Wednesday, May 18, 2016

ការដួលរលំ​នៃ​បន្ទាយ​លង្វែក

ការដួលរលំនៃបន្ទាយលង្វែក
តើរឿងបាក់បែកបន្ទាយលង្វែក ដែលជារាជធានីដ៏រឹងមាំចុងក្រោយ របស់ខ្មែរ បានកើតឡើង ដោយសារ ប្រជាជន កម្ពុជា ជា អ្នក កាប់ ឆ្ការ ព្រៃ ឬស្សី ដើម្បីយក ប្រាក់ឌួង ឬ យ៉ាង ណា? សូមអាន ការ ជជែក វែកញែក រវាងអ្នក ស្រាវជ្រាវ ច្រើននាក់ ដោយមានការលើក ប្រធាន បទ ដំបូង ពី សំណាក់ លោក បណ្ឌិត ចិន្ត ច័ន្ទរតនា ជំនាញខាង ប្រវត្តិ សិល្បៈ និង បូរាណ វិទ្យា មក ធ្វើការ អត្ថាធិប្បាយ ផង។


រូបថតពីគំនូរ នៃរាជធានី លង្វែក ដែលគូរដោយជនជាតិអ៊ឺរ៉ុប (ហូឡង់ ឬព័រទុយហ្គេ) ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា នាសម័យនោះ។

តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សន៍ ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារ ភាព លោភ លន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបាន កាប់ឆ្កា កំពែង ព្រៃ ឬស្សី ជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែករាជធានីមែនឬ? មាន មតិ ជា ច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជ ពង្សាវតា ខ្មែរ របស់ ប្រទេស កម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃ ការ ធ្វើ សង្គ្រាម របស់ សៀម ប្រឆាំង ខ្មែរ នៅក្នុងសម័យកាលនោះ។
ដំបូងគេ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជំនាញខាងបូរាណវិទ្យា និងប្រវត្តសិល្បៈ មកពី សកល វិទ្យាល័យ ស៊កប៊ន (Sorbonne) នៃ រដ្ឋធានី ប៉ារីស (បារាំង) បានលើកយកចំណុចមួយចំនួន ដែលសៀវភៅ ព្រះរាជ ពង្សាវតា អយុធ្យា របស់ ប្រទេស ថៃ បានសរសេរចាប់ពីទំព័រ ១៣៩ ដល់ទំព័រ ១៥៤ និងដែលមានលក្ខណៈផ្ទុយ ពី សៀវភៅ ព្រះរាជ ពង្សាវតា ខ្មែរ របស់ ប្រទេស កម្ពុជា។ លោកបានចាប់ផ្ដើមបន្ទាត់ថា បន្ទាប់ពីបាន វាយ បក ទៅលើ ព្រះចៅ នៃ រាជវង្ស តុងអ៊ូ (Tongoo) នៅរាជធានី ហង្សាវតី (ប្រទេសភូមា) រួចមក ព្រះចៅ ណារ៉េសូរ (King Naresuan) របស់ សៀម បាន លើក ទ័ព ចូលធ្វើសង្គ្រាមប្រឆាំងក្រុងកម្ពុជាធិបតី។
លោក ចិន្ត ច័ន្ទរតនា បានស្រង់ចំណារ ពីក្នុងឯកសារ ព្រះរាជពង្សាវតាអយុធ្យា នោះមក រៀបរាប់ ថា៖ «នៅ ក្នុង សង្គ្រាម ជាមួយ ខ្មែរ លើក នេះ សៀមបានកែនកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ព សេះ កងទ័ព ដំរី ជា ច្រើន កង ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធ ជាមួយកងទ័ពខ្មែរនៅ ក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និង នៅ ស្រុកបរិបូរណ៍ ដែលធ្វើអោយកងទ័ពទាំងសងខាង ស្លាប់ ជា ច្រើន ម៉ឺន នាក់។» ឯកសា ថៃ ដដែល នេះ បាន រំលឹកអំពីវីរៈភាពរបស់កងទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្ត ពលី ជីវិត នៅ ក្នុង សមរភូមិ មិន ចុះ ញ៉ម ជាមួយ ទ័ព សៀម ជា ដាច់ខាត។
«តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើ ឲ្យ បន្ទាយ ការពារ តាម តំបន់ នីមួយៗ ត្រូវ បាន ទ័ព សៀម ដណ្តើម បាន ព្រម ទាំង បាន ចាប់ ចៅហ្វាយ ខេត្ត ទាំង នោះ ជា ឈ្លើយ សឹក ទៀត ផង។»
បណ្ឌិតផ្នែកបូរាណវិទ្យា បានបន្តទៀថា លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេច នរេនសូរ បាន ចេញ ព្រះរាជ បញ្ជា ឲ្យកងទ័ពគ្រប់ផ្នែកទាំងអស់ ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតា អយុធ្យា បាន សរសេរ ថា៖ «(...) ព្រះចៅ នរេសូរ បានគង់ប្រថាប់នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។ (...) ព្រះ បាទអគ្គទសរតន៍ ក៏គង់នៅលើដំរីខាងមុខកងទ័ពដែរ។ (...) រីឯកងទ័ពស្រួចដ៏ក្លាហាន (សៀម) បាន ឈរ នៅ លើ ខ្នង ដំរី នៅ ពី មុខ ក្លោងទ្វារខាងជើងដែរ ដឹកនាំដោយ "Praya Maha Yotha"។ »
«"Praya Maha Yotha" "Praya Si Ratcha Decho" "Praya Thai Nam" និង"Praya Ratcha Manu" បាន បញ្ជា ដំរី របស់ ពួកគេ សំរុក ចូល ទៅកំទេច ទ្វាររាជធានី។ កងទ័ពខ្មែរដែលឈរការពារ នៅតាម ច្រក ទ្វារ នីមួយៗ បាន បាញ់ ព្រួញ កាំភ្លើងតូច-ធំ និងគ្រាប់រំសេវ ចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើអោយទ័ពសៀម ស្លាប់ និង របួស ជាច្រើន នាក់។ ប៉ុន្តែ "Praya Maha Yotha" នៅតែបញ្ជាដំរីអោយរត់ទៅមុខ និងកំទេចទ្វារ របស់ រាជធានី ឲ្ យទាល់ តែ បាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬ រាជធានី លង្វែក ក៏ ត្រូវ បាន ដួល រលំ។ ទាហ៊ាន សៀម បាន ចូល ទៅ ក្នុង រាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយបានចាប់យកស្តេចខ្មែរ ទៅ ថ្វាយ ស្តេច សៀម។ (...)»
លោក ចិន្ត ច័ន្ទរតនា បានសរុបសេចក្ដី និងចោទជាសំនួរឡើងថា៖ «ត្រង់ចំណុចនៃការរៀបរាប់អំពី ចម្បាំង នេះ ខ្ញុំមិន បាន ឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួង ចូលក្នុងគុម្ពឬស្សី ឡើយ។ ហេតុ នេះ យើង គួរ តែ ពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបាន លើក ឡើង ថា ទ័ព សៀម បាន បាញ់ ប្រាក់ ឌួង ហើយ ប្រជាជន ខ្មែរខ្លួនឯង ជាអ្នកកាប់ឆ្ការព្រៃឬស្សី ទាំងនោះ ទើប ធ្វើ ឲ្យ ទ័ព សៀម មាន ឱកាស វាយ ចូល និងកំទេចរាជធានីបាន។ តើរវាងរាជពង្សាវតាខ្មែរ និង អយុធ្យា មួយ ណា ដែល យើង អាច ទុក ចិត្ តបាន?»
