រូបតំណាង បរទេស
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ងាកមកចាប់អារម្មណ៍លើការផ្ដល់កម្ចីសិក្សា (Student loan) ទៅដល់សិស្សនិងនិស្សិតមហាវិទ្យាល័យ ខណៈសិស្សដែលរៀនចប់ថ្នាក់វិទ្យាល័យមួយចំនួនបានបោះបង់ការសិក្សាដោយសារតែខ្វះថវិកាបន្តការសិក្សានៅមហាវិទ្យាល័យ ។
ធ្វើយ៉ាងម៉េចទើបអាចទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ?
តាមការសង្កេតរបស់ The BNEWS ឃើញថាមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបានផ្ដល់ឥណទានដល់សិស្ស និងនិស្សិតក្នុងកម្រិតអត្រាការប្រាក់ខុសៗគ្នា។ The BNEWS សូមបង្ហាញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនដូចខាងក្រោម៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund
ជាអ្នកផ្ដល់សេវាព័ត៌មានដល់អតិថិជន កញ្ញា លី តា បានរៀបរាប់ប្រាប់ The BEWS ថា ដើម្បីទទួលបានកម្ចីការប្រាក់សិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund អតិថិជនទាំងនោះត្រូវតែជាសិស្សបញ្ចប់ថ្នាក់វិទ្យាល័យឬជានិស្សិត ដែលមានលិខិតបញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ អត្តសញ្ញាណប័ណ្ណ និងទីលំនៅអចិន្ត្រៃយ៍។
សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កញ្ញា ទំហំកម្ចីដែលផ្ដល់ឲ្យគឺចន្លោះពី ១០០ដុលា្លរ – ៣០០០ដុល្លារ ដែលអត្រាការប្រាក់គិតតាមទំហំនៃចំនួនដែលខ្លី (ចន្លោះចាប់ពី ១០០-១០០០ដុល្លារ អត្រាការប្រាក់ ១,៩% និងចន្លោះពី ១០០០-៣០០០ដុល្លារ អត្រាការប្រាក់ ១,៧៥%) ឯរយៈពេលវិញអាស្រ័យលើទំហំនៃកម្ចី។
ដោយឡែកមានសកលវិទ្យាល័យបីដែលជាដៃគូរបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ Vision Fund មានសាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងសាលាកែសម្ពស្ស APP ។ សិស្ស និងនិស្សិតដែលសិក្សាតាមសាលាទាំងបីខាងលើ អាចទទួលបានទំហំកម្ចីចន្លោះពី ១០០ដុលា្លរ – ៣០០០ដុល្លារ ដែលអត្រាការប្រាក់គិតតាមទំហំនៃចំនួនដែលខ្ចី (ចន្លោះចាប់ពី ១០០-១០០០ដុល្លារ អត្រាការប្រាក់ ១,៥% និងចន្លោះពី ១០០០-៣០០០ដុល្លារ អត្រាការប្រាក់ ១,៤%) ឯរយៈពេលវិញអាស្រ័យលើទំហំនៃកម្ចី។
ដោយឡែក ងាកមកមើលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតវិញដើម្បីទទួលបានប្រាក់កម្ចីពីស្ថាប័ននេះ សិស្សនិស្សិតត្រូវ៖
-ដាក់ពាក្យស្នើសុំ ( មានលិខិតបញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ អត្តសញ្ញាណប័ណ្ណ និងមានអាសយដ្ឋានអចិន្ត្រៃយ៍)
-ជាសិស្សដែលបញ្ជាប់ការសិក្សាថ្នាក់ទី១២ ឬនិស្សិតដែលចង់បន្តការសិក្សាថ្នាក់ឧត្ដមសិក្សា
ទំហំទឹកប្រាក់ និងលក្ខណៈនៃការ បង់
-ទំហំប្រាក់កម្ចីអាចដល់ ៦.០០០ ដុល្លារ ឬ ១០០% នៃថ្លៃសិក្សា បូកនឹង ៧៥ ដុល្លារ ក្នុងមួយឆមាសសម្រាប់ចំណាយផ្សេងៗ សម្រាប់ ការសិក្សា (សៀវភៅ កន្លែងស្នាក់នៅ ឯកសណ្ឋាន)
