​ថា ​បាតុកម្ម​ហិង្សា​​បាន​ផ្ទុះ​​ឡើង​​រីក​កាន់តែ​ខ្លាំង​​លើ​​បណ្តា​ខេត្ត​ក្រុង​​ចំនួន​២២ ក្នុង​​ចំណោម​ខេត្ត​សរុប​របស់​ខ្លួន​ទូទាំង​ប្រទេស​​ចំនួន ​៦៣​ខេត្ត សំដៅ​​ទៅ​រោងចក្រ​ធំៗ​របស់​ចិន​ដែល​មាន​វត្តមាន​នៅ​​ក្នុង​ប្រទេស​នេះ ជុំវិញ​ជម្លោះ​កាន់កាប់​ដែន​កោះ​ខាងលើ។ 

មកទល់​នឹង​ពេល​នេះ ​គេ​​បាន​រាយការណ៍​ថា ​មាន​កម្មករ​ចិន​ម្នាក់​​បាន​ស្លាប់ និង​​ប្រមាណ​ជា ​១៥០​នាក់ ទៀត​បាន​រង​របួស​ បន្ទាប់​ពី​ក្រុម​បាតុករ​វៀតណាម​ចូល​អុកឡុក​រោងចក្រ​​​ចិន ​៤ កន្លែង​នៅ​ក្នុង​ខេត្ត​ Ha Tinh ​ភាគ​កណ្ដាល​វៀតណាម ខណៈ​ដែល​ប្រជាជន​ចិន​​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​​កំពុង​ចាកចេញ​ជា​បណ្តើរៗ​​ពី​ប្រទេស​នេះ​តាម​ច្រកព្រំដែន​ចូល​មក​កាន់​ទឹកដី​កម្ពុជា។​​​​​​​​

ជុំវិញ​​​ការ​ផ្ទុះ​អំពើ​ហិង្សា​ខាងលើ​​​អ្នកនាំពាក្យ​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​​​​ទីក្រុង​ប៉េកាំង​លោក Hua Chunying​ ​បាន​ចោទ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ថា នេះ​គឺ​ជា​​ចេតនា​ពិតប្រាកដ​របស់​​​វៀតណាម​ដែល​​បាន​ឃុបឃិត​ជា​មួយ​ក្រុម​បាតុករ​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​នេះ​ឡើង​ប្រឆាំង​​ទៅ​នឹង​កម្មករ​ជនជាតិ​ចិន​​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នេះ​។ ​

ពី​ក្រសួង​ការបរទេស​ចិន​ក៏​បាន​​បង្គាប់​​ផង​ដែរ​ឲ្យ​អាជ្ញាធរ​វៀតណាម​ត្រូវ​​មាន​ដំណោះស្រាយ​ និង​ចាត់វិធានការ​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នៅ​ពេល​នេះ ព្រមទាំង​ត្រូវ​ធានា​សុវត្ថិភាព​ដល់​អាយុជីវិត​ជនជាតិ​ចិន និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​មាន​នៅ​លើ​ទឹកដី​វៀតណាម​ទាំងអស់។ ​

ក្រៅ​ពី​នេះ​ក៏​មាន​ដែរ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ចិន​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទាំងអស់​​ផ្អាក​កាល​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន​ទៅ​ទីក្រុង​ហាណូយ ដោយ​រង់ចាំ​មើល​ស្ថានភាព​​ស្ងប់ស្ងាត់​ឡើង​វិញ​សិន ខណៈ​ដែល​បាតុកម្ម​ផ្ទុះ​​ទៅ​ជា​អំពើ​ហិង្សា​កំពុង​កើន​កម្តៅ​កាន់តែ​ធំ​ឡើង​​ពី​សំណាក់​ប្រជាជន​វៀតណាម​មក​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន៕

មេ​ដឹក​នាំ​ G7 ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ លើ​​រុស្ស៊ី​ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន


មេដឹក​នាំ​ជG7 ជួប​ប្រជុំ​នៅ​ទី​ក្រុុងឡាអេ​ប្រទេស​ហូឡង់ប្រភព៖​ AFP
ក្រុម​មេ​ដឹក​នាំ​ប្រទេស​ខាង​ឧស្សាហកម្ម​ទាំង​៧​(G7)​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​ប្រ៊ុចសែល​បាន​និយាយ​ថា ពួកគេ​ត្រៀម​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​​ជុំ​វិញ​វិបត្តិ​នៅ​អ៊ុយក្រែន​។ 

​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ​បាន​រិះ​គន់​ទី​ក្រុង​មូស្គូ​ចំពោះ​ការ​បំពាន​ជា​បន្ត​បន្ទាប់​របស់​ខ្លួន​ទៅ​លើ​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន​។ ​កិច្ច​ប្រជុំ​កំពូល​នេះ​គឺ​ជា​កិច្ច​ប្រជុំ​ដំបូង​តាំង​ពី​រុស្ស៊ី​ត្រូវ​បាន​ដក​ចេញ​ពី​សមាជិក​ក្រុម​ប្រទេស ​G7​ ក្រោយ​ពី​មាន​ការ​ដណ្ដើម​គ្រប់​គ្រង​តំបន់​គ្រីមា​កាល​ពី​ខែ​មីនា​។

​មុន​នេះ​នៅ​ប្រទេស​ប៉ូឡូញ ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា​ បាន​ព្រមាន​ក្រុង​មូស្គូ​ប្រឆាំង​នឹង​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​តាក់​ទិច​ខ្មៅ​ងងឹត​នៅ​អ៊ុយក្រែន។

លោក អូបាម៉ា​ កំពុង​តែ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​អឺរ៉ុប​ ហើយ​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ចូល​រួម​ពិធី​រំឭក​ខួប​ទី​៧០​នៃ​ទិវា D-Day នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន ក៏​នឹង​ត្រូវ​ចូល​រួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​នៃ​ទិវា​នេះ​ផង​ដែរ​។ ទោះ​ជា​លោក ពូទីន នឹង​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប្រ៊ុចសែល​ឡើយ​ តែ​លោក​នឹង​ជួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​ក្រុម​មេ​ដឹក​នាំ​ ជី៧​ នៅ​ទី​ក្រុង​ប៉ារីស​នៅ​ពេល​ខាង​ក្រោយ​ ប៉ុន្តែ​នឹង​មិន​ជួប​ជា​មួយ​លោក​ អូបាម៉ា ​នោះ​ទេ​។

លោក Chris Morris ជា​ភ្នាក់​ងារ​យក​ព័ត៌មាន​ឲ្យ​វិទ្យុ BBC ប្រចាំ​ការ​នៅ​ទី​ក្រុង​ប្រ៊ុចសែល​បាន​រាយ​ការណ៍​ថា ការទូត​ត្រូវ​បាន​បង្កើន​ឡើង​ដើម្បី​ប្រឹង​​​ប្រែង​ដោះ​ស្រាយ​វិបត្តិ​ដ៏​ធំ​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​រវាង​រុស្ស៊ី​និង​បស្ចិម​លោក​។

ក្រុម​មេ​ដឹក​នាំ​ជី៧​បាន​ជួប​​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ប្រ៊ុចសែល​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នៅ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​បើក​កិច្ច​ប្រជុំ​កំពូល​នេះ​។
ក្រុម​មេ​ដឹក​នាំ​ក្រុម​ប្រទេស​ទាំង​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ថា ពួក​គេ​នឹង​រួម​គ្នា​ថ្កោល​ទោស​ចំពោះ​ការ​បំពាន​ជា​បន្ត​បន្ទាប់​របស់​សហព័ន្ធ​រុស្ស៊ី​ទៅ​លើ​ដែន​អធិបតេយ្យ​និង​បូរណភាព​ដែន​ដី​របស់​អ៊ុយក្រែន៕