អ្នកចូលរួមពិភាក្សាជាច្រើននាក់ បានលើកឡើង ពីកង្វះតម្លាភាព នៃឯកសារ«ព្រះរាជពង្សាវតា អយុធ្យា» ដោយ ពួក គេ អះអាង ថា សៀម (ថៃសព្វថ្ងៃ) សរសេររឿងរ៉ាវនេះ ដោយខ្លួនឯង ដើម្បីលើកតម្កើន ស្ដេច និង ប្រវត្តិសាស្ត្ររបស់ សៀម ខ្លួនឯង។ នេះបើទោះជាឯកសារនេះ រៀបរៀងឡើង និងសរសេរដោយ ជនជាតិ បរទេស (ផ្សេងពីខ្មែរ និង សៀម) ក៏ ដោយ។
លោក អ៊ុំ សារិន ដែលជាអ្នកសារព័ត៌មានមួយរូបនោះ បានសរសេរពន្យល់ថា៖ «តាមខ្ញុំធ្លាប់ អាន រឿង បាញ់ ប្រាក់ ឌួង នោះ កើតមុនពេលវាយបន្ទាយលង្វែក។ តាមពិត ដើមឬស្សីក្រាស់ណាស់ សៀមវាយ មិន ចុះ ហើយ បាន ថយ។ ក្រោយពេលបាញ់ប្រាក់ដួង ខ្មែរឆ្កាដើមឬស្សីឡើងស្តើង ទើបសៀម លើក ទ័ព វាយ ម្តង ទៀត បែក បន្ទាយ លង្វែក។»
ច្បាស់លាស់ជាងនេះ លោក ម៉ៅ វុត្ថា ប្រធានក្រុមហ៊ុននាំចូលសាច់ សាលម៉ុន មកក្នុងប្រទេស កម្ពុជា បាន បញ្ជាក់ ថា៖ «បញ្ហាបាញ់ប្រាក់ដួង គឺមាននិយាយ នៅក្នុងព្រះរាជពង្សាវតាក្រុងចាស់ របស់ហ្លួង ប្រស៊ើត អក្សរ នីតិ និង ឯកសារ ប្រវត្តិ ការ កសាង ជាតិ របស់ ព្រះនរេសូរ របស់កងទ័ពជើងទឹកថៃ។»
លោកវិស្វករ វ៉ា សុវណ្ណារ័ត្ន ដែលចេះភាសាថៃ បានពន្យល់បន្ថែមថា លោកធ្លាប់ សរសេរ អត្ថបទ ទាក់ទង ទៅ នឹង រឿង បែក បន្ទាយ លង្វែក នេះ ហើយក្នុងឯកសារពង្សាវតា ខ្មែរ បានបង្ហាញថា ស្តេច សៀម នរេសូរ ឲ្យ គេ យក ជ័រ ទឹក យក មក ជះ ដុត កំពែង ឬស្សី។ លោក វិស្វករ បាន សរសេរ បន្ត ថា៖ «ថៃ សរសេរ ថា គេចាប់ បាន ស្តេច ខ្មែរ យក ទៅកាត់ ក ក្រោយ បែក បន្ទាយ លង្វែក (និង)យក ឈាម ទៅលាងជើងស្តេច នរេសូរ។ តែ តាម ប្រវត្តិសាស្ត្រ ខ្មែរ ក៏ ដូច ជា ការ កត់ ត្រា របស់ ពួក ព័រទុយហ្គេ ថាស្តេចខ្មែររត់ទៅខេត្តអាច់ ក្រពើ ហើយអ្នកដែល ត្រូវ ចាប់ ខ្លួន (នោះ) គឺ ជា ព្ រះស្រី សុរិយោពណ៌ ទៅ វិញ ទេ ហើយក៏មិនបានសម្លាប់ដែរ ព្រោះព្រះអង្គបាន(ត្រឡប់)មក ឡើង សោយរាជ្យ នៅ ស្រុក ខ្មែរ វិញ។»
ចំណែកឯលោក «MC Sovann» វិញ បានសរសេរទម្លាក់កំហុស ទៅលើអ្នក ប្រវត្តិសាស្ត្រ ថៃ ដែល សរសេរ ពង្វាង ខុស ពី ប្រវត្តិ ពិត ថា៖ «បើប្រវត្តិសាស្រ្តសរសេរថា ស្តេចសៀមប្រើល្បិចនោះ ដូចជា ប្រមាថ ចេស្តា ស្តេច។ អញ្ចឹង បាន អ្នក ប្រវត្តិសាស្រ្ត សរសេរ តែ កន្លែងខ្លាំង និងការវាយសន្ធប់លើខ្មែរ។ ជាការពិតណាស់ បើសិន ជា អ្នក ប្រវត្តិសាស្រ្ត សៀម សរសេរ ថា សៀម ប្រើ ល្បិច លើខ្មែរ នោះសបញ្ជាក់ឱ្យឃើញថា សៀមគ្មាន សមត្ថភាព បំបែក ក្រុង លង្វែក ទើប បាន ជា បាញ់ ប្រាក់ ឌួង ចូល គុម្ព ឬស្សី។»៕