-រយៈពេលប្រាក់កម្ចីពី ៦ – ៨៤ ខែ
-ក្នុងកំឡុងពេលសិក្សា សិស្ស និងនិស្សិតមិនតម្រូវឲ្យបង់ប្រាក់ដើមឡើយ
-អត្រាការប្រាក់ទាបត្រឹមតែ ១,៣%
-អាចទទួលបានប្រាក់កម្ចីដោយមិនចាំបាច់ដាក់ទ្រព្យបញ្ចាំសម្រាប់សិស្ស និងនិស្សិតដែលមានការងារធ្វើស្រាប់។
រីឯធនាគារអេស៊ីលីដាជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជាក៏មានផ្ដល់ឥណទាននិស្សិតដែរ៖
ចំពោះធនាគារនេះ ឥណទាននិស្សិត ផ្ដល់ជូនពីរប្រភទគឺ៖
-ប្រភេទបើកប្រាក់តែមួយលើក ៖ ជាប្រភេទឥណទានដែលផ្ដល់ជូនតាមរបៀបបើកប្រាក់តែមួយលើក សម្រាប់បង់ថ្លៃសិក្សាដោយផ្អែកតាមវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សា ។
-ប្រភេទបើកប្រាក់ច្រើនលើក ៖ ជាប្រភេទឥណទានដែលផ្តល់ជូនតាមរបៀបបើកប្រាក់ច្រើនលើកសម្រាប់បង់ថ្លៃសិក្សាដោយផ្អែកតាមវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សាតាមឆមាស ឬឆ្នាំ ។
ប្រភេទរូបិយប័ណ្ណ កម្រិតឥណទាន និងរយៈពេលខ្ចី
-ឥណទាននិស្សិត ត្រូវបានផ្តល់ជូនជាប្រាក់ដុល្លារអាមេរិក ។
-ទំហំឥណទានអតិបរមា ៣០.០០០ដុល្លារអាមេរិក ប៉ុន្តែមិនត្រូវលើសពីតម្លៃសិក្សាសរុប ។
-រយៈពេលខ្ចីអតិបរមា ត្រូវបានផ្ដល់ជូនដោយផ្អែកតាមរយៈពេលសរុបនៃការសិក្សា បូកនឹងរយៈពេលមិនលើសពី ១២ខែបន្ថែម ។
លក្ខខណ្ឌតម្រូវ
-មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់ ត្រឹមត្រូវ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ។
-ធានាផ្ដល់ឯកសារដែលបញ្ជាក់អំពីការសិក្សា ពីគ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ឬគ្រឹះស្ថានឧត្ដមសិក្សា និងព្រឹត្តិបត្រពិន្ទុសិក្សាតាមការតម្រូវទាន់ពេលវេលា ។
-ឪពុក-ម្ដាយ ឬអាណាព្យាបាលរបស់និស្សិត ត្រូវមានមុខរបរដែលមាននិរន្តរភាព មានប្រាក់ចំណេញ និងមានលំហូរសាច់ប្រាក់ទៀងទាត់ ឬមានចំណូលពីប្រាក់បៀវត្សរ៍ និងចំណូលផ្សេងៗ ។
-ផ្ដល់ជូនមកធនាគារវិញនូវវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សានៅពេលបើកប្រាក់កម្ចី ។
-មានទ្រព្យដាក់ធានាដែលមានតម្លៃគ្រប់គ្រាន់ និងមានឯកសារកម្មសិទ្ធិត្រឹមត្រូវ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក៏មានផ្ដល់ឥណទានសិក្សាអប់រំដែរដែលកំណត់លក្ខខណ្ឌដូចខាងក្រោមគឺ៖
-ជាសិស្សបានបញ្ចប់ថ្នាក់មធ្យមសិក្សា
-ត្រូវសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទួលស្គាល់ដោយ ក្រសួងអប់រំយុវជន និងកីឡា ។
-ឥណទាននេះសម្រាប់ ការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬថ្នាក់បរិញ្ញាបត្រ
-ប្រាសាក់ ផ្ដល់ជូនប្រាក់ឥណទានរហូតដល់ ១០០% នៃថ្លៃសាលា ឬ ត្រឹម ៥០០ ដុល្លារអាមេរិក
-រយៈពេលខ្ខី ពី ៤ ដល់ ១២ ខែ
-អត្រាការប្រាក់ត្រឹមតែ ១៤% ក្នុង១ឆ្នាំ
-មានរបៀបសងច្រើនប្រភេទ អាស្រ័យលើប្រាក់ចំណូលរបស់អ្នកខ្ចី៕
Author: អត្ថបទ៖ ម៉ៅ ចរិយា
Source: BNEWS